ព្រះ​មហាក្សត្រ​ខ្មែរ​អំពាវនាវ​ឱ្យ​ព្រឹទ្ធសភា​ថ្មី​​ការពារ​យុត្តិធម៌​ ​គោរព​សិទ្ធិមនុស្ស​ ​និង​រដ្ឋធម្មនុញ្ញ​កម្ពុជា

នយោបាយ


ព្រះ​មហាក្សត្រ​ខ្មែរ​ ​ព្រះ​បាទ​ ​នរោត្តម សីហមុនី អានលិខិតមួយច្បាប់ ខណៈពេលដែលព្រះអង្គយាង​បើក​សម័យ​ប្រជុំ​លើកទី១​របស់​ព្រឹទ្ធ​សភា​ ​នីតិកាល​ទី៤ កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨។


23 មេសា 2018
កាន់ វិច្ឆិកា
វីអូអេខ្មែរ

ព្រះ​មហាក្សត្រ​កម្ពុជា ​មាន​ព្រះរាជ​បន្ទូល​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ជំរុញ​ឲ្យ​ព្រឹទ្ធសភា​នីតិកាល​ទី​៤​ ​ដែល​​​ដឹក​នាំ​ដោយ​ឯកបក្ស ធានា​ការ​គោរព​សិទ្ធិមនុស្ស​ ​និង​រដ្ឋ​ធម្មនុញ្ញ​នៅ​កម្ពុជា។

ព្រះ​មហាក្សត្រ​ខ្មែរ​ ​ព្រះករុណា​ព្រះ​បាទ​ នរោត្តម សីហមុនី​ ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​ ​មាន​ព្រះរាជឱង្ការ ​ជំរុញ​ឲ្យព្រឹទ្ធសភាក្នុង​នីតិកាល​ថ្មី ធានា​នូវ​ការ​ការពារ​យុត្តិធម៌​ ​គោរព​សិទ្ធិមនុស្ស​ ​និង​គោរព​រដ្ឋធម្មនុញ្ញ​កម្ពុជា​ ​ដើម្បី​បង្កើត​ភាព​សុខដុមរមនា​យូរ​អង្វែង​ក្នុង​សង្គម​និង​ជាតិ​ខ្មែរ។

​រាជឱង្ការ​បែប​នេះ​របស់​អង្គ​ព្រះ​មហា​ក្សត្រ​ធ្វើឡើង​ ក្នុង​ឱកាស​ដែល​ព្រះអង្គ​យាង​បើក​សម័យ​ប្រជុំ​លើកទី១​របស់​ព្រឹទ្ធ​សភា​ ​នីតិកាល​ទី៤​ ​បន្ទាប់​ពី​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ​ហ៊ុន សែន​ ​ប្រមូល​យក​កៅអី​ទាំងអស់​ក្នុង​ព្រឹទ្ធសភា​ ក្រោយ​ពី​ការ​បោះឆ្នោត​ព្រឹទ្ធសភា​នៅ​ខែ​កុម្ភៈ ដោយ​បាន​ប្រែក្លាយ​ស្ថាប័នជាតិ​កំពូល​មួយ​នេះ ​ជា​ព្រឹទ្ធសភាស្ទើរតែ​ឯក​បក្ស។

ព្រះ​មហាក្សត្រ​មាន​ព្រះ​រាជឱង្ការ​ថា​ ​នា​ពេល​បច្ចុប្បន្ន​ ​កំណែ​ទម្រង់​រដ្ឋ​ដ៏​ស៊ី​ជម្រៅ​ ​និង​ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​ ​តម្រូវ​ឲ្យ​មាន​ច្បាប់​ ​ព្រមទាំង​ការ​គោរព​ ​និង​ប្រតិបត្តិ​ច្បាប់​ឲ្យ​បាន​ល្អ​ប្រពៃ​ ​ដែល​ជា​គន្លឹះ​សំខាន់​សម្រាប់​ទ្រទ្រង់​ស្ថិរភាព​សង្គម​ ​សន្តិភាព​ ​ការ​អភិវឌ្ឍ​ ​និង​ការ​ថែរក្សា​ការពារ​ឯករាជ្យ​ ​និង​អធិបតេយ្យ​ភាពផ្សេងៗ។

ព្រះ​អង្គ​មាន​ព្រះ​រាជឱង្ការ​បន្ថែម​ថា​ ​ក្នុង​បរិបទ​នេះ​ ​ព្រឹទ្ធសភា​បាន​និង​កំពុង​រួម​ចំណែក​ជាមួយ​រដ្ឋសភា​ក្នុងការ​កសាង​ច្បាប់​ឲ្យ​បាន​កាន់​តែ​ល្អ​ប្រសើរ ដើម្បី​ឆ្លើយតប​ឲ្យ​បានទាន់​ពេល​វេលា​ទៅ​នឹង​តម្រូវ​ការ​រួម​របស់​ប្រជាពលរដ្ឋ​ ​និង​ជាតិទាំងមូល។​

ព្រះ​អង្គ ​ក៏​មាន​ព្រះ​រាជឱង្ការ​ ជំរុញ​ឲ្យ​ព្រឹទ្ធសភា​ត្រូវ​ការពារ​យុត្តិធម៌​ ​គោរព​សិទ្ធិមនុស្ស​ ​និង​គោរព​តាម​រដ្ឋ​ធម្មនុញ្ញ​របស់​កម្ពុជា​ ​ដើម្បី​ផ្ដល់​ភាព​កក់ក្ដៅ​ដល់​ប្រជាជាតិ​ដែល​ចង់​បាន​ព្រឹទ្ធសភាប្រកប​ដោយ​មនសិការទទួល​ខុសត្រូវ​ខ្ពស់។

ព្រះ​អង្គ​មាន​ព្រះ​រាជឱង្ការ​ថា៖

«ខ្ញុំ​សូម​សមាជិក​ ​សមាជិកា​ព្រឹទ្ធសភា​ខិតខំ​បំពេញ​ការងារ​ ថែរក្សា​វិន័យ​ ​គោរព​បទបញ្ជា​ ​និង​ក្រម​សីលធម៌​សមាជិក​ព្រឹទ្ធសភា​ឲ្យ​បាន​ខ្ពស់​ជាប់​ជានិច្ច​ ​ព្រមទាំង​គោរព​ដោយ​ត្រឹមត្រូវ​តាម​រដ្ឋ​ធម្មនុញ្ញ​ ច្បាប់​ជា​ធរមាន​របស់​រដ្ឋ ដើម្បី​បំពេញ​ និង​ផ្ដល់​ភាព​កក់ក្ដៅ​ដល់​ប្រជា​ជាតិ​យើង​ ​ដែល​ប្រាថ្នា​ចង់​បាន​ព្រឹទ្ធសភា​ប្រកប​ដោយ​មនសិការ​ទទួល​ខុស​ត្រូវ និង​មាន​ប្រសិទ្ធភាព​ខ្ពស់»។

ព្រះ​មហាក្សត្រ​ មាន​ព្រះ​រាជបន្ទូល​បន្ថែម​ថា​ ​ឈរ​លើ​ភាព​ជា​តំណាង​ផ្ទាល់​របស់​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ ព្រឹទ្ធសភា​ត្រូវ​ខិត​ខំ​រួមចំណែក​ជំរុញ​ឲ្យ​ការ​អនុវត្ត​គោល​នយោបាយ​វិមជ្ឈការ​ ​និង​វិសហមជ្ឈការនៅ​កម្ពុជា​ ​កាន់​តែ​មាន​សន្ទុះ​រីក​ចម្រើន​ថែមទៀត​ ​ដើម្បី​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាពលរដ្ឋ​ ​និង​ការ​គ្រប់​គ្រង​សេដ្ឋកិច្ចសង្គម​ ​វប្បធម៌​ ​ប្រព្រឹត្ត​ទៅ​ដោយ​សមធម៌​ ​មាន​តម្លាភាព​ ​និង​គណនេយ្យភាព​ក្នុង​ក្រប​ខណ្ឌ​អភិបាល​កិច្ច​ល្អ​ និង​នីតិរដ្ឋ​ពិត​ប្រាកដ។

លោក​ ​ម៉ម ប៊ុននាង​ ​អ្នក​នាំពាក្យ​ព្រឹទ្ធសភា​ ​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ ​ដោយ​បញ្ជាក់​ថា ​លោក​កំពុង​ជាប់​រវល់​នៅ​ព្រះបរមរាជវាំង។​

​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ​ព្រឹទ្ធសភា​កម្ពុជា​នីតិកាល​ទី​៤​ ​បាន​បើកសម័យ​ប្រជុំ​ពេញ​អង្គ​របស់​ខ្លួន​លើកទី១​ និង​ប្រកាស​ទទួល​យក​ពេញ​សិទ្ធិ​នូវ​សមាជិក​ ​ដែល​តែង​តាំង​ដោយ​ព្រះ​មហាក្សត្រ​ ​និង​រដ្ឋសភា​ជាតិ។

ដោយ​មិន​មាន​សំឡេង​ជំទាស់​ ​សមាជិក​ព្រឹទ្ធសភា​ទាំង​៦២​រូប​ ក៏​បាន​បោះឆ្នោត​ជ្រើស​តាំង​ ​លោក​ ​សាយ ឈុំ​ ​អនុ​ប្រធាន​គណបក្ស​កាន់​អំណាច​ ​ជា​ប្រធាន​ព្រឹទ្ធសភា​ លោក​ ​ណៃ ប៉េណា​ ​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ ជា​អនុ​ប្រធាន​ទី១​ ​និង​ ​លោក​ ​ទេព ងន ​មក​ពី​បក្ស​កាន់​អំណាច​ដដែល​ជា​អនុប្រធាន​ទី២។

ការ​បោះឆ្នោត​ព្រឹទ្ធសភា​ ​សម្រាប់​នីតិកាល​ទី​៤​ ​កាលពី​ខែ​កុម្ភៈ​ ​ឆ្នាំ​២០១៨​ ​បាន​ធ្វើ​ឡើង​ដោយ​គ្មាន​ការ​ចូល​រួម​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ ​ដែល​ជា​គូរ​ប្រជែង​ដ៏​សំខាន់​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កំពុង​កាន់​អំណាច។

​ជា​លទ្ធផល​ ​គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះ​ទាំងស្រុង​ ​ហើយ​នឹង​ទទួល​បាន​អាសនៈ​ទាំង​៥៨​ ក្នុង​ចំណោម​អាសនៈ​ទាំង​៦២​ នៃ​សមាជិក​ព្រឹទ្ធសភា​សរុប​ក្នុង​អាណត្តិ​ថ្មី​ ​ដែល​បាន​ដាក់​ឲ្យ​ប្រកួត​ប្រជែង។​ ​អាសនៈ៤​ទៀត​ ​ត្រូវ​បាន​តែង​តាំង​ដោយ​ព្រះ​មហាក្សត្រ​និង​រដ្ឋសភា។

លោក​ ​មាស នី​ ​អ្នក​សិក្សា​ពី​ការ​អភិវឌ្ឍ​សង្គម​ ​និង​ជា​អ្នកវិភាគ​នយោបាយ​ឯករាជ្យបដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​លើ​ព្រះ​រាជបន្ទូល​របស់​ព្រះ​មហាក្សត្រ។

​ទោះ​យ៉ាង​ណា​ លោក​ប្រាប់​ ​VOA​ នា​រសៀល​ថ្ងៃ​ចន្ទ​នេះ​ថា​ ​ព្រះ​រាជបន្ទូល​របស់​ព្រះ​មហាក្សត្រ​ ​ជា​ការ​ឆ្លុះ​បញ្ចាំង​ពី​ស្ថាន​ការណ៍​នយោបាយ​នៅកម្ពុជា។

លោក​មាន​ប្រសាសន៍​ថា៖

«ខ្ញុំ​គិត​ថា​ អ្វី​ដែល​ព្រះ​អង្គលើក​ឡើង​ ​បាន​ន័យ​ថា​ ព្រះ​អង្គ​បាន​ឈ្វេង​យល់​ ​ទៅ​លើ​ស្ថាន​ការណ៍​នយោបាយ​បច្ចុប្បន្ន​ ​ទោះបីជា​ព្រះអង្គ​មិន​ធ្លាប់​មាន​បញ្ចេញ​នូវ​ព្រះ​ឱង្ការ​យ៉ាង​ម៉េច​ក៏​ដោយ​ ​ប៉ុន្តែ​ខ្ញុំ​ជឿ​ថា ​អ្វី​ដែល​ព្រះ​អង្គ​លើក​ឡើង​ហ្នឹង​ ឆ្លុះ​បញ្ចាំង​ទៅ​លើ​ស្ថានការណ៍​វិវត្តន៍​នៃ​នយោបាយ​នៅ​ក្នុង​ប្រទេស​ខ្មែរ​ ​ជា​ពិសេស​ទាក់ទង​នឹងវិស័យ​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ»។

​កាលពី​ដើម​ខែ​កញ្ញា​កន្លង​ទៅ​ លោក​ ​កឹម សុខា​ ​មេដឹកនាំ​គណបក្ស​ប្រឆាំង ត្រូវ​បាន​ចាប់​យក​ទៅ​ឃុំក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុង ដោយ​រង​ការ​ចោទ​ពី​បទ​ក្បត់ជាតិ។

ក្រោយ​មក​ ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​មាន​អ្នក​បោះឆ្នោត​គាំទ្រ​ជាង​៤០​ភាគរយ​នៅ​ទូទាំង​ប្រទេស​ ​និង​មន្ត្រី​ជាន់ខ្ពស់​គណ​បក្ស​នេះ​ជាង​១០០​នាក់​ ​ត្រូវ​បាន​ព្យួរ​សិទ្ធិ​ធ្វើ​នយោបាយ​ម្នាក់ៗ​ចំនួន​៥​ឆ្នាំ​ ​ដោយ​តុលាការ​បាន​ចោទ​គណបក្ស​នេះ​ថា បាន​ឃុបឃិត​ជាមួយ​បរទេស​ ក្នុង​ការ​រៀប​គម្រោង​ផ្ដួល​រំលំ​រដ្ឋាភិបាល។

​ក្រោយ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ ​កៅអី​តំណាងរាស្ត្រ​រដ្ឋសភា​ចំនួន​៥៥​ ​និង​អាសនៈ​មន្ត្រី​ថ្នាក់​ឃុំ​សង្កាត់​របស់​គណបក្ស​នេះ​ចំនួន​ជាង​ ​៥ពាន់​ភាគ​ច្រើន ​ត្រូវ​ធ្លាក់​លើ​គណបក្ស​កាន់​អំណាច។​

​ក្រោយ​ការបោះឆ្នោត​ព្រឹទ្ធសភា​ដែលជាលទ្ធផល​គណបក្ស​ប្រជាជន​កម្ពុជា​ ​ក្លាយ​ជា​គណបក្ស​ដឹកនាំព្រឹទ្ធសភា​ដោយ​ឯក​បក្ស​ ​គេ​ឃើញ ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន ព្រមទាំង​សភា​អឺរ៉ុប​ផង បាន​លើក​ឡើង​ថា​ ​ការ​បោះឆ្នោត​នេះ​ ត្រូវ​បាន​ធ្វើ​ឡើង​តាម​របៀប​មួយ​ ​«ដែល​មិន​ស្រប​នឹង​ដំណើរការ​ ​និង​គោលការណ៍​ប្រជាធិបតេយ្យ»​ ​នោះ​ទេ។​

ក្នុង​នោះ​គេ​ឃើញ​ប្រទេស​ប្រជាធិបតេយ្យ​ធំៗ​មួយ​ចំនួន​ ដូច​ជា​សហរដ្ឋ​អាមេរិក​ ​និង​សហភាព​អឺរ៉ុប​ ​បាន​ប្រកាស​ដក​ខ្លួន​ឈប់​គាំទ្រ​ដំណើរ​ការ​បោះឆ្នោត​នៅ​កម្ពុជា។ សហរដ្ឋ​អាមេរិក​ក៏​បាន​ប្រកាស​ផ្ដាច់​ជំនួយ​អភិវឌ្ឍន៍​ជា​ច្រើន​មក​កម្ពុជា​ ​ដោយ​ថា​រដ្ឋាភិបាល​កម្ពុជា ​បាន​ធ្វើ​ឲ្យ​ខូច​ខាត​ដល់​លទ្ធិ​ប្រជាធិបតេយ្យ​ ​និង​មិន​អើពើ​ជុំវិញ​ការ​ទទូច​ឲ្យ​មាន​ការ​ស្ដារ​លទ្ធិ​ប្រជាធិបតេយ្យ​ឡើង​វិញ។

កម្ពុជា​ ក៏​គ្រោង​ធ្វើ​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ សម្រាប់​អាណត្តិ​ទី​៦ ​នៅ​ថ្ងៃ​ទី២៩ ​ខែ​កក្កដា​ខាង​មុខ។ ​ការ​បោះឆ្នោត​នេះ​ ​ត្រូវ​បាន​មតិ​អន្តរជាតិ​មើល​ឃើញ​ថា​ នឹង​មិន​ស្រប​តាម​គោល​ការណ៍​ប្រជាធិបតេយ្យ​ផង​ដែរ ​ប្រសិន​បក្ស​ប្រឆាំង​សង្គ្រោះ​ជាតិ​ មិន​បាន​ចូលរួម​នោះ៕

What Next?

Related Articles

3 Responses to "ព្រះ​មហាក្សត្រ​ខ្មែរ​អំពាវនាវ​ឱ្យ​ព្រឹទ្ធសភា​ថ្មី​​ការពារ​យុត្តិធម៌​ ​គោរព​សិទ្ធិមនុស្ស​ ​និង​រដ្ឋធម្មនុញ្ញ​កម្ពុជា"

  1. ?? says:

    for my understanding the new legislator is not going to make any deference . it is 100% still be the same because it came from the same communist party . again it will be the same old story that the world can tell it is not a Democracy nation. I understood that the king wanted to see a true Democracy but whit HUN SEN leadership I do not think it is going to be. in this critical time our king should standing firm in ordering the new leadership that will be elect in 2018 to obey the constitution of our country. I also understand that every country in the world if their nation obey constitution law and order those nation will be safe and going strong no one country can invade or look down on that nation. if HUN SEN still in powers I do not think it will be any deference at all instate Cambodia can be ending in the near future. GOD bless Cambodia and it’s people

  2. Sam says:

    Fat lady sang and Cambodia politics and future have been hung for dry. Another way, people, mind your own businesses and families. Don’t fight authority, you are all never going to win. Anyone can save money, not riel but euro dollars and gold, do your best, and prepare youself and your families for any turbulance down the roads. Cold war between China and US starts to ripple then things may have different in Cambodia. But it will take min 10 to up to 20 years to see the obvious signs.

  3. people says:

    Bravo’ the new legislators got from robber’ and perform by robbers ‘ and control by robbers ‘and all from robber’