សរុប​ព្រឹត្តិការណ៍​ប្រចាំ​ឆ្នាំ​រកា ដែល​ញាំញី​ដោយ​វិបត្តិ​នយោបាយ ដោះស្រាយ​មិន​ចេញ

ដោយ មួង ណារ៉េត
2018-04-14
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

សមាជិក​សភា​គណបក្ស​ប្រជាជន​កម្ពុជា លើក​ដៃ​គាំអនុម័ត​សេចក្ដី​ស្នើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ នៅ​ក្នុង​កិច្ច​ប្រជុំ​សភា​វិសាមញ្ញ នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០១៧។ Photo: RFA
សមាជិក​សភា​គណបក្ស​ប្រជាជន​កម្ពុជា លើក​ដៃ​គាំអនុម័ត​សេចក្ដី​ស្នើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ នៅ​ក្នុង​កិច្ច​ប្រជុំ​សភា​វិសាមញ្ញ នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០១៧។ Photo: RFA


សរុប​ព្រឹត្តិការណ៍​ក្នុង​ឆ្នាំ​រកា​ដែល​ញាំញី​ដោយ​វិបត្តិ​នយោបាយ


កាល​ពី​ឆ្នាំ​រកា ស្ថានភាព​​នយោបាយ​ខ្មែរ ជាពិសេស​ការ​រំលោភ​សិទ្ធិមនុស្ស និង​លទ្ធិ​ប្រជាធិបតេយ្យ មាន​សភាព​ធ្ងន់ធ្ងរ រហូត​ផ្អើល​សហគមន៍​អន្តរជាតិ នាំ​គ្នា​ថ្កោលទោស​របប​លោក ហ៊ុន សែន ជុំ​ទិស។ មន្រ្តី​បក្ស​ប្រឆាំង ប្រឹងប្រែង​ស្វះស្វែង​រក​ការ​ចរចា ដើម្បី​បញ្ចប់​វិបត្តិ​នយោបាយ​នេះ ប៉ុន្តែ មន្រ្តី​បក្ស​កាន់​អំណាច​ប្រកែក​មិន​ព្រម​ចរចា ដោយ​អះអាង​ថា ស្រុក​ខ្មែរ​បាន​សុខ បើ​អស់​អ្នក​ប្រឆាំង។

ឆ្នាំរកា គឺ​ជា​ឆ្នាំ​ប្រវត្តិសាស្រ្ត​មួយ ដែល​រឿង​មិន​គួរ​កើត​ឡើង បាន​កើត​ឡើង​ពេញ​បន្ទុក។ រឿងរ៉ាវ​ដែល​កើត​ឡើង​ទាំង​នេះ ប៉ះពាល់​យ៉ាង​ខ្លាំង ទៅ​ដល់​ដំណើរ​ការ​ប្រជាធិបតេយ្យ សិទ្ធិមនុស្ស និង​មុខ​មាត់​ប្រទេស​កម្ពុជា លើ​ឆាក​អន្តរជាតិ ដូចជា​ការ​ធ្វើ​ច្បាប់ ដើម្បី​ធ្វើ​ទុក្ខ​បុក​ម្នេញ​គណបក្ស​ប្រឆាំង​ការ​ចាប់​ខ្លួន​ប្រធាន​គណបក្ស​ប្រឆាំង​លោក កឹម សុខា ការ​យក​កៅអី​ស្រប​ច្បាប់ របស់​តំណាង​រាស្រ្ត​គណបក្ស​ប្រឆាំង​ទៅ​ចែក​គ្នា ការ​បំបិទ​សំឡេង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ការ​ចាប់​អ្នក​កាសែត​ដាក់​ពន្ធនាគារ ការ​បណ្តេញ​អង្គការ​សង្គម​ស៊ីវិល និង​ការ​ប្រែក្លាយ​ប្រទេស​កម្ពុជា ឲ្យ​ទៅ​ជា​ប្រទេស​ឯកបក្ស​ជា​ដើម។

គ្រាន់​តែ​ចូល​ឆ្នាំ​រកា​បាន​មួយ​ខែ គឺ​នៅ​ខែ​ឧសភា អង្គការ​អន្តរជាតិ​នៅ​ទីក្រុង​ឡុងដ៍ (London) ប្រទេស​អង់គ្លេស ឈ្មោះ​ទីភ្នាក់ងារ​ស៊ើបអង្កេត​បរិស្ថាន ឬ អ៊ី.អាយ.អេ (EIA) បាន​ចេញ​របាយការណ៍​មួយ​ ដោយ​ក្រុម​ស៊ើប​អង្កេត​ រក​ឃើញ​ថា មន្ត្រី​អាជ្ញាធរ​ពុក​រលួយ​ នៃ​ប្រទេស​កម្ពុជា និង​ប្រទេស​វៀតណាម បាន​ទទួល​យក​ប្រាក់​សំណូក​ រាប់​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក ពី​ឈ្មួញ​ឈើ ជា​ថ្នូរ​ឲ្យ​កាប់​ព្រៃ​ឈើ ​នៅ​ក្នុង​តំបន់​ព្រៃ​អភិរក្ស​ ក្នុង​ប្រទេស​កម្ពុជា ដូចជា​នៅ​តំបន់​ឧទ្យាន​ជាតិ​វីរជ័យ និង​អនុញ្ញាត​ឲ្យ​នាំ​ឈើ​ខុស​ច្បាប់​ ចេញ​ទៅ​ប្រទេស​វៀតណាម រួម​ទាំង​ជួយ​ប្រែ​ក្លាយ​ឈើ​ខុស​ច្បាប់​ទាំងនោះ ​ទៅ​ជា​ឈើ​ស្រប​ច្បាប់​វិញ។ ​

មួ​យ​ខែ​ក្រោយ​មក នៅខែ​មិថុនា ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ ត្រូវ​បាន​រៀបចំ​ឡើង។ ការ​បោះ​ឆ្នោត​លើក​នេះ គឺ​ជា​លើក​ទី​មួយ​ក្នុង​ប្រវត្តិសាស្រ្តដែរ​ ដែល​លោក​ ហ៊ុន សែន ចេញ​ឃោសនា​ដោយ​ផ្ទាល់ និង​ជួល​ទូរទស្សន៍​ក្នុង​ស្រុក​ យ៉ាង​ហោច​ណាស់ ៨ ប៉ុស្តិ៍ ដើម្បី​ឲ្យផ្សព្វ​ផ្សាយ​បន្ត​ផ្ទាល់​ យុទ្ធនាការ​ឃោសនា​បោះឆ្នោត​លើក​នេះ។ នេះ​ក៏​ជា​ការ​បោះឆ្នោត​លើក​ទីមួយ ដែល​មាន​ការ​រឹតត្បិត ​ក្នុង​ការ​ដង្ហែក្បួន​ឃោសនា។ ពលរដ្ឋ​ចេញ​ទៅ​បោះឆ្នោត​ មាន​រហូត​ដល់​ជាង ៧​លាន​នាក់ ឬ​ស្មើ​នឹង​ជាង ៩០% នៃ​ចំនួន​អ្នក​ដែល​បាន​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​សរុប។ ជា​លទ្ធផល​គណបក្ស​សង្គ្រោះ ជាតិ​ជាប់​ឆ្នោត ដើម្បី​គ្រប់គ្រង​ឃុំ​សង្កាត់​ជិត ៥០០ (៤៨៩) ឃុំ​សង្កាត់​នៅ​ទូទាំង​ប្រទេស និង​ជាប់​ជា​សមាជិក​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ចំនួន​ជាង​ប្រាំពាន់ (,០០៧) នាក់ ដែល​មាន​សំឡេង​ឆ្នោត​គាំទ្រជាង បី​លាន​នាក់ ឬ​ស្មើ​នឹង​ជិត ៤៤% (៤៣,៨៣%) នៃ​ចំនួន​អ្នក​ចេញ​ទៅ​បោះ​ឆ្នោត។

ក្រោយ​ពី​ការ​បោះឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ​២០១៧​ភ្លាម បន្ទប់​ស្ថានការណ៍​ ដែល​ជា​ក្រុម​សង្គម​ស៊ីវិល​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​ឯករាជ្យ ​បាន​រក​ឃើញ​ថា ការ​បោះ​ឆ្នោត​នេះ មិន​ទាន់​អាច​ចាត់​ទុក​ថា ​សេរី និង​យុត្តិធម៌​ពេញលេញ​បាន​នៅ​ឡើយ​ទេ ដូចជា​បរិយាកាស​គាប​សង្កត់​ មុន​ការ​បោះ​ឆ្នោត និង​ខ្វះ​តម្លាភាព និង​តុល្យភាព​ផ្នែក​ថវិកា​សម្រាប់​ឃោសនា បើ​ទោះ​ជា​មាន​ភាព​ប្រសើរ​ឡើង​នូវ​ការងារ​របស់ គ..ប យ៉ាង​ណា​ក្តី។ បួន​ថ្ងៃ​ក្រោយ​មក លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ស្នើសុំ​ឲ្យ​ក្រសួង​មហាផ្ទៃ ស៊ើប​អង្កេត​ក្រុម​នេះ ហើយ​បាន​ជំរុញ​ឲ្យ​មើល​ពី​ភាព​ស្រប​ច្បាប់ និង​បាន​ចោទ​ក្រុម​នេះ​ ថា​លម្អៀង​ទៅ​ខាង​គណបក្ស​ប្រឆាំង។ ប្រាំពីរ​ថ្ងៃ​ក្រោយ​មក ក្រសួង​មហាផ្ទៃ បាន​ចេញ​បញ្ជា​បញ្ចប់​សកម្មភាព​បន្ទប់​ស្ថានការណ៍ ពីព្រោះ​ក្រសួង​អះអាងថា ​មិន​បាន​ចុះ​បញ្ជិកា​ត្រឹមត្រូវ ដែល​បាន​បំពាន​​ច្បាប់​ស្ដីពី​អង្គការ​សមាគម។

ក្រោយ​ពីបិទ​បន្ទប់​ស្ថានការណ៍​បោះ​ឆ្នោតមិន​បាន​ប៉ុន្មាន​ផង រដ្ឋាភិបាល​សម្រេច​បញ្ឈប់​សកម្មភាព​ របស់​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ ហៅ​កាត់​ថា NDI របស់សហរដ្ឋ​អាមេរិក និង​បណ្ដេញ​បុគ្គលិក​បរទេស​របស់​វិទ្យាស្ថាន​នេះ ចេញ​ពី​ប្រទេស​កម្ពុជា នៅ​ខែ​សីហា ដោយ​ចោទ​ថា អង្គការ​នេះ រៀបចំ​យុទ្ធ​សាស្រ្ត​ជួយ​បក្សប្រឆាំង ដើម្បី​ផ្តួល​រំលំបក្សកាន់អំណាច។ ប៉ុន្តែ​អង្គការ NDI បដិសេធ​ថា ខ្លួន​មិន​បាន​លម្អៀងទៅ​រក​គណបក្ស​នយោបាយ​ណា​មួយ​ឡើយ ​ក្នុង​ការ​បំពេញ​មុខងារ​របស់​ខ្លួន​នៅ​កម្ពុជា។ NDI អះអាង​ថា ពួកគេ​ជា​ស្ថាប័ន​ឯករាជ្យ មិន​លម្អៀង និង​ជា​ដៃគូ​របស់​គ្រប់​គណបក្ស​នយោបាយ​ទាំង​អស់ មិន​ថា​បក្ស​កាន់​អំណាច ឬ​បក្ស​ប្រឆាំង​ឡើយ។

អស់ពីបិទ​អង្គការ​ NDI របប​លោក ហ៊ុន សែន ​បាន​បង្គាប់​ឲ្យ​សារព័ត៌មាន​ ឌឹ ខេមបូឌា ដេលី (The Cambodia Daily) ដែល​ជា​សារព័ត៌មាន​ឯករាជ្យ បង់​ពន្ធ​ជាង ៦​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក ដែល​របប​នេះ​ អះអាងថា ស្ថាប័ន​សារព័ត៌មាន​នេះ ជំពាក់​ជាង ១០​ឆ្នាំ​មក​ហើយ។ ម្ចាស់​កាសែត ខេមបូឌា ដេលី អ្នកស្រី ដេប្រ៉ា គ្រីស័រស្ទៀល (Deborah Krisher-Steele) ចាត់​ទុក​អំណាច​ពន្ធខ្ពស់​កប់​ពពក​បែប​នេះ គឺ​ជា​អំណាច​ ដែល​មាន​ចេតនា​បំផ្លាញ។ អ្នក​ស្រី​ត្រូវ​បង្ខំចិត្ត បិទ​ការិយាល័យ​កាសែត​នេះ​ទាំង​ស្រុង នៅ​ថ្ងៃ​ទី​៤ ខែ​កញ្ញា។

ចំណែក​វិទ្យុ​អាស៊ី​សេរី​វិញ ក៏ត្រូវ​បង្ខំចិត្ត​បិទ​ការិយាល័យ​របស់​ខ្លួន​នៅ​កម្ពុជា​ផង​ដែរ ដោយសារ​មិន​អាច​ស៊ូទ្រាំ​ នឹង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ពី​រដ្ឋាភិបាល ក្រោយ​បញ្ហា​ធ្វើ​ទុក្ខ​បុក​ម្នេញ ក្នុង​រឿង​ពន្ធដារ​នេះ និង​បញ្ហា​បញ្ជិកា ក្រោយ​បើក​ដំណើរ​ការ​នៅ​កម្ពុជាជិត​ ២០ ឆ្នាំ​រួម​មក។ ក្រោយ​បិទ​វិទ្យុ​អាស៊ី​សេរី បុគ្គលិក​អាស៊ីសេរី​ទាំង​អស់​នៅ​កម្ពុជា ត្រូវ​បញ្ចប់​កិច្ចសន្យា​ការងារ។ ប៉ុន្តែ របប​លោក ហ៊ុន សែន នៅ​តែ​រក​លេស​ធ្វើ​ទុក្ខ​បុក​ម្នេញ​លើ​អតីត​បុគ្គលិក​អាស៊ី​សេរី​ពីរ​រូប គឺ​លោក អ៊ួន ឈិន និង​លោក យាង​ សុធារិន ហៅ យាង សុជាមេត្តា ដោយ​ចាប់​ពួក​លោក និង​ដាក់​ពន្ធនាគារ​រហូត​ដល់​បច្ចុប្បន្ន ក្រោម​ការ​ចោទ​ប្រកាន់​ពី​បទ​ផលិត​ព័ត៌មាន ដែល​អាច​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ បញ្ជូន​ទៅ​សហរដ្ឋអាមេរិក។

មិន​ត្រឹម​តែ​វិទ្យុ​អាស៊ី​សេរី និង​កាសែត ឌឹ ខែមបូឌា ដេលី ប៉ុណ្ណោះ​ទេ ដែល​រង​ការ​ធ្វើ​ទុក្ខ​ម្នេញ តាម​របាយការណ៍​របស់​អង្គការ លីកាដូ គិត​ត្រឹម​ចុង​ខែ​សីហា ឆ្នាំ​២០១៧ របប​លោក ហ៊ុន សែន បាន​បញ្ជា​ឲ្យ​បិទ​ស្ថានីយ៍ និង​ប៉ុស្តិ៍​វិទ្យុ FM ក្នុង​ស្រុក ចំនួន ៣២ នៅ​ទូទាំង ២០​ខេត្ត​ក្រុង។ ដោយ​សារ​ការ​បិទ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នេះ ធ្វើ​ឲ្យ​កម្មវិធីផ្សាយ​បន្ត​​របស់​វិទ្យុ​អាស៊ី​សេរី វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក និង​វិទ្យុ​ដទៃ​ទៀត ខាន​បាន​ផ្សាយ​តាម​វិទ្យុ FM ដើម្បី​ឲ្យ​បាន​ឮ​ដល់​ពលរដ្ឋ​ខ្មែរ ជាពិសេស​ពលរដ្ឋ​នៅ​តាម​ទី​ជនបទ​ដាច់​ស្រយាល។

ក្រោយ​វិទ្យុ​អាស៊ី​សេរី​បិទ​ការិយាល័យ និង​អតីត​បុគ្គលិក ត្រូវ​ជាប់​ពន្ធនាគារ លោក ហ៊ុន សែន និង​រោងចក្រ​ផលិត​ព័ត៌មាន​ក្លែងក្លាយ​របស់​លោក បង្កើន​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ មក​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​មួយ​នេះ ដោយ​ប្រឹង​បន្សាប​ព័ត៌មាន ដែល​ផ្សាយ​ចេញ​ពី​វិទ្យុ​អាស៊ី​សេរី និង​ព្យាយាម​លាប​ពណ៌​ស្ថាប័ន​វិទ្យុ​នេះ ដោយ​ចោទ​ប្រកាន់​ថា អនុប្រធាន​វិទ្យុ​អាស៊ី​សេរី​លោក ជុន ច័ន្ទបុត្រ ជា​ភ្នាក់ងារ​ចារកិច្ច​របស់​លោក ហ៊ុន សែន ជា​ដើម។ ទោះ​បី​អាស៊ី​សេរី បាន​ព្យាយាម​អញ្ជើញ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​មន្ត្រី​របស់​លោក​ជា​ច្រើន​លើក​ច្រើន​សា ដើម្បី​សុំ​សម្ភាស និង​សុំ​ឲ្យ​ពួក​លោក​បំភ្លឺ​នូវ​ការ​ចោទ​ប្រកាន់​ទាំង​អស់​នោះ ប៉ុន្តែ​លោក ហ៊ុន សែន និង​មន្ត្រី​របស់​លោក មិន​ព្រម​ផ្ដល់​បទសម្ភាសន៍​ទេ តែ​បែរ​ជា​ជ្រើស​រើស​យក​វិធី​មិន​សុចរិត​បំភ័ន្ត​មតិ ដើម្បី​បង្កើន​ការ​បង្ក្រាប​លើ​សេរីភាព​សារព័ត៌មាន​បែប​នេះ​ទៅវិញ។

ក្រោយ​បណ្តេញ​អង្គការ​ក្រៅ​រដ្ឋាភិបាល និង​បិទ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ បាន​សម្រេច​របប​លោក ហ៊ុន សែន ឈាន​មួយ​ជំហាន​ទៀត ទៅ​បំបិទ​សំឡេង​ប្រឆាំង​ទាំង​ស្រុង​តែ​ម្តង តាម​រយៈ​ការ​រម្លាយ​គណបក្ស​សង្គ្រោះ​ជាតិ​ជា​ស្ថាបពរ កាល​ពី​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា។ អំណាច​នៃ​សាលដីកា​តុលាការ​កំពូល ដែល​បិទ​ផ្លូវ​តវ៉ា​នេះ បាន​ហាម​ឃាត់​សិទ្ធិ​ធ្វើ​នយោបាយ ដល់​តំណាងរាស្រ្ត និង​ មន្រ្តី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន ១១៨​រូប និង​យក​អាសនៈ​ស្រប​ច្បាប់​ទាំង ៥៥​អាសនៈ របស់​តំណាងរាស្រ្ត​គណបក្ស​សង្គ្រោះ​ជាតិ ទៅ​ចែក​ឲ្យ​គណបក្ស​តូចៗ ដទៃ​ទៀត ដែល​មិន​បាន​ជាប់​ឆ្នោត និង​ចែក​ជាមួយ​គណបក្ស​កាន់​អំណាច​ផង​ដែរ។ មិន​តែ​ប៉ុណ្ណោះ តំណែង​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ជាប់​ឆ្នោត​ទាំង ៥.០០៧ នៅ​ទូទាំង​ប្រទេស ត្រូវ​បាន​បែងចែក​ទៅ​ឲ្យ​បក្ស​ផ្សេងៗ និង​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ផ្ទុយ​ទៅ​នឹង​ឆន្ទៈ​របស់​ពលរដ្ឋ​ម្ចាស់​ឆ្នោត​ជាង​បី​លាន​នាក់។

មុន​រម្លាយ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​សម្រេច សមត្ថកិច្ច​បាន​ចាប់​ខ្លួន​លោក កឹម សុខា និង​អង្គរក្ស​របស់​លោក​ចំនួន ៨​នាក់ នៅ​ម៉ោង​ជាង ១២​រំលង​អាធ្រាត្រ និង​ដោយ​កម្រោល​ដោយ​គ្មាន​ដីកា​ចាប់​ខ្លួន កាល​ពី​ថ្ងៃ​ទី​៣ ខែ​កញ្ញា។ អង្គរក្ស​ទាំង​នោះ​ ត្រូវ​បាន​ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ ប៉ុន្តែ​លោក កឹម សុខា នៅ​បន្ត​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុង ខេត្ត​ត្បូង​ឃ្មុំ ក្បែរ​ព្រំដែន​វៀតណាម រហូត​ដល់​បច្ចុប្បន្ន​នេះ ដោយ​ជាប់​ចោទ​ពី​បទ​ “ក្បត់​ជាតិ” ដោយសារ​តែ​វីដេអូ​ឃ្លីប ដែល​លោក កឹម សុខា បាន​ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ប្រទេស​អូស្រ្តាលី កាល​ពី​ចុង​ឆ្នាំ​២០១៣។ លោក កឹម សុខា ត្រូវ​បាន​តុលាការ​របប​លោក ហ៊ុន សែន បន្ត​ឃុំ​ខ្លួន​បន្ថែម ៦​ខែ​ទៀត បើ​ទោះ​បី​ជា​លោក​កំពុង​មាន​ជំងឺ​ប្រចាំ​កាយ​ធ្ងន់ ដែល​ទាមទារ​ឲ្យ​មាន​ការ​​យក​ចិត្ត​ទុក​ដាក់​ព្យាបាល​ពី​គ្រូពេទ្យ​ខាង​ក្រៅ​ក៏​ដោយ។

ទំនាក់ទំនង​រវាង​ប្រទេស​កម្ពុជា ជាមួយ​អន្តរជាតិ​ ជាពិសេស​ជាមួយ​សហភាព​អឺរ៉ុប និង​សហរដ្ឋ​អាមេរិក បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ នៅ​ក្នុង​ឆ្នាំ​រកា​កន្លង​ទៅ​នេះ។ ទណ្ឌកម្ម​អន្តរជាតិ​លើ​របប​លោក ហ៊ុន សែន បាន​ចាប់​ផ្ដើម​ដាក់​ជា​ហូរហែ។ សហរដ្ឋ​អាមេរិក និង​សហគមន៍​អឺរ៉ុប បាន​កាត់​ផ្ដាច់​ជំនួយ​ផ្នែក​បោះ​ឆ្នោត និង​ពន្លឿន​ចំណាត់​ការ​ដាក់​ទណ្ឌកម្ម​លើ​កម្ពុជា បន្ថែម​ទៀត។ មុន​កាត់​ផ្តាច់​ជំនួយ​ទៅ​របប​លោក ហ៊ុន សែន រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន បាន​សម្រេច​បិទ​ទិដ្ឋាការ​ដល់​មន្ត្រី​ជាន់​ខ្ពស់​នៃ​រដ្ឋាភិបាល​កម្ពុជា និង​ក្រុម​គ្រួសារ ដែល​មាន​ជាប់​ពាក់ព័ន្ធ​ការ​រំលោភ​សិទ្ធិមនុស្ស និង​ការ​បំផ្លាញ​លទ្ធិ​ប្រជាធិបតេយ្យ មិន​ឲ្យ​ជាន់​ដី​សហរដ្ឋ​អាមេរិក។ ពេល​នេះ សហរដ្ឋ​អាមេរិក កំពុង​ស្រង់​បញ្ជី​ឈ្មោះ​បុគ្គល​មន្ត្រី​រដ្ឋាភិបាល និង​ក្រុមហ៊ុន​សាជីវកម្ម ដើម្បី​ឈាន​ទៅ​បង្កក និង​រឹប​អូស​ទ្រព្យសម្បត្តិ និង​បញ្ឈប់​កិច្ចសន្យា​ពាណិជ្ជកម្ម ព្រមទាំង​ផ្អាក​ការ​អនុគ្រោះ​ពន្ធ​នាំ​ចេញ​ផលិតផល​ពី​កម្ពុជា ទៅ​ទីផ្សារ​អាមេរិក​ផង​ដែរ។

ទាំង​សហគមន៍​អឺរ៉ុប និង​សហរដ្ឋ​អាមេរិក សុទ្ធតែ​បញ្ជាក់​ជំហរ​យ៉ាង​ច្បាស់​លាស់​ណាស់​ថា ចំណាត់​ការ​ដាក់​ទណ្ឌកម្ម​នេះ គឺ​ដោយសារ​តែ​ទង្វើ​រំលោភ​សិទ្ធិមនុស្ស និង​បំផ្លាញ​ប្រជាធិបតេយ្យ​យ៉ាង​ធ្ងន់ធ្ងរ ដែល​របប​លោក ហ៊ុន សែន បាន​ប្រព្រឹត្ត​មក​លើ​គណបក្ស​ប្រឆាំង អង្គការ​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​នៅ​កម្ពុជា​នេះ​ឯង។

ពីរ​ខែ​ជិត​ដាច់​ឆ្នាំ​រកា ពោល​គឺ​ក្នុង​ខែ​កុម្ភៈ រដ្ឋាភិបាល​អាមេរិក​សម្រេច​កាត់​ផ្ដាច់​ជំនួយ​ទៅ​របប​លោក ហ៊ុន សែន។ ជំនួយ​សំខាន់ៗ ដែល​អាមេរិក សម្រេច​ឈប់​ផ្ដល់​ដល់​របប​លោក ហ៊ុន សែន ត​ទៅ​ទៀត រួម​មាន​កម្មវិធី​ជំនួយ​បរទេស ជំនួយ​តាម​រយៈ​កម្មវិធី​របស់​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក សម្រាប់​អភិវឌ្ឍន៍​អន្តរជាតិ (USAID) និង​កម្មវិធី​ជំនួយ​ផ្នែក​យោធា​អាមេរិក ដែល​ធ្លាប់​ផ្ដល់​ឲ្យ​របប​លោក ហ៊ុន សែន ក្នុង​ការ​ជួយ​ដល់​អគ្គនាយកដ្ឋាន​ពន្ធដារ ជួយ​ដល់​ការ​កសាង​សមត្ថភាព​អាជ្ញាធរ​រដ្ឋ​នៅ​តាម​មូលដ្ឋាន និង​ជួយ​ដល់​កងយោធពល​ខេមរភូមិន្ទ នៅ​ពេល​កន្លង​មក។ ការផ្ដាច់​ជំនួយ​ទៅ​ដល់​ផ្នែក​សំខាន់ៗ​ទាំង​អស់​នេះ ខាង​រដ្ឋាភិបាល​អាមេរិក បញ្ជាក់​ថា គឺ​មក​ពី​ស្ថាប័ន​ទាំង​អស់​នេះ សុទ្ធ​តែ​មាន​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​ការ​បំផ្លាញ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។ ការ​សម្រេច​ផ្ដាច់​ជំនួយ​ដល់​របប​ក្រុង​ភ្នំពេញ ពី​សេតវិមាន​ប្រធានាធិបតី​អាមេរិក កាល​ពី​ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ គឺ​ធ្វើ​ឡើង​តែ​ពីរ​ថ្ងៃ​ប៉ុណ្ណោះ ក្រោយ​ការ​បោះ​ឆ្នោត​ព្រឹទ្ធសភា ដែល​គណបក្ស​កាន់​អំណាច​ប្រមូល​យក​អាសនៈ​ទាំង ៥៨ ព្រោះ​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​រម្លាយ និង​តំណាងរាស្ត្រ រួម​ទាំង​មន្ត្រី​ជាន់​ខ្ពស់​របស់​គណបក្ស​នេះ ត្រូវ​បាន​ហាម​ឃាត់​សិទ្ធិ​នយោបាយ​រយៈ​ពេល ៥​ឆ្នាំ។

ក្នុង​អំឡុង​ខែ​មីនា ពលរដ្ឋ​នៅ​ឯ​នាយ​សមុទ្រ ជាពិសេស​ពលរដ្ឋ​​ខ្មែរ-​អូស្រ្តាលី នាំ​គ្នា​ធ្វើ​បាតុកម្ម ដុត​រូប​ទីងមោង​លោក ហ៊ុន សែន យ៉ាង​កក្រើក​ ដើម្បី​បង្ហាញ​អំពី​​ការ​មិន​ពេញ​ចិត្ត ចំពោះ​ការ​ដឹក​នាំ​បែប​ផ្តាច់ការ និង​ការ​បំផ្លាញ​ប្រជាធិបតេយ្យ​បែប​នេះ។ ម្យ៉ាង​ទៀត ពួក​គាត់​នាំគ្នា​តវ៉ា​ ដុត​រូប​ទីងមោង​របស់​លោក ហ៊ុន សែន គឺ​ដើម្បី​ជា​ការ​​បង្ហាញ អំពី​ការ​មិន​ខ្លាច​រអា ចំពោះ​ការណ៍​ដែល​លោក ហ៊ុន សែន ហ៊ាន​ថ្លែង​សារ​​គំរាម​កំហែង តាម​វាយ​ដល់​ផ្ទះ បើ​នរណា​ហ៊ាន​ដុត​រូប​ទីងមោង​លោក។

ចំណែក​ឯសមាជិក​សភា​អូស្រ្តាលី​ជា​ច្រើន​រូប ក៏​បាន​ថ្លែងសារ​ថ្កោល​ទោស​ចំណាត់ការ​របស់​លោក​ ហ៊ុន សែន ដែរ។ សមាជិក​សភា​ពី​ខាង​គណបក្ស​ពលករ​មួយ​រូប គឺ​លោក ម៉ាក ប៉ាត់លើរ (Mark Butler) ថែម​ទាំង​ស្នើសុំ​ឲ្យ​រដ្ឋាភិបាល​អូស្រ្តាលី រិះរក​វិធានការ​ដាក់​ទណ្ឌកម្ម​លើ​របប​លោក ហ៊ុន សែន ឲ្យ​ដូច​ចំណាត់ការ​របស់​សហភាព​អឺរ៉ុប និង​សហរដ្ឋ​អាមេរិក​ផង​ដែរ។

នៅ​ក្នុង​ខែ​មីនា​ដដែល ប្រទេស ៤៥ មាន​ប្រទេស​​បារាំង កាណាដា សហរដ្ឋ​អាមេរិក ចក្រភពអង់គ្លេស អូស្ត្រាលី ជាដើម ដែល​ជា​សមាជិក​នៃ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​ នៃ​អង្គការ​សហប្រជាជាតិ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួម ថ្កោលទោស​របប​លោក ហ៊ុន សែន។ ប្រទេស​ទាំង ៤៥​នេះ បាន​ទាមទារ​ពីរ​ចំណុច​ធំៗ។ ទី​មួយ គឺ​ទាមទារ​ឲ្យ​ផ្តល់​នីតិសម្បទា​ ជូន​​មន្រ្តីជាប់​ឆ្នោត​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​អស់​ឡើង​វិញ រួមមាន​សមាជិក​សភា និង​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​នៅ​ទូទាំង​ប្រទេស។ ទី​ពីរ ទាមទារ​ឲ្យ​លុប​ចោល​វិសោធនកម្ម​ច្បាប់ ស្តីពី​គណបក្ស​នយោបាយ ដែល​ជា​ដើម​ហេតុ​នាំ​ឲ្យ​រម្លាយ​គណបក្ស​សង្គ្រោះ​ជាតិ​នោះ។ ប្រទេស​ទាំង​នេះ ក៏​បាន​អំពាវនាវ​ឲ្យ​របប​លោក ហ៊ុន សែន ​ចាត់​វិធានការ​ចាំបាច់​នានា ឲ្យ​បាន​ប្រញាប់ មុន​នឹង​អ្វីៗ ត្រូវ​ហួស​ពេល​សម្រាប់​ការ​បោះ​ឆ្នោត​ជាតិ​នា​ខែ​កក្កដា ឆ្នាំ​២០១៨ ខាង​មុខ​នេះ។

អរិភាព​រវាង​លោក ហ៊ុន សែន នឹង​សហរដ្ឋ​អាមេរិក ក៏​ចាប់​ផ្តើម​កើន​ឡើង​ខ្លាំង នៅ​ពាក់​កណ្តាល​ខែ​មីនា ជិត​ដាច់​ឆ្នាំ​រកា​នោះ​ ដោយសារ​តែ​លោក ហ៊ុន សែន ហ៊ាន​ចោទ​ប្រកាន់ ជា​សាធារណៈ​ដោយ​គ្មាន​ភ័ស្តុតាង​ទៅ​លើ​សហរដ្ឋ​អាមេរិក ដោយ​ចោទ​ថា ភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​អាមេរិក CIA ជា​អ្នក​សម្លាប់​លោក​បណ្ឌិត កែម ឡី ជា​ដើម។ ការ​ចោទ​ប្រកាន់​នេះ ធ្វើ​ឲ្យ​មន្រ្តី​ទូត​អាមេរិក​ប្រតិកម្ម​តប​វិញ​ខ្លាំងៗ។ ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា លោក វីល្លៀម ហៃដ៍ (William Heidt) ចាត់​ទុក​សម្ដី​ចោទ​ប្រកាន់ ដោយ​គ្មាន​ភ័ស្តុតាង ​របស់​មេ​ដឹក​នាំ​ខ្មែរ​រូប​នេះ​ថា ជា​រឿង​មិន​គួរ​គប្បី និង​ជា​ការ​ប្រមាថ​មួយ​ ដល់​សហរដ្ឋ​អាមេរិក។

នៅ​ដើម​ខែ​មេសា​នេះ ពោល​គឺ នៅ​តែ​ប៉ុន្មាន​ថ្ងៃ​មុន​ដាច់​ឆ្នាំ​រកា ចូល​ឆ្នាំ ច លោក ហ៊ុន សែន ធ្វើ​រឿង​មួយ​ដ៏​ភ្ញាក់​ផ្អើល​មួយ​ទៀត នៅ​ពេល​ដែល​លោក​ប្រកាស​បដិសេធ​ដាច់​អហង្ការ ចំពោះ​ចេតនា​របស់​មន្រ្តី​បក្ស​ប្រឆាំង និង​ប្រទេស​ជប៉ុន ដែល​ចង់​ឲ្យ​មាន​ការ​ចរចា ឬ​ផ្សះផ្សារ​ជាតិ​រវាង​អ្នក​នយោបាយ​ខ្មែរ ដើម្បី​រក​ដំណោះស្រាយ​បញ្ចប់​វិបត្តិ​នយោបាយ​បច្ចុប្បន្ន​នេះ។ លោក ហ៊ុន សែន ថែម​ទាំង​ព្យាយាម​លាក់​បាំង​ព័ត៌មាន មិន​ចង់​ឲ្យ​សាធារណៈ​ជន​ដឹង អំពី​ជំហរ​រដ្ឋាភិបាល​ជប៉ុន ដែល​ព្រួយបារម្ភ ​អំពី​ស្ថានការណ៍​នយោបាយ​បច្ចុប្បន្ន​នេះ​ទេ ទោះ​ប្រទេស​ជប៉ុន​លើក​យក​បញ្ហា​ព្រួយ​បារម្ភ អំពី​បញ្ហា​នយោបាយ​ពាក់ព័ន្ធ​នឹង​ការ​បោះ​ឆ្នោត​ជាតិ​ខាង​មុខ មក​ជជែក​ជាមួយ​របប​លោក ហ៊ុន សែន ក៏​ដោយ ក៏​លោក ហ៊ុន សែន លាក់​ព័ត៌មាន​នេះ។ នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​របស់​ក្រសួង​ការ​បរទេស​កម្ពុជា អំពី​ជំនួប​ជាមួយ​រដ្ឋមន្រ្តី​ការ​បរទេស​ជប៉ុន គ្មាន​និយាយ​អ្វី​សូម្បី​តែ​មួយ​ម៉ាត់ អំពី​ជំហរ​ជប៉ុន ដែល​បាន​លើក​ឡើង​ក្នុង​ជំនួប​នោះ ដែល​ជប៉ុន​ចង់​ឃើញ​ការ​បោះ​ឆ្នោត​មួយ ដែល​មាន​លក្ខណៈ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ដោយ​មានការ​ចូលរួម​ពី​គ្រប់​ភាគី។ លោក ហ៊ុន សែន រហូត​ហ៊ាន​ចេញ​មុខ​ប្រកាស​ផ្ទុយ​ពី​ការ​ពិត ជំនួស​ប្រទេស​ជប៉ុន តាំង​ពី​នៅ​មុន​ជំនួប​នោះ​ថា ជប៉ុន​មិន​ខ្វល់​រឿង​នយោបាយ​ខ្មែរ ថែម​ទៀត​ផង។

ការ​មិន​ចង់​រក​ដំណោះស្រាយ​ផ្សះផ្សារ​ជាតិ​នេះ វា​ផ្ទុយ​ទៅ​នឹង​អ្វី​ដែល​លោក ហ៊ុន សែន តែងតែ​អះអាង​ថា លោក​ស្រលាញ់​សន្តិភាព។ តាម​រយៈនៃ​សារ​ជូន​ពរ​ឆ្នាំ​ថ្មី ថ្នាំ ច ២០១៨ ពី​លោក​នាយករដ្ឋ​មន្រ្តី ហ៊ុន សែន ដែល​ជា​ប្រធាន​គណបក្ស​កាន់​អំណាច​ផង​នោះ បាន​បង្កប់នូវ​ភាព​ជា​សត្រូវ និង​ការ​ចង​អាឃាត​នឹង​គ្នា ជាមួយ​​ក្រុម​អ្នក​នយោបាយ នៃ​បក្ស​ម្ខាង​ទៀត ដែល​លោក ហ៊ុន សែន បាន​លាប​ពណ៌​ឲ្យ​ថា ជា​ក្រុម​បដិវត្ត​ពណ៌ ឃុបឃិត​ជាមួយ​បរទេស ប៉ុនប៉ង​ផ្តួល​រំលំ​រដ្ឋាភិបាល​ស្រប​ច្បាប់​ជា​ដើម។ លោក ហ៊ុន សែន សម្តែង​មោទនភាព​យ៉ាង​ក្រៃលែង ចំពោះ​ការ​រម្លាយ​គណបក្ស​សង្គ្រោះ​ជាតិ បណ្តេញ​អង្គការ​សង្គម​ស៊ីវិល និង​បិទ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​នៅ​កម្ពុជា​បាន​សម្រេច។ លោក​ហៅ​ចំណាត់ការ ដែល​សហគមន៍​អន្តរជាតិ​ថ្កោលទោស និង​ដាក់​ទណ្ឌកម្ម​ជុំ​ទិស​នេះ​ថា ជា​ជោគជ័យ ក្នុង​ការ​អនុវត្ត​វិធានការណ៍​ច្បាប់​យ៉ាង​ម៉ឺងម៉ាត់ ដើម្បី​​ទប់​ស្កាត់​អ្វី​ដែល​លោក​ហៅ​ថា ជា​ឧបាយកល​បដវិត្ត​ពណ៌​របស់​គណបក្ស​ប្រឆាំង។ មិន​តែ​ប៉ុណ្ណោះ លោក ហ៊ុន សែន ចាត់​ទុក​ឆ្នាំ​រកា​កន្លង​ទៅ​នេះ​ថា ជា​ឆ្នាំ​​ដែល​បដិវត្ត​ពណ៌ ត្រូវ​ទទួល​បរាជ័យ​យ៉ាង​ធ្ងន់ធ្ងរ នៅ​កម្ពុជា​ទៅ​វិញ។

ប៉ុន្តែ​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​ប្រធាន​ចលនា​សង្គ្រោះ​ជាតិ​លោក សម រង្ស៊ី បាន​ថ្លែង​មួយ​ថ្ងៃ​មុន​ថ្ងៃ​ឆ្លង​ឆ្នាំ​រកា ចូល​ឆ្នាំ ច ពី​ទីក្រុង​តូក្យូ​ប្រទេស​ជប៉ុន​ថា សុខ​សន្តិភាព និង​ស្ថេរភាព​សង្គម​អាច​កើត​មាន​ទៅ​បាន ទាល់​តែ​មាន​ប្រជាធិបតេយ្យ​ពិត​ប្រាកដ តាម​រយៈ​ការ​បោះ​ឆ្នោត​មួយ​ ស្រប​តាម​ឆន្ទៈ​ពិត​ប្រាកដ​របស់​ពលរដ្ឋ​ម្ចាស់​ឆ្នោត។

ទោះ​បី​ជា​ឆ្នាំ​រកា ញាំញី​ដោយ​​វិបត្តិ​នយោបាយ ដោះស្រាយ​មិន​ទាន់​ចេញ​យ៉ាង​ណា​ក្តី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក កឹម សុខា ដែល​កំពុង​ស្ថិតក្នុង​មន្ទីរ​ឃុំ​ឃាំង​នៅ​ឡើយ​នោះ នៅ​តែ​មិន​យក​ទោស​ពៃ​រ៍អ្នក​សាង​អំពើ​បាប​មក​លើ​រូប​លោក​ឡើយ ហើយ​លោក​ថែម​ទាំង​អំពាវនាវ​ឲ្យ​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​អស់ កុំ​ឲ្យ​អស់​សង្ឃឹម។ ថ្លែង​នៅ​ក្នុង​សារ​លិខិត​ក្នុង​ឱកាស​ឆ្នាំ​ថ្មី​ឆ្នាំ​ច​នេះ លោក កឹម សុខា ប្រាប់​ពលរដ្ឋ​ខ្មែរ​ កុំ​បោះបង់​ចោល​ការ​តស៊ូ​ព្យាយាម​របស់​ខ្លួន ក្នុង​ការ​ទាមទារ​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ​នោះ​ឲ្យ​សោះ។ លោក កឹម សុខា បញ្ជាក់​ថា អ្វីៗ តែងតែ​មាន​ការ​ផ្លាស់​ប្តូរ​មិន​អាច​ប្រកែក​បាន ដោយ​លោក​សម្អាង​ថា សូម្បី​តែ​ទេវតា​ឆ្នាំ​ចាស់ ក៏​ត្រូវ​ផ្លាស់​ប្តូរ​ជំនួស​ដោយ​ទេវតា​ឆ្នាំ​ថ្មី​ដែរ។ លោក​អហោសិកម្ម ចំពោះ​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ទាំង​ឡាយ​មក​លើ​រូប​លោក។ លោក​ផ្តាំ​ទៅ​អ្នក​នយោបាយ​ខ្មែរ ឲ្យ​បោះ​បង់​ចោល​នូវ​ការ​ចង​អាឃាត និង​ឈប់​យក​ប្រជា​ពលរដ្ឋ​ខ្លួន​ធ្វើ​ជា​សត្រូវ។ ជា​ចុង​ក្រោយ លោក កឹម សុខា បញ្ជាក់​ថា ពេល​វេលា​វិល​ត្រឡប់​ទៅ​រក​ការ​ផ្សះផ្សារ​ជាតិ មិន​ចេះ​ហួស​ពេល​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Related Articles

One Response to "សរុប​ព្រឹត្តិការណ៍​ប្រចាំ​ឆ្នាំ​រកា ដែល​ញាំញី​ដោយ​វិបត្តិ​នយោបាយ ដោះស្រាយ​មិន​ចេញ"

  1. people says:

    Communist people and former veitcong communist mafia dictator never respected or obey PARISH ACCORD because veitcong mafia dictator never care about the nation or people ‘ he care only his power and his mafia groups .Cambodia is the fake democracy ‘