បក្ស​សង្គ្រោះជាតិ​ប្រចាំ​ទ្វីប​អឺរ៉ុប​ធ្វើ​សមាជ​ដោះដូរ​ក្បាល​ម៉ាស៊ីន​ទំនាក់ទំនង​នៅ​ខែ​ក្រោយ

ដោយ តាំង សារ៉ាដា
2018-04-24
RFA

និមិត្ត​សញ្ញា​គណបក្ស​សង្គ្រោះជាតិ (screenshot)

និមិត្ត​សញ្ញា​គណបក្ស​សង្គ្រោះជាតិ (screenshot)


គណបក្ស​សង្គ្រោះជាតិ​ប្រចាំ​ទ្វីប​អឺរ៉ុប នឹង​ធ្វើ​សមាជ​លើក​ទីបី របស់​ខ្លួន​ក្នុង​ទីក្រុង​ទូលូស៍ (Toulouse) ប្រទេស​បារាំង រយៈពេល​ពីរ​ថ្ងៃ ពី​ថ្ងៃ​ទី​០៥ ដល់​ថ្ងៃ​ទី​០៦ ខែ​ឧសភា ឆ្នាំ​២០១៨ ខាងមុខ។ ក្រុម​អ្នក​រៀបចំ​ធ្វើ​សមាជ​នេះ​ឲ្យ​ដឹង​ថា សមាជ​នេះ​នឹង​មាន​ការបោះឆ្នោត​ជ្រើសរើស​ប្រធាន​ការិយាល័យ​ទំនាក់ទំនង​របស់​គណបក្ស​សង្គ្រោះជាតិ​ទូទាំង​អឺរ៉ុប។

គណបក្ស​សង្គ្រោះជាតិ​ប្រចាំ ទ្វីប​អឺរ៉ុប​ធ្វើ​សមាជ​រយៈពេល​២​ឆ្នាំ​ម្ដង ដើម្បី​ដោះដូរ​ក្បាលម៉ាស៊ីន​ខាង​ផ្នែក​ទំនាក់ទំនង​របស់​គណបក្សប្រឆាំង​មួយ​នេះ។

កាលពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៧ កន្លង​ទៅ របប​ក្រុងភ្នំពេញ​បាន​រំលាយ​គណបក្ស​សង្គ្រោះជាតិ ចេញ​ពី​បញ្ជី​នយោបាយ ក្រោយពី​គណបក្សប្រឆាំង​ដ៏​ធំ​មួយ​នេះ​បាន​ឈ្នះ​អាសនៈ​ជាច្រើន ក្នុង​ការ​បោះឆ្នោត ក្រុម​ប្រឹក្សាឃុំ​-​សង្កាត់ កាលពី​ខែ​មិថុនា ឆ្នាំ​២០១៧។ ក្រុម​អ្នកឃ្លាំមើល​ស្ថានការណ៍​នយោបាយ និយាយ​ថា ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ដោយសារ​របប​លោក ហ៊ុន សែន ខ្លាច​ចាញ់​ការ​បោះឆ្នោត ជាតិ​នា​ខែ​កក្កដា ខាងមុខ។

ប្រធាន​ការិយាល័យ​ផ្នែក​ទំនាក់ទំនង​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ទ្វីប​អឺរ៉ុប លោក ថៃ មករា បាន​ប្រាប់​អាស៊ីសេរី​ថា ទោះបីជា​របប​លោក ហ៊ុន សែន រំលាយ​គណបក្ស​សង្គ្រោះជាតិ ហើយ​ព្យាយាម​ធ្វើ​ទុក្ខបុកម្នេញ​ដល់​ក្រុម​មន្ត្រី​របស់​គណបក្សប្រឆាំង​មួយ​នេះ​យ៉ាងណាក៏ដោយ ក៏​ស្មារតី​តស៊ូ​ដើម្បី​ប្រជាធិបតេយ្យ​ពិតប្រាកដ​របស់​បក្ស​នេះ​នៅតែ​រឹងមាំ​ដដែល៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles