គណបក្ស​កាន់​អំណាច​គំរាម​ប្រើ​អំពើ​ហិង្សា​ប្រឆាំង​មេ​ដឹក​នាំ​បក្ស​ប្រឆាំង ប្រសិន​បើ​ហ៊ាន​ឈាន​ជើង​ចូល​ស្រុក​ខ្មែរ

ដោយ យន់ សាមៀន
2018-04-14
RFA

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ថ្លែង​ទៅ​កាន់​​ក្រុម​អ្នក​សារព័ត៌មាន ​នៅខាង​មុខ​​សាលាដំបូង​រាជធានី​ភ្នំពេញ កាល​​ពី​​ថ្ងៃ​ទី​៦ ខែ​ឧសភា ឆ្នាំ​២០១៦។ Photo: RFA
អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ថ្លែង​ទៅ​កាន់​​ក្រុម​អ្នក​សារព័ត៌មាន ​នៅខាង​មុខ​​សាលាដំបូង​រាជធានី​ភ្នំពេញ កាល​​ពី​​ថ្ងៃ​ទី​៦ ខែ​ឧសភា ឆ្នាំ​២០១៦។ Photo: RFA


ស្រប​ពេល​ពលរដ្ឋ​កំពុង​ចូលរួម​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ យ៉ាង​សប្បាយ​រីករាយ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​និយាយ​បញ្ឈឺ​គណបក្ស​ប្រឆាំង​ថា អ្នក​មិន​សប្បាយ​ក្នុង​ពិធី​ចូល​ឆ្នាំ​ថ្មី​មាន​តែ​ពួក​ក្បត់​ជាតិ។ មន្រ្តី​ជាន់​ខ្ពស់​គណបក្ស​សង្រ្គោះ​ជាតិ​ថា សារ​របស់​បក្ស​កាន់​អំណាច​នេះ គឺ​ជា​ការ​បន្ថែម​ការ​ឈឺ​ចាប់​ដល់​ក្រុម​គ្រួសារ​បក្ស​ឆាំង ដែល​កំពុង​បែក​បាក់​ប្រពន្ធ​កូន​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​នេះ។

គណបក្ស​កាន់​អំណាច​នៅ​តែ​យក​ឱកាស នៃ​ការ​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី វាយ​ប្រហារ​ទៅ​គណបក្ស​សង្រ្គោះ​ជាតិ ស្រប​ពេល​ដែល​សមាជិក​គណបក្ស​នេះ​ខ្លះ​ជាប់​គុក និង​ខ្លះ​ទៀត​កំពុង​និរទេស​ខ្លួន​នៅ​បរទេស មិន​អាច​ចូលរួម​ពិធី​ចូល​ឆ្នាំ​ថ្មី។ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជា​ជន​កម្ពុជា លោក សុខ ឥសាន បាន​សរសេរ​នៅ​លើ​ប្រព័ន្ធ​តេឡេក្រាម​របស់​លោក នៅ​ថ្ងៃ​ទី​១៤ ខែ​មេសា​ថា ប្រជាជន​កម្ពុជា​កំពុង​សប្បាយ​រីករាយ និង​ពរ​ឆ្នាំ​ថ្មី ប៉ុន្តែ​មាន​អ្នក​មិន​សប្បាយ​ចិត្ត គឺ​ពួក​ក្បត់​ជាតិ ដែ​អ្នក​នាំ​ពាក្យ​បក្ស​កាន់​អំណាច​រូប​នេះ អះអាង​ថា កំពុង​អស់​ផ្លូវ​ដើរ​ហើយ។ លោក សុខ ឥសាន ថែម​ទាំង​ប្រើ​សារ​នយោបាយ​បែប​ហិង្សា​ទៀត​ថា តើ​លោក សម រង្សី ចង់​ធ្វើ​អី? សូម​អញ្ជើញ​ហក់​មក​ចុះ​តាម​ស្រឡាញ់។ ប្រជាជន​កម្ពុជា​រង់ចាំ​ស្វាគមន៏​មួយ​ដៃ​មួយ​ជើង​ម្នាក់ៗ ឲ្យ​សម​តាម​បំណង​ខ្លួន។ សារ​នយោបាយ​របស់​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ពេល​នេះ ហាក់​មិន​ខុស​ពី​ការ​ថ្លែង​របស់​​ប្រធាន​បក្ស​លោក គឺ​លោក ហ៊ុន សែន ដែល​កំពុង​ប្រើប្រាស់ យុទ្ធសាស្រ្ត​គំរាម​កំហែង​ពលរដ្ឋ​អ្នក​បោះ​ឆ្នោត។ លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​១៣ មេសា បាន​ឆ្លៀត​ឱកាស​ប្រើ​លិ្បច​បភិតបំភ័យ​យុវជន ក្នុង​ឱកាស​ពិធី​បុណ្យ​ចូល​ឆ្នាំ នៅ​ខេត្ត​សៀមរាប។

នៅ​ចំពោះ​មុខ​យុវជន​រាប់​ពាន់​នាក់ ដែល​ចូលរួម​ពិធី​បុណ្យ​ចូល​ឆ្នាំ​នៅ​សៀមរាប​អង្គរ ថ្ងៃ​សុក្រ ទី​១៣ មេសា លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​ប្រើ​យុទ្ធសាស្រ្ត​បំភិតបំភ័យ​យុវជន​ថា ដើម្បី​ជួយ​កម្ពុជា​ឲ្យ​ចាក​ផុត​ពី​ជោគ​វាសនា​ស្រដៀង​ទៅ​នឹង​ប្រទេស​ស៊ីរី ដែល​កំពុង​រងគ្រោះ​ដោយសារ​សង្គ្រាម​ស៊ីវិល ពួក​គេ​ត្រូវ​បោះ​ឆ្នោត​ជូន​លោក។ ទន្ទឹម​នឹង​នេះ លោក​ក៏​មិន​ភ្លេច​ឃោសនា​នយោបាយ​រក​សម្លេង​ឆ្នោត​សម្រាប់​ការ​បោះ​ឆ្នោត​ខែ​កក្កដា ដោយ​អួត​អាង​ពី​ស្នាដៃ​របស់​លោក ដោយ​លោក​អះអាង​ថា លោក​ជា​អ្នក​នាំ​សន្តិភាព​មក​ឲ្យ​កម្ពុជា។

នាយករដ្ឋមន្រ្តី​ដែល​កាន់​តំណែង​យូរ​ជាង​គេ​នៅ​ក្នុង​តំបន់​អាស៊ី​រូប​នេះ លើក​ឡើង​ថា តើ​ប្រទេស​ស៊ីរី មាន​លទ្ធភាព​ជួបជុំ​សប្បាយ​រីករាយ​ដែរ​ឬ​ទេ បើ​ប្រទេស​នេះ នៅ​តែ​ហែក​ហួរ​ដោយ​សង្រ្គាម? អតីត​មេ​ទាហាន​ខ្មែរក្រហម លោក ហ៊ុន សែន ដែល​បាន​ឡើង​កាន់​តំណែង​តាំង​ពី​ឆ្នាំ​១៩៨៥ មក តែងតែ​ដោះសារ​យក​ត្រូវ​ថា លោក​បន្ត​កាន់កាប់​តំណែង​ជា​យូរ​ឆ្នាំ​មក​នេះ ហើយ​គ្រោង​នឹង​បន្ត​កាន់​តំណែង​ទៅ​មុខ​ទៀត ដោយសារ​តែ​ចង់​រក្សា​សន្តិភាព​ឲ្យ​កម្ពជា។ លោក ហ៊ុន សែន តែងតែ​លើក​ឡើង​ពី​បដិវត្ត​ព័ណ៌​នៅ​ប្រទេស​អារ៉ាប់ ជា​ឧទាហរណ៍​ដែល​ទាមទារ​ឲ្យ​លោក​នៅ​បន្ត​តំណែង។ ទោះ​បី រដ្ឋាភិបាល​ឯក​បក្ស​របស់​លោក ហ៊ុន សែន នឹង​អាច​ឈ្នះ​ឆ្នោត​នៅ​ខែ​កក្កដា​ខាង​មុខ ដោយសារ​តែ​គ្មាន​គណបក្ស​ប្រឆាំង​ចូលរួម​ការ​ប្រកួត​ប្រជែង​ក៏​ដោយ ក៏​គណបក្ស​កាន់​អំណាច​មួយ​នេះ នៅ​តែ​បន្ត​ស្វែងរក​ការ​គាំទ្រ​ពី​ក្រុម​យុវជន ដោយសារ​តែ​ការ​បោះ​ឆ្នោត កាល​ពី​ឆ្នាំ​២០១៣ កន្លង​ទៅ គណបក្ស​សង្គ្រោះ​ជាតិ​ទទួល​បាន​សម្លេង​ឆ្នោត​គាំទ្រ​ជា​ច្រើន​ពី​យុវជន។ មុន​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​កាល​ពី​ខែ​មិថុនា ឆ្នាំ​២០១៧ កន្លង​ទៅ តាម​រយៈ​សារ​បែក​ធ្លាយ​មួយ​ចំនួន ជនជាតិ​ប៉ាគីស្ថាន​មួយ​រូប គឺ​លោក ចូសែហ្វ ម៉ាធ្យូ (Joseph Matthews) បាន​សន្យា​នឹង​កូន​ប្រុស​ច្បង​លោក ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ាណែត ដែល​ជួយ​លោក​អោយ​បាន​ទទួល​សញ្ជាតិ​ខ្មែរថា នឹង​ជួយ​បង្រៀន​យុទ្ធសាស្ត្រ​បំភិតបំភ័យ​ពលរដ្ឋ​ខ្មែរ​ដល់​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​ការ​ដណ្តើម​សន្លឹក​ឆ្នោត​ជូន​លោក ហ៊ុន សែន។

យ៉ាង​ហោច​ណាស់​មន្រ្តី និង​សកម្មជន​គណបក្ស​សង្រ្គោះ​ជាតិ​ជាង ២០​នាក់ ដែល​មាន​តំណែង​ចាប់​ពី​តំណាងរាស្រ្ត សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ និង​សកម្មជន​កំពុង​ជាប់​ឃុំ​នៅ​ក្នុង​ពន្ធនាគារ។ មន្រ្តី​ជាន់​ខ្ពស់​គណបក្សស​ង្គ្រោះ​ជាតិ លោក ហ៊ីង សុខសាន្ត ដែល​កំពុង​និរទេស​ខ្លួន​នៅក្រៅ​ប្រទេស​ទាមទារ​ឲ្យ​លោក សុខ ឥសាន កុំ​ប្រើ​ភាសា​បំបែកបំ​បាក់​ជាតិ និង​បន្ថែម​ការ​ឈឺ​ចាប់​ទៅ​លើ​គណបក្ស​ប្រឆាំង។

ក្រុមមេដឹកនាំ​នយោបាយ​ខ្មែរ​បាន​បញ្ចេញ​សារ​ជូន​ពរ​ឆ្នាំ​ថ្មី​ដល់​ពលរដ្ឋ​ខ្មែរ​មាន​ខ្លឹមសារ​ផ្ទុយ​គ្នា ស្រប​ពេល​ដែល​ប្រជា​ពលរដ្ឋ​ខ្មែរ​នៅ​ទូទាំង​ប្រទេស​កំពុង​រៀបចំ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិទទួល​ទេវតា​ឆ្នាំ​ថ្មី។ លោក ហ៊ុន សែន លើក​ឡើង​នៅ​ក្នុង​សារ​ឆ្នាំថ្មីថា របប​របស់​លោក​បាន​ទប់​ស្កាត់​ដោយ​ជោគជ័យតាម​រយៈ​វិធានការ​ច្បាប់​ដ៏​ម៉ឺងម៉ាត់ធ្វើ​ឲ្យ​បដិវត្ត​ពណ៌ត្រូវ​បាន​បរាជ័យ​យ៉ាង​ធ្ងន់ធ្ងរ​ព្រម​ទាំង​បញ្ចៀស​បាន​នូវ​គ្រោះ​មហន្តរាយ​ជា​ថ្មី។ ចំណែក​លោក សម រង្ស៊ី បញ្ជាក់​ថា សម្រាប់​រូប​លោក និង​អ្នក​តស៊ូ​ទាំង​អស់ក្នុង​ជួរ​គណបក្ស​សង្គ្រោះ​ជាតិ និង​ចលនា​សង្គ្រោះ​ជាតិ​នឹង​ខិតខំ​ទាំង​អស់​គ្នាធ្វើ​យ៉ាង​ណា​ឲ្យ​ប្រជារាស្ត្រ​ខ្មែរចាប់​ផ្តើម​បាន​ឃើញ​នូវ​ពន្លឺ​ប្រជាធិ​បតេ​យ្យ​ សេរីភាព និង​យុត្តិធម៌​យ៉ាង​ពិត​ប្រាកដ។ រីឯ​លោក កឹម សុខា ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ បាន​ផ្ញើ​ចេញ​ពី​ពន្ធនាគារ​ត្រពាំង​ផ្លុង ខេត្ត​ត្បូង​ឃ្មុំ​អំពាវនាវ​ដល់​ពលរដ្ឋ​កុំ​អស់​សង្ឃឹម កុំបង់​ចោល​ការ​តស៊ូ​ព្យាយាម​របស់​ខ្លួន ក្នុង​ការ​ទាមទារ​ឲ្យ​មាន​ការ​ផ្តាស់​ប្តូរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

2 Responses to "គណបក្ស​កាន់​អំណាច​គំរាម​ប្រើ​អំពើ​ហិង្សា​ប្រឆាំង​មេ​ដឹក​នាំ​បក្ស​ប្រឆាំង ប្រសិន​បើ​ហ៊ាន​ឈាន​ជើង​ចូល​ស្រុក​ខ្មែរ"

  1. ?? says:

    that mean war Mr SOK ESAN ???????????? then preparing a lot of coffin for you and your enemy . I will not going to visit my left over relative any more if this country becoming a gosh country. I do not think you care about no one because you are too old and having too much fun with young girl to please you be for you are going hell. GOD bless Cambodia

  2. Anonymous says:

    Sok Ey San, Phay Si Phan, Chheang Von, or Sok Touch are talking for💰💰💰💰.
    Only the their dirty speeches they live by, pay no attention to those dogs!!!!!!!!!!!
    They have to please their boss. 💥💥😜😜😜😜💥💥