“ការ​ផ្ដល់​តួនាទី​បន្ថែម​ដល់​លោក សុខ ពុទ្ធិវុធ អាច​ជា​ការ​ពង្រីក​សែស្រឡាយ​គ្រួសារ​និយម”

ដោយ មាន ឫទ្ធិ
2018-04-19
RFA

ស្ដាប់ ឬ​ទាញ​​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

អ្នក​ឃ្លាំមើល​ការ​អភិវឌ្ឍ​សង្គម លោក​បណ្ឌិត មាស នី ថ្លែង​ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​៩ ខែ​ឧសភា ឆ្នាំ​២០១៧។ Photo: RFA
អ្នក​ឃ្លាំមើល​ការ​អភិវឌ្ឍ​សង្គម លោក​បណ្ឌិត មាស នី ថ្លែង​ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​៩ ខែ​ឧសភា ឆ្នាំ​២០១៧។ Photo: RFA


អ្នកវិភាគ​មើល​ឃើញ​ថា ការ​តែងតាំង​កូនប្រសា​លោក ហ៊ុន សែន ត្រូវជា​កូនប្រុស​ច្បង​របស់​លោក សុខ អាន អតីត​រដ្ឋមន្ត្រី​ទីស្តីការ​គណៈរដ្ឋមន្ត្រី គឺ​លោក សុខ ពុទ្ធិវុធ ឲ្យ​ធ្វើ​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​ទូរគមនាគមន៍​កម្ពុជា សម្រាប់​អាណត្តិ​ទី​៥ ឆ្នាំ​២០១៨​នេះ អាច​ជា​ផ្នែក​មួយ​នៃ​ផែនការ​ពង្រីក​បណ្ដាញ​សែស្រឡាយ​គ្រួសារនិយម​របស់​របប​លោក ហ៊ុន សែន។

អ្នកវិភាគ​នយោបាយ​លោក​បណ្ឌិត មាស នី លើកឡើង​ថា ប្រសិនបើ​ការតែងតាំង​លោក សុខ ពុទ្ធិវុធ នា​ពេល​នេះ សមស្រប​ទៅតាម​សមត្ថភាព​ពិតប្រាកដ​របស់​លោក​មែន​នោះ នោះ​ការតែងតាំង​នេះ នឹង​មិន​ចោទ​ជា​បញ្ហា​អ្វី​ឡើយ។ ក៏ប៉ុន្តែ លោក​ថា ផ្ទុយទៅវិញ ការតែងតាំង​នេះ​នឹង​ក្លាយ​ជា​ការពង្រីក​បណ្ដាញ​សែស្រឡាយ​ប្រព័ន្ធ​គ្រួសារ​និយម ប្រសិនបើ​ធ្វើឡើង​ដោយ​មិន​ត្រូវ​តាម​ជំនាញ សមត្ថភាព និង​លក្ខខណ្ឌ​ប្រកួតប្រជែង​ពិតប្រាកដ​នោះ៖ «បើសិនជា​យើង​និយាយ​អំពី​ការតែងតាំង​មនុស្ស​ដែល​មាន​សមត្ថភាព នោះ​វា​មិន​មាន​អ្វី​ខុស​នោះ​ទេ។ ក៏ប៉ុន្តែ រឿង​ដែល​សំខាន់​នោះ កាលណា​បើសិនជា​មានការ​តែងតាំង​តាម​សែស្រឡាយ​គ្រួសារ​បែប​នោះ ហើយ​សមត្ថភាព​របស់​បុគ្គល​ហ្នឹង​មិន​ត្រូវ​ទៅតាម​ជំនាញ​ដែល​គេ​ត្រូវការ​នៅ​ក្នុង​ក្រសួង ឬ​ស្ថាប័ន​ហ្នឹង​ទេ នោះ​វា​គ្រាន់តែ​ជា​ការ​ផ្ដល់​នូវ​តួនាទី និង​កន្លែង​ឲ្យ​បក្សពួក​នៅ​ក្នុង​សង្គម​មួយ ឬ​ស្ថាប័ន​ដែល​មាន​បក្សពួកនិយម​ឲ្យ​ធ្វើការ តែប៉ុណ្ណោះ​ទេ»

ពិធី​តែងតាំង​លោក សុខ ពុទ្ធ​វុធ នេះ ត្រូវ​មន្ត្រី​របប​លោក ហ៊ុន សែន អះអាង​ថា គឺ​ដើម្បី​ពង្រឹង និង​ពង្រីក​ការងារ​អាជីវកម្ម​ក្នុង​ទីផ្សារ ប្រកួតប្រជែង និង​បន្ត​អភិវឌ្ឍន៍​វិស័យ​ទូរគមនាគមន៍​នៅ​កម្ពុជា។ ការតែងតាំង​នេះ គឺជា​ការ​បន្ថែម​ទៅលើ​មុខតំណែង​មួយ​ចំនួន​ធំ​របស់​លោក​ដែល​មាន​ស្រាប់ ក្នុង​នោះ​រួមមាន ជា​អនុរដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ និង​ជា​ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា។

ទូរគមនាគមន៍​កម្ពុជា ឬ​ហៅ​ជា​ភាសា​អង់គ្លេស​ថា Telecom Cambodia គឺជា​ក្រុមហ៊ុន​របស់​រដ្ឋ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​កាលពី​ឆ្នាំ​២០០៥ ដើម្បី​ធ្វើ​ប្រតិបត្តិការ​បណ្ដាញ និង​ផ្ដល់​សេវាកម្ម​ទូរគមនាគមន៍​ដ៏​ទូលំទូលាយ ទាំង​នៅ​ក្នុង និង​នៅ​ក្រៅ​ប្រទេស និង​ចូលរួម​ចំណែក​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ទូរគមនាគមន៍ និង​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា​នៅ​កម្ពុជា។ កាល​ពី​ពេល​អតីតកាល ក្រុមហ៊ុន​រដ្ឋ​មួយ​នេះ ធ្លាប់​ជួបប្រទះ​នូវ​រឿងរ៉ាវ​អាស្រូវ​ពុករលួយ​ផ្ទៃក្នុង កិបកេង​ប្រាក់ចំណូល​រដ្ឋ​ដោយសារ​ការ​គ្រប់គ្រង​មិន​ត្រឹមត្រូវ និង​បាន​បណ្ដាល​ឲ្យ​មានការ​ផ្ទុះ​ការ​តវ៉ា​ពី​បុគ្គលិក ជាច្រើនលើក​ច្រើន​សា។ ដោយសារ​មូលហេតុ​នេះ ក្រុមហ៊ុន​រដ្ឋ​មួយ​នេះ នៅតែ​មិនទាន់​អាច​ដាក់​បញ្ចូល​ទៅ​ក្នុង​បញ្ជី​ដាក់​លក់​ទីផ្សារ​មូលបត្រ​កម្ពុជា CSX ដូច​ក្រុមហ៊ុន​រដ្ឋ​ដទៃ​ទៀត​បាន​នៅឡើយ​ទេ រហូត​មក​ទល់​សព្វថ្ងៃ​នេះ។

ភ្លាមៗ​ក្រោយពី​ការ​ចាញ់​ឆ្នោត​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​ទៅ​គណបក្ស​សង្គ្រោះជាតិ ក្រោយ​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៣​កន្លងទៅ របប​លោក ហ៊ុន សែន បាន​បង្កើត​នូវ​ក្រុមការងារ​បណ្ដាញ​ព័ត៌មាន​សង្គម ឬ​ហៅថា Cyber War Room ដើម្បី​ចាំ​ឃ្លាំមើល និង​ត្រួតពិនិត្យ​ការ​ប្រើប្រាស់ និង​បញ្ចេញមតិ​នានា​នៅ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត និង​ទូរគមនាគមន៍។ ក្រុមការងារ​នេះ មាន​លោក ហ៊ុន ម៉ាណែត ជា​ប្រធាន និង​លោក សុខ ពុទ្ធិវុធ ជា​អនុប្រធាន។

លោក​បណ្ឌិត មាស នី មើលឃើញ​ថា ពលរដ្ឋ​ខ្មែរ​សព្វថ្ងៃ​នេះ លែង​សូវ​មាន​ទំនុក​ចិត្ត​ទៅលើ​ប្រព័ន្ធ​ទូរគមនាគមន៍​នៅ​កម្ពុជា​ហើយ ដោយសារតែ​បារម្ភ​ខ្លាច​ពី​ការ​លួច​ថត​សំឡេង ស្ដាប់​ពី​របប​លោក ហ៊ុន សែន ដែល​ជា​ការរំលោភ​យ៉ាង​ធ្ងន់ធ្ងរ​លើ​សិទ្ធិ​ឯកជន របស់​ពួកគេ៖ «ខ្ញុំ​គិត​ថា ខ្មែរ​ភាគច្រើន​ក្នុង​ពេលនេះ ក៏​មាន​ការប្រុងប្រយ័ត្ន​ច្រើន​ដែរ ដូចជា​ការ​និយាយ​រឿង​ផ្សេងៗ​ដែល​វា​អាច​ប៉ះពាល់​ដល់​នយោបាយ ក៏​គេ​មិន​ហ៊ាន​និយាយ​ក្នុង​ប្រព័ន្ធ​ទូរស័ព្ទ​ធម្មតា​ទេ គឺ​គេ​ទៅ​និយាយ​ក្នុង​ប្រព័ន្ធ Whatsapp Telegram ឬក៏​នៅ Signal អី​ជាដើម»

កន្លង​មក មាន​ករណី​បែក​ធ្លាយ​ការ​លួច​ថត​សំឡេង​សន្ទនា​ឯកជន​ជា​បន្តបន្ទាប់ របស់​មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង និង​សង្គម​ស៊ីវិល ហើយ​ត្រូវ​បាន​ប្រព័ន្ធ​ឃោសនា​លោក ហ៊ុន សែន យក​ទៅ​ផ្សព្វផ្សាយ​បន្ត​យ៉ាង​ព្រោងព្រាត បើ​ទោះ​បី​ជា​ខុសច្បាប់​ក៏ដោយ។ ការតែងតាំង​នេះ អាច​ជា​យុទ្ធសាស្ត្រ​មួយ ដើម្បី​ជា​ការ​ងាយស្រួល​សម្រាប់​ក្រុម​គ្រួសារ​រលោក ហ៊ុន សែន ដើម្បី​គ្រប់គ្រង​លើ​ប្រព័ន្ធ​ទំនាក់ទំនង​គមនាគមន៍​ថែមទៀត។

លោក សុខ ពុទ្ធិវុធ កើត​ក្នុង​ឆ្នាំ​១៩៨០ គឺ​ជា​កូន​ប្រុស​ម្នាក់​ក្នុង​ចំណោម​កូន ៥​នាក់ របស់​លោក សុខ អាន។ លោក​បាន​រៀបការ​ជាមួយ​កូន​ស្រី​ពៅ​របស់​លោក ហ៊ុន សែន គឺ​អ្នកស្រី ហ៊ុន ម៉ាលី។ មួយ​ខែ​ក្រោយ​មរណភាព​ឪពុក​របស់​លោក កាល​ពី​ដើម​ខែ​មីនា ឆ្នាំ​២០១៧ ក្នុង​រូប​ភាព​បែក​ធ្លាយ​ជា​ច្រើន​នៅ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក បង្ហាញ​ថា លោក សុខ ពុទ្ធិវុធ គឺ​ជា​អ្នក​ចូល​ចិត្ត​បាញ់​សម្លាប់​សត្វព្រៃ ដែល​ជា​អំពើ​ល្មើស​ច្បាប់​មួយ​នៅ​កម្ពុជា ហើយ​ដែល​អាច​ប្រឈម​នឹង​ការ​ដាក់​ពន្ធនាគារ​ពី ១​ឆ្នាំ ដល់ ៥​ឆ្នាំ។

របាយការណ៍​អង្គការ​ឃ្លាំ​មើល​ពិភពលោក Global Witness ស្តីពី​ការ​ក្តោបក្តាប់​អាជីវកម្ម​នៅ​កម្ពុជា របស់​អធិរាជ​ត្រកូល ហ៊ុន ឲ្យ​ដឹង​ថា ទាំង​លោក សុខ ពុទ្ធិវុធ និង​ទាំង​ភរិយា​របស់​លោក គឺ​ជា​ម្ចាស់​ក្រុមហ៊ុន​អាជីវកម្ម​ខ្នាត​ធំ​យ៉ាង​ហោច​ណាស់ ១៣​ក្រុមហ៊ុន​នៅ​កម្ពុជា ដែល​មាន​ទឹក​ប្រាក់​វិនិយោគ​រាប់​រយ​លាន​ដុល្លារ រក​ស៊ី​ខាង​វិស័យ​សំណង់ ថាមពល នាវា​ដឹក​ភ្ញៀវ​ទេសចរ ភោជនីយដ្ឋាន និង​លក់​ថ្នាំ​ពេទ្យ​ជា​ដើម។

កូនៗ របស់​លោក សុខ អាន សុទ្ធតែ​មាន​តួនាទី​ធំៗ ក្នុង​ជួរ​របប​លោក ហ៊ុន សែន ដែល​បង្ហាញ​ឲ្យ​ឃើញ​ពី​អំពើ​បក្ស​ពួក​ខ្សែ​ស្រឡាយ​និយម​ជា​ប្រព័ន្ធ​នៅ​ក្នុង​របប​នេះ។ កូន​ប្រុស​ទី​២ លោក សុខ អាន គឺ​លោក សុខ សូកេន មាន​តួនាទី​ជា​អនុរដ្ឋលេខាធិការ​ក្រសួង​ការ​បរទេស ហើយ​ជា​កូន​ប្រសារ​រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​លោក ចម ប្រសិទ្ធ។ កូន​ប្រុស​ទី​៣ គឺ​លោក សុខ សូកាន ជា​តំណាង​រាស្ត្រ​មណ្ឌល​តាកែវ និង​កូន​ប្រុស​ពៅ គឺ​លោក សុខ សង្វារ គឺ​ជា​អគ្គនាយក​រង​នៃ​អាជ្ញាធរ​ជាតិ​អប្សរា។ កាល​នៅ​មាន​ជីវិត ឪពុក​របស់​លោក គឺ​លោក សុខ អាន ត្រូវ​បាន​សារព័ត៌មាន​ជាតិ និង​អន្តរជាតិ ដាក់​រហ័ស្សនាម​ឲ្យ​ថា ជា «ព្រះនរាយណ៍» ដែល​គ្រប់គ្រង​ស្ថាប័ន​រដ្ឋ​រហូត​ដល់​ទៅ ៤៨​ស្ថាប័ន ដែល​សុទ្ធតែ​ជា​ស្ថាប័ន​ក្តោបក្តាប់​ចំណូល​ជាតិ​សំខាន់ៗ នៅ​ទូទាំង​ប្រទេស៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles