“បស្ចិម​ប្រទេស​ស្ទាក់ស្ទើរ​លុប​​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​របស់​កម្ពុជា​ទោះ​មាន​សំណើ​ដាក់​ទណ្ឌកម្ម”

ដោយ មាន ឫទ្ធិ
2018-04-25
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប លោក ច្សច អេដហ្គា (George EDGAR) [រូប​ពី​ស្ដាំ​] និង​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា លោក វីល្លៀម ហៃដ្ដ៍ (William A. Heidt) [ឆ្វេង] ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​កាសែត​ក្រោយ​ជំនួប​ជាមួយ គ.ជ.ប នៅ​ថ្ងៃ​ទី​៣១ ខែ​ឧសភា ឆ្នាំ​២០១៧។ Photo: RFA
ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប លោក ច្សច អេដហ្គា (George EDGAR) [រូប​ពី​ស្ដាំ​] និង​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា លោក វីល្លៀម ហៃដ្ដ៍ (William A. Heidt) [ឆ្វេង] ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​កាសែត​ក្រោយ​ជំនួប​ជាមួយ គ.ជ.ប នៅ​ថ្ងៃ​ទី​៣១ ខែ​ឧសភា ឆ្នាំ​២០១៧។ Photo: RFA


អ្នកវិភាគ​នយោបាយ មើល​ឃើញ​ថា សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប ប្រយ័ត្ន​ប្រយែង​ក្នុង​ការ​ដាក់​ចេញ​នូវ​គំនាប​សេដ្ឋកិច្ច​ដល់​កម្ពុ​ជា នៅមុន​ការ​បោះឆ្នោត​ជាតិ​នេះ ដោយសារតែ​ប្រទេស​ទាំង​នេះ មិន​ចង់​ឃើញ​គំនាប​នេះ រង​ផល​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​ទូទៅ។

អ្នក​សិក្សា​ស្រាវជ្រាវ​បញ្ហា​សង្គម និង​វិភាគ​នយោបាយ លោក​បណ្ឌិត មាស នី មើល​ឃើញ​ថា ទោះបី​សហគមន៍​អន្តរជាតិ​មិនទាន់​ចាត់​វិធានការ​ប្រឆាំង​របប​ក្រុងភ្នំពេញ​នៅ​ពេល​នេះ ក៏ដោយ ប៉ុន្តែ​លទ្ធផល​នៃ​ការបោះឆ្នោត​នៅ​ពេល​ខាងមុខ ពិសេស​ពេល​គ្មាន​ការចូលរួម​ពី​បក្ស​ប្រឆាំង នឹង​បណ្ដាល​ឲ្យ​សហគមន៍​អន្តរជាតិ​ផ្លាស់ប្ដូរ​ចិត្ត។ លោក​បន្ត​ថា បច្ចុប្បន្ន​អាមេរិក និង​អឺរ៉ុប​មិនទាន់​ធ្វើ​ចំណាត់​ការ​ណាមួយ​មក​លើ​កម្ពុជា ដោយសារតែ​ក្តី​បារម្ភ​ពី​វិបត្តិ​របស់​ពលរដ្ឋ​ស្លូតត្រង់​ខ្មែរ៖ «នៅ​ក្នុង​ពួក​បស្ចិម​ប្រទេស​ហ្នឹង គេ​មាន​បទពិសោធន៍​ពី​មុនៗ គឺថា ការ​ធ្វើ​គំនាប​ណាមួយ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​របស់​ពលរដ្ឋ​នៅ​ក្នុង​ប្រទេស​ហ្នឹង ដែល​ធ្វើ​ឲ្យ​ស្ថានភាព​ក្រីក្រ​វិល​មកវិញ នោះ​ការ​ស្តារ​នូវ​លទ្ធិប្រជាធិបតេយ្យ​នឹង​មិន​ងាយ​ទាញ​មកវិញ​បាន​ឡើយ។ អ៊ីចឹង​បានជា​ការយល់ឃើញ​របស់​ខ្ញុំ និង​ស្ដាប់​ពី​មន្ត្រី​ទូត​បរទេស​ខ្លះ​ក៏​គេ​គិត​អ៊ីចឹង​ដែរ គឺថា បើសិនជា​ការ​ធ្វើ​ការសម្រេច​ចិត្ត​ណាមួយ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ របស់​ពលរដ្ឋ​ម្នាក់ៗ​ធ្វើ​ឲ្យ​ពលរដ្ឋ​ក្រ​វិញ គឺ​ម្នាក់ៗ​គិតតែ​រឿង​ក្រពះ​វិញ»

របាយការណ៍​វិភាគ​របស់​អង្គភាព​ស្រាវជ្រាវ និង​វិភាគ​ព័ត៌មាន​ហិរញ្ញវត្ថុ BMI Research របស់​ក្រុមហ៊ុន Fitch Group ដកស្រង់​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​រ៉យទ័រ (Reuters) លើកឡើង​ថា សហភាព​អឺរ៉ុប និង​សហរដ្ឋអាមេរិក ទំនងជា​នឹង​មិន​លុបចោល​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ សម្រាប់​វិស័យ​នាំចេញ​សំលៀកបំពាក់​របស់​កម្ពុជា​នោះ​ទេ។ របាយការណ៍​គូស​បញ្ជាក់​ថា សហភាព​អឺរ៉ុប និង​សហរដ្ឋអាមេរិក ទំនងជា​អល់អែក​ក្នុង​ការ​លុបចោល​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម​សម្រាប់​វិស័យ​ឧស្សាហកម្ម​កាត់ដេរ។

សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប កន្លង​មក​ធ្លាប់​បាន​ព្រមាន​ពី​ការ​ឈាន​ទៅ​រក​ការលុបចោល​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម​នេះ ដែល​ជា​ផ្នែក​មួយ​នៃ​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​របស់​ខ្លួន ក្រោយ​របប​លោក ហ៊ុន សែន បានសម្រេច​រម្លាយ​ប្រជាធិបតេយ្យ តាមរយៈ​ការ​កម្ទេច​គណបក្ស​សង្គ្រោះ​ជាតិ ក្រុម​អ្នកនយោបាយ​ប្រឆាំង ការ​បំបិទ​អង្គការ​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ព្រមទាំង​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​បញ្ចេញមតិ នៅ​មុន​ការ​បោះឆ្នោត​ជាតិ ថ្ងៃ​ទី​២៩ កក្កដា ខាងមុខនេះ។

ទោះជា​យ៉ាងណាក៏ដោយ ការព្រមាន​នេះ ក៏​នៅ​មិនទាន់​អនុវត្ត​ជាក់លាក់​នៅឡើយ ដោយ​កន្លង​មក​នេះ ទាំង​សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប គ្រាន់តែ​ដាក់​ចេញ​នូវ​ការ​រឹតត្បិត​មិន​ផ្ដល់​ទិដ្ឋាការ​ដល់​មន្ត្រី​ជាន់ខ្ពស់​ក្នុង​របប​លោក ហ៊ុន សែន និង​ក្រុម​គ្រួសារ​ពួកគេ មិន​ឲ្យ​ធ្វើដំណើរ​មកកាន់​ទឹកដី​របស់​ខ្លួន ព្រមទាំង​លុបចោល​នូវ​ការ​ផ្តល់​ជំនួយ​ដល់​ស្ថាប័ន​រៀបចំ​ការបោះឆ្នោត និង​ជំនួយ​អភិវឌ្ឍន៍​នានា​ដល់​កម្ពុជា។

ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ ដដែល ក៏​បាន​ដកស្រង់​ប្រសាសន៍​អ្នកវិភាគ​ជាន់ខ្ពស់​នៃ​អង្គភាព BMI Research គឺ​លោក រ៉ាហ្វាអែល ម៉ុក (Raphael Mok) ដែល​លោក​អះអាង​ថា នៅ​ក្នុង​ដំណាក់កាល​នេះ វា​ទំនង​ដូចជា​ថា សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប កំពុង​អត់ធ្មត់ ដោយ​មិន​ឈាន​ទៅ​រក​ការ​ដាក់​នូវ​ចំណាត់ការ​ទណ្ឌកម្ម​សេដ្ឋកិច្ច​បែបនេះ​ប្រឆាំង​នឹង​កម្ពុជា ក្នុង​ពេល​ដ៏​ខ្លី​ខាងមុខ​នេះ​ឡើយ។

អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ លោក អេង ឆៃអ៊ាង ថ្លែងប្រាប់​អាស៊ីសេរី កាលពី​ថ្ងៃ​ទី​២៤ មេសា ថា អ្វី​ដែល​សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប មិន​ទាន់​សម្រេចចិត្ត​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច ដោយ​លុបចោល​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ជាមួយ​កម្ពុជា​នៅ​ពេល​នេះ គឺ​ដោយសារតែ​ក្រុម​ប្រទេស​បស្ចិម​លោក​ទាំងនេះ ទុក​ឱកាស​ដើម្បី​ឲ្យ​របប​លោក ហ៊ុន សែន កែប្រែ​ស្ថានការណ៍​នយោបាយ​ឡើងវិញ តាមរយៈ​ការ​ដោះលែង​ប្រធាន​គណបក្ស​សង្គ្រោះជាតិ លោក កឹម សុខា ព្រមទាំង​អ្នកទោស​មនសិការ​ដទៃ​ទៀត និង​ការអនុញ្ញាត​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ អាច​ចូលរួម​ក្នុង​ការ​បោះឆ្នោត​ខាងមុខនេះ​បាន៖ «ព្រោះ​បើកាលណា​គេ​ផ្ដាច់​ភ្លាម បើ​មាន​ស្អី​ស្រាប់តែ​លោក ហ៊ុន សែន គាត់​ធ្វើ​មក ទាំងអស់​ហ្នឹង​ដើម្បី​ភ្ជាប់​ទំនាក់ទំនង​មកវិញ វា​ត្រូវ​ការ​ចំណាយ​ពេលវេលា​យូរ វា​រាប់​ឆ្នាំ វា​ឈាន​ដល់​ពីរ​ឆ្នាំ​អីចឹង។ អ៊ីចឹង​ហើយ វា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ​ខ្មែរ។ អ៊ីចឹង​ហើយ បានជា​គេ​គ្រាន់តែ​គំរាម​ព្រមាន។ ប៉ុន្តែ​បើ​ដល់​ដំណាក់កាល​ណាមួយ ដែល​លោក ហ៊ុន សែន នៅតែ​មិន​ឲ្យ​គណបក្ស​សង្គ្រោះជាតិ​ចូលរួម​ការបោះឆ្នោត​នា​ពេល​ខាងមុខនេះ ហើយ​នៅតែ​បំពាន​អ្វី​ដែល​ជា​វិធានការណ៍​របស់​គេ អា​ហ្នឹង គេ​ផ្ដាច់​ហើយ ព្រោះ​អាហ្នឹង​មួយ​ឆ្នាំ​គេ​ធ្វើ​ម្ដង គឺ​មិនមែន​ប្រាំ​ឆ្នាំ​គេ​ធ្វើ​ម្ដង​ឯណា»

ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ GSP ផ្ដល់​នូវ​ការ​មិន​យកពន្ធ​លើ​មុខទំនិញ​មួយ​ចំនួន សម្រាប់​ប្រទេស​ទទួល​បាន​អត្ថប្រយោជន៍ ដែល​ត្រូវ​បាន​កំណត់។ កម្មវិធី​នេះ ត្រូវ​បាន​អនុញ្ញាត​ឲ្យ​មាន​ឡើង​ដោយ​ច្បាប់​ស្ដីពី​ពាណិជ្ជកម្ម​របស់​អាមេរិក ឆ្នាំ​១៩៧៤ ក្នុង​គោលបំណង​ដើម្បី​លើកកម្ពស់​កំណើន​សេដ្ឋកិច្ច​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍។ កម្មវិធី​នេះ ត្រូវ​បាន​ដាក់​ឲ្យ​អនុវត្ត​ជា​លើកដំបូង​កាលពី​ថ្ងៃ​ទី​១ មករា ឆ្នាំ​១៩៧៦ ហើយក៏​ត្រូវ​បាន​ចុះហត្ថលេខា​បន្ត​សុពលភាព​រហូតដល់​ដំណាច់​ឆ្នាំ​២០២០ កាលពី​ថ្ងៃ​ទី​២៣ មីនា ឆ្នាំ​២០១៨ ក្រោម​អាណត្តិ​របស់​ប្រធានាធិបតី ដូណាល់ ត្រាំ។ ក្រោម​ប្រព័ន្ធ​នេះ មានមុខ​ទំនិញ​រហូត​ដល់ ៥​ពាន់​មុខ រួម​ទាំង​សំលៀកបំពាក់ នាំ​ចេញពី​ប្រទេស​កំពុង​អភិវឌ្ឍន៍​តិចតួច​បំផុត ដែល​ទទួល​បាន​អត្ថប្រយោជន៍ នឹង​ទទួល​បាន​នូវ​ការ​អនុគ្រោះ​មិន​យកពន្ធ។

ដើម្បី​ទទួល​បាន​នូវ​អត្ថប្រយោជន៍ GSP នេះ ប្រទេស​ទទួល​អត្ថប្រយោជន៍ ត្រូវ​បំពេញ​នូវ​លក្ខខណ្ឌ​តម្រូវ​មួយ​ចំនួន ដែល​ដាក់​ចេញ​ដោយ​រដ្ឋសភា​អាមេរិក ក្នុង​នោះ​រួមមាន ការ​ពង្រឹង​សេចក្ដី​បង្គាប់​របស់​ក្រុមប្រឹក្សា​អាជ្ញា​កណ្តាល ការ​មិន​រឹបអូស ឬ​ដកហូត​នូវ​ទ្រព្យសម្បត្តិ​របស់​ពលរដ្ឋ ឬ​ក្រុមហ៊ុន​សាជីវកម្ម​អាមេរិកាំង ដោយ​ពុំបាន​ផ្ដល់​សំណង​ណាមួយ ការ​ចាត់វិធានការ​ប្រកប​ដោយ​ប្រសិទ្ធភាព​ដើម្បី​គាំទ្រ​សិទ្ធិ​កម្មករ​និយោជិក​ដែល​ត្រូវ​បាន​ទទួលស្គាល់​ជា​អន្តរជាតិ ការ​អនុវត្ត​នូវ​ការ​ប្តេជ្ញាចិត្ត​ដើម្បី​លុបបំបាត់​ទម្រង់​អាក្រក់​បំផុត​នៃ​ពលកម្ម​កុមារ និង​ការ​ផ្តល់​ការពារ​សមស្រប និង​ប្រកប​ដោយ​ប្រសិទ្ធភាព​ចំពោះ​កម្មសិទ្ធិបញ្ញា។

កម្ពុជា​គឺជា​ដៃគូ​នាំចេញ​ទំនិញ​ធំ​បំផុត​ទី​៦៥ ទៅកាន់​អាមេរិក ដែល​មាន​តម្លៃ​ជួញដូរ​ពាណិជ្ជកម្ម​ទ្វេភាគី​សរុប ៣.២ ពាន់​លាន​ដុល្លារ​អាមេរិក ក្នុង​ឆ្នាំ​២០១៦ ក្នុង​នោះ កម្ពុជា​នាំចេញ​ទៅ​អាមេរិក តម្លៃ​សរុប ២.៨​ពាន់​លាន​ដុល្លារ​អាមេរិក ខណៈ​អាមេរិក​នាំ​ចេញទៅ​កម្ពុជា​តម្លៃ ៣៦១លាន​ដុល្លារ ។ មុខទំនិញ​សំខាន់ៗ​ដែល​អាមេរិក​នាំចូល​ពី​កម្ពុជា ក្នុង​ឆ្នាំ​២០១៦ រួមមាន សំលៀកបំពាក់ ស្បែកជើង ប្លាស្ទិក ផលិតផល​ធ្វើ​ពី​ស្បែក និង​ផលិតផល​កសិកម្ម។

ដោយឡែក​ជាមួយ​សហភាព​អឺរ៉ុប​វិញ កម្ពុជា​ក៏​ទទួល​បាន​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ GSP ក្រោម​កម្មវិធី អ្វីៗ​ទាំងអស់​លើកលែងតែ​អាវុធ (Everything But Arms) ដែល​អនុញ្ញាត​ឲ្យ​កម្ពុជា​នាំចេញ​ទំនិញ​ទាំងអស់ ដោយ​មិន​យកពន្ធ លើកលែងតែ​អាវុធ និង​គ្រាប់រំសេវ។ ក្នុង​ឆ្នាំ​២០១៧ កម្ពុជា​នាំចេញ​ទៅ​ទីផ្សារ​អឺរ៉ុប សរុប​តម្លៃ ៥​ពាន់​លាន (ប៊ីលាន​អឺរ៉ូ) ក្នុង​នោះ​វិស័យ​វាយនភណ្ឌ និង​សំលៀកបំពាក់​មាន​តម្លៃ ៣.៧៦ ពាន់​លាន (ប៊ីលាន​អឺរ៉ូ) ខណៈ​អឺរ៉ុប​នាំ​ចេញ​ទៅ​កម្ពុជា​វិញ តម្លៃ​សរុប​តែ ០.៩ពាន់​លាន (ប៊ីលាន​អឺរ៉ូ)

ប្រទេស​កម្ពុជា គឺជា​ភាគី​មួយ​នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ប្រចាំ​តំបន់​នានា ក្នុង​នោះ​រួមមាន កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​តំបន់​អាស៊ាន និង​កិច្ចព្រមព្រៀង​រវាង​អាស៊ាន ជាមួយ​អូស្ត្រាលី ណូវែលហ្សេឡង់ ឥណ្ឌា ជប៉ុន ចិន និង​កូរ៉េ។ បច្ចុប្បន្ន កម្ពុជា​កំពុង​ចូលរួម​ក្នុង​កិច្ច​ចរចា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​មួយ ឈ្មោះថា ភាពជា​ដៃគូ​វិស័យ​សេដ្ឋកិច្ច​ទូលំទូលាយ​ប្រចាំ​តំបន់ (Regional Comprehensive Economic Partnership-RCEP) ដែល​មាន​ប្រទេស​ចំនួន ១៦ ប្រទេស​ចូលរួម ក្នុង​នោះ​រួមមាន​ប្រទេស​អាស៊ាន​ទាំង​១០ អូស្ត្រាលី ចិន ណូវែលហ្សេឡង់ ឥណ្ឌា ជប៉ុន និង​កូរ៉េខាងត្បូង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

One Response to "“បស្ចិម​ប្រទេស​ស្ទាក់ស្ទើរ​លុប​​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​របស់​កម្ពុជា​ទោះ​មាន​សំណើ​ដាក់​ទណ្ឌកម្ម”"

  1. thean says:

    They accept our neighbor
    Communist Vietnam, Laos, China and military
    Thailand, Birman. Why create problem in Kampuchea?
    We are not on the Moon!