អ្នក​វិភាគ​ឆ្លើយ​តប​លោក ហ៊ុន សែន ថា ខ្មែរ​មិន​អាច​រួបរួម​គ្នា​ទេ បើ​អ្នក​នយោបាយ​នៅ​បន្ត​ឈ្លោះ​គ្នា

ដោយ ទីន ហ្សាការីយ៉ា
2018-04-14
RFA


ពី​ឆ្វេង៖ ​លោក កឹម សុខា លោក សម រង្ស៊ី និង​លោក ហ៊ុន សែន ចាប់​ដៃ​គ្នា​ក្រោយ​ចេញ​ពី​ជំនួប​ប្រជុំ​កំពូល នា​វិមាន​ព្រឹទ្ធសភា កាល​ពី​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០១៤។ RFA/Tin Zakariya
ពី​ឆ្វេង៖ ​លោក កឹម សុខា លោក សម រង្ស៊ី និង​លោក ហ៊ុន សែន ចាប់​ដៃ​គ្នា​ក្រោយ​ចេញ​ពី​ជំនួប​ប្រជុំ​កំពូល នា​វិមាន​ព្រឹទ្ធសភា កាល​ពី​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០១៤។ RFA/Tin Zakariya


អ្នក​វិភាគ​យល់​ថា ការ​រួបរួម​គ្នា​ពិត​ប្រាកដ​រវាង​ខ្មែរ និង​ខ្មែរ គឺ​មិន​អាច​កើត​មាន​នោះ​ឡើយ ប្រសិន​បើ​អ្នក​នយោបាយ​នៅ​តែ​បន្ត​ឈ្លោះ​គ្នា មិន​ព្រម​រក​ដំណោះស្រាយ។ ការ​លើក​ឡើង​នេះ បន្ទាប់​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ថា ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត គឺ​ជា​ការ​បង្ហាញ​ឲ្យ​ឃើញ​ពី​ស្មារតី នៃ​ការ​រួបរួម​រវាង​ខ្មែរ និង​ខ្មែរ។

ប្រធាន​ក្រុម​អ្នកវិភាគ​វ័យ​ក្មេង លោក ហង្ស វិទូ យល់​ឃើញ​ថា ការ​រូបរួម​គ្នា​ពិត​ប្រាកដ មិន​មែន​សម្តែង​ចេញ​តាម​រយៈ​និម្មិត្តរូប នៃ​ការ​បង្កើត​បុណ្យ​ទាន ឬ​ព្រឹត្តិការណ៍​មួយ ឲ្យ​មាន​មនុស្ស​ចូលរួម​ច្រើន ហើយ​បង្ហាញ​សាធារណជន​ថា មាន​ការ​រួបរួម​ជាតិ​ប៉ុណ្ណោះ​ទេ។ លោក​បន្ត​ថា ការ​រួបរូម​គ្នា​ពិត​ប្រាកដ គឺ​អ្នក​នយោបាយ​ខ្មែរ​នៅ​បក្ស​ផ្សេង​គ្នា រួបរួម​គ្នា​ជា​ធ្លុង​តែ​មួយ ទោះ​ជា​មាន​ទស្សនៈ​នយោបាយ​ផ្ទុយ​គ្នា​ក៏​ដោយ។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែ​មេសា បាន​ថ្លែង​បើក «ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត ឆ្នាំ​២០១៨» នៅ​មុខ​ប្រាសាទ​បាយ័ន ខេត្ត​សៀមរាប​ថា ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​នេះ គឺ​ជា​ការ​បង្ហាញ​ឲ្យ​ឃើញ​ពី​ស្មារតី នៃ​ការ​រួបរួម​រវាង​ខ្មែរ និង​ខ្មែរ។ លោក ហ៊ុន សែន អះអាង​ថា លោក​ជា​អ្នក​ធ្វើ​ឲ្យ​កម្ពុជា​មាន​សន្តិភាព។

ការ​ថ្លែង​របស់​លោក ហ៊ុន សែន នេះ នៅ​ស្រប​ពេល​រដ្ឋាភិបាល​ជប៉ុន បាន​ជំរុញ​ឲ្យ​របប​លោក ហ៊ុន សែន ដោះស្រាយ​វិបត្តិ​នយោបាយ​នា​ពេល​បច្ចុប្បន្ន រវាង​ខ្មែរ និង​ខ្មែរ។ ទន្ទឹម​នឹង​នេះ ខាង​គណបក្ស​ប្រឆាំង​ក៏​អំពាវនាវ​ឲ្យ​លោក ហ៊ុន សែន វិល​មក​រក​តុ​ចរចា​វិញ​ដែរ ដើម្បី​បញ្ចប់​វិបត្តិ​នយោបាយ​នា​ពេល​បច្ចុប្បន្ន ក៏​ប៉ុន្តែ​ត្រូវ​បាន​លោក ហ៊ុន សែន បដិសេធ។

កាល​ពី​ថ្ងៃ​ទី​១២ មេសា លោក កឹម សុខា ប្រធាន​គណបក្ស​ប្រឆាំង បាន​ផ្ញើ​សារ​លិខិត​ចេញ​ពី​ពន្ធនាគារ​ជូន​ពរ​ពលរដ្ឋ​ខ្មែរ​ទាំង​អស់​ឲ្យ​មាន​សេចក្ដីសុខ និង​អំពាវនាវ​ជា​ថ្មី​ថា សូម​ឲ្យ​មាន​ការ​ផ្សះផ្សារ​ជាតិ​ឡើង​វិញ នៅ​ក្នុង​ឆ្នាំ​ថ្មី​នេះ។ លោក កឹម សុខា ហៅ​ការ​ផ្សះផ្សារ​ជាតិ​ឡើង​វិញ​ថា ជា​ការ​ងាក​មក​រក​គុណធម៌ ដោយសារ​ការ​ធ្លាក់​ចុះ​នូវ​គុណធម៌ ឆ្នាំ​ចាស់​នេះ​ហើយ ទើប​បណ្ដាល​ឲ្យ​ពលរដ្ឋ និង​អ្នក​នយោបាយ​រង​ការ​ឈឺ​ចាប់។ លោក កឹម សុខា សន្យា​ថា ​លោក​នឹង​អហោសិកម្ម ហើយ​សន្យា​មិន​សងសឹក​ឡើយ។

ទោះ​យ៉ាង​ណា​ក្តី លោក ហ៊ុន សែន ដែល​កាន់​អំណាច​ជាង ៣០​ឆ្នាំ ប្រកាស​ម្តង​ហើយ​ម្តង​ទៀត​ថា របប​លោក នឹង​មិន​ចរចារ​ដាច់ខាត​ជាមួយ​ក្រុម​អ្នក​នយោបាយ​នៅ​គណបក្ស​ប្រឆាំង ដែល​លោក​ចាត់​ទុក​ថា ជា​ក្រុម​ជាប់​ពន្ធនាគារ និង​ក្បត់ជាតិ​ជាដើម។

លោក ហង្ស វិទូ សម្តែង​ការ​សោកស្តាយ ដែល​អ្នក​នយោបាយ​មិន​អាច​រក​ចំណុច​រួម​គ្នា ដើម្បី​ផល​ប្រ យោជន៍​ជាតិ និង​ប្រជាជន ដោយ​គិត​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន។ លោក ហង្ស វិទូ ឲ្យ​ដឹង​ដែរ​ថា ព្រឹត្តិការណ៍​អង្គរ​សង្គ្រាន្ត ដែល​របប​លោក ហ៊ុន សែន កំពុង​តែ​រៀបចំ​គ្រប់​ទី​កន្លែង​នេះ គឺ​ជា​រូបភាព​ទាក់​ទាញ​ពលរដ្ឋ​ឲ្យ​គាំទ្រ​គណបក្ស​កាន់​អំណាច និង​ឲ្យ​ពលរដ្ឋ​ភ្លេច​គិត​រឿង​ទុក្ខ​សោក​កន្លង​មក។

លោក ហង្ស វិទូ បញ្ជាក់​ថា ដើម្បី​ធ្វើ​ឲ្យ​ខ្មែរ និង​ខ្មែរ​រូបរួម​សាមគ្គី​គ្នា​ជា​ធ្លុង​មួយ​នោះ គឺ​អ្នក​ដឹក​នាំ​ប្រទេស ត្រូវ​ធានា​ឲ្យ​សង្គម​មាន​តម្លាភាព យុត្តិធម៌ មាន​សិទ្ធិ​សេរីភាព សម្រាប់​មនុស្ស​គ្រប់ៗ រូប។លើស​ពី​នេះ អ្នក​នយោបាយ ត្រូវ​តែ​ចេះ​ទទួល​ខុស​ត្រូវ ចេះ​រួមរួម​គ្នា និង​ស្រុះស្រួល​គ្នា ទៅ​លើ​បញ្ហា​ជាតិ​ធំៗ ដើម្បី​ប្រយោជន៍​ប្រទេស​ជាតិ និង​ប្រជាជន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment