អ្នក​ជំនាញ​បរិស្ថាន បារម្ភ​ពី​បញ្ហា​ភព​ផែន​ដី បង្ក​ឡើង​ពី​ការ​កាប់​ព្រៃ​ឈើ ប្រើប្រាស់​ថង់​ប្លាស្ទីក និង​ការ​បំពុល​ផ្សេងៗ

ដោយ ជាតិ ចំណាន
2018-04-21
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

គំនរ​សំរាម​ថង់​ប្លាស្ទីក និង​ប្រអប់​ស្នោ ដែល​អ្នក​ទេសចរ​បោះ​ចោល​នៅ​មាត់​ទន្លេ​ចតុមុខ ពេល​ទៅ​កម្សាន្ត​បុណ្យ​អុំទូក ថ្ងៃ​ទី​១៥ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ RFA
គំនរ​សំរាម​ថង់​ប្លាស្ទីក និង​ប្រអប់​ស្នោ ដែល​អ្នក​ទេសចរ​បោះ​ចោល​នៅ​មាត់​ទន្លេ​ចតុមុខ ពេល​ទៅ​កម្សាន្ត​បុណ្យ​អុំទូក ថ្ងៃ​ទី​១៥ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ RFA


អ្នកជំនាញផ្នែក​បរិស្ថាន ព្រួយបារម្ភ​អំពី​វិបត្តិ​របស់​ភព​ផែន​ដី ដែល​បង្ក​ឡើង​ដោយសារ​តែ​មិន​អាច​ទប់​ស្កាត់​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ កង្វះ​សមត្ថភាព​គ្រប់គ្រង​កាក​សំណល់ កំណើន​ប្រើប្រាស់​ថង់​ប្លាស្ទិក ព្រមទាំង​ការ​បំពុល​ទឹក និង​បរិយាកាស​តាម​រូបភាព​ផ្សេងៗ ជា​ដើម។ ការ​ព្រួយបារម្ភ​នេះ​ធ្វើ​ឡើង​ក្នុង​ឱកាស​ប្រារព្ធ​ទិវា​ពិភពលោក ស្តីពី​ភព​ផែន​ដី​លើក​ទី​៤៨ (World Earth Day) ដែល​ត្រូវ​នឹង​​ថ្ងៃ​ទី​២២ ខែ​មេសា ឆ្នាំ​២០១៨ ដើម្បីរំឭក​នឹក​គុណ​របស់​ភព​ផែន​ដី។

ទិវា​ភព​ផែន​ដី​ថ្ងៃ​ទី២២ ខែ​មេសា គឺ​មាន​គោលដៅ​សំខាន់​ដូច​គ្នា​នឹង​ទិវា​បរិស្ថាន​ពិភព​លោក ថ្ងៃ​ទី​៥ ខែ​មិថុនា​ដែរ គឺ​សំដៅ​ទប់​ស្កាត់ ការពារ និង​ថែរក្សា​បរិយាកាស​ធម្មជាតិ​របស់​ភព​ផែនដី​ពី​ការ​បំពុល​និង​បំផ្លាញ​តាម​រូបភាព​ផ្សេងៗ ដើម្បី​ទុក​ជា​ជម្រក​សុខសាន្ត​សម្រាប់​មនុស្ស​និងសត្វ​ផង​ទាំង​ឡាយ។

ប្រធាន​កម្មវិធី​បរិស្ថាន និង​កសិកម្ម នៃ​វេទិកា​អង្គការ​មិន​មែន​រដ្ឋាភិបាល​ស្តីពី​កម្ពុជា លោក ហ៊ុក ម៉េង ហ៊ន មាន​ប្រសាសន៍​ថា ទិវា​ភព​ផែន​ដី​នៅ​ឆ្នាំ​នេះ គឺ​នឹង​ប្រារព្ធ​ឡើង​ក្រោម​ប្រធាន​បទ​ស្តីពី​ការ​បញ្ចប់ ជាតិ​បំពុល​នៃ​ការ​ប្រើប្រាស់​ប្លាស្ទិក។ លោក ហ៊ុក ម៉េងហ៊ន មើល​ឃើញ​ថា ភព​ផែន​ដី​នៃ​ប្រទេស​កម្ពុជា កំពុង​តែ​ជួប​នៅ​បញ្ហា​ប្រឈម​ជា​ច្រើន ដូច​ជា ការ​ប្រែប្រួល​អាកាស​ធាតុ ការ​កើន​ឡើង​កម្តៅ ផែនដី ដែល​ទាមទារ​ឲ្យ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ពី​របប​លោក ហ៊ុន សែន និង​ការ​ចូលរួម​ពី​ប្រជា​ពលរដ្ឋ​គ្រប់​រូប។ លោក​បញ្ជាក់​ថា បញ្ហា​ទាំង​អស់​នេះ វា​បង្ក​ឡើង​ដោយសកម្មភាព​នានា របស់​មនុស្ស៖ «ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ គឺ​ភព​ផែន​ដី​យើង​នេះ មាន​ការ​ប្រែប្រួល ដែល​មាន​ន័យ​ថា តំបន់​មួយ​ចំនួន​ប្រឈម​គ្រោះ​រាំង​ស្ងួត គ្រោះ​ទឹក​ជំនន់ ការ​ហូរ​ច្រោះ ទាំង​ការ​បំពុល​ជា​ដើម។ ការ​បំពុល​បរិស្ថាន គឺ​មាន​ទាំង​សមុទ្រ ដី ហើយ​នឹង​ក្នុង​ទឹក ដូចជា រឿង​ថង់​ប្លាស្ទិក​ជាដើម។ យើង​ត្រូវ​តែ​ចូលរួម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ ដើម្បី​ផ្សព្វផ្សាយ​ចំណេះ​ដឹង ដើម្បី​លុប​បំបាត់​ការ​បំពុល​បរិស្ថាន ហើយ​នឹង​ការ​ប្រែប្រួល​អាកាស​ធាតុ ដើម្បី​ឲ្យ​បរិស្ថាន​កម្ពុជា និង​ពិភពលោក​ទាំង​មូល​មាន​ភាព​ល្អ​ប្រសើរ»

លោក ហ៊ុក ម៉េងហ៊ន ជំរុញ​ឲ្យ​រដ្ឋាភិបាល ​បង្កើត និង​អនុវត្ត​ច្បាប់​ស្ដីពី​ការ​ប្រើ​ប្លាស្ទិក ដើម្បី​កាត់​បន្ថយ​ការ​ផលិត​ប្លាស្ទិក ការ​ប្រើ​ថង់​ប្លាស្ទិក និង​ត្រូវ​កែច្នៃ​ថង់​ប្លាស្ទិក​ដែល​ប្រើ​រួច​ឡើង​វិញ។ បន្ថែម​ពី​លើ​នេះ រដ្ឋាភិបាល​ត្រូវ​តែ​ផ្សព្វផ្សាយ​ឲ្យ​ទូលំទូលាយ​អំពី​ផល​ប៉ះពាល់​នៃ​ថង់​ប្លាស្ទិក​ចំពោះ​បរិស្ថាន ការ​រស់នៅ​របស់​ប្រជា​ពលរដ្ឋ វិស័យ​ទេសចរណ៍ និង​សុខភាព​ដល់​ពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន«ក្នុង​នាម​អង្គការ​សង្គម​ស៊ីវិល ស្នើសុំ​ឲ្យ​ក្រសួង​បរិស្ថាន បន្ត​រៀបចំ​ទិវា​នេះ ជា​រៀង​រាល់​ឆ្នាំ ហើយ​និង​ផ្សព្វផ្សាយ​ការ​យល់​ដឹង​ឲ្យ​កាន់​តែ​មាន​រូបភាព​ទូលំទូលាយ​ដល់​ប្រជា​ពលរដ្ឋ​ទូទៅ ដើម្បី​ឲ្យ​ពួក​គាត់​យល់​ដឹង​ពី​របៀប​ទុក​ដាក់​កាក​សំណល់ និង​កាត់​បន្ថយ​ការ​ប្រើប្រាស់​ថង់​ប្លាស្ទិក។ ទន្ទឹម​គ្នា​នេះ អង្គការ​វេទិកា​មិន​មែន​រដ្ឋាភិបាល មាន​ផែនការ​យុទ្ធសាស្ត្រ និង​បេសកម្ម​របស់​ខ្លួន ក្នុង​ការ​អនុវត្ត និង​ការ​ចូលរួម​ចំណែក​ចំណុច​ចំនួន ៣​សំខាន់ៗ។ ទី១ គឺ​ចូលរួម​បង្កើត​គោល​នយោបាយ​ទាក់ទង​នឹង​បញ្ហា​បរិស្ថាន។ ទី២ ចូលរួម​តាម​ដាន និង​ត្រួត​ពិនិត្យ​ការ​អនុវត្ត​គោល​នយោបាយ និង​ទី៣ ពង្រីក​ការ​ផ្សព្វផ្សាយ​ដល់​សារធារណជន​ឲ្យ​ពួក​គាត់​បាន​យល់​ដឹង»

ថង់​ប្លាស្ទិក ជ័រ​ស្នោ កំប៉ុង​ជ័រ កំពុង​ក្លាយ​ជា​មធ្យោបាយ​មួយ​ប្រើប្រាស់​សម្រាប់​ខ្ចប់​ចំណី​អាហារ ឬ​របស់​ផ្សេងៗ បន្ទាប់​មក​ក៏​ក្លាយ​ជា​សំរាម​បាន​បន្សល់​ទុក​ស្ទើរ​គ្រប់​ទី​កន្លែង។ សម្ភារៈ​ជ័រ​នោះ​បង្ក​ការ​ខូច​ខាត​សោភណភាព​ទី​សាធារណៈ​នៅ​លើ​ដី តែ​បើ​វា​កប់​ក្នុង​ដី ឬ​ប្រឡាយ វា​មិន​ងាយ​​រលាយ​ឡើយ និង​បណ្ដាល​ឲ្យ​ស្ទះ​ផ្លូវ​ទឹក​ហូរ។ ប៉ុន្តែ​បើ​គេ​យក​វា​ទៅ​ដុត គឺ​ឧស្ម័ន​ហុយ​ចេញ​ពី​​ការ​ដុត​នោះ ធ្វើ​ឲ្យ​ស្រទាប់​អូហ្សូន​ធ្លុះធ្លាយ​នាំ​ឲ្យ​ផែនដី​ឡើង​កម្ដៅ។

តាម​ការ​បញ្ជាក់​ពី​មន្ត្រី​បរិស្ថាន​ និង​អ្នកស្រាវ​ជ្រាវ ដែល​បាន​ចូល​រួម​ក្នុង​សិក្ខា​សាលា​ពិគ្រោះ​យោបល់​អំពី​ការ​កាត់​បន្ថយ​ការ​ប្រើប្រាស់​ប្លាស្ទិក​កន្លង​មក បាន​ឲ្យ​ដឹង​ថា ប្រជា​ពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ បាន​ប្រើប្រាស់​ថង់​ផ្លាស្ទិក​មិន​តិច​ជាង ១០​លាន​ថង់​ទេ​ក្នុង​មួយ​ថ្ងៃៗ។ ចំនួន​នេះ គឺ​ច្រើន​ជាង​ការ​ប្រើ​ប្រាស់​នៅ​ក្នុង​បណ្តា​ប្រទេស​ក្នុង​តំបន់​អឺរ៉ុប និង​ប្រទេស​ចិន។ ការ​ប្រើ​ប្រាស់​ថង់​បា្លស្ទិក​អាច​បង្ក​ហានិភ័យ​ផ្នែក​បរិស្ថាន និង​ធ្វើ​ឲ្យ​ខូច​ដល់​សុខភាព​របស់​ប្រជា​ពល​រដ្ឋ​ក៏ដូច​ជា​សត្វ។ ជា​រៀង​រាល់​ឆ្នាំ​រដ្ឋាភិបាល​កម្ពុជា​បាន​ខាត​បង់​ថវិកា​អស់​រាប់​រយ​លាន​ដុល្លារ​ពី​កាក​សំណល់​ថង់​ប្លាស្ទិក​នេះ។

ស្ថាបនិក​សាលាដូង និង​ជា​សកម្មជន​បរិស្ថាន លោក អ៊ុក វណ្ណដេ ដែល​គេ​ស្គាល់​ថា ជា​មនុស្ស​សំរាម​នោះ និយាយ​ថា ដើម្បី​បញ្ចៀស​មហន្តរាយ​នៃ​ភព​ផែន​ដី​នោះ គឺ​ពលរដ្ឋ​មិន​ត្រូវ​ពឹង​ផ្អែក​តែ​លើ​រដ្ឋាភិបាល​នោះ​ទេ ពោល​គឺ​ប្រជា​ពលរដ្ឋ​អ្នក​ប្រើប្រាស់ រដ្ឋាភិបាល និង​វិស័យ​ឯកជន​ចាំបាច់​ត្រូវ តែ​មាន​ចំណេះ​ដឹង និង​ធ្វើ​ការ​រួម​គ្នា៖ «បើ​និយាយ​ពី​ការ​ចូលរួម​របស់​ប្រជាជន ឬ​រដ្ឋាភិបាល​នោះ គឺ​ត្រូវ​ការ​ចំណេះ​ដឹង ព្រោះ​ការ​ចូលរួម​ណា ដែល​ខ្វះ​ចំណេះ​ដឹង គឺ​នាំ​តែ​ខាត​ពេល​វេលា​នោះ​ទេ។ ជា​មតិ​យោបល់​ខ្ញុំ គឺ​សព្វថ្ងៃ​នេះ ខ្ញុំ​បាន​ប្រើប្រាស់​សំរាម​ជា​ច្រើន​ឲ្យ​ក្លាយ​ទៅ​ជា​ផ្ទះ ជា​សាលា​រៀន ក្លាយ​ជា​តំបន់​លេង​របស់​ក្មេង និង​ក្លាយ​ជា​រឿង​កសិកម្ម​ចិញ្ចឹម​មាន់​ជា​ដើម។ យើង​ត្រូវ​បង្រៀន​កុមារ​តូចៗ ឲ្យ​យល់​ដឹង​ពី​អត្ថប្រយោជន៍​របស់​សំរាម។ សំរាម​នេះ វា​មាន​ប្រយោជន៍​មែនទែន បើ​ប្រៀបធៀប​នឹង​មនុស្ស​មួយ​ចំនួន ដែល​បោះ​សំរាម​ចោល។ សំរាម​អាច​កែ​ឆ្នៃ​បាន​ច្រើន ប៉ុន្តែ​មនុស្ស​យើង​ខ្វះ​ចំណេះ​ដឹង​ក្នុង​ការ​កែ​ឆ្នៃ​សំរាម ឬ​ខ្វះ​សម្ភារៈ​ទំនើបៗ កែ​ឆ្នៃ​សំរាម​ឲ្យ​ទៅ​ជា​របស់​មាន​ប្រយោជន៍។ ទី​នេះ គឺ​ប្រទេស​កម្ពុជា ដែល​ប្រជា​ពលរដ្ឋ​ខ្វះ​ការ​យល់​ដឹង​ខ្លាំង​អំពី​បញ្ហា​ភព​ផែន​ដី។ ដូច្នេះ​គាត់​ថា រឿង​នេះ គឺ​ជា​រឿង​ធម្មតា»

ដើម្បី​ចូលរួម​ទិវា​ភព​ផែន​ដី​នេះ​ដែរ លោក អ៊ុក វណ្ណដេ បាន​ចំណាយ​ពេល​ជិះ​កង់​ចម្ងាយ​ជាង ១​ពាន់ ២​រយ​គីឡូម៉ែត្រ ឆ្លង​កាត់ ៧​ខេត្ត ដើម្បី​ផ្សព្វផ្សាយ និង​ជួយ​អប់រំ​ពលរដ្ឋ​តាម​ភូមិ​ស្រុក​នានា ឲ្យ​យល់​ដឹង​ពី​របៀប​ទុក​ដាក់​សំរាម និង​កែ​ឆ្នៃ​សំរាម ដូច​ជា សំបក​ដប និង​ប្លាស្ទិក​ផ្សេងៗ ឲ្យ​ក្លាយ​ជា​របស់​មាន​ប្រយោជន៍​សម្រាប់​ប្រើប្រាស់ និង​ចូលរួម​ការពារ​បរិស្ថាន និង​ភព​ផែន​ដី៖ «សម្រាប់​ឥឡូវ​នេះ យើង​នៅ​អាច​ទប់ទល់​បាន។ ប៉ុន្តែ​បើ​ប្រាំ​ឆ្នាំ​ទៀត យើង​សង្កេត​មើល​របៀប​ចាត់ចែង​របស់​រដ្ឋាភិបាល ឬ​គាត់​គ្មាន​កំណែ​ទម្រង់​ពិសេស​ណា​មួយ ហើយ​កំណែ​ទម្រង់​មាន​តែ​នៅ​លើ​ក្រដាស ហើយ​អត់​មាន​ការ​អនុវត្ត​នោះ គឺ​រយៈ​ពេល ៥​ឆ្នាំ​ក្រោយ វា​គឺ​ជា​រឿង​លំបាក​របស់​ប្រទេស​កម្ពុជា​ទាំង​មូល ដោយសារ​តែ​ប្រទេស​មាន​ការ​កាប់​ព្រៃ​ឈើ និង​ចោល​សំរាម​ផ្តេសផ្តាស់។ ហើយ​បើ​ប្រជា​ពលរដ្ឋ​អត់​ចូលរួម​ទៀត គឺ​រងគ្រោះ​កាន់​តែ​ធ្ងន់ធ្ងរ»

បន្ទាប់ពី​ការ​ប្រើប្រាស់​ប្លាស្ទិក​រាយប៉ាយ និង​ការ​បំពុល​ផ្សេងៗ ដូចជា រោងចក្រ​ឧស្សាហកម្ម និង​យានយន្ត​ជា​ដើម ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ឲ្យ​ទៅ​ជា​វាល​រហោឋាន ក៏​ជា​ប្រភព​ដ៏​ចម្បង​ដែរ ក្នុង​ការ​បញ្ចេញ​ឧស្ម័ន​កាបូនិក​ទៅ​ក្នុង​បរិយាកាស ដែល​បណ្តាល​ឲ្យ​អាកាសធាតុ​ប្រែប្រួល និង​ញ៉ាំង​ឲ្យ​ភព​ផែនដី​កាន់​តែ​មាន​កម្ដៅ​កើន​ឡើង។

ប្រធាន​អង្គការ​កិច្ចការ​ពិសេស​សិទ្ធិ​មនុស្ស​កម្ពុជា និង​ជា​សកម្មជន​បរិស្ថាន​ដ៏​ល្បី លោក អ៊ូច ឡេង មាន​ប្រសាសន៍​ថា ព្រៃ​ឈើ គឺ​ជា​ប្រភព​ដ៏​សំខាន់​ក្នុង​ការ​រក្សា​លំនឹង​ផែន​ដី និង​អាកាសធាតុ ដោយ​ស្រូប​យក​ឧស្ម័ន​ពុល​កាបូនិក​មិន​ឱ្យ​មាន​បរិមាណ​ច្រើន​ហួស​កម្រិត​ទៅ​ក្នុង​បរិយាកាស។ ប៉ុន្តែ លោក​សម្តែង​ការ​សោក​ស្តាយ​ដោយសារ​តែ​រដ្ឋាភិបាល បរាជ័យ​ក្នុង​ការ​ទប់ស្កាត់​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ៖ «យើង​មាន​ការ​ប្រែប្រួល​អាកាស​ធាតុ គ្រោះ​រាំង​ស្ងួត និង​គ្រោះ​ទឹក​ជំនន់ ហើយ​មាន​គ្រោះ​មហន្តរាយ​ដោយ​ធម្មជាតិ​ធ្ងន់ធ្ងរ​ច្រើន​យ៉ាង​ផ្សេងៗ ទៀត ឬ​ច្រើន​ជាង​កាល​ពី ១០​ទៅ ២០​ឆ្នាំ​មុន ដោយសារ​យើង​បាត់បង់​ព្រៃ​ឈើ បាត់បង់​ធនធាន​ធម្មជាតិ និង​ការ​រុក​រក​រ៉ែ។ ទន្ទឹម​គ្នា​នេះ យើង​ឃើញ​ហើយ​ទឹក​ស្ទឹង​មួយ​ចំនួន ត្រូវ​បាន​រីង​គោក ក៏​ដូច​ជា​ទឹក​ទន្លេ​មួយ​ចំនួន បាន​ស្រក ដែល​នាំ​ឲ្យ​ខ្វះ​ខាត​សម្រាប់​ប្រជា​ពលរដ្ឋ​ប្រើប្រាស់ ស្រោចស្រព​ផល​ដំណាំ​នៅ​ស្រែ​ចម្ការ​របស់​ពួក​គាត់»

លោក អ៊ូច ឡេង ហ៊ាន​អះអាង​ថា គម្រប​ព្រៃ​ឈើ​កម្ពុជា​បច្ចុប្បន្ន​នេះ គឺ​នៅ​សេសសល់​ចន្លោះ ២០​ភាគ​រយ​ប៉ុណ្ណោះ។ លោក​អំពាវនាវ​ឲ្យ​ភាគី​ពាក់ព័ន្ធ​ចូលរួម​ការពារ​ធនធាន​ធម្មជាតិ ជា​ពិសេស សហគម​អ៊ឺរ៉ុប ចិន និង​ជប៉ុន​ជាដើម ត្រូវ​តែ​បញ្ឈប់​ការ​ទិញ​ឈើ​ពី​ប្រទេស​វៀតណាម ដែល​ដឹក​ចេញ​ពី​ប្រទេស​កម្ពុជា។

ទិវា​ភព​ផែនដី (World Earth Day) គឺ​ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​មួយ ដែល​ផ្ដួចផ្ដើម​ឡើង​ដោយ​ព្រឹទ្ធ​សភា​សហរដ្ឋ​អាមេរិក គឺ​លោក ហ្កេយឡដ នែលសុន (Gaylord Nelson) នៃ​រដ្ឋWisconson នៅ​ថ្ងៃ​ទី ​២២ ខែ​មេសា ឆ្នាំ​១៩៧០ ដោយ​មាន​មហាជន​អាមេរិក​ប្រមាណ ២០​លាន​នាក់ ចូល​រួម​ដើរ​ក្បួន​នៅ​តាម​ទីក្រុង​នៃ​រដ្ឋ​នានា បង្ហាញ​អំពី​ការ​ព្រួយ​បារម្ភ​ចំពោះ​ការ​កើន​ឡើង​នៃ​វិបត្តិ​បរិស្ថាន និង​ទាមទារ​ឱ្យ​ដោះស្រាយ​នូវ​បញ្ហា​ជា​មូលដ្ឋាន រួម​មាន​ការ​បំពុល​ទឹក និង​ខ្យល់​អាកាស​ជាដើម។ បន្ទាប់​មក ​នៅ​ក្នុង​ឆ្នាំ​១៩៧១ អង្គការ​សហ​ប្រជាជាតិ​បាន​ផ្ដើម​ប្រារព្ធ​ទិវា​ភព​ផែនដី​ជា​លើក​ដំបូង ហើយ​នៅ​ឆ្នាំ​១៩៧២ កម្មវិធី​បរិស្ថាន​នៃ​អង្គការ​សហ​ប្រជាជាតិ ​ក៏​ត្រូវ​បាន​បង្កើត​ឡើង​ ដើម្បី​សហការ​ជាមួយ​រដ្ឋាភិបាល​ប្រទេស​នានា ដើម្បី​ត្រួត​ពិនិត្យ និង​អនុវត្ត​គោលការណ៍​ដោះស្រាយ​បញ្ហា​បរិស្ថាន​ថ្នាក់​ជាតិ និង​អន្តរជាតិ តាម​រយៈ​រូបភាព និង​សកម្មភាព​ផ្សេងៗ។

អ្នក​ជំនាញ​ផ្នែក​បរិស្ថាន លើក​ឡើង​ថា ការ​បញ្ជ្រាប​ឲ្យ​មនុស្ស​យល់​ដឹង អំពី​ផល​ប៉ះពាល់​នៃ​ជាតិ​ប្លាស្ទិក និង​ចេះ​ស្រលាញ់​ធម្មជាតិ គឺ​ជា​រឿង​សំខាន់​បំផុត។ បើ​មនុស្ស​ទាំង​អស់​ព្រម​បោះ​ចោល​គ្រឿង​ប្លាស្ទិក​ទៅ​ប្រើ​ប្រាស់​ស្លឹក​រុក្ខជាតិ ឬ​ក្រដាស​វេច​ខ្ចប់​សម្ភារៈ​នោះ គឺ​វា​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​អ្នក​ស្រែ​ចម្ការ​ដែល​ដាំ​ឈូក ដាំ​ចេក ទទួល​បាន​ចំណូល​ពី​ការ​លក់​ស្លឹក​វា ហើយ​បរិស្ថាន​ក៏​មិន​កខ្វក់​ដោយសារ​ប្លាស្ទិក​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles