ដោយ អេង គីមហុង
15/04/2018
RFI
សមាជជាតិលើកទី១របស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៧ នាទីស្នាក់កាកណ្តាលរបស់គណបក្ស។
@FB/ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន
គិតមកដល់ពេលនេះ គណបក្សប្រជាធិបតេយ្យមូលដ្ឋាននៅមិនទាន់សម្រេចចិត្តចូលរួមការបោះឆ្នោតជាតិ ថ្ងៃទី២៩កក្កដានៅឡើយទេ។ មិនទាន់សម្រេចចិត្តដោយសារតែគណបក្សមួយនេះរង់ចាំមើលសភាពការណ៍នយោបាយសិន។ នេះបើតាមលោក សាម អ៊ិន អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យមូលដ្ឋានថ្លែងប្រាប់វិទ្យុបារាំងនៅថ្ងៃអាទិត្យនេះ។
លោក សាម អ៊ីន អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យមូលដ្ឋានបានគូសបញ្ជាក់ថាគណបក្សនឹងធ្វើសេចក្ដីសម្រេចចុងក្រោយនៅខែឧសភាខាងមុខ អំពីលទ្ធភាពនៃការចូលរួមការបោះឆ្នោតជាតិ។ ទោះជាមិនទាន់សម្រេចចិត្តចូលរួមបោះឆ្នោតក៏ដោយ តែគណបក្សប្រជាធិបតេយ្យមូលដ្ឋានបានត្រៀមខ្លួនចូលរួមការបោះឆ្នោតរួចហើយ។
បើតាមលោក សាម អ៊ីន គណបក្សប្រជាធិបតេយ្យមូលដ្ឋានចង់បានការបោះឆ្នោតមួយ ដែលមានការចូលរួមសង្កេតការណ៍ពីសហគមន៍អន្តរជាតិ។ ក្នុងនោះ វត្តមានប្រទេសជប៉ុនដែលនៅតែបន្តជួយការបោះឆ្នោតនៅកម្ពុជា បានធ្វើឲ្យគណបក្សប្រជាធិបតេយ្យមូលដ្ឋានពេញចិត្តរួចទៅហើយ។ ពេញចិត្តព្រោះថា ជប៉ុនជាប្រទេសដែលមានស្តង់ដានៃការអនុវត្តលទ្ធិប្រជាធិបតេយ្យ។ ប៉ុន្តែគណបក្សនេះចង់ឃើញការចូលរួមរបស់សហគមន៍អន្ដរជាតិឲ្យកាន់តែកុះករបន្ថែមទៀត។
ទន្ទឹមគ្នានេះដែរ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន នៅតែព្រួយបារម្ភពីការបាចទឹកដាក់គ្នារវាងស្ថាប័នជាតិរៀបចំការបោះឆ្នោត និងអតីតអ្នកនយោបាយនៃគណបក្សប្រឆាំង។ ក្នុងនោះលោកសម រង្ស៊ី បានអំពាវនាវកុំឲ្យពលរដ្ឋទៅបោះឆ្នោត។ ចំណែកលោក ស៊ិក ប៊ុនហុក ថា ការបោះឆ្នោតនៅថ្ងៃទី២៩ខែកក្កដាខាងមុខនេះ បើទោះបីជាពលរដ្ឋចេញទៅបោះឆ្នោតបានក្រោម៣០ភាគរយក៏ដោយ ក៏គេមិនអាចបដិសេធចំពោះលទ្ធផលបោះឆ្នោតជាសកលនេះបានដែរ។ ចំណុចនេះលោក សាម អ៊ីន ថា ជាការលើកឡើងផ្ទុយពីច្បាប់បោះឆ្នោត។
សូមបញ្ជាក់ថា គជប នឹងទទួលចុះឈ្មោះគណបក្សនយោបាយចូលរួមការបោះឆ្នោតនៅថ្ងៃទី៣០មេសា រហូតដល់ថ្ងៃទី១៤ឧសភា។ អ្នកនាំពាក្យគណកម្មាធិការជាតិរៀបចំការបោះឆ្នោត គជប បានលើកឡើងថា ការចូលរួមឬមិនចូលរួមការបោះឆ្នោត វាគឺជាសិទ្ធិរបស់គណបក្សនយោបាយនីមួយៗ។ និងថា គជប បើទោះបីជាមានគណបក្សនយោបាយចូលរួមច្រើនឬតិចក៏ដោយ គជប នឹងនៅតែបន្តការងាររបស់ខ្លួនដដែល៕