កូន​ប្រសារ​លោក ហ៊ុន សែន ត្រូវ​បាន​តែង​តាំង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​ទូរគមនាគមន៍​កម្ពុជា

ដោយ មាន ឫទ្ធិ
2018-04-18
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក សុខ ពុទ្ធិវុធ នៅ​ក្នុង​ពិធី​សម្ភោធ​សមិទ្ធផល​ផ្សេងៗ ក្នុង​វត្ត​ព្រៃ​មៀន ស្ថិត​ក្នុង​ឃុំ​ព្រៃ​ស្លឹក ស្រុក​ទ្រាំង ខេត្តតាកែវ នៅ​ថ្ងៃ​ទី​១៩ ខែ​តុលា ឆ្នាំ​២០១៧។ រូបថត​ផ្សព្វផ្សាយ​លើ​​ទំព័រ​ហ្វេសប៊ុក​រដ្ឋបាល​ខេត្ត​តាកែវ
លោក សុខ ពុទ្ធិវុធ នៅ​ក្នុង​ពិធី​សម្ភោធ​សមិទ្ធផល​ផ្សេងៗ ក្នុង​វត្ត​ព្រៃ​មៀន ស្ថិត​ក្នុង​ឃុំ​ព្រៃ​ស្លឹក ស្រុក​ទ្រាំង ខេត្តតាកែវ នៅ​ថ្ងៃ​ទី​១៩ ខែ​តុលា ឆ្នាំ​២០១៧។ រូបថត​ផ្សព្វផ្សាយ​លើ​​ទំព័រ​ហ្វេសប៊ុក​រដ្ឋបាល​ខេត្ត​តាកែវ


កូន​ប្រុស​ច្បង​របស់​លោក សុខ អាន អតីត​រដ្ឋមន្រ្តី​ទីស្តីការគណៈរដ្ឋមន្រ្តី និង​ជា​កូន​ប្រសារ​របស់​លោក ហ៊ុន សែន គឺ​លោក សុខ ពុទ្ធិវុធ ដែល​ល្បី​ឈ្មោះ​ជំនាញ​ខាង​បាញ់​សម្លាប់​សត្វ​ព្រៃ​រំលោភ​ច្បាប់​នៅ​កម្ពុជា និង​មាន​ទ្រព្យ​សម្បតិ្ត​មហាសាល​ទាំង​នៅ​វ័យ​ក្មេង​នោះ ត្រូវ​បាន​តែងតាំង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​ទូរគមនាគមន៍​កម្ពុជា សម្រាប់​អាណត្តិ​ទី​៥ ឆ្នាំ​២០១៨ នេះ។

ការ​តែង​តាំង​នេះ គឺ​ជា​ការ​បន្ថែម​ទៅ​លើ​មុខ​តំណែង​មួយ​ចំនួន​ធំ​របស់​លោក ដែល​មាន​ស្រាប់ ក្នុង​តំណែង​ទាំង​នោះ រួម​មាន ជា​អនុរដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ និង​ជា​ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា។ ពិធី​តែង​តាំង​លោក សុខ ពុទ្ធិវុធ នេះ ត្រូវ​មន្រ្តី​របប​លោក ហ៊ុន សែន អះអាង​ថា គឺ​ដើម្បី​ពង្រឹង និង​ពង្រីក​ការងារ​អាជីវកម្ម​ក្នុង​ទីផ្សារ ប្រកួត​ប្រជែង និង​បន្ត​អភិវឌ្ឍន៍​វិស័យ​ទូរគមនាគមន៍​នៅ​កម្ពុជា។

ទូរគមនាគមន៍​កម្ពុជា ឬ​ហៅ​ជា​ភាសា​អង់គ្លេស​ថា Telecom Cambodia គឺ​ជា​ក្រុមហ៊ុន​របស់​រដ្ឋ ដែល​ត្រូវ​បាន​បង្កើត​ឡើង កាល​ពី​ឆ្នាំ​២០០៥ ដើម្បី​ធ្វើ​ប្រតិបត្តិការ​បណ្តាញ និង​ផ្តល់​សេវាកម្ម​ទូរគមនាគមន៍​ដ៏​ទូលំទូលាយ ទាំង​នៅ​ក្នុង និង​នៅ​ក្រៅ​ប្រទេស និង​ចូលរួម​ចំណែក​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ទូរគមនាគមន៍ និង​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា​នៅ​កម្ពុជា។ កាល​ពី​ពេល​អតីតកាល ក្រុមហ៊ុន​រដ្ឋ​មួយ​នេះ ធ្លាប់​ជួប​ប្រទះ​នូវ​រឿងរ៉ាវ​អាស្រូវ​ពុក​រលួយ​ផ្ទៃក្នុង កឹបកេង​ប្រាក់​ចំណូល​រដ្ឋ ដោយសារ​ការ​គ្រប់គ្រង​មិន​ត្រឹមត្រូវ និង​បាន​បណ្តាល​ឲ្យ​មាន​ការ​ផ្ទុះ​ការ​តវ៉ា​ពី​បុគ្គលិក ជា​ច្រើន​លើក​ច្រើន​សា។ ដោយសារ​មូលហេតុ​នេះ ក្រុមហ៊ុន​រដ្ឋ​មួយ​នេះ នៅ​តែ​មិន​ទាន់​អាច​ដាក់​បញ្ចូល​ទៅ​ក្នុង​បញ្ជី​ដាក់​លក់​ទីផ្សារ​មូលបត្រ​កម្ពុជា CSX ដូច​ក្រុមហ៊ុន​រដ្ឋ​ដទៃ​ទៀត​បាន​នៅ​ឡើយ​ទេ រហូត​មក​ទល់​សព្វ​ថ្ងៃ​នេះ។

លោក សុខ ពុទ្ធិវុធ កើត​ក្នុង​ឆ្នាំ​១៩៨០ គឺ​ជា​កូន​ប្រុស​ម្នាក់​ក្នុង​ចំណោម​កូន ៥​នាក់ របស់​លោក សុខ អាន។ លោក​បាន​រៀបការ​ជាមួយ​កូន​ស្រី​ពៅ​របស់​លោក ហ៊ុន សែន គឺ​អ្នកស្រី ហ៊ុន ម៉ាលី។ មួយ​ខែ​ក្រោយ​មរណភាព​ឪពុក​របស់​លោក កាល​ពី​ដើម​ខែ​មីនា ឆ្នាំ​២០១៧ ក្នុង​រូប​ភាព​បែក​ធ្លាយ​ជា​ច្រើន​នៅ​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក បង្ហាញ​ថា លោក សុខ ពុទ្ធិវុធ គឺ​ជា​អ្នក​ចូល​ចិត្ត​បាញ់​សម្លាប់​សត្វព្រៃ ដែល​ជា​អំពើ​ល្មើស​ច្បាប់​មួយ​នៅ​កម្ពុជា ហើយ​ដែល​អាច​ប្រឈម​នឹង​ការ​ដាក់​ពន្ធនាគារ​ពី ១​ឆ្នាំ ដល់ ៥​ឆ្នាំ។

របាយការណ៍​អង្គការ​ឃ្លាំ​មើល​ពិភពលោក Global Witness ស្តីពី​ការ​ក្តោបក្តាប់​អាជីវកម្ម​នៅ​កម្ពុជា របស់​អធិរាជ​ត្រកូល ហ៊ុន ឲ្យ​ដឹង​ថា ទាំង​លោក សុខ ពុទ្ធិវុធ និង​ទាំង​ភរិយា​របស់​លោក គឺ​ជា​ម្ចាស់​ក្រុមហ៊ុន​អាជីវកម្ម​ខ្នាត​ធំ​យ៉ាង​ហោច​ណាស់ ១៣​ក្រុមហ៊ុន​នៅ​កម្ពុជា ដែល​មាន​ទឹក​ប្រាក់​វិនិយោគ​រាប់​រយ​លាន​ដុល្លារ រក​ស៊ី​ខាង​វិស័យ​សំណង់ ថាមពល នាវា​ដឹក​ភ្ញៀវ​ទេសចរ ភោជនីយដ្ឋាន និង​លក់​ថ្នាំ​ពេទ្យ​ជា​ដើម។

កូនៗ របស់​លោក សុខ អាន សុទ្ធតែ​មាន​តួនាទី​ធំៗ ក្នុង​ជួរ​របប​លោក ហ៊ុន សែន ដែល​បង្ហាញ​ឲ្យ​ឃើញ​ពី​អំពើ​បក្ស​ពួក​ខ្សែ​ស្រឡាយ​និយម​ជា​ប្រព័ន្ធ​នៅ​ក្នុង​របប​នេះ។ កូន​ប្រុស​ទី​២ លោក សុខ អាន គឺ​លោក សុខ សូកេន មាន​តួនាទី​ជា​អនុរដ្ឋលេខាធិការ​ក្រសួង​ការ​បរទេស ហើយ​ជា​កូន​ប្រសារ​រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​លោក ចម ប្រសិទ្ធ។ កូន​ប្រុស​ទី​៣ គឺ​លោក សុខ សូកាន ជា​តំណាង​រាស្ត្រ​មណ្ឌល​តាកែវ និង​កូន​ប្រុស​ពៅ គឺ​លោក សុខ សង្វារ គឺ​ជា​អគ្គនាយក​រង​នៃ​អាជ្ញាធរ​ជាតិ​អប្សរា។ កាល​នៅ​មាន​ជីវិត ឪពុក​របស់​លោក គឺ​លោក សុខ អាន ត្រូវ​បាន​សារព័ត៌មាន​ជាតិ និង​អន្តរជាតិ ដាក់​រហ័ស្សនាម​ឲ្យ​ថា ជា «ព្រះនរាយណ៍» ដែល​គ្រប់គ្រង​ស្ថាប័ន​រដ្ឋ​រហូត​ដល់​ទៅ ៤៨​ស្ថាប័ន ដែល​សុទ្ធតែ​ជា​ស្ថាប័ន​ក្តោបក្តាប់​ចំណូល​ជាតិ​សំខាន់ៗ នៅ​ទូទាំង​ប្រទេស៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles