ទណ្ឌិត ២២៨​នាក់ ស្នើសុំ​បន្ធូរបន្ថយ និង​លើកលែង​ទោស​ក្នុង​ឱកាស​បុណ្យ​ពិសាខ​បូជា

ដោយ ហេង សកល
2018-04-21
RFA

អ្នក​ទោស​នៅ​ពន្ធនាគារ​ព្រៃស ជាយ​រាជធានី​ភ្នំពេញ។ RFA
អ្នក​ទោស​នៅ​ពន្ធនាគារ​ព្រៃស ជាយ​រាជធានី​ភ្នំពេញ។ RFA


ក្រសួង​យុត្តិធម៌​នឹង​ពិនិត្យ​សំណើ​សុំ​បន្ធូរបន្ថយ និង​លើក​លែង​ទោស​ដល់​ទណ្ឌិត​ចំនួន ២២៨​នាក់ នៅ​ដើម​សប្តាហ៍​ក្រោយ​សម្រាប់​ឱកាស​ពិធី​បុណ្យ​ពិសាខ​បូជា។ ទណ្ឌិត​សរុប ២២៨​នាក់ ក្នុង​នោះ​មាន​ស្ត្រី ១៨​នាក់ កំពុង​ជាប់​ពន្ធនាគារ​ក្នុង​ខេត្ត​ក្រុង​ចំនួន ១៨ និង​មណ្ឌល​អប់រំ​កែ​ប្រែ​ចំនួន​៤ បាន​ស្នើសុំ​បន្ធូរ​បន្ថយ និង​លើក​លែង​ទោស។

កាល​ពី​ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ​កន្លង​ទៅ​ថ្មីៗ នេះ ក្រសួង​យុត្តិធម៌​បាន​បន្ធូរបន្ថយ និង​លើកលែង​ទោស​ដល់​ទណ្ឌិត​សរុប​ចំនួន ៥០​នាក់ ក្នុង​ចំណោម​ទណ្ឌិត​ដែល​បាន​ស្នើសុំ​ចំនួន ៣២១​នាក់។ ក៏​ប៉ុន្តែ​ទណ្ឌិត​ទាំង ៥០​នាក់ មិន​មាន​ក្រុម​អ្នក​ទោស​នយោបាយ និង​អ្នក​ទោស​មនសិការ​ដូចជា អ្នកស្រី ទេព វន្នី ឡើយ។

មន្រ្តី​សង្គម​ស៊ីវិល​បាន​រិះគន់​របប​លោក ហ៊ុន សែន ជា​ពិសេស​ករណី​មិន​ដោះ​លែង​អ្នកស្រី ទេព វន្នី ដែល​ជាប់​ពន្ធគានារ​អស់​រយៈ​ពេល​ពីរ​ភាគ​បី​នៃ​ទោស​ជាប់​ពន្ធនាគារ​របស់​អ្នកស្រី ដែល​មាន​រយៈ​ពីរ​ឆ្នាំ​កន្លះ។

ជា​គោលការណ៍​ច្បាប់ ទណ្ឌិត​ដែល​ស្នើសុំ​បន្ធូរ​បន្ថយ​ទោស ត្រូវ​អនុវត្ត​ទោស​ឱ្យ​បាន ១​ភាគ ៣ សិន។ ចំណែក​ឯ​ទណ្ឌិត​សុំ​លើក​លែង​ទោស ត្រូវ​អនុវត្ត​ទោស ២​ភាគ ៣ ហើយ​ទណ្ឌិត​អាច​ស្នើសុំ​បាន​ក្នុង​ពិធី​បុណ្យ​ប្រពៃណី​ជាតិ​ដូចជា ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ ពិធី​បុណ្យ​ពិសាខ​បូជា និង​ពិធី​បុណ្យ​អុំ​ទូក​បណ្ដែត​ប្រទីប សំពះ​ព្រះ​ខែ និង​អក​អំបុក។

របាយការណ៍​របស់​ក្រសួង​មហាផ្ទៃ​បាន​ឱ្យ​ដឹង​ថា ឆ្នាំ​២០១៧ កន្លង​ទៅ​នេះ ព្រះមហាក្សត្រ​បាន​បន្ធូរ​បន្ថយ និង​លើក​លែង​ទោស​ដល់​ទណ្ឌិត​សរុប​ចំនួន ១៥៧​នាក់ ក្នុង​នោះ ស្រី ២០​នាក់ ក្នុង​ពីធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ​ចំនួន ៧២​នាក់ ពិធី​បុណ្យ​ពិសាខ​បូជា​ចំនួន ៣៥​នាក់ និង​ពិធី​បុណ្យ​អុំ​ទូក​បណ្ដែត​ប្រទីប​សំពះ​ព្រះ​ខែ និង​អក​អំបុក ចំនួន ៥០​នាក់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles