អាជ្ញាធរ​មូលដ្ឋាន​នៅ​ឃុំ​ដង​កាំបិត​ខេត្ត​កំពង់ធំ៖ ព្រៃ​សហគមន៍​រង​ការ​បំផ្លាញ​ជា​បន្ត​បន្ទាប់​ដោយ​សារ​ពលរដ្ឋ​ខ្លួន​ឯង

ដោយ តាំង សារ៉ាដា
2018-04-18
RFA

គោយន្ត​ដឹក​ឈើ​ចេញ​ពី​តំបន់​ព្រៃឡង់ ត្រង់​ចំណុច​ផ្លូវ​បំបែក​ចូល​ឃុំ​ដងកាំបិត ស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ ជាប់​ចំការ​កៅស៊ូ​ក្រុមហ៊ុន​វៀតណាម ស៊ី.អ.ស៊ី.ខេ (CRCK) ខណៈ​ប្រជា​សហគមន៍​ព្រៃឡង់ ស្រុក​សណ្ដាន់ ចុះ​ល្បាត​កាល​ពី​ថ្ងៃ​ទី​១ ខែ​កុម្ភៈ ឆ្នាំ​២០១៦។ Photo provided
គោយន្ត​ដឹក​ឈើ​ចេញ​ពី​តំបន់​ព្រៃឡង់ ត្រង់​ចំណុច​ផ្លូវ​បំបែក​ចូល​ឃុំ​ដងកាំបិត ស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ ជាប់​ចំការ​កៅស៊ូ​ក្រុមហ៊ុន​វៀតណាម ស៊ី.អ.ស៊ី.ខេ (CRCK) ខណៈ​ប្រជា​សហគមន៍​ព្រៃឡង់ ស្រុក​សណ្ដាន់ ចុះ​ល្បាត​កាល​ពី​ថ្ងៃ​ទី​១ ខែ​កុម្ភៈ ឆ្នាំ​២០១៦។ Photo provided


អាជ្ញាធរមូលដ្ឋាននៅឃុំដងកាំបិត ស្រុក​សណ្តាន់ ខេត្ត​កំពង់ធំ លើក​ឡើង​ថា​ព្រៃ​សហគមន៍​នៅ​ក្នុង​ឃុំ​ចំនួន​បី ចេះ​តែ​បាត់​បង់​ជា​បន្ត​បន្ទាប់ ​ដោយសារ​សកម្មភាព​របស់​ពលរដ្ឋ​មូលដ្ឋាន​ និង​អ្នក​ចំណូល​ស្រុក​ខ្លះ​ដែរ។ ពួក​គេ​បាន​នាំគ្នា​ចូល​កាប់​រុករាន ពិសេស​ដើម្បី​យក​ដី​ដាំ​ដំណាំ និង​សង់​លំនៅឋាន។ ចំណែក​ក្រុម​សហគមន៍​វិញ​អះអាង​ថា ក្រៅ​ពី​ពលរដ្ឋ​ អាជ្ញាធរ​មូលដ្ឋាន​ខ្លះ​ក៏​បាន​ចូលរួម​ចំណែក​បំផ្លាញ​ព្រៃ​សហគមន៍​ដែរ។

ព្រៃសហគមន៍នៅក្នុងឃុំដង​កាំបិត ចំនួន​បី​ផ្សេង​គ្នា ជា​ប្រភព​ដ៏សំខាន់​មួយ​ក្នុង​ការ​ផ្តល់​អនុផល​ព្រៃ​ឈើ ដល់​ប្រជាពលរដ្ឋ​មូលដ្ឋាន ដូចជា ការ​រក​វល្លិ​ ជ័រ ផ្តៅ ទឹក​ឃ្មុំ ផ្សិត ឬ​អាច​កាប់​ឈើ​ខ្លះ​យក​មក​ធ្វើ​លំនៅឋាន សំរាប់​ពលរដ្ឋ​ក្រីក្រ​ក្នុង​ភូមិ។ មុខ​របរ​ទាំង​នេះ ចេះ​តែ​ថយ​ចុះ ដោយសារ​ព្រៃឈើ​សហគមន៍​ចេះ​បាត់បង់​ជា​បន្ត​បន្ទាប់។

ព្រៃ​សហគមន៍​ខ្លះ នៅ​សល់​តែ​ឈើ​តូចៗ ហើយ​ខ្លះ​ទៀត​ស្ទើរ​ក្លាយ​ជា​វាល​តែ​ម្តង។ មេឃុំ​ដង​កាំបិត លោក លុន យ៉េន មាន​ប្រសាសន៍​ថា ​​ព្រៃ​សហគមន៍​នៅ​ឃុំ​របស់​លោក​មាន​បី គឺ​ព្រៃ​សហគមន៍​គគីរ​ប្រហោង ព្រៃ​សហគមន៍​ក្បាល​អូរ​តា​គង់ និង​ព្រៃសហគមន៍​ក្បាល​អូរ​ធ្នង់។

លោកបញ្ជាក់​ថា ព្រៃ​សហគមន៍​ទាំង​បី មាន​ទំហំ​សរុប​ប្រមាណ ៧​ពាន់​ហិកតារ ដោយ​សារ​ព្រៃ​សហគមន៍​ខ្លះ​មាន​ទំហំ​ចាប់​ពី​ជាង ១​ពាន់​ហិកតារ​ឡើង​ទៅ ហើយ​បង្កើត​ឡើង​នៅ​ចន្លោះ​ឆ្នាំ​២០០៩ និង ២០១០។ លោក​បន្ត​ថា ចាប់​តាំង​ពី​បង្កើត​ជា​ព្រៃ​សហគមន៍​រួច​មក តំបន់​ព្រៃ​ទាំង​នោះ​រង​ការ​កាប់​បំផ្លាញ​យក​ឈើ​ធ្វើ​អាជីវកម្ម និង​រុករាន​យក​ដី​ធ្វើ​លំនៅឋាន ជា​ពិសេស​ធ្វើ​ចម្ការ ហើយ​អ្នក​កាប់រុក​រាន​ភាគ​ច្រើន​ជា​ពលរដ្ឋ​មូលដ្ឋាន៖ «បើ​និយាយ​ឲ្យ​ចំ​ទៅ ប្រជា​ពលរដ្ឋ​ក្នុង​ភូមិ​គ្នា​ឯង​ក្នុង​សហគមន៍។ គាត់​យក​ទៅ​ធ្វើ​ផ្ទះ ទីមួយ។ ទីពីរ គាត់​យក​ទៅ​លក់​ដូរ​ខ្លះ។ ទីបី ដូច​ខ្ញុំ​ជម្រាប​មិញ គឺ​គាត់​យក​ទៅ​ធ្វើ​ចម្ការ»

លោក លុន យ៉េន មើល​ឃើញ​ថា​ព្រៃ​សហគមន៍​មាន​សារៈ​សំខាន់​ណាស់ សម្រាប់​ពលរដ្ឋ​មូលដ្ឋាន​ ដូច​ជា​ការ​រុករក​អនុផល​ធម្មជាតិ​ចេញ​ពី​តំបន់​ព្រៃ​ទាំង​នោះ ពិសេស​គឺ​ជួយ​ទប់ទល់​បាតុភូត​គ្រោះ​ធម្មជាតិ​តែ​ម្តង។

មេឃុំដងកាំបិត​រូប​នេះ​ប៉ាន់​ប្រមាណ​ថា ព្រៃ​សហគមន៍​គគីរ​ប្រហោង នៅ​សល់​ព្រៃ​ឈើ​ប្រហែល​៤៥%។ ចំណែក​ព្រៃ​សហគមន៍​ក្បាល​អូរធ្នង់ ដែល​មាន​ទំហំ​ជិត ៣​ពាន់​ហិកតារ (.៨៩១) លោក​ថា ទំហំ​ព្រៃ​ឈើ​នៅ​សល់​ប្រមាណ ៥០ ទៅ ៦០%។ ដោយឡែក​ព្រៃ​សហគមន៍​ក្បាល​អូរ​តា​គង់ លោក​វាយ​តម្លៃ​ថា ទំហំ​ព្រៃ​ឈើ​នៅ​សល់​ប្រហែល ៤០%​ប៉ុណ្ណោះ។

កន្លង​មក​លោក​ធ្លាប់​បាន​អប់រំ​ណែនាំ​ប្រជា​សហគមន៍​ទាំង​នោះ អំពី​ផល​ប៉ះពាល់​ក្នុង​ការ​កាប់​បំផ្លាញ​ព្រៃ​សហគមន៍ និង​ធ្លាប់​បាន​ធ្វើ​កិច្ច​សន្យា​ឱ្យ​បញ្ឈប់​ការ​កាប់​រុករាន​យក​ដី​បន្ត​ទៀត ប៉ុន្តែ​មិន​មាន​ប្រសិទ្ធភាព​ទេ៖ «តាម​ខ្ញុំ​ប្រជុំ​រាល់​ខែ​ការ​ព្រួយ​បារម្ភ​របស់​យើង រក​វិធានការ​ប៉ុន្តែ​មិន​ដឹង​ថា​រក​វិធានការ​យ៉ាង​ម៉េច»

អាជ្ញាធរ​ឃុំ​ដដែល អះអាង​ថា​វិធានការ​ចំពោះ​មុខ នឹង​ជួយ​ជំរុញ​ការងារ​ចុះ​ល្បាត​របស់​សហគមន៍​បន្ថែម​ទៀត ព្រម​ទាំង​អប់រំ​ពលរដ្ឋ​ឱ្យ​កាន់​តែ​យល់​អំពី​ផល​ប៉ះពាល់​នៃ​ការ​បាត់បង់​ព្រៃ​សហគមន៍។

ទោះ​ជា​យ៉ាង​នេះ​ក្តី ប្រជា​សហគមន៍​មួយ​ចំនួន​លើក​ឡើង​ថា ​បញ្ហា​ខ្លះ មិន​អាច​បន្ទោស​ពលរដ្ឋ​ទាំង​ស្រុង​នោះ​ទេ ដោយសារ​មាន​ឈ្មួញ​រង់ចាំ​ទិញ​ឈើ​ពី​ពួក​គាត់។ ហេតុដូច្នេះ​ហើយ​បាន​ជា​ពួក​គាត់​នាំ​គ្នា​លួច​ចូល​ទៅ​កាប់​ឈើ​ក្នុង​ព្រៃ​សហគមន៍។ មិន​តែ​ប៉ុណ្ណោះ ​អាជ្ញាធរ​មូលដ្ឋាន ក៏​ជាប់​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ដែរ។

ប្រធានគណៈកម្មការ​ព្រៃ​សហគមន៍​ក្បាល​អូរ​ធ្នង់ លោក ខៀវ ឃិត ​ទទួល​ស្គាល់​ថា ពលរដ្ឋ​មូលដ្ឋាន​មួយ​ចំនួន​ពិត​ជា​បាន​រួម​ចំណែក​បំផ្លិចបំផ្លាញ​ព្រៃ​សហគមន៍​ប្រាកដ​មែន។ ប៉ុន្តែ​​ក៏​មាន​អាជ្ញាធរ​មូលដ្ឋាន​ខ្លះ​ដែរ។ លោក​បន្ត​ថា ចំណាត់ការ​របស់​សហគមន៍​ទៅ​លើ​ក្រុម​ជន​ល្មើស​មាន​ជា​ហូរហែ ប៉ុន្តែ​ដោយសារ​ភាព​យល់យោគ​ច្រើន​ទើប​ធ្វើ​ឱ្យ​បទ​ល្មើស​នៅ​តែ​កើត​មាន៖ «ប្រជាជន​នៅ​ភូមិ​ស្រែ​ខ្សាច់ ប្រធាន​ភូមិ​ប្រធាន​អី​ហ្នឹង ក៏​រុករាន​ដែរ។ ពេល​ប្រជុំ​ម្តងៗ ខ្ញុំ​រាយការណ៍​ទៅ​ដល់​ឃុំ​អី​ទៅ គេ​ថា ហ្អេស សម្ងំៗ ទៅ»

ព្រៃ​សហគមន៍​នៅ​ជុំវិញ​តំបន់​ព្រៃ​ឡង់ គឺ​មាន​ប្រមាណ ៥០​សហគមន៍។ ព្រៃ​សហគមន៍​ខ្លះ​នៅ​សេសសល់​ព្រៃ​ឈើ​ច្រើន​គួរ​សម​ដែរ។ ប៉ុន្តែ​ខ្លះ​ទៀត​អស់​ឈើ​ធំៗ ហើយ​មួយ​ចំនួន​ក្លាយ​ជា​វាល​ស្រែ​របស់​ពលរដ្ឋ​មូលដ្ឋាន​ទៅ​ទៀត។

អ្នក​សម្របសម្រួល​លេខាធិការដ្ឋាន​បណ្តាញ​ស្នូល​ព្រៃឡង់ លោក សេង សុខហេង មើល​ឃើញ​ថា​ការ​កាប់​រាន​ព្រៃ​សហគមន៍​នៅ​ជុំវិញ តំបន់​ព្រៃ​ឡង់ គឺ​កើត​មាន​យូរ​មក​ហើយ ដោយ​មិន​ទាន់​មាន​វិធានការ​ទប់ស្កាត់​ឱ្យ​មាន​ប្រសិទ្ធភាព​ទេ។

លោកបន្ថែមថា​មូលហេតុ​បណ្តាល​ឱ្យ​​បទ​ល្មើស​នៅ​តំបន់​ព្រៃ​សហគមន៍ ​ចេះ​តែ​បន្ត​កើត​មាន​ដោយសារ​ខ្វះ​កិច្ច​សហការ​រវាង​សហគមន៍ ជាមួយ​អាជ្ញាធរ​មូលដ្ឋាន និង​ស្ថាប័ន​ជំនាញ។ លើស​ពី​នេះ​ទៀត សមាជិក​សហគមន៍ ពឹង​ផ្អែក​តែ​ទៅ​លើ​គណៈកម្មការ​សហគមន៍​ខ្លាំង​ពេក មិន​បាន​ចូល​រួម​ជួយ​ការពារ​ទាំង​អស់​គ្នា។

ជាង​នេះ​ទៀត គោល​នយោបាយ​របស់​រដ្ឋ​អនុញ្ញាត​ឱ្យ​បង្កើត​ជា​ព្រៃ​សហគមន៍​ឡើង គឺ​មាន​ទំហំ​តូចៗ ពេក មិន​អាច​សមាមាត្រ​ទៅ​នឹង​តម្រូវ​ការ​របស់​ពលរដ្ឋ​មូលដ្ឋាន​ដែល​មាន​​ចំនួន​ច្រើន៖ «ហើយ​អាផ្នែក​មួយ​ទៀត យើង​ឃើញ​ថា អាច​ថា​ប្រសិទ្ធភាព​ក្នុង​ការ​អនុវត្ត​ច្បាប់​ផង​ដែរ។ បើ​យើង​មើល​ទៅ​លើ​កិច្ច​ព្រមព្រៀង​ស្ទើរ​គ្រប់​សហគមន៍​ទាំង​អស់​នៅ​ទូទាំង​ប្រទេស​កម្ពុជា គឺ​គាត់​អត់​មាន​សិទ្ធិ​ចាប់​ទេ នៅ​ក្នុង​កិច្ច​ព្រមព្រៀង​អី ឬ​ច្បាប់​អី ឬ​អនុក្រឹត្យ​ព្រៃ​ឈើ​អី គឺ​គាត់​មាន​សិទ្ធិ​ត្រឹម​តែ​រាយការណ៍»

លោក សេង សុខហេង លើក​ឡើង​ទៀត​ថា ការ​យោគយល់​គួរ​មាន​ដែរ ប៉ុន្តែ​ក៏​មិន​ត្រូវ​យោគយល់​គ្រប់​ពេល​នោះ​ទេ ព្រោះ​មាន​ជន​ល្មើស​ខ្លះ​ចាប់​បាន​ជា​ច្រើន​លើក​ច្រើន​សា ហើយ​ចេះ​តែ​ផ្តល់​ឱកាស​ឱ្យ​ពួក​គេ​ត្រឡប់​មក​កាប់​បំផ្លាញ​ព្រៃ​សហគមន៍​បន្ថែម​ទៀត។

លោក​បញ្ជាក់​ថា ព្រៃ​សហគមន៍​ដែល​កំពុង​ប្រឈម​ការ​បាត់បង់​ខ្លាំង​ជាង​គេ គឺ​ព្រៃ​សហគមន៍​នៅ​ស្រុក​សណ្តាន់ ខេត្ត​កំពង់ធំ។

លោក យល់ថា ដើម្បី​ដោះ​ស្រាយ​បញ្ហា​ប្រឈម​ទាំង​នេះ​ឱ្យ​មាន​ប្រសិទ្ធភាព របប​ក្រុង​ភ្នំពេញ គប្បី​ពិនិត្យ​ឡើង​វិញ អំពី​ការ​អនុវត្ត​គោល​នយោបាយ​កំណែ​ទម្រង់​វិស័យ​ព្រៃ​ឈើ ជា​ពិសេស​គឺ​វិធានការ​គ្រប់គ្រង​ព្រៃ​ឈើ​នៅ​ទូទាំង​ប្រទេស​កម្ពុជា។

លោកបន្តថា អាជ្ញាធរ​ថ្នាក់​ក្រោម​ជាតិ និង​មន្ត្រី​ជំនាញ ព្រមទាំង​ប្រជា​សហគមន៍​គប្បី​សហការ​គ្នា​ឱ្យ​បាន ទូលំទូលាយ និង​ម៉ឺងមាត់ ហើយ​អនុវត្ត​ច្បាប់​​ការពារ​ព្រៃ​សហគមន៍​ឱ្យ​នៅ​គង់វង្ស។ លោក​ថា ប្រសិនបើ​អាជ្ញាធរ និង​មន្ត្រី​ជំនាញ​នៅ​តែ​អនុវត្ត​វិធីសាស្ត្រ​ដដែលៗ គឺ​គ្មាន​ប្រសិទ្ធភាព​ឡើយ ហើយ​ព្រៃ​សហគមន៍​នឹង​បាត់បង់​បន្ថែម​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles