របាយការណ៍​ RSF៖ ការ​ស្អប់​សារព័ត៌មាន​លែង​កម្រិត​ត្រឹម​តែ​ប្រទេស​ផ្ដាច់​ការ​ទៀត​ហើយ

សិទ្ធិ​មនុស្ស



25 មេសា 2018
សាយ មុន្នី
វីអូអេខ្មែរ

សន្ទស្សន៍​ស្ដីពី​សេរីភាព​សារព័ត៌មាន​លើ​ពិភពលោក​ឆ្នាំ​២០១៨ ដែល​ចងក្រង​ដោយ​អង្គការ​សារព័ត៌មាន​ អ្នក​កាសែត​គ្មាន​ព្រំដែន ដែល​មាន​មូលដ្ឋាន​ក្នុង​ទីក្រុង​ប៉ារីស​ប្រទេស​បារាំង​នេះ បាន​រៀបរាប់​ថា មេដឹកនាំ​នយោបាយ​​កាន់តែ​ច្រើន​ឡើង បាន​លើកទឹកចិត្ត​ជា​សាធារណៈ​ឱ្យ​មាន​ការ​ស្អប់​ខ្ពើម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន។

ការ​ស្អប់​អ្នក​សារព័ត៌មាន លែង​ត្រូវ​បាន​កម្រិតនៅ​ត្រឹម​តែ​ប្រទេស​ដែល​មាន​មេដឹកនាំ​ផ្ដាច់​ការ​ហើយ ពោល​គឺ​សូម្បី​តែ​នៅ​ប្រទេស​ដែល​កាន់​លទ្ធិប្រជាធិបតេយ្យ​ខ្លះ​ទៀត​ រួម​ទាំង​សហរដ្ឋ​អាមេរិក​ផង ក៏​មាន​ការ​លើកទឹកចិត្ត​ឱ្យ​ស្អប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ដែរ។ នេះ​បើ​យោង​តាម​របាយការណ៍​ថ្មី​បំផុត​របស់​អង្គការ​អ្នក​កាសែត​គ្មាន​ព្រំដែន (Reporters Without Borders) ​ដែល ​បាន​ចេញ​ផ្សាយ​ នៅថ្ងៃ​ពុធ ទី​២៥ ខែ​មេសា​នេះ។

សន្ទស្សន៍​ស្ដីពី​សេរីភាព​សារព័ត៌មាន​លើ​ពិភពលោក​ឆ្នាំ​២០១៨ ដែល​ចងក្រង​ដោយ​អង្គការ​សារព័ត៌មាន​ អ្នក​កាសែត​គ្មាន​ព្រំដែន ដែល​មាន​មូលដ្ឋាន​ក្នុង​ទីក្រុង​ប៉ារីស​ប្រទេស​បារាំង​នេះ បាន​រៀបរាប់​ថា មេដឹកនាំ​នយោបាយកាន់តែ​ច្រើន​ឡើង បាន​លើកទឹកចិត្ត​ជា​សាធារណៈ​ឱ្យ​មាន​ការ​ស្អប់​ខ្ពើម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន។

ការ​ប្រឹងប្រែង​របស់​មេដឹកនាំ​ទាំង​នៅ​ក្នុង​ប្រទេស​ផ្ដាច់ការ​ទាំង​ក្នុង​ប្រទេស​កាន់​លទ្ធិប្រជាធិបតេយ្យ​ ដើម្បី​ធ្វើ​ឱ្យ​មាន​ភាព​ជា​សត្រូវ​ចំពោះ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នេះ បាន​បង្ក​ការ​គំរាមកំហែង​ដល់​លទ្ធិ​ប្រជាធិបតេយ្យ។ នេះ​បើ​យោង​តាម​របាយការណ៍​ដដែល​នេះ។

របាយការណ៍​ដែលបាន​ដាក់​ពិន្ទុ​ឱ្យ​ប្រទេស​ចំនួន​១៨០​ អាស្រ័យ​ទៅ​លើ​កម្រិត​សេរីភាព​របស់អ្នក​កាសែត​នៅ​ក្នុង​ប្រទេស​នីមួយៗ​នោះ បាន​សរសេរ​ថា ការ​លើក​ទឹក​ចិត្ត​ឱ្យស្អប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​នេះ ត្រូវ​បានមេដឹកនាំ​នយោបាយ​ប្រើប្រាស់​ តាម​រូបភាព​ចោទប្រកាន់​អ្នកកាសែត​ពី​បទ​ភេរវកម្ម ​ហើយអ្នក​កាសែតដែល​មិន​បង្ហាញ​ភក្ដីភាព​ចំពោះ​ពួកគេ នឹង​ត្រូវ​បាន​ចាប់​ដាក់​ពន្ធនាគារ​តាម​អំពើ​ចិត្ត​ជាដើម។

របាយការណ៍​នេះ បាន​និយាយ​ចំ​ឈ្មោះ​ប្រទេសដែល​លើកទឹកចិត្ត​ឱ្យ​ស្អប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​នេះ ដូចជា​តួកកី និង​អេហ្ស៊ីប ហើយ​និង​សហរដ្ឋ​អាមេរិកផង​ដែរ ដោយចាត់​ទុក​ថា មេដឹកនាំ​ប្រទេស​ទាំង​នេះ លែង​ចាត់​ទុក​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថា​ជា​ផ្នែក​ដ៏​សំខាន់​មួយ​នៃ​លទ្ធិប្រជាធិបតេយ្យ​តទៅទៀត​ហើយ។

របាយការណ៍​ដដែល បាន​ដាក់​ពិន្ទុ​សហរដ្ឋ​អាមេរិក ក្រោម​ការដឹកនាំ​របស់​ប្រធានាធិបតី​ លោក ដូណាល់​ ត្រាំ ស្ថិត​នៅ​លំដាប់​លេខ​រៀង​ទី​៤៥ គឺ​ធ្លាក់​ចុះ​ពីរ​លេខ ​ធៀប​នឹង​ឆ្នាំ​មុន។

​អង្គការ​អ្នក​កាសែត​គ្មាន​ព្រំដែន​នេះ ក៏​បាន​ចាត់​ទុក​លោក​ប្រធានាធិបតី​អាមេរិក​ថា​ជា​អ្នក​ចូលចិត្ត​វាយប្រហារ​ប្រព័ន្ធ​ផ្សព្វផ្សាយ ដោយ​លោក​បាន​ហៅ​អ្នក​កាសែត​ថា​ជា​«‍សត្រូវ​របស់​ប្រជាជន»​ ជា​ពាក្យពេចន៍ ដែល​អតីត​មេដឹកនាំ​សហភាព​សូវៀត​គឺ​លោក​ Joseph Stalin ធ្លាប់​បាន​ប្រើ។

ក្រៅ​ពី​ប្រទេស​ទាំង​នេះ ប្រទេស​នៅ​តំបន់​អាស៊ី​មួយ​ចំនួន​ទៀត​ ដូច​ជា​កម្ពុជា និង​វៀតណាម​ជា​ដើម ក៏​បាន​យក​គំរូ​តាម​បែបបទ​ប្រទេស​ចិន ដែល​នៅ​ទី​នោះ ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ត្រូវ​បាន​គ្រប់គ្រង​ដោយ​រដ្ឋ។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​អង្គការ​អ្នក​កាសែត​គ្មាន​ព្រំដែន។

នៅ​ប្រទេស​ហ្វីលីពីន ​ប្រធានាធិបតី​លោក Rodrigo Duterte មិន​ត្រឹម​តែ​ជេរប្រទេច​អ្នក​កាសែត​ជា​ប្រចាំ​ប៉ុណ្ណោះ​ទេ គឺ​លោក​ថែម​ទាំង​បាន​គំរាម​អ្នក​កាសែត​ថែម​ទៀត​ថា «‍ពួកគេ មិន​ត្រូវ​បាន​លើកលែង​ពី​ការ​ធ្វើ​ឃាត​នោះ​ទេ»។

លោក Christophe Deloire ​ដែល​ជា​អ្នក​កាសែត​បារាំង​និង​ជា​អគ្គលេខាធិការ​នៃ​អង្គការ​អ្នក​កាសែត​គ្មាន​ព្រំដែន​ បាន​មាន​ប្រសាសន៍​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​អម​នឹង​របាយការណ៍​ថ្មី​នេះ​ថា «‍ការ​បណ្តោយ​ឱ្យ​មាន​ការ​ស្អប់​អ្នកកាសែត គឺ​ជា​ការ​គំរាមកំហែង​ដ៏​អាក្រក់អាក្រី​បំផុត​មួយ​ចំពោះ​លទ្ធិប្រជាធិបតេយ្យ»។

លោក​បន្ថែម​ទៀត​ថា៖ «‍មេដឹកនាំ​នយោបាយ​ដែល​បញ្ឆេះ​ឱ្យ​មាន​ការ​ស្អប់អ្នកកាសែត​ ត្រូវ​ទទួល​ខុសត្រូវ​យ៉ាង​ធំធេង ដោយសារ​ការ​ធ្វើ​បែប​នេះ ធ្វើ​ឱ្យ​ខ្សោយ​ដល់​ផ្នត់​គំនិត​នៃ​ការ​ជជែក​ដេញដោល​ជា​សាធារណៈ​ដែល​ផ្អែក​លើ​ការ​ពិត ជាជាង​ការ​ឃោសនា»។​

ក្នុង​ចំណោម​ប្រទេស​ទាំង​១៨០ ដែល​ត្រូវ​បាន​ធ្វើ​ការ​សិក្សា​អំពី​កម្រិត​សេរីភាព​របស់​អ្នក​កាសែត​នេះ ប្រទេស​ន័រវែស ឈរ​នៅ​លំដាប់​លេខ​រៀង​ទី​១​ខាង​សេរីភាព​សារព័ត៌មាន​ល្អ​ជាង​គេ។ ចំណែក ប្រទេស​ដែល​ស្ថិត​នៅ​បាត​តារាង​គឺ​ប្រទេស​កូរ៉េ​ខាង​ជើង ដែលបាន​ពិន្ទុ​ទាប​ជាង​គេ​ខាង​សេរីភាព​សារព័ត៌មាន​នេះ៕

What Next?

Recent Articles