អាមេរិក​បញ្ចេញ​របាយការណ៍​ស្តីពី​ការ​​រំលោភបំពាន​សិទ្ធិមនុស្ស​ទូទាំង​ពិភពលោក​រាប់​ទាំង​កម្ពុជា​ផង​ដែរ


and
ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ ក្រសួង​ការបរទេស​អាមេរិក​បាន​ចេញ​ផ្សាយ​របាយការណ៍​ប្រចាំ​ឆ្នាំ​របស់​ខ្លួន​ស្តីពី​សិទ្ធិមនុស្ស​ទូទាំង​ពិភពលោក ដែល​ក្នុង​នោះ​មាន​ការ​រៀបរាប់​អំពី​ការរំលោភ​បំពាន​សេរីភាព​នៃ​ការនិយាយ​ស្តី ការប្រមូលផ្តុំ ការបង្កើត​អង្គការ​វិជ្ជាជីវៈ និង ការរំលោភ​បំពាន​សេរីភាព​សារព័ត៌មាន​ដោយ​រដ្ឋាភិបាល​កម្ពុជា​ក្នុង​រយៈពេល​ ១ ​ឆ្នាំ​។

ក្នុង​ចំណោម​ការរំលោភ​បំពាន​ «​សិទ្ធិមនុស្ស​សំខាន់​បំផុត​» ​គឺ​ «​ការចាប់​ខ្លួន​ដោយ​មិន​យុត្តិធម៌​» ​ក្នុង​នោះ​រួម​មាន​ការចាប់​ខ្លួន​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​។

បន្ទាប់ពី​ការចាប់​ខ្លួន​លោក​ កឹម សុខា គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​គណបក្ស​ប្រឆាំង​ដ៏សំខាន់​ត្រូវ​បាន​រំលាយ ខណៈ​មាន​ក្តីបារម្ភ​យ៉ាង​ទូលំ​ទូលាយ​អំពី​ស្ថានភាព​ប្រជាធិបតេយ្យ​របស់​កម្ពុជា​។

របាយការណ៍​នេះ​បាន​លើក​ឡើង​ថា​៖ «​បន្ទាប់ពី​ការចាប់​ខ្លួន​លោក កឹម សុខា ស្ទើរ​រាល់​មេដឹកនាំ​ជាន់​ខ្ពស់​ទាំងអស់​របស់​គណបក្ស​សង្គ្រោះ​ជាតិ​បាន​រត់​ទៅ​លាក់ខ្លួន ឬ និរទេស​»​។

ក្រសួង​ការបរទេស​ក៏​បាន​កត់សម្គាល់​ផង​ដែរ​អំពី​ «​ការប្រើប្រាស់​ហិង្សា និង​ការដាក់​ពន្ធនាគារ​ទាំង​ជាក់ស្តែង​ និង​គំរាម​កំហែង​ដើម្បី​បំភិតបំភ័យ​គណបក្ស​ប្រឆាំង និង​សង្គម​ស៊ីវិល ព្រម​ទាំង​ដើម្បី​គាបសង្កត់​សំឡេង​ប្រឆាំង​»​។

របាយការណ៍​បាន​ចោទប្រកាន់​ស្ថាប័ន​តុលាការ​ថា​មាន​ភាពលម្អៀង​ខាង​នយោបាយ និង​ពុករលួយ​ដោយ​ថ្លែង​ថា​វា​ «​មិន​អាច​ធានា​នូវ​ដំណើរការ​ត្រឹម​ត្រូវ​បាន​»​។

របាយការណ៍​ដដែល​ក៏​បាន​អះអាង​ផង​ដែរ​ថា​កម្ពុជា​មាន​ការ​ឆែកឆេរ និង​រឹបអូស​ដោយ​មិន​មាន​ដីកា និង​ថត​សំឡេង​ទូរស័ព្ទ​របស់​អ្នក​ប្រឆាំង​។

របាយការណ៍​ខាង​លើ​បាន​លើក​ឡើង​អំពី​ការបង្ក្រាប​ទៅ​លើ​សារព័ត៌មាន​ឯករាជ្យ ដោយ​ប្រើប្រាស់​ការបិទ​ស្ថានីយ​វិទ្យុ​ឯករាជ្យ​ជាច្រើន​ថា​ជា​គំរូ​សំខាន់​នៃ​ការដាក់​កំហិត​របស់​រដ្ឋាភិបាល​ទៅ​លើ​សំឡេង​អ្នក​រិះគន់​។

របាយការណ៍​នេះ​ក៏​បាន​ចោទសួរ​អំពី​សុចរិត​ភាព​នៃ​ការស៊ើប​អង្កេត​ទៅ​លើ​ករណី​ឃាតកម្ម​លោក កែម ឡី ដែល​ជា​អ្នក​រិះគន់​រដ្ឋាភិបាល និង​ការបាត់​ព្រះកាយ​លោក​សង្ឃ​ខ្មែរក្រោម ព្រះនាម មាស វិចិត្រ​។

របាយការណ៍​ដដែល​បន្ត​ថា​៖ «​មន្ត្រី​សន្តិសុខ​ក្របី​រៀល​ (Krobei Riel) ​បាន​ឃាត់​ខ្លួន​ [​ព្រះតេជគុណ វិចិត្រ និង​មិត្តភក្តិ​ម្នាក់​] ហើយ​ដោះ​ស្បង់​ជីពរ​ និង​សម្លៀកបំពាក់​របស់​ពួកគាត់​ទាំង​បង្ខំ និង​បាន​វាយ​ពួកគាត់​ដោយ​អះអាង​ថា ពួកគាត់​មាន​ព័ត៌មាន​អំពី​ឃាតកម្ម​លោក កែម ឡី​»​។

លោកសង្ឃ​ម្នាក់​ទៀត​ដែល​គង់​នៅ​វត្ត​ជាមួយ​ព្រះតេជគុណ វិចិត្រ​ដែល​សុំ​មិន​បញ្ចេញ​ព្រះនាម​បាន​បញ្ជាក់​កាលពី​ថ្ងៃ​អង្គារ​ថា ព្រះតេជគុណ វិចិត្រ នៅ​មិន​ទាន់​ត្រឡប់​មក​វិញ​នៅ​ឡើយ​ទេ ឬ​ឮ​ដំណឹង​នោះ​ឡើយ​។

ព្រះតេជគុណ មាន​សង្ឃដីកា​ថា ព្រះតេជគុណ​ វិចិត្រ ​គឺជា​ «​សង្ឃ​សកម្មជន​» ហើយ​ជា​ញឹកញាប់​ចូលរួម​នៅក្នុង​ការតវ៉ា​គាំទ្រ​គណបក្ស​ប្រឆាំង​។

លោក សឹង សែនករុណា អ្នក​នាំពាក្យ​របស់​អង្គការ​សិទ្ធិមនុស្ស​អាដហុក​បាន​ថ្លែងថា​លោក​បាន​និយាយ​ទៅ​កាន់​មិត្តភក្តិ​របស់​ព្រះតេជគុណ​ បន្ទាប់ពី​ឧប្បត្តិហេតុ​នោះ​កាលពី​ខែ​មិថុនា និង​បាន​បញ្ជាក់​ថា ពួកគេ​ត្រូវ​បាន​បង្ខំ​ឲ្យ​ដោះ​ស្បង់ជីពរ និង​សម្លៀក​បំពាក់ និង​វាយដំ​។

លោក ករុណា បាន​ថ្លែង​ថា​អង្គការ​អាដហុក និង​អង្គការ​សហប្រជាជាតិ បាន​និង​កំពុង​ស៊ើបអង្កេត​ករណី​នេះ ប៉ុន្តែ​មិនទាន់​មាន​តម្រុយ​អំពី​កន្លែង​របស់​ព្រះតេជគុណ វិចិត្រ នៅ​ឡើយ​ទេ​។

ក្រៅពី​នេះ​ក្រសួង​ការបរទេស​អាមេរិក​បាន​ថ្លែង​ថា​ «​ពន្ធនាគារ​មិន​ត្រូវ​ទៅ​តាម​ស្តង់ដារ​អន្តរជាតិ​» ​ដោយសារ​មាន​ការ​វាយដំ​ទៅលើ​អ្នកទោស ការដាក់​អ្នក​ទោស​ណែន​ចង្អៀត ការខ្វះ​អាហារ ជំងឺ និង​ការខ្វះ​ទឹកស្អាត​៕ PS


Contact authors: Andrew Nachemson and ឆាយ ច័ន្ទនីដា

What Next?

Recent Articles