“តុលាការ​ព្យាយាម​ចោទ​អតីត​សកម្មជន​បក្ស​ប្រឆាំង​ថា​ចូលរួម​ចលនា​សង្គម​ប្រឆាំង​របប​ក្រុងភ្នំពេញ”

ដោយ តាំង សារ៉ាដា
2018-04-24
RFA

សកម្មជន​នយោបាយ​បក្ស​ប្រឆាំង ត្រូវ​បាន​រថយន្ត​ពន្ធនាគារ​ដឹក​ចេញ​ពី​តុលាការ​កាល​ពី​ថ្ងៃ​ទី​២៥ ធ្នូ។ សកម្មជន​បក្ស​សង្គ្រោះជាតិ ៥​នាក់ ដែល​បាន​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ព្រៃស មាន​លោក មាជ សុវណ្ណារ៉ា ជាដើម ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ បើក​សវនាការ​សុំ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​តាម​សំណើ​មេធាវី​ជន​ជាប់​ចោទ។ Photo: RFA
សកម្មជន​នយោបាយ​បក្ស​ប្រឆាំង ត្រូវ​បាន​រថយន្ត​ពន្ធនាគារ​ដឹក​ចេញ​ពី​តុលាការ​កាល​ពី​ថ្ងៃ​ទី​២៥ ធ្នូ។ សកម្មជន​បក្ស​សង្គ្រោះជាតិ ៥​នាក់ ដែល​បាន​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ព្រៃស មាន​លោក មាជ សុវណ្ណារ៉ា ជាដើម ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ បើក​សវនាការ​សុំ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​តាម​សំណើ​មេធាវី​ជន​ជាប់​ចោទ។ Photo: RFA


មន្រ្តី​​សិទ្ធិ​មនុស្ស​ស្នើ​ចៅ​ក្រម​សាលា​ឧទ្ធរណ៍​ដោះលែង​អ្នកទោស​មនសិការ​ទាំង​ ១១រូប


សាលាឧទ្ធរណ៍ បាន​បន្ត​បើកសវនាការ​ពេញ​មួយថ្ងៃ​អង្គារ​នេះ លើ​សំណុំរឿង​អតីត​សកម្មជន គណបក្សប្រឆាំង​១១​រូប ដែល​ជាប់​ពន្ធនាគារ​ជាង​ពីរ​ឆ្នាំ ក្រោម​បទ​រំដោះ​ទីលាន​ប្រជាធិបតេយ្យ កាល​ពី​ពាក់​កណ្ដាល​ខែ​កក្កដា ឆ្នាំ​២០១៤។ អ្នកឃ្លាំមើល​សវនាការ​ប្រាប់​ថា តុលាការ​របប​ក្រុងភ្នំពេញ នៅតែ​ព្យាយាម​ដាក់​បន្ទុក និង​ចោទ​អតីត​សកម្មជន​គណបក្ស​សង្គ្រោះជាតិ​ថា មាន​ចេតនា​បង្កើត ចលនា​សង្គម ដើម្បី​ប្រឆាំង​នឹង​របប​ក្រុងភ្នំពេញ។

អ្នកចូលរួម​ឃ្លាំមើល​សវនាការ​កាត់ទោស​អតីត​សកម្មជន​គណបក្ស​សង្គ្រោះជាតិ ទាំង​១១​រូប ឲ្យ​ដឹង​ថា សវនាការ​នេះ ធ្វើ​ឡើង ៣​ថ្ងៃ​ជាប់​គ្នា ពី​ថ្ងៃ​ទី​២៣ ដល់​ថ្ងៃ​ទី​២៥ មេសា។ ក្នុង​សវនាការ​ទាំង​បី​ថ្ងៃ​នេះ ពួកគេ​ប្រាប់​ថា តុលាការ​ក្នុង​របប​លោក ហ៊ុន សែន បាន​ព្យាយាម​ដាក់​បន្ទុក និង​ចោទ​ប្រកាន់​ថា អតីត​សកម្មជន​គណបក្សប្រឆាំង​ទាំងនោះ ជា​អ្នកចូលរួម​ចលនា​សង្គម ក្នុង​បំណង​ផ្ដួលរលំ ឬ​ប្រឆាំង​របប​ក្រុងភ្នំពេញ។

សមាជិក​ប្រតិបត្តិ​គណបក្ស​សង្គ្រោះជាតិ​ខណ្ឌ​ច្បារអំពៅ លោក ម៉ៅ សារិទ្ធិ ដែល​បាន​ចូលរួម​ស្ដាប់​សវនាការ​នៅ​សាលាឧទ្ធរណ៍ ឲ្យ​ដឹង​ថា សវនាការ​នោះ​មាន​លក្ខណៈ​រឹតត្បិត​ខ្លាំង ដោយសារ​មន្ត្រី​នៅ​សាលា​ឧទ្ធរណ៍​ហាម​មិន​ឲ្យ​អ្នកសារព័ត៌មាន​ចូលរួម​ឃ្លាំមើល និង​ដកហូត ទូរស័ព្ទ​របស់​អ្នកឃ្លាំមើល​សវនាការ​ថែមទៀត។ លោក ម៉ៅ សារិទ្ធិ បន្ដ​ថា កាលពី​សវនាការ​ថ្ងៃ​ទី​២៣ មេសា ចៅក្រម​បាន​សួរនាំ​ដេញដោល និង​ដាក់​បន្ទុក​ខ្លាំង​ទៅលើ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ទាំង​១១​នាក់។ លោក ថា ចៅក្រម ដាក់​គំនាប​ថា អតីត​សកម្មជន​បក្ស​ប្រឆាំង​ទាំងនេះ​បាន​ចូលរួម​ក្នុង​ចលនា​សង្គម។ «»

អតីត​សកម្មជន​បក្ស​ប្រឆាំង​​ទាំង ១១​នាក់ ដែល​សាលាឧទ្ធរណ៍​លើក​យក​ចោទសួរ​ក្នុង​សវនាការ​រយៈពេល​៣​ថ្ងៃនេះ រួមមាន លោក មាជ សុវណ្ណារ៉ា លោក អ៊ុក ពេជ្រសំណាង លោក សាន សីហៈ លោក ឃិន ជំរឿន លោក អឿ ណារិទ្ធ និង​មនុស្ស​មួយ​ចំនួន​ទៀត។

ពួកគេ​ត្រូវ​បាន​របប​ក្រុងភ្នំពេញ​ឃុំខ្លួន អស់​រយៈពេល​ជាង ៣​ឆ្នាំ​មក​ហើយ ពី​បទ​ប្រព្រឹត្តិ អំពើ​ហិង្សា​លើ​ក្រុម​សន្តិសុខ​ខណ្ឌ​ដូនពេញ នៅ​ម្ដុំ​ស្ពាន​នាគ​ក្បែរ​វត្តភ្នំ កាល​ពី​ពាក់​កណ្ដាល​ខែ​កក្កដា ឆ្នាំ​២០១៤។

ទោះជា​យ៉ាងណា​ក្រុម​អ្នក​ទោស​មនសិការ​ទាំង​នោះ អះអាង​ថា ពួកគេ​គ្មាន​កំហុស ដូច​ការ ចោទ​ប្រកាន់​របស់​តុលាការ​ក្នុង​របប​ក្រុងភ្នំពេញ​នោះ​ឡើយ។

អ្នកទោស​មនសិការ ដែល​កំពុង​ជាប់​ឃុំឃាំង​ក្នុង​ពន្ធនាគារ​ព្រៃស បាន​អំពាវនាវ​ដល់​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះជាតិ ប្រញាប់​ចូល​តុ​ចរចា​គ្នា ហើយ​កុំ​យក​ពួកគេ​ជា​ចំណាប់ខ្មាំង​នៃ​នយោបាយ។ ពួកគេ​ជំរុញ​ឲ្យ​គណបក្ស​នយោបាយ​ធំៗ​ទាំងពីរ​ប្រញាប់​ស្វែងរក​ដំណោះស្រាយ​នយោបាយ​ឲ្យ​បាន​ឆាប់ ដើម្បី​អាច​ឲ្យ​ពួកគេ​មាន​សេរីភាព​ជួបជុំ​ក្រុម​គ្រួសារ​ឡើង​វិញ។

ក្រុម​អ្នកទោស​មនសិការ ធ្លាប់​លើកឡើង​ថា ការ​បន្ត​ឃុំខ្លួន​ពួកគេ ដើម្បី​ជា​ថ្នូរ​នឹង​ចំណាប់ខ្មាំង​នយោបាយ​បែបនេះ គឺជា​រឿង​អយុត្តិធម៌​បំផុត​សម្រាប់​ពួកគេ និង​ក្រុម​គ្រួសារ។ មេដឹកនាំ​របប​ឯក​បក្ស លោក ហ៊ុន សែន ធ្លាប់​បាន​ប្រកាស​ជាច្រើនលើក​ច្រើនដង​ថា អ្នកទោស​មនសិការ​ទាំង​នោះ នឹង​មិន​ត្រូវ​បាន​ដោះលែង​ឲ្យ​ចេញ​ពី​ពន្ធនាគារ ដោយសារ​តែ​លោក​មិន​ពេញ​ចិត្តនឹង​ទង្វើ​របស់​មេ​ដឹកនាំ គណបក្ស​ប្រឆាំង។

មន្ត្រី​អង្កេត​ជាន់ខ្ពស់​នៃ​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ (Licadho) លោក អំ សំអាត ដែល​បាន​ចូលរួម​ឃ្លាំមើល​សវនាការ​កាត់ទោស អតីត​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​១១​រូប​ដែរ​នោះ ពន្យល់​ថា​តាម​ផ្លូវ​ច្បាប់​សាលាឧទ្ធរណ៍​គ្មាន​សិទ្ធិ​បន្ថែម​ទោស​លើ​បណ្ដឹង​របស់​ជន​ដែល​កើតទុក្ខ​មិន​សុខចិត្ត​ពី​សាលាដំបូង​មក​ឧទ្ធរណ៍​ទេ។

លោក បន្ដថា នៅ​ក្នុង​សវនាការ​នោះ ដើម​ចោទ​មិន​បាន​ស្គាល់​មនុស្ស​ទាំង​១១​នាក់ ថា​ជា​នរណា​នោះ​ទេ ដោយ​ដើមចោទ ប្រាប់​ចៅក្រម​ថា នៅ​ពេល​ដែល​គាត់​រង​របួស មាន​មនុស្ស​យក​ពាក្យ​បណ្ដឹង​មក​ឲ្យ​គាត់​ផ្ដិតមេដៃ ដើម្បី​ប្ដឹង​ជន​ដែល​បាន​វាយ​រូប​គាត់។

ក្នុង​ពាក្យបណ្ដឹង​របស់​ដើមចោទ បាន​ប្ដឹង​តំណាងរាស្ត្រ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ៧​រូប និង​អតីត​សកម្មជន​ម្នាក់ ឈ្មោះ ឃិន ជំរឿន។ «»

ទោះជា​យ៉ាងណាក៏ដោយ​សង្គម​ស៊ីវិល​បាន​ស្នើ​ឲ្យ​ចៅក្រម​ពិចារណា​អង្គហេតុ​ឲ្យ​បាន​ម៉ត់ចត់ មុននឹង​សម្រេច​ចោទប្រកាន់​អតីត​សកម្មជន​ទាំង​១១​នាក់ ជា​បន្ត​ទៀត ព្រោះ​សង្គម​ស៊ីវិល​មិន​ចង់​ឃើញ​ជន ដែល​បង្ក​ហិង្សា​ពិតប្រាកដ​បាន​រួចខ្លួន ហើយ​បន្ត​ឃុំខ្លួន​ជន​ស្លូត​ត្រង់​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles