អតីត​បុគ្គលិក RFA ថាតុលាការ​សង​សឹក​លើ​ពួកគេ​ជុំ​វិញ​ការ​ផ្សាយ​ព័ត៌មាន​រិះគន់​រដ្ឋាភិបាល

ដោយ កញ្ញា ខាន់ លក្ខិណា​​ | ថ្ងៃព្រហស្បតិ៍ ទី១៩ ខែមេសា ឆ្នាំ២០១៨​ | https://www.rfa.org/khmer/news/human-rights/human-rights-in-Cambodia-04222018101131.html/H042218YS.mp3
http://vodhotnews.com

នយោបាយ

អតីត​អ្នកព័ត៌មានវិទ្យុអាស៊ីសេរីពីរនាក់ នៅឯសាលាឧទ្ធរណ៍ (ខាន់ លក្ខិណា)


អតីត​អ្នក​យក​ព័ត៌មានវិទ្យុ​អាស៊ី​សេរី​ពីរ​រូប ចាត់ទុកការសម្រេចរបស់តុលាការដែលនៅតែបន្តឃុំខ្លួនពួកគេថា មានចេតនាបំបាក់ស្មារតី និង​សង​សឹក​ទៅ​លើ​ពួកគេ ដោយសារកន្លងមក ពួកគេធ្លាប់សរសេរព័ត៌មានរិះគន់ភាពអវិជ្ជមានរបស់រដ្ឋាភិបាល។

អតីត​អ្នក​សារព័ត៌មាន​​វិទ្យុ​អាស៊ី​សេរី លោក អ៊ួន ឈិន និង​លោក យាង សុធារិន្ទ ហៅ យាង សុជាមេត្តា ត្រូវ​បាន​នាំ​ខ្លួន​ចូល​សវនាការ​នៅ​សាលា​ឧទ្ធរណ៍​នៅ​ព្រឹក​ថ្ងៃ​នេះ ជុំ​វិញ​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​របស់​ពួកគេ។ ប៉ុន្តែ សំណើ​របស់ពួកគេ ត្រូវ​បាន​ក្រុម​ចៅក្រម​ជំនុំ​ជម្រះ​នៃ​សភា​ស៊ើប​សួរ​នៅ​សាលា​ឧទ្ធរណ៍ បាន​សម្រេច​ច្រាន​ចោល​ទៅ​វិញ។

ប្រាប់អ្នកសារព័ត៌មាន​មុនពេលឆ្មាំគុកនាំខ្លួនទៅពន្ធនាគារវិញ ទាំង​លោក អ៊ួន ឈិន និង​លោក យាង សុធារិន្ទ បាន​និយាយ​ថា អំឡុង​ពេល​ឃុំ​ខ្លួន​រយៈ​ពេល​ជាង ៥​ខែ​មក​នេះ តុលាការ​ពុំ​បាន​រក​ឃើញ​ភស្តុតាង​អ្វី​នោះ​ទេ។

អតីត​អ្នក​សារព័ត៌មាន​វិទ្យុ​អាស៊ី​សេរី​ទាំង​ពីរ​រូប​នេះ បាន​ចាត់​ទុក​សេចក្ដី​សម្រេច​របស់​សាលា​ឧទ្ធរណ៍​នៅ​ព្រឹក​ថ្ងៃ​នេះ​ថា មាន​លក្ខណៈ​អយុត្តិធម៌ និង​មាន​ចេតនា​បំបាក់​ស្មារតី​ពួកគេ ដោយសារ​កន្លង​មក ពួកគាត់​ធ្លាប់​សរសេរ​ព័ត៌មាន​រិះគន់​រដ្ឋាភិបាល។

លោកថា៖ «វាអយុត្តិធម៌សម្រាប់ពួកខ្ញុំ​ ហើយមានចេតនាចង់ធ្វើបាបពួកខ្ញុំ​តែម្ដង។ រយៈពេល ៥ខែ ធ្វើការស៊ើបអង្កេតហ្នឹង វាគ្រប់គ្រាន់ហើយ ក៏ប៉ុន្តែ ស៊ើបអង្កេតមិនឃើញអីផង ហើយចេះតែឃុំខ្លួនខ្ញុំទុក មានចេតនាធ្វើបាប បំបាក់ស្មារតីពួកខ្ញុំតែម្ដង។ វាជាការសងសឹងរបស់រដ្ឋាភិបាលមកលើពួកខ្ញុំ ដោយសារកន្លងមក យើងផ្សាយព័ត៌មានចំៗពីស្ថានភាពប្រទេសកម្ពុជា​»

អ្នកនាំពាក្យសាលាឧទ្ធរណ៍ លោក ទូច ថារិទ្ធិ ចាត់ទុការលើកឡើងរនេះ ថាជាការយល់ឃើញរបស់ពួកគាត់ ប៉ុន្តែលោកថា តុលាការគឺធ្វើទៅតាមនីតិវិធីច្បាប់។

ទាំង​សាលា​ដំបូងរាជ​ធានី​ភ្នំពេញ និង​សាលា​ឧទ្ធរណ៍ សុទ្ធ​តែ​សម្រេច​ច្រាន​ចោល​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​របស់​អតីត​អ្នក​សារព័ត៌មាន​វិទ្យុ​អាស៊ី​សេរី​ទាំង​ពីរ​រូប​នេះ បន្ទាប់​ពី​ពួកគេ​ត្រូវ​បាន​ចាប់​ខ្លួន​កាលពី​ពាក់​កណ្ដាល​ខែ​វិច្ឆិកា​ឆ្នាំ​មុន។

មន្រ្តីស៊ើបអង្កេតនៃសមាគមអាដហុក លោក ស៊ឹង សែនករុណា បង្ហាញការសោកស្ដាយ​ចំពោះ​សេចក្ដី​សម្រេច​បែប​នេះ​របស់​សាលាឧទ្ធរណ៍ ដោយថា តុលាការគួរតែធ្វើការពិចារណាចំពោះរឿងនេះឡើងវិញ។

លោកថា៖ «បើសិនជាតុលាការនៅតែលើកបញ្ហាហ្នឹង ដាក់បន្ទុកបែបហ្នឹង ខ្ញុំគិតថា វាបង្ហាញនូវភាពកម្សោយរបស់ប្រព័ន្ធច្បាប់ទៅវិញទេ។ បើសិនជាបុគ្គល ២ រូបមានការធានា អះអាងការដាក់លិខិតឆ្លង និងបានបញ្ជាក់ថា ពួកគាត់នឹងបន្តនីតិវិធីទៅតាមច្បាប់ ហើយសហការជាមួយអាជ្ញាធរ យើងឃើញថាហេតុផលនេះ យើងគួរតែទទួលបាន»

លោក អួន ឈិន និង​​លោក យាង សុជា​មេត្តា ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​កាល​ពី​ល្ងាច​ថ្ងៃ​ទី​១៤ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៧​កន្លង​មក ហើយ​ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ថា បាន​លួច​ផលិត​ព័ត៌មាន​ពី​ប្រទេស​កម្ពុជា​ទៅ​ឲ្យ​បរទេស ដែល​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សន្តិសុខ​ជាតិ។

អាជ្ញាធរ​កម្ពុជា​បាន​ចាប់​ខ្លួន​អ្នក​ទាំង​ពីរ​តែ​ជាង ២​ខែ​ប៉ុណ្ណោះ បន្ទាប់​ពី​វិទ្យុ​អាស៊ីសេរី បាន​ប្រកាស​បិទ​ការិយាល័យ​របស់​ខ្លួន​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ ក្រោយ​ពី​មាន​បញ្ហា​ប្រឈម​មួយ​ចំនួន​ជាមួយ​រដ្ឋាភិបាល៕

សរសេរមកកាន់ កញ្ញា ខាន់ លក្ខិណា តាមរយៈ leakhena@vodhotnews.com

What Next?

Recent Articles