អាមេរិក​​ប្រកាស​​បន្ត​​អនុគ្រោះ​​ពន្ធ​​នាំចូល​​ទំនិញ​​ពី​​កម្ពុជា​​រហូតដ​ល់​​ចុង​ឆ្នាំ២​០២០​

ដោយ វណ្ណ សុគន្ធា
24/04/2018
RFI

media
អាមេរិកប្រកាសបន្តអនុគ្រោះពន្ធនាំចូលទំនិញពីកម្ពុជារហូតដល់ចុងឆ្នាំ២០២០
@Ministry of Commerce’s Facebook


រដ្ឋាភិបាល​អាមេរិក បានប្រកាស​បន្ត​ផ្តល់​ការអនុគ្រោះ​ពន្ធ​នាំចូល​ទំនិញ​ទូទៅ(GSP)ពី​ប្រទេស​កម្ពុជា​រយៈពេល៣ឆ្នាំ​ទៀត ។ ការប្រកាស​បន្ត​ផ្តល់​ការអនុគ្រោះ​ពន្ធ​នេះ ធ្វើឡើង​ក្រោយពី​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​របស់​អាមេរិក​សម្រាប់​កម្ពុជា​បាន​អស់​សុពលភាព​កាលពី​ចុងឆ្នាំ២០១៧កន្លងទៅ។ ការបន្ត​អនុគ្រោះ​ពន្ធ​នេះ មាន​សុពលភាព​ចាប់ពី​ថ្ងៃទី១ មករា​ឆ្នាំ២០១៨នេះ រហូតដល់​ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០។

អង្គភាព​គយ និង​ការពារ​ព្រំដែន​អាមេរិក បាន​អះអាង​ឲ្យ​ដឹងថា​ច្បាប់​អនុញ្ញាត​ឲ្យ​បន្ត​សុពលភាព​នៃ​ការអនុគ្រោះ​ពន្ធ(GSP)នាំចូល​ទំនិញ​ជាថ្មី​នេះ ត្រូវបាន​លោក​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ចុះហត្ថលេខា​កាលពី​ថ្ងៃទី២៣ មីនា ឆ្នាំ២០១៨ ហើយ​វា​បាន​ចូល​ជា​ធរមាន​កាលពី​ថ្ងៃទី២២ មេសា។ តាម​អង្គភាព​គយ និង​ការពារ​ព្រំដែន​អាមេរិក ការបន្ត​អនុគ្រោះ​ពន្ធ​នេះ​ធ្វើ​ប្រតិសកម្ម​ពីថ្ងៃ​ទី១ ខែមករា ឆ្នាំ២០១៨ រហូតដល់​ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ បានសេចក្តីថា កម្ពុជា​អាច​បន្ត​នាំ​ទំនិញ​ចូលទៅ​អាមេរិក​ដោយ​មិនត្រូវ​បង់ពន្ធ​បាន៣ឆ្នាំ​ទៀត។

ចំពោះ​រឿងនេះ ក្រសួងពាណិជ្ជកម្ម​កម្ពុ​ជា​ក៏បាន​ធ្វើ​សេចក្តីជូនដំណឹង​មួយ​ទៅកាន់​ពាណិជ្ជករ​ដែល​នាំ​ផលិតផល​ចូលទៅ​កាន់​សហរដ្ឋអាមេរិក​ពី​កម្ពុជា​ផងដែរ។ ក្រៅពី​ជូនដំណឹង ក្រសួងពាណិជ្ជកម្ម​កម្ពុ​ជា​ក៏បាន​ណែនាំ​ដល់​ពាណិជ្ជករ​ដែល​នាំ​ទំនិញ​ទៅ​អាមេរិក​ចាប់ពី​ថ្ងៃទី១ មករា ឆ្នាំ២០១៨អាច​ស្នើសុំ​ដក​ប្រាក់​ពន្ធ​ដែល​បាន​បង់​រួចមក​វិញ​បាន​តាម​ការជូនដំណឹង​របស់​តំណាង​ពាណិជ្ជកម្ម​អាមេរិក ព្រោះ​ការបន្ត​អនុគ្រោះ​ពន្ធ​នេះ​ចាប់​អនុវត្ត​ពីថ្ងៃ​ទី១ មករា ឆ្នាំ២០១។ ជាមួយគ្នានេះ ក្រសួងពាណិជ្ជកម្ម​ក៏បាន​ជំរុញ​ឲ្យ​ពាណិជ្ជករ​ទាំងអស់​ចាត់​ចែង និង​រៀបចំ​ដាក់ពាក្យ​ស្នើសុំ​ដក​ប្រាក់​ពន្ធ​វិញ​ឲ្យ​បាន​មុន​ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១។

សូមបញ្ជាក់ថា ការនាំចេញ​ទំនិញ​ពី​កម្ពុជា​ទៅកាន់​សហរដ្ឋអាមេរិក​កាលពី​ឆ្នាំ២០១៧មានតម្លៃ​ទឹកប្រាក់​ជាង៣ពាន់​លាន​ដុល្លារ​អាមេរិក បាន​កើនឡើង ៨,៨៨ភាគរយ បើ​ប្រៀបធៀប​នឹង​ឆ្នាំ២០១។ នេះ​បើតាម​ទិន្នន័យ​របស់​ក្រសួងពាណិជ្ជកម្ម។ ទំនិញ​ដែល​នាំ​ចេញពី​កម្ពុជា​ទៅ​ទីផ្សារ​អាមេរិក​ភាគច្រើន​ជា​ផលិតផល​វាយ​ន​ភណ្ឌ​កាត់ដេរ និង​ស្បែកជើង ព្រមទាំង​ប្រភេទ​ទំនិញ​កាបូបយួរ​សម្រាប់​អ្នកដំណើរ។ ទំនិញ​កាបូបយួរ​សម្រាប់​អ្នកដំណើរ​នេះ ត្រូវបាន​អាមេរិក​ផ្តល់​ការអនុគ្រោះ​ពន្ធ​ទាំងស្រុង​កាលពី​ឆ្នាំ២០១៧ ដែល​វា​ជា​ផ្នែក​មួយ​ជំរុញ​ឲ្យ​ការនាំចេញ​របស់​កម្ពុជា​ទៅ​អាមេរិក​មាន​សន្ទុះ​កើនឡើង។

កន្លងមក​រដ្ឋាភិបាល​អាមេរិក​ធ្លាប់បាន​សន្យាថា នឹង​ផ្តល់​ឲ្យ​ប្រទេស​អភិវឌ្ឍន៍​តិចតួច​ដែល​រួមទាំង​កម្ពុជា​ផង នូវ​ការអនុគ្រោះ​ពន្ធ​នាំចូល​ទៅកាន់​ទីផ្សារ​សហ​រដ្ឋ​អាមេរិក​ឲ្យ​បាន​យ៉ាងតិច ៩៧ភាគរយ ក្នុង​លក្ខខណ្ឌ​ពន្ធគយ​សេរី-កូតា​សេរី (GSP-DFQF) របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក។ ក៏ប៉ុន្តែ​គិត​មកដល់ពេលនេះ សហរដ្ឋអាមេរិក​បាន​ផ្តល់នូវ​ការអនុគ្រោះ​ពន្ធ​ដល់​កម្ពុជា​ត្រឹមតែ៨២,៦ភាគរយ​តែប៉ុណ្ណោះ៕

What Next?

Recent Articles