សាលាឧទ្ធរណ៍​បន្ត​បដិសេធ​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​របស់​អតីត​បុគ្គលិក​អាស៊ីសេរី

ដោយ ហេង សកល
2018-04-19
អាស៊ីសេរី

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

អតីត​បុគ្គលិក​វិទ្យុ​អាស៊ីសេរី​លោក យាង សុជាមេត្តា (ឆ្វេង) និង​លោក អ៊ួន ឈិន (ស្ដាំ)។ Photo: RFA
អតីត​បុគ្គលិក​វិទ្យុ​អាស៊ីសេរី​លោក យាង សុជាមេត្តា (ឆ្វេង) និង​លោក អ៊ួន ឈិន (ស្ដាំ)។ Photo: RFA


សាលាឧទ្ធរណ៍​បដិសេធ​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​ជុំ​ទី​២ របស់​អតីត​អ្នកយកព័ត៌មាន​អាស៊ីសេរី​ទាំង​ពីររូប គឺ លោក យាង សុធារិន្ទ ហៅ យាង សុជាមេត្តា និង​លោក អ៊ួន ឈិន ជាថ្មី​ម្តង​ទៀត នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​១៩ មេសា​នេះ។ មេធាវី​ការពារ​ក្តី​ឲ្យ​អតីត​អ្នករាយការណ៍​អាស៊ីសេរី និង​សង្គម​ស៊ីវិល យល់ថា ការ​បន្ដ​ឃុំខ្លួន​លោក​ទាំងពីរ ដោយ​ទាំង​រក​មិន​ឃើញ​ភស្តុតាង​នេះ ជា​ការ​រំលោភ​សេរីភាព។

លោក​មេធាវី កែវ វន្នី បាន​ឲ្យ​ដឹង​ថា ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាឧទ្ធរណ៍​បាន​សម្រេច​បន្ត​ឃុំខ្លួន លោក យាង សុធារិន្ទ ហៅ​យាង សុជាមេត្តា និង លោក អ៊ួន ឈិន ដោយ​លើក​យក​លេស​ថា ខ្លាច​អ្នក​ទាំងពីរ​រត់​ចេញទៅ​ក្រៅ​ប្រទេស ដែល​នាំ​ឲ្យ​ពិបាក​ដល់​នីតិវិធី​របស់​តុលាការ។

លោក​មេធាវី កែវ វន្នី បន្ដ​ថា ក្នុង​សវនាការ​សាលាឧទ្ធរណ៍​ចៅក្រម​ប្រឹក្សា​បាន​ប្រាប់​ទៅ​អតីត​អ្នក​យកព័ត៌មាន​អាស៊ីសេរី​ទាំងពីរ​ថា បទល្មើស​របស់​អ្នក​ទាំងពីរ​ជា​បទល្មើស​ដែល​ប៉ះពាល់​ដល់​ប្រទេស​ជាតិ​ធ្ងន់ធ្ងរ។ លោក កែវ វន្នី ប្រាប់​ថា ក្នុង​សវនាការ​ក្រុម​ចៅក្រម​បាន​លើក​ពី​ក្ដី​បារម្ភ​រថា ដោយសារ​លោក យាង សុធារិន្ទ ជា​ខ្មែរ​ក្រោម កើត​នៅ​កម្ពុជា​ក្រោម ទើប​ចៅក្រម​បារម្ភ​ថា ប្រសិនបើ​មានការ​ដោះលែង ខ្លាច​លោក យាង សុធា​រិន្ទ រត់គេច​ទៅ​ប្រទេស​វៀតណាម។ «»

កាលពី​ថ្ងៃ​ទី​១៦ មីនា ក្នុង​សវនាការ​តុលាការ​កំពូល លើ​បណ្ដឹង​ស្នើសុំ​នៅ​ក្រៅ​ឃុំ​ជុំ​ទី​១ លោក យាង សុធារិន្ទ និង​លោក អ៊ួន ឈិន បាន​ឆ្លើយ​ប្រាប់​ក្រុមប្រឹក្សា​ជំនុំជម្រះ​យ៉ាង​ច្បាស់​ថា លោក​ទាំងពីរ​មិន​ដែល​បាន​ផ្ញើ​ព័ត៌មាន​សំងាត់​របស់​ជាតិ​ណាមួយ ទៅ​ឱ្យ​រដ្ឋ​បរទេស​ទេ គឺ​លោក​បាន​ឈប់​ធ្វើការ​តាំងពី​ថ្ងៃ​ទី​១២ ខែ​កញ្ញា ឆ្នាំ​២០១៧ នៅ​ពេល​ដែល​វិទ្យុ​អាស៊ីសេរី រង​សម្ពាធ បង្ខំ​ចិត្ត​ឱ្យ​បិទ​ការិយាល័យ​នៅ​ភ្នំពេញ​មក​ម្ល៉េះ។

កាលណោះ ក្នុង​សវនាការ​តុលាការ​កំពូល ដែល​តុលាការ​ផ្ដល់​ឱកាស​ឱ្យ​អ្នក​ទាំងពីរ​បំភ្លឺ លោក យាង សុធារិន្ទ ទាមទារ​ឱ្យ​ដោះលែង​រូបលោក ព្រោះ​លោក​បាន​ផ្ដល់​លេខ​កូដ​សំងាត់​ទូរស័ព្ទ​ដៃ ហ្វេសប៊ុក និង​អ៊ីម៉ែល ឱ្យ​សមត្ថកិច្ច​អស់ហើយ ប៉ុន្តែ រក​មិន​ឃើញ​ភស្តុតាង​ថា លោក​បាន​លួច​បញ្ជូន​ព័ត៌មាន​សំងាត់​ឱ្យ​រដ្ឋ​បរទេស​ដូច​ការចោទប្រកាន់​ទេ។ លោក យាង សុធារិន្ទ ក៏​បាន​ប្រគល់​លិខិតឆ្លងដែន ឲ្យ​តុលាការ​ថែមទៀត ជៀសវាង​ការ​សង្ស័យ​ថា លោក​មាន​ចេតនា​លួច​រត់ចេញ​ក្រៅ​ប្រទេស។ ចំណែក​លោក អ៊ួន ឈិន អះអាង​ថា បន្ទប់​ជួល​នៅ​ក្នុង​ផ្ទះសំណាក់ ដែល​សមត្ថកិច្ច​ចាប់ខ្លួន​លោក ធ្វើ​ឡើង​ដើម្បី​បើក​ជា​បន្ទប់​ច្រៀង​សិល្បៈ​លក្ខណៈ​គ្រួសារ ក្រោយពី​លោក​បាន​លាឈប់​ពី​វិទ្យុ​អាស៊ីសេរី។

លោក​មេធាវី កែវ វន្នី យល់​ថា ការ​បន្ដ​ឃុំខ្លួន ដោយ​សំអាង​ថា កូនក្ដី​លោក​ទាំងពីរ​បាន​ប្រព្រឹត្តិ​បទល្មើស​ប៉ះពាល់​ដល់​ជាតិ​ធ្ងន់ធ្ងរ គឺជា​រឿង​អយុត្តិធម៌​បំផុត​សម្រាប់​កូនក្ដី​លោក ខណៈ​ដែល​តុលាការ​រក​មិន​ឃើញ​ភស្តុតាង​ណា​បញ្ជាក់​ថា កូនក្ដី​របស់​លោក បាន​ផ្ញើ​ព័ត៌មាន​សំងាត់​របស់​ជាតិ​ឲ្យ​រដ្ឋ​បរទេស​ដូច​ការចោទប្រកាន់​ឡើយ។

អតីត​អ្នកយកព័ត៌មាន​អាស៊ីសេរី​ទាំងពីរ​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន និង​រឹបអូស​យក​ទ្រព្យសម្បត្តិ​ជាច្រើន ដូចជា​កុំព្យូទ័រ ម៉ូតូ​ជាច្រើន​គ្រឿង កាល​ពី​ព្រលប់​ថ្ងៃ​ទី​១៤ វិច្ឆិកា ឆ្នាំ​២០១៧។ គិត​មក​ដល់​ពេល​នេះ អ្នក​ទាំងពីរ​ត្រូវ​បាន​ឃុំខ្លួន ជាង​៥​ខែ។ អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ ស្នើ​ឲ្យ​របប​លោក ហ៊ុន សែន ដោះលែង​អតីត​អ្នករាយការណ៍​អាស៊ីសេរី ជាបន្ទាន់​ដោយ​គ្មាន​លក្ខខណ្ឌ។ អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​ចាត់​ទុក​អ្នក​ទាំងពីរ​ជា​អ្នក​ទោស​នយោបាយ។

អ្នកនាំពាក្យ​សមាគម​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក ស៊ឹង សែនករុណា យល់ថា ហេតុផល​របស់​សាលាឧទ្ធរណ៍​ក្នុង​ការ​បន្ត​ឃុំខ្លួន​អតីត​អ្នកយកព័ត៌មាន​អាស៊ីសេរី​ទាំងពីរ​បន្ត​ទៀត​នេះ គឺ​មិន​ខុស​ពី​ការ​បន្ត​ឃុំខ្លួន​សកម្មជន​ផ្សេងៗ​កន្លងមក​ទេ គឺ​តុលាការ​បាន​ប្រើប្រាស់ ហេតុផល​មិន​សម​ទំនង ក្នុង​ការ​បន្ត​ឃុំខ្លួន ទាំង​គ្មាន​រក​ឃើញ​ភស្តុតាង។ សង្គម​ស៊ីវិល​ទាមទារ​ឲ្យ​ដោះលែង​អតីត​អ្នក​យក​ព័ត៌មាន​អាស៊ីសេរី​ទាំងពីរ ដើម្បី​ផ្ដល់​យុត្តិធម៌​ជូន​ពួកគាត់​ឡើងវិញ។ «»

លោក​មេធាវី កែវ វន្នី ឲ្យ​ដឹង​ថា លោក​នឹង​ប្ដឹង​សាទុក្ខ​រឿង​នេះ ទៅ​តុលាការ​កំពូល​នៅ​សប្ដាហ៍​ក្រោយ ដើម្បី​ស្នើសុំ​ឲ្យ​កូនក្ដី​លោក​នៅ​ក្រៅ​ឃុំ​ជុំ​ទី​២៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles