ដោយ មាន ឫទ្ធិ
2018-04-19
RFA
អ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ខៀវ សុភ័គ (ស្ដាំ) ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន នាទីស្ដីការក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៦។ RFA/Cheu Sideth
មន្ត្រីរបបលោក ហ៊ុន សែន ថាការចាប់ខ្លួនមន្ត្រីបក្សប្រឆាំងជាការបំបែកបំបាក់ជាតិ
មន្ត្រីនាំពាក្យក្រសួងមហាផ្ទៃលោក ខៀវ សុភ័គ អះអាងថា ចំណាត់ការតាមចាប់ខ្លួនមន្ត្រីជាន់ខ្ពស់បក្សសង្គ្រោះជាតិរួមទាំងលោក សម រង្ស៊ី គឺជាការបំបែកបំបាក់ជាតិកាន់តែធ្ងន់ធ្ងរបន្ថែមទៀត។ ប្រតិកម្មរបស់លោក ខៀវ សុភ័គ នេះ ហាក់ជាការចំអកឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលធ្លាប់បានព្រមានមិនដាច់ពីមាត់ ពីការបញ្ជាឲ្យតាមចាប់ខ្លួននេះ ជាច្រើនលើកច្រើនសា។ អ្នកវិភាគនយោបាយមើលឃើញថា របបលោក ហ៊ុន សែន អាចនឹងកំពុងព្យាយាមទប់ស្ថានការណ៍ និងកម្ដៅនយោបាយ មិនឲ្យធ្លាក់ផុងជ្រៅជាងនេះទៀត ដើម្បីទុកច្រករកដំណោះស្រាយណាមួយក្នុងពេលឆាប់ៗនេះ។
លោក ខៀវ សុភ័គ ថា ចំណាត់ការតាមផ្លូវច្បាប់តាមចាប់ខ្លួន ឬធ្វើបត្យាប័ន លោក សម រង្ស៊ី និងក្រុមមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ដែលបានធ្វើយុទ្ធនាការការទូតយ៉ាងសកម្មនៅទីក្រុងតូក្យូ ប្រទេសជប៉ុន និងនៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី នាមួយរយៈពេលចុងក្រោយនេះថា គឺជាការយកសាំងមកចាក់លើភ្លើង ដើម្បីឲ្យបែកបាក់ជាត៖ «ហ្នឹងហើយចាក់សម្ដីពូឲ្យអស់អាស៊ីសេរី ហើយកុំកាត់កុំកងអី។ ជាសំណួរឌឺ យកសាំងចាក់លើភ្លើង ដើម្បីឲ្យប្រទេសកម្ពុជាបែកបាក់ ហើយយើងអង្គុយមើល យើងរស់នៅប្រទេសសេរី អ៊ីចឹងហើយ។ យើងល្អ សប្បាយចិត្ត ស្រុកយើងកើតសង្គ្រាមដូចស៊ីរី»។
ប្រតិកម្មរបស់លោក ខៀវ សុភ័គ បែបនេះ ធ្វើឡើងក្រោយពេលអាស៊ីសេរី ព្យាយាមសុំការឆ្លើយបំភ្លឺរបស់លោក ជុំវិញថាតើអាជ្ញាធររបបក្រុងភ្នំពេញរបស់លោក មានបានចាត់វិធានការណ៍តាមផ្លូវច្បាប់ណាមួយ តាមចាប់ខ្លួន ឬធ្វើបត្យាប័នលោក សម រង្ស៊ី និងក្រុមមន្ត្រីជាន់ខ្ពស់បក្សសង្គ្រោះជាតិ ដែលបានមានវត្តមាននៅទឹកដីប្រទេសឥណ្ឌូនេស៊ីដែរឬទេ ដូចតាមអ្វីដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានព្រមានមិនដាច់ពីមាត់ ជាច្រើនលើកច្រើនសានោះដែរឬទេ។ ប្រតិកម្មរបស់លោក ខៀវ សុភ័គ បែបនេះ ហាក់ជាសារទះកំភ្លៀងមួយយ៉ាងចាស់ដៃ ទៅចៅហ្វាយនាយរបស់លោក គឺលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលលោកធ្លាប់ចាត់ទុកសកម្មភាពរបស់ក្រុមមន្ត្រីបក្សសង្គ្រោះជាតិ នៅក្រៅប្រទេស ថាជាក្រុមភេរវករ ឬក្រុមក្បត់ជាតិ ដែលមិនអាចអត់ឱនឲ្យបានជាដាច់ខាត ហើយត្រូវតែតាមចាប់ខ្លួនឲ្យបាន បើហ៊ានធ្វើសកម្មភាពណាមួយនៅក្នុងទឹកដីអាស៊ីនោះ។
លោក ហ៊ុន សែន ថ្លែងកាលពីថ្ងៃទី១ កុម្ភៈ «អ្នកខ្លះគឺអាអ្នករត់ចោលស្រុកហ្នឹង សម្ពាធសម្ពាធសម្ពាធ! អញ្ជើញមក សម្ពាធ វាត្រូវក្បាល ហ៊ុន សែន ហើយ។ សម្ពាធតិចប៉ះខ្លួនឯង ហើយខ្ញុំសុំផ្តាំណាស់ កុំមកអាស៊ីឲ្យសោះ។ សុំកុំមកក្បែរអាស៊ី! បើអ្នកឯងតាំងខ្លួនធ្វើជាភេរវករហើយ ខ្ញុំនឹងតាមយកអ្នកឯងទាល់តែរួច។ ទាល់តែបាន! ឥឡូវគេកំពុងប្រកាសខ្លួនគេជាភេរវករហើយ។ មិនមែនគ្រាន់តែជាអង្គការក្រៅច្បាប់ទេ ជាភេរវករតែម្ដង។ ជាអង្គការភេរវកម្ម»។
លោក ហ៊ុន សែន គូសបញ្ជាក់ដែរថា កម្ពុជាអាចសហប្រតិបត្តិការជាមួយប្រទេសបណ្ដាប្រទេសប្រទេសនៅអាស៊ី ដើម្បីតាមចាប់ខ្លួនក្រុមមន្ត្រីបក្សប្រឆាំងគ្រប់ពេលវេលា បើហ៊ានឈានជើងជាន់ទឹកដីអាស៊ី។
មន្ត្រីនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រីលោក ផៃ ស៊ីផាន ព្យាយាមបដិសេធមិនឆ្លើយតបជុំវិញសំណួរអំពីចំណាត់ការតាមចាប់ខ្លួននេះ។
អ្នកវិភាគនយោបាយលោកបណ្ឌិត មាស នី មើលឃើញថា ការណ៍ដែលរបបលោក ហ៊ុន សែន ហាក់នៅស្ងៀមស្ងាត់មិនហ៊ានធ្វើសកម្មភាពតាមចាប់ខ្លួន ឬធ្វើបត្យាប័នក្រុមមន្ត្រីបក្សប្រឆាំង ដោយគ្រាន់តែព្រមានជាការកម្លាបែបនេះ ទំនងជាការព្យាយាមទប់ស្ថានការណ៍ និងកម្ដៅនយោបាយ មិនឲ្យធ្លាក់ផុងជ្រៅជាងនេះទៀត ដើម្បីទុកច្រករកដំណោះស្រាយណាមួយក្នុងពេលឆាប់ៗនេះ ជាពិសេសក្រោយពីមានជំនួបរវាងប្រមុខការទូតជប៉ុន ជាមួយនឹងលោក ហ៊ុន សែន រួចមក ដែលកាលណោះជប៉ុន នៅតែបានទទូចឲ្យរបបលោក ហ៊ុន សែន ពិចារណាឲ្យមានការបោះឆ្នោតដោយសេរីត្រឹមត្រូវ និងយុត្តិធម៌នាពេលខាងមុខនេះ។ លោកបណ្ឌិត មាស នី លើកឡើងថា ទាំងជប៉ុន និងទាំងប្រទេសឥណ្ឌូនេស៊ី ដែលសុទ្ធតែជាប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស មិនចង់ធ្វើអ្វីមួយឲ្យមិនសមហេតុផលឡើយ ដែលនាំឲ្យបាត់បង់ភាពអព្យាក្រឹត្យភាពរបស់ខ្លួន ក្នុងការធ្វើជាអ្នកសម្របសម្រួលឡើយ៖ «ដូចខ្ញុំជម្រាបជូនអ៊ីចឹង ជួនកាលវាអាចមានអ្វីមួយដែលគណបក្សកាន់អំណាចកំពុងពិចារណា ដោយសារតែការជួបគ្នាចុងក្រោយជាមួយមន្ត្រីការទូតជប៉ុន។ ខ្ញុំសង្ឃឹមថា អ្នកនយោបាយនឹងចាប់ផ្ដើមទប់ខ្លួនរៀងខ្លួន ដើម្បីរកមធ្យោបាយរកច្រកចេញណាមួយក្នុងពេលមិនយូរប៉ុន្មានខាងមុខ»។
អាស៊ីសេរី បានព្យាយាមសុំការបំភ្លឺពីក្រសួងការបរទេសឥណ្ឌូនេស៊ី ថាតើរបបក្រុងភ្នំពេញ មានបានធ្វើការស្នើសុំជាផ្លូវការណាមួយដែរឬទេ អំពីការធ្វើបត្យាប័នណាមួយនោះ ក៏ប៉ុន្តែពុំទទួលបានការឆ្លើយតបណាមួយឡើយ។
បើទោះបីជាមានការព្រមានរបស់លោក ហ៊ុន សែន អំពីការតាមចាប់ខ្លួននេះ ក៏ដោយ របបលោក ហ៊ុន សែន ជាទូទៅតែងតែស្ងប់ស្ងាត់មិនធ្វើចំណាត់ការនេះឡើយ ជាក់ស្ដែងរួមទាំងជាមួយប្រទេសបារាំង ដែលកម្ពុជាមានកិច្ចព្រមព្រៀងធ្វើបត្យាប័នជាមួយគ្នានោះ។ ផ្ទុយពីការលើកឡើងបែបកម្លារបស់លោក ហ៊ុន សែន នេះ របបរបស់លោក កន្លងទៅ ធ្លាប់បានដាក់បម្រាមមិនឲ្យលោក សម រង្ស៊ី វិលចូលស្រុកវិញបានឡើយ ដោយបញ្ជាឲ្យបិទគ្រប់ច្រកព្រំដែនទាំងអស់ រួមទាំងក្រុមហ៊ុនអាកាសចរណ៍មិនឲ្យដឹកលោក សម រង្ស៊ី ចូលស្រុកឡើយ បើទោះបីជាកាលណោះ លោក សម រង្ស៊ី ចង់ជម្នះមកទទួលទោសទណ្ឌនៅកម្ពុជាក៏ដោយ។
នៅពេលមានវត្តមាននៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី ដើម្បីស្វះស្វែងរកដំណោះស្រាយបញ្ចប់វិបត្តិនយោបាយនៅកម្ពុជា ប្រធានចលនាសង្គ្រោះជាតិ លោក សម រង្ស៊ី បានព្រមានជាថ្មីម្តងទៀតថា ចលនាងើបបះបោរនឹងកើតមានឡើងនៅកម្ពុជា ប្រសិនបើពុំមានវត្តមានគណបក្សប្រឆាំង នៅក្នុងការបោះឆ្នោតជាតិ ខែកក្កដា ខាងមុខនេះទេ។ លោកក៏បានអំពាវនាវទៅកាន់ពិភពលោក កុំឲ្យបញ្ជូនអ្នកសង្កេតការណ៍មកចូលរួម និងទទួលស្គាល់ការបោះឆ្នោតខាងមុខនេះឲ្យសោះ ដោយលោកអះអាងថា ជាការបោះឆ្នោតក្លែងក្លាយ ប្រសិនបើពុំមានវត្តមានបក្សសង្គ្រោះជាតិ។ លោក ទាមទារឲ្យរបបក្រុងភ្នំពេញ ត្រូវតែអនុញ្ញាតឲ្យគណបក្សសង្គ្រោះជាតិ ចូលរួមប្រកួតប្រជែង ដោយស្មើភាពនៅក្នុងការបោះឆ្នោតខាងមុខនេះ៕
This government can’t do anything on other countries ‘because they must respect their countries’ law haha’ ‘they are unable to catch them ‘then they are talking positively ‘ but Why can’t they release mr so kah???
do it if you can Mr I do not understand why you are not smart enough to know the reason that matter . why all those opposition leader can go every where they wanted ?????? HAS HA…. even the kid know that the whole world still recognize them . how can you lead my country without knowing any thing like this I’m shameful to have this kind of person in Cambodian official . GOD bless Cambodia
Huge damages have been done!