ក្រសួង​ការពារ​ជាតិ​ទាត់​ចោល​ព័ត៌មាន​ថា ដឹក​អាវុធ​ចេញ​ពី​កម្ពុជា​ឆ្លង​កាត់​ថៃ

ដោយ អេង គីមហុង
19/04/2018
RFI

media
ឧត្តមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យ​ក្រសួង​ការពារ​ជាតិ​កម្ពុជា
RFI/Channa Siv


អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ​កម្ពុជា​នៅ​ថ្ងៃ​ទី​១៩​មេសា​នេះ បាន​ចេញ​មុខ​អះអាង​ថា​គ្មាន​អាវុធ​ប្រភេទ​ណា​មួយ​ត្រូវ​បាន​ដឹក​ចេញ​ពី​កម្ពុជា​នោះ​ទេ។ ការ​លើក​ឡើង​របស់​ក្រសួង​ការពារ​ជាតិ​បែប​នេះ គឺ​ជា​ការ​ឆ្លើយ​តប​នឹង​ការ​ចុះ​ផ្សាយ​នានា​ដែល​ថា ថៃ​ចាប់​បាន​អាវុធ​ច្រើន​ប្រភេទ មាន​ប្រភព​ចេញ​មក​ពី​ប្រទេស​កម្ពុជា។

អាវុធ​ដែល​ត្រូវ​បាន​គេ​ចុះ​ផ្សាយ​ទាំង​នៅ​ក្នុង​កម្ពុជា​និង​នៅ​ប្រទេស​ថៃ​ថា មាន​ប្រភព​ចេញ​ពី​ប្រទេស​កម្ពុជា រួម​មាន​កាំភ្លើង​ប្រភេទ​ TEPY​ កាំភ្លើង​ប្រភេទ​M16 កាណុង​M16​ និង​ឈុត​ឧបករណ៍​កៃ​កាំភ្លើង​ជា​ដើម។ ប៉ុន្តែ​ភ្លាមៗ លោក ឈុំ សុជាតិ អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ​បាន​គូស​បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ថា កម្ពុជា​គ្មាន​ប្រភេទ​អាវុធ​ដូច​ទៅ​នឹង​ការ​ចុះ​ផ្សាយ​នេះ​ឡើយ។ តែ​កម្ពុជា​មាន​ត្រឹម​ប្រភេទ​កាំភ្លើង​វែង​AK47​ប្រើ​ប្រាស់​រួម អំឡុង​ពេល​ប្រតិបត្តិការ​សង្គ្រាម និង ប្រភេទ​កាំភ្លើង​ខ្លី​មាន​សិទ្ធ​ប្រើ​ប្រាស់​ចាប់​ពី​ថ្នាក់​វរសេនីយ៍​ឯក​ឡើង​ទៅ។ បើ​តាម​លោក ឈុំ សុជាតិ អាវុធ​ទាំង​នេះ​ប្រើ​ប្រាស់​សម្រាប់​តែ​បេសសកម្ម​ការងារ​តែ​ប៉ុណ្ណោះ។

សូម​បញ្ជាក់​ថា សេចក្ដី​រាយការណ៍​ពី​សារព័ត៌មាន​ថៃ​ត្រឡប់​មក​វិញ​បូក​រួម​នឹង​ការ​ចុះ​ផ្សាយ​នៅ​ក្នុង​ស្រុក​ខ្មែរ​ផង​នោះ​បាន​រាយការណ៍​ថា មាន​ការ​ដឹក​អាវុធ​តាម​ទូក​នេសាទ​ ចេញ​ម្តុំ​ស្ទឹង​ហាវ​ ខេត្ត​ព្រះ​សីហនុ​របស់​កម្ពុជា ចូល​ទៅ​ក្នុង​ទឹក​ដី​ថៃ។ ប្រឈម​នឹង​ការ​ចុះ​ផ្សាយ​នេះ​លោក ឈុំ សុជាតិ អះអាង​ថា កម្ពុជា​នឹង​មិន​ធ្វើ​ការ​ឆ្លើយ​តប​ជា​ផ្លូវ​ការ​ណា​មួយ​ទៅ​កាន់​ប្រទេស​ថៃ​វិញ​ឡើយ ព្រោះ​អ្វី​ដែល​បាន​លើក​ឡើង​ក៏​មិន​មែន​ជា​ព័ត៌មាន​ផ្លូវ​ការ​ចេញ​ដោយ​ក្រសួង​ការពារ​ជាតិ​ថៃ​ដែរ។

សម្រាប់​ក្រសួង​ការពារ​ជាតិ​កម្ពុជា នេះ​មិន​មែន​ជា​រឿង​ថ្មី​ឡើយ​ដែល​មាន​ការ​ចោទ​ប្រកាន់​មក​លើ​កម្ពុជា​ពាក់​ព័ន្ធ​បញ្ហា​អាវុធ​នោះ។ ជាក់​ស្ដែង​កាល​ពី​ខែ​មុន​ករណី​ក្រឡាប់​រថយន្ត​នៅ​មុខ​ប៉ុស្តិ៍​យាម​ថៃ​ក៏​សារព័ត៌មាន​ថៃ​ចុះ​ផ្សាយ​ថា អាវុធ​ទាំង​នោះ​មាន​ប្រភព​ពី​កម្ពុជា​ដែរ។ ដូច្នេះ នេះ​គឺ​ជា​ការ​ចុះ​ផ្សាយ​មួយ​គ្មាន​ប្រភព​ព័ត៌មាន​ច្បាស់​លាស់​ឡើយ។ នេះ​បើ​តាម​លោក ឈុំ សុជាតិ៕

What Next?

Recent Articles

One Response to "ក្រសួង​ការពារ​ជាតិ​ទាត់​ចោល​ព័ត៌មាន​ថា ដឹក​អាវុធ​ចេញ​ពី​កម្ពុជា​ឆ្លង​កាត់​ថៃ"

  1. akvac says:

    1 thailand has problems with Islam in the south of the country
    2 we do not speak of Khmer Islam but the question how many immigrants Malay Pakistani banglahi illigals cambode
    3 Money as we know the corrupt administration of Hun Sen and in particular the geopolitics of East Asia because we must remember this boat under the Khmer flag intercepted + 1 year ago in Egypt
    Subject we tend to believe that weapons to Thailand come from Cambodia