សំណុំ​រឿង​​សកម្មជន​បក្ស​ប្រឆាំង​១១​រូប​កាល​ពី​ឆ្នាំ​២០១៤​នឹង​ត្រូវ​ប្រកាស​សាលដីកា​នៅ​ខែ​ក្រោយ

ដោយ ម៉ៅ សុធានី
2018-04-25
RFA

សមត្ថកិច្ច​នាំ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជាប់​ឃុំ​ពាក់ព័ន្ធ​នឹង​ករណី​ហិង្សា​ក្បែរ​ទីលាន​ប្រជាធិបតេយ្យ កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០១៤ មក​ចូល​រួម​សវនាការ​សុំ​នៅ​ក្រៅ​ឃុំ​របស់​សាលាឧទ្ធរណ៍​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០១៦។ Photo provided
សមត្ថកិច្ច​នាំ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជាប់​ឃុំ​ពាក់ព័ន្ធ​នឹង​ករណី​ហិង្សា​ក្បែរ​ទីលាន​ប្រជាធិបតេយ្យ កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០១៤ មក​ចូល​រួម​សវនាការ​សុំ​នៅ​ក្រៅ​ឃុំ​របស់​សាលាឧទ្ធរណ៍​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០១៦។ Photo provided


សាលាឧទ្ធរណ៍​នឹង​ប្រកាស​សាលដីកា​អ្នកទោស​នយោបាយ​ទាំង ១១នាក់ នៅ​ខែ​ឧសភា


សាលាឧទ្ធរណ៍​នឹង​ប្រកាស​សាលដីកា អ្នក​និយម​ប្រជាធិបតេយ្យ និង​ជា​អតីត​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ១១​រូប នៅ​ថ្ងៃ​ទី​១០ ខែ​ឧសភា​ខាងមុខ។ ការ​ប្រកាស​ធ្វើឡើង ក្រោយ​សាលា​ឧទ្ធរណ៍​បាន​បើកសវនាការ​រឿង​ក្តី​នេះ​ចំនួន​៣​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​២៣ ដល់​២៥ ខែ​មេសា​នេះ។

លោក មេធាវី កែត ឃី ដែល​បាន​ចូលរួម​សវនាការ​សាលាឧទ្ធរណ៍ នៅ​ព្រឹក​ថ្ងៃ​ពុធ​ទី ២៥ ខែ​មេសា​នេះ ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ល្ងាច​ថ្ងៃ​ទី២៥ មេសា ថា ជនជាប់ចោទ​ទាំង​នេះ ត្រូវ​បាន​សាលាឧទ្ធរណ៍​អនុញ្ញាត ឲ្យ​ឡើង​និយាយ​រៀបរាប់​ពី​សកម្មភាព​របស់​ពួកគេ​នា​ពេល​នោះ និង​បាន​ចាក់​បញ្ចាំង​វីដេអូ​ឃ្លីប ពី​សកម្មភាព​របស់​ពួកគេ​តាំង​ពី​ដើម​ដល់​ចប់។ ក៏ប៉ុន្តែ​ចំពោះ​វីដេអូ​ឃ្លីប ពី​ខាងដើម​បណ្ដឹង​វិញ​ដែល​ជា​មន្ត្រី​សន្តិសុខ​ខណ្ឌ​ដូនពេញ គឺ​បាន​កាត់ត​ខ្លីៗ បង្ហាញ​ពី​សកម្មភាព ខ្លះៗ​តែប៉ុណ្ណោះ។

លោក​មេធាវី កែត ឃី បន្ត​ថា តំណាង​អយ្យការ​នៅតែ​ព្យាយាម​ធ្វើការ​ចោទប្រកាន់ និង​សំណូមពរ​ឲ្យ​សាលាឧទ្ធរណ៍​រក្សា​សាលក្រម​សម្រេច របស់​សាលាដំបូង​ទុក​ជា​បាន​ការ​ដដែល។ «»

សាលក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​ផ្ដន្ទាទោស​អ្នក​ទាំង​១១​នាក់ ឲ្យ​ជាប់ពន្ធនាគារ ក្នុង​ម្នាក់ៗ​ពី ៧​ឆ្នាំ​ដល់ ២០​ឆ្នាំ ពី​បទ​ចូលរួម និង​ដឹកនាំ​ធ្វើ​កុប្បកម្ម នៅ​ទីលាន​ប្រជាធិបតេយ្យ កាលពី​ថ្ងៃទី១៥ ខែ​កក្កដា ឆ្នាំ​២០១៤ កន្លង​មក​នេះ។ ទោះជា​យ៉ាង​នេះ​ក្តី លោក​មេធាវី កែត ឃី និង​មេធាវី​៣​រូប​ផ្សេងទៀត សង្ឃឹមថា សាលាឧទ្ធរណ៍​នឹង​ដោះលែង​ពួកគេ​ឲ្យ​មាន​សេរីភាព​ឡើងវិញ ដោយសារ​សកម្មជន​ទាំងនោះ​មិន​បាន​ប្រព្រឹត្ត​ដូច​ការចោទប្រកាន់​នោះ​ទេ។

ទណ្ឌិត​ទាំង ១១​នាក់​នោះ រួមមាន លោក មាជ សុវណ្ណារ៉ា លោក អឿ ណារិទ្ធ លោក ឃិន ជំរឿន និង​សកម្មជន​ផ្សេងៗ​ទៀត ត្រូវ​បាន​ចោទ​ប្រកាន់​ថា បាន​ដឹកនាំ និង​ចូលរួម​កុប្បកម្ម។ ថ្មីៗ​នេះ លោក ហ៊ុន សែន បាន​ប្រកាស​ថា អ្នកទោស​មនសិការ​ទាំងនោះ​កុំ​សង្ឃឹមថា រួច​ទោស​ឲ្យ​សោះ ពីព្រោះ​លោក​មិន​ពេញ​ចិត្តនឹង​មេដឹកនាំ​គណបក្សប្រឆាំង៕

What Next?

Recent Articles