លោក សម រង្ស៊ី ព្រមាន​អំពី​គ្រោះថ្នាក់ នៃ​អំពើ​ហិង្សា និង​អស្ថេរភាព​សង្គម បើ​ការ​បោះ​ឆ្នោត​គ្មាន​បក្ស​ប្រឆាំង​ចូលរួម

ដោយ មួង ណារ៉េត
2018-04-14
RFA

អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ផ្ដល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី នា​ការិយាល័យ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋអាមេរិក កាល​ពី​ថ្ងៃ​ទី​៧ ខែ​តុលា ឆ្នាំ​២០១៦។ Photo: RFA
អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ផ្ដល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី នា​ការិយាល័យ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋអាមេរិក កាល​ពី​ថ្ងៃ​ទី​៧ ខែ​តុលា ឆ្នាំ​២០១៦។ Photo: RFA


លោក សម រង្ស៊ី ថា​អំពើ​ហិង្សា​អាចកើតមានបើ​គ្មាន​បក្សប្រឆាំង


ប្រធាន​ចលនា​សង្គ្រោះ​ជាតិ​លោក សម រង្ស៊ី ព្រមាន​របប​លោក ហ៊ុន សែន ​អំពី​គ្រោះថ្នាក់ នៃ​អំពើ​ហិង្សា និង​អស្ថេរភាព​សង្គម ប្រសិន​បើ​នៅ​តែ​ផាត់​គណបក្ស​សង្គ្រោះ​ជាតិ ចេញ​ពី​ការ​ប្រកួត​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​ខាង​មុខ​នេះ។ អ្នក​វិភាគ​ឯករាជ្យ ក៏​បាន​ព្រមាន​អំពី​ហានិភ័យ ដែល​អាច​កើត​មាន​ជា​យថាហេតុ​នេះ​ដែរ បើ​នៅ​តែ​គ្មាន​ដំណោះស្រាយ​នយោបាយ​ឆាប់ៗ។

លោក សម រង្ស៊ី មើលឃើញ នូវ​ភាព​កាន់តែ​ធ្លាក់​ចុះ​ដុនដាប​ខ្លាំង នៃ​ស្ថានការ​ណ៍​រំលោភ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​នា​ពេល​បច្ចុប្បន្ន ក្រោម​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន បែប​នេះ ដែល​បណ្តាល​ឲ្យ​មាន​ការ​ផ្ទុះ​ឡើង​តវ៉ា​របស់​មហាជន។ ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន នៅ​ឯ​ក្លិប​អ្នក​សារព័ត៌មាន​បរទេស នៅ​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន នៅ​ថ្ងៃ​ទី​១៣ ខែ​មេសា លោក សម រង្ស៊ី បញ្ជាក់​ថា លោក​តែងតែ​អំពាវនាវ​ឲ្យ​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង រក្សា​ការ​អត់​ធ្មត់ និង​តស៊ូដោយ​អហិង្សា រង់​ចាំ​បង្ហាញ​ឆន្ទៈ​ពិតប្រាកដ​តាម​រយៈ​សន្លឹក​ឆ្នោត នៅ​ក្នុង​ការ​បោះ​ឆ្នោត​មួយ​ ដែល​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ដោយ​មាន​ការ​ចូលរួម​ពី​បក្ស​ប្រឆាំង។ ប៉ុន្តែ លោក​មិន​សង្ឃឹម​ថា លោក​នឹង​អាច​ហាមឃាត់​ប្រជា​ពលរដ្ឋ មិន​ឲ្យ​ក្រោក​តវ៉ា​បាន​ទេ ប្រសិនបើ​លោក ហ៊ុន សែន នៅ​តែ​បណ្តែតបណ្តោយ​ឲ្យ​ស្ថានការណ៍​អាក្រក់​នេះ នៅ​តែ​កើត​មាន និង​មានៈ​រៀបចំ​ការ​បោះ​ឆ្នោត ដោយ​គ្មាន​គណបក្ស​សង្គ្រោះ​ជាតិ ចូលរួម​នោះ៖ «ប្រសិនបើ​លោក ហ៊ុន សែន មិន​អនុញ្ញាត​ឲ្យ​គណបក្ស​ប្រឆាំង​ ចូលរួម​ប្រកួត​ក្នុងការ​បោះ​ឆ្នោត​ជាតិ​ខាង​មុខ​នេះ​ទេ តើ​ឲ្យ​ខ្ញុំ​ធ្វើ​យ៉ាងម៉េច ទើប​អាច​បញ្ចុះបញ្ចូល​ពលរដ្ឋ​របស់​ខ្ញុំ ឲ្យ​ពួក​គាត់​នៅ​បន្ត​ការ​អត់​ធ្មត់ ឲ្យ​ពួក​គាត់​នៅ​បន្ត​ទ្រាំ​មិន​ប្រើ​អំពើ​ហិង្សា​តទៅ​ទៀត​បាន​នោះ? តើ​ឲ្យ​ពួក​យើង​រង់​ចាំ​អ្វី​ទៀត រង់ចាំ​ដល់​ណា​ទៀត? យើង​បាន​បន្ត​រង់ចាំ​រាល់​អាណត្តិ។ យើង​កើន​សំឡេង​គាំទ្រ​ជា​និច្ច។ ឥឡូវ​យើង​កាន់តែ​ខិត​ជិត ទៅ​រក​ការឈ្នះឆ្នោត​ ដើម្បី​គ្រប់គ្រង​ប្រទេស​ទៅ​ហើយ ស្រាប់​តែ​លោក ហ៊ុន សែន ប្រាប់​ថា នឹង​គ្មាន​បក្ស​ប្រឆាំង​ចូលរួម​ការ​បោះ​ឆ្នោត​ទៀត​ទេ។ ដូច្នេះ យើង​មិន​អាច​ស្មាន​ទុក​បាន​ទេ​ថា នឹង​មាន​អ្វី​កើត​ឡើង​នោះ។ វា​អាច​ផ្ទុះ​ទៅជា​អំពើ​ហិង្សា»

ការ​ព្រមានរបស់លោក សម រង្ស៊ី នៅពេលនេះ គឺស្រប​ពេល​ដែល​រដ្ឋមន្រ្តី​ការបរទេស​ជប៉ុន ជួប​លោក ហ៊ុន សែន កាល​ពី​សប្តាហ៍​មុន និង​បញ្ជាក់​ជំហរ ​អំពី​ការ​ព្រួយ​បារម្ភ​ របស់​រដ្ឋាភិបាល​ជប៉ុន ជុំវិញ​ស្ថានការណ៍​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ជាពិសេស​ការ​បោះ​ឆ្នោត​ជាតិ​ខាង​មុខ ដែល​អាច​គ្មាន​វត្ត​មាន​គណបក្ស​ប្រឆាំង​។ ប្រទេស​ជប៉ុន ចង់​ឃើញ​អ្នកនយោបាយ​នៃ​បក្ស​ធំៗ ទាំង​ពីរ ងាក​មក​រក​តុ​ចរចា ដើម្បី​បញ្ចប់​វិបត្តិ​នយយោបាយ​បច្ចុប្បន្ន​ឲ្យ​បាន​ឆាប់ និង​រៀបចំ​ការ​បោះឆ្នោត​មួយ​ឲ្យ​មាន​ភាព​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ដែល​មាន​ការ​ចូលរួម​ពី​គ្រប់​ភាគី។ ប៉ុន្តែកិច្ច​ខិតខំ​ប្រឹងប្រែង​នេះ ត្រូវ​បាន​លោក ហ៊ុន សែន ទាត់​ចោល និង​អះអាង​ថា មិន​ត្រូវការ​គណបក្ស​សង្គ្រោះ​ជាតិ​ចូលរួម​ក្នុងការ​បោះ​ឆ្នោតខាង​មុខ​នេះ​ទេ។

លោក សម រង្ស៊ី លើកឡើង​បន្ថែមថា សុខ​សន្តិភាព និង​ស្ថេរភាព​សង្គម​ អាច​កើត​មាន​ទៅ​បាន ទាល់​តែ​មាន​ប្រជាធិបតេយ្យ តាម​រយៈ​ការ​បោះ​ឆ្នោត​មួយ​ ស្រប​តាម​ឆន្ទៈពិតប្រាកដ​របស់​ពលរដ្ឋ​ម្ចាស់​ឆ្នោត។ អ្នក​វិភាគ​ជា​ច្រើន ក៏​បាន​ព្យាករណ៍​ថា ​នឹង​មាន​ការ​ក្រោក​តវ៉ា ដែល​នាំ​ឲ្យ​មាន​បញ្ហា​អស្តិសុខ​សង្គម​នេះ​ដែរ ប្រសិនបើ​នៅ​តែ​គ្មាន​ដំណោះស្រាយ​នយោបាយ​ឆាប់ៗ នោះ​ទេ។

ដំណើរ​ទស្សនកិច្ច​ទៅ​ប្រទេស​ជប៉ុន​លើក​នេះ លោក សម រង្ស៊ី រួម​នឹង​តំណាងរាស្រ្ត​គណបក្ស​សង្គ្រោះ​ជាតិ​បី​រូប​ផ្សេង​ទៀត បាន​ជួប​សន្ទនាគ្នា​ជា​មួយ​សមាជិក​សភា និង​ព្រឹទ្ធសភា​ជប៉ុន​ទាំង​ពី​ខាង​គណបក្ស​កាន់អំណាច និង​គណបក្ស​ប្រឆាំង ដើម្បី​អំពាវ​សុំ​ឲ្យ​ជួយ​អន្តរាគមន៍ រក​ដំណោះស្រាយ​វិបត្តិ​នយោបាយ​ខ្មែរ។

ទោះ​បី​ជា​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន និង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត បាន​អះអាង​ថា ដំណើរ​ការ​បោះ​ឆ្នោត​ជាតិ​ នា​ខែ​កក្កដា​ខាង​មុខ នឹង​នៅ​តែ​ប្រព្រឹត្ត​ទៅ​ដូច​ការ​គ្រោង​ទុក ទោះ​គ្មាន​គណបក្ស​សង្គ្រោះ​ជាតិ​ចូលរួម លោក សម រង្ស៊ី នឹង​អំពាវ​ឲ្យ​ពលរដ្ឋ​ធ្វើ​ពហិការ កុំ​នាំ​គ្នា​ទៅ​បោះ​ឆ្នោត។ លោក​ថែម​ទាំង​ព្រមាន​ថា ការ​បោះ​ឆ្នោត ​ដែល​គ្មាន​គណបក្ស​សង្គ្រោះ​ជាតិ នឹង​គ្មាន​ភាព​ប្រជាធិបតេយ្យ​ទេ។ លោក​បន្ត​ថា បើ​មាន​ការ​អំពាវនាវ ឲ្យ​ពលរដ្ឋ​ធ្វើ​ពហិការ នោះ​ចំនួន​អ្នក​បោះ​ឆ្នោត នឹង​ថយ​ចុះ​ជា​គំហុក ដែល​រឹត​តែ​ធ្វើ​ឲ្យ​រដ្ឋាភិបាល ក្រោយ​ការ​បោះ​ឆ្នោត គ្មាន​ភាព​ស្រប​ច្បាប់។ ទោះ​ជា​យ៉ាង​នេះ លោក សម រង្ស៊ី នៅ​តែ​សង្ឃឹម​ថា ប្រទេស​ជប៉ុន នឹង​អាច​ជួយ​រក​ដំណោះ​ស្រាយ​ ដើម្បី​បញ្ចប់​វិបត្តិ​នយោបាយ នៅ​កម្ពុជា​បាន៕

What Next?

Recent Articles

One Response to "លោក សម រង្ស៊ី ព្រមាន​អំពី​គ្រោះថ្នាក់ នៃ​អំពើ​ហិង្សា និង​អស្ថេរភាព​សង្គម បើ​ការ​បោះ​ឆ្នោត​គ្មាន​បក្ស​ប្រឆាំង​ចូលរួម"

  1. so socheath says:

    វាមិនខ្មេះដូចអ្ហែងព្រុសទេ អាក្បត់ជាតិសមរង្សី !
    ទី១ គឹតតែខ្លួនអ្ហែងទៅ ថាតើអាចមានលទ្ធភាពជាន់ទឹកដីខ្មែរឬអត់ !
    ទី២ អត់មានអ្នកឃាត់អ្ហែងមិនអោយមកទេ។ តែថាជនក្បត់ជាតិដូចអ្ហែងនឹងមានវាសនាបែបណា ចំពោះកំហឹងប្រជាពលរដ្ឋ !
    ក្បាលអ្ហែងអាចធានាបានជាមួយខ្នងពូថៅរបស់ប្រជាពលរដ្ឋរាប់រយពាន់នាក់បានទេ?
    ជនក្បត់ជាតិណា កុំភ្លេច !
    ជនក្បត់ជាតិបើច្បាប់ប្រណី តែ ប្រជាពលរដ្ឋមិនប្រណីទេ កុំជោរ អាវូច !

Leave a Reply

Submit Comment