សហជីព និង​គ្រូ​បង្រៀន សុំ​ឱ្យ​រដ្ឋាភិបាល​ដោះស្រាយ​វិបត្តិ​នយោបាយ ដើម្បី​ឱ្យ​ពលរដ្ឋ​ទទួល​បាន​សុខ​សន្តិភាព

ដោយ ហេង សកល
2018-04-25
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ ឬ​ហៅ​កាត់​ថា ស៊ីខាវឌូ (Ccawdu) លោក អាត់ ធន់ ផ្ដល់​បទ​សម្ភាសន៍​ដល់​អ្នក​កាសែត នា​ខាង​មុខ​ព្រះអង្គ​ដងកើ កាល​ពី​ថ្ងៃ​ទី​៧ ខែ​កុម្ភៈ ឆ្នាំ​២០១៤។ RFA/Den Ayuthyea
ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ ឬ​ហៅ​កាត់​ថា ស៊ីខាវឌូ (Ccawdu) លោក អាត់ ធន់ ផ្ដល់​បទ​សម្ភាសន៍​ដល់​អ្នក​កាសែត នា​ខាង​មុខ​ព្រះអង្គ​ដងកើ កាល​ពី​ថ្ងៃ​ទី​៧ ខែ​កុម្ភៈ ឆ្នាំ​២០១៤។ RFA/Den Ayuthyea


មេ​ដឹក​នាំ​សហជីព និង​គ្រូ​បង្រៀន​ឯករាជ្យ នឹង​ដឹក​នាំ​សមាជិក​ចូលរួម​ប្រារព្ធ​ទិវា​ពលកម្ម​អន្តជាតិ ១ ឧសភា ខួប​លើក​ទី​១៣២ នៅ​មុខ​រដ្ឋសភា នៅ​ថ្ងៃ​ទី​១ ឧសភា​ខាង​មុខ​នេះ ដើម្បី​ស្នើសុំ​ឱ្យ​រដ្ឋាភិបាល និង​រដ្ឋសភា​ដោះ​ស្រាយ​វិបត្តិ​នយោបាយ និង​បញ្ហា​ប្រឈម​របស់​ប្រជា​ពលរដ្ឋ។

ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន គ្រោង​នឹង​ដឹក​នាំ​មនុស្ស​ប្រមាណ​ជាង​ពីរ​ពាន់​នាក់ មក​ពី​ខាង​សហជីព​ការងារ​កម្ពុជា និង​តំណាង​របស់​ខ្លួន​ចំនួន​ប្រាំ​បី​វិស័យ រួម​មាន វិស័យ​កាត់ដេរ វិស័យ​សំណង់ វិស័យ​ឧស្សាហកម្ម វិស័យ​កសិកម្ម និង​វិស័យ​មួយ​ចំនួន​ទៀត។ លោក​បញ្ជាក់​ថា កម្មវិធី​នេះ​នឹង​ជួប​ជុំ​គ្នា​នៅ​សួន​ច្បារ​មុខ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា CDC (ស៊ីឌីស៊ី) នៅ​ខាង​កើត​វត្ត​ភ្នំ វេលា​ម៉ោង​ប្រាំ​ពីរ​ព្រឹក ហើយ​ចាប់​ផ្ដើម​ហែ​ក្បួន​នេះ​ទៅ​ប្រគល់​ញត្តិ​ជូន​រដ្ឋសភា ហើយ​ក៏​មាន​ការ​លើក​បដា​ស្នើសុំ​ឱ្យ​មាន​ការ​គោរព​ច្បាប់​ការងារ​ផង​ដែរ៖ «នៅ​ក្នុង​ញត្តិ ដែល​យើង​ត្រៀម​នេះ គឺ​ស្នើសុំ​ឱ្យ​ខាង​រដ្ឋាភិបាល​កំណត់​ការ​ផ្ដល់​​​ប្រាក់​ឈ្នួល​អប្បបរមា​ឱ្យ​បាន​គ្រប់​វិស័យ កុំ​ឱ្យ​តែ​មាន​វិស័យ​កាត់​ដេរ គឺ​ឱ្យ​មាន​វិស័យ​ផ្សេងៗ ផង ហើយ​ការ​កំណត់​ទៀត​សោត ត្រូវ​ឱ្យ​សមរម្យ​នឹង​តម្លៃ​ទីផ្សារ»

លោក​បន្ត​ថា​ លោក​បាន​ជូន​ដំណឹង​ទៅ​សាលា​រាជធានី​ភ្នំពេញ ស្ដីពី​ការ​ប្រារព្ធ​ពិធី​នេះ​ហើយ ប៉ុន្តែ​មិន​ទាន់​ទទួល​បាន​ចម្លើយ​តប​វិញ​នៅ​ឡើយ​ទេ។ លោក​ឱ្យ​ដឹង​បន្ត​ថា ក្នុង​ញត្តិ​ដែល​ក្រុម​សហជីព និង​ក្រុម​គ្រូ​បង្រៀន​យក​ទៅ​ដាក់​ជូន​រដ្ឋសភា​នេះ ក៏​ស្នើសុំ​ឱ្យ​មាន​ការ​ទម្លាក់​ចោទ​បទ​ចោទ​ប្រកាន់​នានា​មក​លើ​មេ​ដឹក​នាំ​សហជីព ដូចជា លោក ជា មុន្នី ហើយ​ព្រម​ទាំង​ឱ្យ​រដ្ឋសភា​ពិនិត្យ​ឡើង​វិញ​ជុំវិញ​ច្បាប់​ស្តីពី​សហជីព៖

«ពាក់ព័ន្ធ​នឹង​ការ​ពិនិត្យ​ឡើង​វិញ​ទៅ​លើ​ច្បាប់​សហជីព ដូចជា​ពាក់ព័ន្ធ​នឹង​សិទ្ធិ​សហជីព សិទ្ធិ​សហជីព​តំណាង​ឱ្យ​កម្មករ ហើយ​នឹង​សិទ្ធិ​សហជីព​នៅ​ក្នុង​ការ​ចរចា ឬ​ក៏​ការ​ដោះស្រាយ​បញ្ហា​ផ្សេងៗ រួម​ទាំង​សិទ្ធិ​ធ្វើ​កូដកម្ម។ល

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​២០ ខែ​មេសា កន្លង​ទៅ​នេះ បាន​ចេញ​សារាចរ​ណែនាំ ស្ដីពី​ការ​ចាត់តាំង​ខួប​អនុស្សាវរីយ៍​លើក​ទី​១៣២ នៃ​ទិវា​ពលកម្ម​អន្តរជាតិ​១ ឧសភា ក្រោម​ប្រធាន​បទ សន្តិភាព ស្ថិរភាព ដើម្បី​ការងារ និង​មុខ​របរ។ សារាចរ​នេះ​ក៏​បាន​ណែនាំ​ឱ្យ​ក្រសួង មន្ទីរ និង​គ្រឹះស្ថាន​ឯកជន ចង​បដា​ពាក្យ​ស្លោក គោរព​ច្បាប់​ការងារ និង​ច្បាប់​ស្ដីពី​សហជីព ដើម្បី​ធានា​សិទ្ធិ និង​ផល​ប្រយោជន៍​រួម​ដល់​កម្មករ​ជាដើម។

អតីត​សមាជិក គ..ប និង​ជា​ប្រធាន​សហភាព​សហជីព​កម្ពុជា​លោក រ៉ុង ឈុន វិញ បាន​ថ្លែង​ប្រាប់​អាស៊ី​សេរី​កាល​ពី​ថ្ងៃ​ទី​២៤ ខែ​មេសា​ថា លោក​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ដែល​ឆ្នាំ​នេះ លោក ហ៊ុន សែន បាន​ចេញ​សារាចរ​ណែនាំ​ឱ្យ​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ​១ ឧសភា ពីព្រោះ​រៀងរាល់​ឆ្នាំ លោក​មិន​ដែល​ចេញ​សេចក្ដីណែនាំ ហើយ​ក៏​មិន​បាន​ដាក់​ប្រធាន​បទ​ចង្អុល​បង្ហាញ​នោះ​ដែរ។ លោក​ឱ្យ​ដឹង​បន្ត​ថា ចំពោះ​ប្រធាន​បទ​របស់​លោក ហ៊ុន សែន ដាក់​ចេញ​ឆ្នាំ​នេះ​នឹង​គ្មាន​ប្រសិទ្ធភាព ប្រសិន​បើ​វិបត្តិ​នយោបាយ​មិន​ត្រូវ​បាន​ដោះ​ស្រាយ៖ «បើ​សិន​ជា​យើង​មិន​បាន​ដោះ​ស្រាយ​ពី​បញ្ហា​នយោបាយ​នៅ​កម្ពុជា​ទេ ហើយ​រដ្ឋាភិបាល​ចេះ​តែ​អំពាវនាវ​ម្ដង​ហើយ​ម្ដង​ទៀត​ឱ្យ​ការពារ​សន្តិភាព ស្ថិរភាព​សង្គម បើ​សិន​ជា​នយោបាយ​មិន​ត្រូវ​បាន​ដោះស្រាយ​ទេ ខ្ញុំ​គិត​ថា យើង​មិន​ទាន់​ទទួល​បាន​នៅ​សន្តិភាព​ទេ»

ជា​មួយ​គ្នា​នេះ​ដែរ លោក​ក៏​ស្នើសុំ​ឱ្យ​របប​ក្រុង​ភ្នំពេញ​ដោះលែង​ក្រុម​និយម​ប្រជាធិបតេយ្យ​រួម​មាន ប្រធាន​គណបក្ស​ប្រឆាំង ក្រុម​សង្គម​ស៊ីវិល បណ្ដាញ​សារព័ត៌មាន​ឯករាជ្យ និង​ក្រុម​ការពារ​បរិស្ថាន​ជា​ដើម៖ «សុំ​ឱ្យ​ខាង​តុលាការ ក៏​ដូចជា រាជ​រដ្ឋាភិបាល​លើក​លែង​ទោស​ដល់​លោក កឹម សុខា លើកលែង​ទោស​សកម្មជន​គណបក្ស​នយោបាយ ក៏​ដូចជា សកម្មជន​ដីធ្លី ជាពិសេស​អ្នក​សារព័ត៌មាន ដូចជា លោក អ៊ួន ឈិន ក្តី។ល។

មេ​ដឹក​នាំ​សហជីព និង​គ្រូ​បង្រៀន​ឯករាជ្យ​ស្នើសុំ​ឱ្យ​គណបក្ស​នយោបាយ​ធំៗ ទាំង​ពីរ​ចូល​តុ​ចរចារ​គ្នា ដើម្បី​ឱ្យ​មាន​ដំណើរ​ការ​បោះឆ្នោត​ខាង​មុខ​នេះ ប្រកប​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ដើម្បី​ឱ្យ​ពលរដ្ឋ​ទទួល​បាន​សុខ​សន្តិភាព ដូច​ដែល​ប្រធាន​បទ​លោក​នាយករដ្ឋមន្ត្រី​ដាក់​ចេញ សន្តិភាព ស្ថិរភាព ដើម្បី​ការងារ និង​មុខរបរ

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles