ជនជាតិ​ដើម​ភាគ​តិច​ព្នង ខេត្តមណ្ឌលគិរី រំឭក​ពីធី​វប្បធម៌ ដែល​បាន​បាត់បង់​ដោយសារ​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ

ដោយ វ៉ែន សុមេធ
2018-04-13
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ជនជាតិ​ដើម​ភាគតិច​ព្នង ខេត្ត​មណ្ឌលគីរី​ប្រារព្ធ​ពិធី​រំឭក​វប្បធម៌​ជនជាតិ​ដើម​ភាគ​តិច ឋិត​នៅ​ឃុំ​ប៊ូស្រា ស្រុក​ពេជ្រាដា ខេត្ត​មណ្ឌលគិរី កាល​ពី​ព្រឹក​ថ្ងៃ​ទី១២ ខែ​មេសា ឆ្នាំ​២០១៨។ Provided photo
ជនជាតិ​ដើម​ភាគតិច​ព្នង ខេត្ត​មណ្ឌលគីរី​ប្រារព្ធ​ពិធី​រំឭក​វប្បធម៌​ជនជាតិ​ដើម​ភាគ​តិច ឋិត​នៅ​ឃុំ​ប៊ូស្រា ស្រុក​ពេជ្រាដា ខេត្ត​មណ្ឌលគិរី កាល​ពី​ព្រឹក​ថ្ងៃ​ទី១២ ខែ​មេសា ឆ្នាំ​២០១៨។ Provided photo


ជនជាតិ​ដើម​ភាគតិច​ព្នង​ខេត្ត​មណ្ឌលគិរី ជាង ៣​រយ​នាក់ ប្រារព្ធ​ពិធី​រំឭក​វប្បធម៌​ជនជាតិ​ដើម​ភាគ​តិច ដែល​កំពុង​រង​ការ​បាត់បង់​ទាំង​ស្រុង។ ពួក​គាត់​សង្កេត​ឃើញ​ថា វិបត្តិ​នយោបាយ និង​ការ​ថយ​ចុះ​ទំហំ​ព្រៃ​ឈើ គឺ​ជា​មូលហេតុ​នាំ​ឲ្យ​ជន​ជាតិ​ដើម​ភាគ​តិច​បែក​បាក់​សាមគ្គីភាព និង​ការ​ធ្លាក់​ចុះ​ប្រពៃណី​វប្បធម៌​យ៉ាង​គំហុក។ ចំណែក​អាជ្ញាធរ​មូលដ្ឋាន បង្ហាញ​ជំហរ​គាំទ្រ​ការ​ប្រារព្ធ​ពិធី​នេះ។

ជនជាតិ​ដើម​ដើម​ភាគ​តិច​មក​ពី ៥​ស្រុក ទូទាំង​ខេត្ត​មណ្ឌលគីរី បាន​ប្រារព្ធ​ពីធី​រំឭក​វប្បធម៌​ជនជាតិ​ដើម​ភាគ​តិច នៅ​ព្រឹក​ថ្ងៃ​ទី​១២ មេសា។ ពិធី​នេះ​ធ្វើ​ឡើង​ក្នុង​ឃុំ​ប៊ូស្រា ស្រុក​ពេជ្រាដា បំណង​លើក​ស្ទួយ​វប្បធម៌​ជនជាតិ​ដើម​ភាគ​តិច ដែល​កំពុង​រង​ការ​គំរាម​កំហែង ដោយសារ​ការ​បំផ្លាញ​ព្រៃ​ឈើ និង​ជម្លោះ​នយោបាយ នាំ​ឲ្យ​វប្បធម៌​របស់​ពួក​គាត់​ធ្លាក់​ចុះ។

ជនជាតិ​ដើម​ភាគ​តិច​ព្នង​រស់​នៅ​ឃុំ​ប៊ូស្រា លោក ក្រើង តុលា ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១២ មេសា​ថា អាជ្ញាធរ​មិន​បាន​រារាំង​ការ​ប្រារព្ធ​ទិវា​នេះ​ទេ ព្រោះ​សហគមន៍​បាន​ដាក់​លិខិត​ស្នើសុំ​ការ​អនុញ្ញាត​ជា​មុន​រួច​ហើយ។ លោក​ថា ការ​ប្រារព្ធ​ទិវា​នេះ ផ្ដោត​សំខាន់​លើ​កិច្ច​ការពារ​ធនធាន​ធម្មជាតិ និង​ផ្ញើ​សារ​ទៅ​អាជ្ញាធរ​ពាក់ព័ន្ធ ឲ្យ​យក​ចិត្ត​ទុក​ដាក់​រួម​គ្នា ថែ​រក្សា​ព្រៃ​ឈើ ដែល​ពួក​គាត់​ចាត់​ទុក​ថា ជា​អត្តសញ្ញាណ​ជនជាតិ​ដើម​ភាគ​តិច កំពុង​រង​ការ​កាប់​បំផ្លាញ​ជា​ប្រព័ន្ធ ពុំ​មាន​ការ​ទប់​ស្កាត់។ លោក​រំពឹង​ថា សារៈ​ប្រយោជន៍​នៃ​ការ​ប្រារព្ធ​ទិវា​នេះ នឹង​ដាស់​ស្មារតី​អាជ្ញាធរ​មូលដ្ឋាន ផ្តល់​កិច្ច​សហការ​គាំទ្រ​ដល់​បេសកម្ម​ទប់​ស្កាត់​បទ​ល្មើស​ព្រៃ​ឈើ៖ «ប្រពៃណី​ជនជាតិ​ដើម​ភាគ​តិច​ហ្នឹង សំខាន់​គឺ​ទៅ​លើ​ព្រៃ​ឈើ​ហ្នឹង​ហើយ។ កាល​ណា​បាត់បង់​ព្រៃ​ឈើ​អត់​មាន​ព្រៃ​តំណម​ទេ។ កំពុង​មាន​ការ​ព្រួយ​បារម្ភ​ខ្លាំង​មែន​ទែន​បាត់​បង់​ព្រៃ​ឈើ។ ចំណុច​ហ្នឹង​ហើយ ដែល​យើង​ធ្វើ​កម្មវិធី​ថ្ងៃ​នេះ ដើម្បី​រំឭក​បង​ប្អូន​ឲ្យ​ក្រោក​ឈរ​ឡើង ថែ​រក្សា​វប្បធម៌​ពួក​គាត់»

បុរសដដែល​បន្ថែម​ថា ការ​ប្រើប្រាស់​ភាសា ការ​ស្លៀកពាក់ ​និង​ការ​ប្រតិបត្តិ​ជំនឿំ​របស់​ជនជាតិ​ដើម​ភាគ​តិច​ព្នង​បាន​ថយ​ចុះ​ខ្លាំង​គួរ​ឲ្យ​ព្រួយ​បារម្ភ។ រីឯ​ជនជាតិ​ដើម​ភាគ​តិច​មួយ​ចំនួន​តួច មិន​ខ្វល់​ពី​ការ​អភិរក្ស​វប្បធម៌​របស់​ខ្លួន​នោះ​ទេ។ លោក​ថា សហគមន៍​បាន​តាំង​បង្ហាញ​សម្ភារៈ​ប្រើប្រាស់​មួយ​ចំនួន ក្នុង​ពិធី​នេះ និង​បង្ហាញ​ពី​ការ​ស្លៀក​ពាក់​បែប​ជនជាតិ​ដើម​ភាគ​តិច​ព្នង។

មេឃុំ​ប៊ូស្រា លោក យឺត សារៀន ឲ្យ​ដឹង​ថា អាជ្ញាធរ​មិន​ជំទាស់​ការ​ប្រារព្ធ​ពិធី​នេះ​ទេ ប្រសិន​បើ​មាន​ការ​អនុញ្ញាត​ត្រឹមត្រូវ។ លោក​ទទួល​ស្គាល់​ថា ប្រពៃណី​វប្បធម៌​របស់​ជនជាតិ​ដើម​ភាគ​តិច​បាន​ថយ​ចុះ​នេះ ក៏​ដោយសារ​ជនជាតិ​ដើម​ភាគ​តិច​ខ្លះ ប្រតិបត្តិ​សាសនា​ផ្សេង​ បំភ្លេច​វប្បធម៌​របស់​ខ្លួន​ឯង៖ «ពី​មុន​បើ​សាសនា​គេ​សែន ជនជាតិ​គេ​កាប់​គោ និង​ក្របី​មាន​មួយ​ឆ្នាំ​ម្តង ពីរ​ដង ចង់​បាត់​អស់​ហើយ​សាសនា​ជន​ជាតិ​ដើម​ភាគ​តិច»

មន្ត្រីសម្របសម្រួល​សមាគម អាដហុក ខេត្ត​មណ្ឌលគិរី លោក សុក រដ្ឋា គំាំទ្រ​ការ​ប្រារព្ធ​ពិធី​នេះ របស់​សហគមន៍ ដែល​លោក​រំពឹង​ថា កង្វល់​ជា​ច្រើន​មិន​ទាន់​ដោះស្រាយ​របស់​សហគមន៍ នឹង​ទទួល​បាន​ដោះស្រាយ​ពី​អាជ្ញាធរ​ពាក់ព័ន្ធ។ លោក​ថា មាន​ធាតុ​ផ្សំ​ច្រើន ដែល​នាំ​ឲ្យ​ប្រពៃណី​វប្បធម៌​ជនជាតិ​ដើម​ភាគ​តិច​ធ្លាក់​ចុះ រួមមាន អំពើ​ពុក​រលួយ ការ​រំលោភ​ដីធ្លី ការ​ថយ​ចុះ​ព្រៃ​ឈើ និង​ការ​រំលោភ​សិទ្ធិមនុស្ស គឺ​ជា​ឧបសគ្គ​ចម្បង​ក្នុង​ការ​អភិរក្ស​ប្រពៃណី​វប្បធម៌​ជនជាតិ​ដើម​ភាគ​តិច៖ «អ្វី​ដែល​គាត់​បង្ហាញ​ពី​ទុក្ខ​កង្វល់​គាត់​អំពី​បញ្ហា​របស់​ពួក​គាត់។ គាត់​ចង់​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន និង​អាជ្ញាធរ​ថ្នាក់​ខេត្ត ជា​ពិសេស គឺ​រាជ​រដ្ឋាភិបាល​ឲ្យ​បាន​ដឹង​ច្បាស់​ថា ពួក​គាត់​មាន​បញ្ហា​នៅ​មូលដ្ឋាន និង​ត្រូវ​បាន​ជន​ខិលខូច​មួយ​ចំនួន​រំលោភ​សិទ្ធិ​របស់​ពួក​គាត់»

សហគមន៍កត់សម្គាល់​ថា របប​ក្រុង​ភ្នំពេញ​មិន​ទាន់​លើក​កម្ពស់​សិទ្ធិមនុស្ស និង​ជនជាតិ​ដើម​ភាគ​តិច​ពេញលេញ​ទេ ហើយ​បញ្ហា​ប្រឈម​មួយ​ចំនួន ​មិនបាន​គិតគូរ​ដោះស្រាយ​នៅ​ឡើយ រួមមាន​បទ​ល្មើស​ព្រៃ​ឈើ បង្ក​ប៉ះពាល់​ជីវភាព​ ការប្រែប្រួល​អាកាសធាតុ បាត់បង់​ដីចម្ការ​វិល​ជុំ និង ការ​កាប់​បំផ្លាញ​​ព្រៃស្រោង​ជា​ជម្រក​សត្វ​ជាដើម។ លើស​ពី​នេះ វិបត្តិ​នយោបាយ បាន​គំរាម​កំហែង​ធ្ងន់ធ្ងរ ដល់​ស្មារតី​ការពារ​ព្រៃ​ឈើ​របស់​ជនជាតិ​ដើម​ភាគ​តិច​មួយ​ចំនួន បណ្តាល​ឲ្យ​ជនជាតិ​ដើម​ភាគ​តិច​ខ្លះ ត្រូវ​អាជ្ញាធរ​ប្រើ​ពាក្យ​បដិវត្ត​ពណ៍​ជា​លេស គំរាម​កំហែង និង​រារាំង​ពួក​គាត់​មិន​ឲ្យ​ទប់​ស្កាត់​បទ​ល្មើស​ព្រៃ​ឈើ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles