អ្នកភូមិ​ចង់​បណ្តេញ​ជនបរទេស​ ១ ​គ្រួសារ​ដែល​កំពុង​រស់នៅ​ការពារ​ព្រៃ​អភិរក្ស

ក្រុម​អ្នកភូមិ​ទៅ​តវ៉ា​នៅ​ផ្ទះ​លោក​ បេន ពី​ថ្ងៃ​ទី​ ៩ មេសា​។ រូបថត សហការី




ភ្នំពេញប៉ុស្តិ៍

ព្រះវិហារៈ គ្រួសារ​បរទេស​មួយ​ដែល​បាន​បង្កើត​គម្រោង​អភិរក្ស និង​តំបន់​អេកូ​ទេសចរណ៍​នៅ​ដែនជម្រក​សត្វព្រៃ​ភ្នំ​ត្នោត​កំពុង​តែ​ត្រូវ​អ្នកភូមិ​នាំ​គ្នា​ផ្តិត​មេដៃ បង្ខំ​ឲ្យ​ចាកចេញ​ដោយសារ​តែ​ទំនាស់​រឿង​ព្រៃឈើ និង​សត្វព្រៃ​នៅ​ក្នុង​តំបន់​អភិរក្ស​ដែល​កំពុង​ប្រឈម​នឹង​ការកាប់​ទន្ទ្រាន​យក​ដី​។

ពលរដ្ឋ​នៅក្នុង​ភូមិ​ចំនួន ៤ ក្នុង​ឃុំ ស្តៅ ស្រុក​សង្គម​ថ្មី​បាន​កំពុង​តែ​នាំ​គ្នា​ផ្តិតមេដៃ ដើម្បី​ដាក់​ញ្ញត្តិ​ទៅ​អាជ្ញាធរ​ស្រុក​ក្នុង​គោលបំណង​បណ្តេញ​លោក​ បេន ដាវីស ចេញ​ពី​តំបន់​នោះ ក្រោយ​ពេល​មាន​ទំនាស់​រឿង​ការពារ​ព្រៃឈើ​។ នេះ​បើ​តាម​​ក្រុម​អ្នកភូមិ​កាលពី​ម្សិលមិញ​។

លោក សឿ ចេង ដែល​ជា​អ្នក​ដើរ​ប្រមូល​ស្នាម​មេដៃ​ម្នាក់​បាន​ឲ្យ​ដឹងថា ពលរដ្ឋ​ប្រមាណ ១៥០ គ្រួសារ​មាន​ដីស្រែ​ចម្ការ​នៅក្នុង​ដែនជម្រក​សត្វព្រៃ​ភ្នំ​ត្នោត ហើយ​ចង់​ធ្វើការ​ពង្រីក​ផ្ទៃដី​ស្រែ​បន្ថែម​ទៅ​តាម​តម្រូវការ​។ ប៉ុន្តែ​ត្រូវ​បាន​លោក បេន រួម​នឹង​មន្ត្រី​ឧទ្យានុរក្ស​បរិស្ថាន និង​ប្រជាសហគមន៍​ហាមឃាត់​។ ក្រៅពី​នោះ​ក្រុម​លោក​ បេន ក៏​បាន​ចាប់​ដកហូត​ចំពាម ឬ​កាំបិត​ពូថៅ​ពី​អ្នក​ភូមិ​ពេល​ចូល​ទៅ​ក្នុង​តំបន់​អភិរក្ស​នោះ​។

លោក​បញ្ជាក់​ថា​៖ «​តាំង​ពី​មុន​ចូល​ឆ្នាំ​មក​ប្រមូល​បាន​ស្នាម​មេដៃ​ប្រហែល​ ១០០ ​នាក់​ហើយ​។ ពលរដ្ឋ​ចង់​ប្រមូល​ស្នាម​មេដៃ​ឲ្យ​បាន ៣០០-៤០០ ដើម្បី​ដាក់​ទៅ​ស្រុក និង​អង្គការ សុំ​ឲ្យ​លោក​ បេន ​ចេញ​ពី​កន្លែង​នេះ ព្រោះ​ពលរដ្ឋ​ពិបាក​បង្កបង្កើនផល​»​។ លោក​បន្ត​ថា​កាលពី ២ សប្តាហ៍​មុន​ពលរដ្ឋ​រាប់រយ​នាក់​ក៏​បាន​នាំ​គ្នា​ទៅ​តវ៉ា​នៅ​ផ្ទះ​លោក​ បេន នៅ​ក្នុង​ព្រៃ​នោះ​ផង​ដែរ​ដោយសារ​តែ​ពួកគេ​ខឹង​នឹង​លោក​ បេន និង​មន្ត្រី​បរិស្ថាន​ដែល​បាន​ដណ្តើម​យក​ដើមឈើ​ធ្នង់​ចំនួន ៤ កំណាត់​ពី​ស្ត្រី​អ្នកភូមិ​ឈ្មោះ​ កែ សម្រស់ រហូត​ដល់​មាន​ការ​ចាប់​គាត់​ដាក់​ខ្នោះ​។

អ្នកស្រី​ កែ សម្រស់ ​បាន​ឲ្យ​ដឹងថា ដើម​ធ្នង់​នោះ​ដុះ​នៅក្នុង​ដីចម្ការ​របស់​គាត់ ហើយ​គាត់​បាន​ថែរក្សា​កុំ​ឲ្យ​គេ​លួច​កាប់​។ តែ​កាលពី​ឆ្នាំ​មុន​ត្រូវ​បាន​គេ​លួច​អារ តែ​អ្នកស្រី​បាន​ឃើញ ហើយ​ជនល្មើស​ក៏​រត់​បាត់​។ អ្នកស្រី​ថា​លោក​ បេន បាន​ដឹកឈើ​អស់ ២ កំណាត់​យក​ទៅ​ស្នាក់ការ ហើយ​ចង់​យក​ឈើ​ដែល​នៅ​សល់​ទៀត​។ តែ​អ្នកស្រី​មិន​ព្រម ហើយ​ក៏​ទុក​ឈើ​នោះ​នៅ​ស្រែ​នោះ​ទៅ​។ កាលពី ២ ​សប្តាហ៍​មុន​នោះ​មន្ត្រី​បរិស្ថាន​បាន​ទៅ​ដឹកឈើ​នោះ​បម្រុង​យក​ទៅ​រក្សាទុក​នៅ​ខេត្ត តែ​អ្នកស្រី​បាន​ដឹង​ក៏​ទៅ​ឃាត់​ដែល​បណ្តាល​ឲ្យ​មាន​ការ​ប្រតាយប្រតប់​គ្នា ជាមួយ​មន្ត្រី​បរិស្ថាន​រហូត​ដល់​គេ​ចាប់​អ្នកស្រី​ដាក់​ខ្នោះ​នៅក្នុង​ឡាន​ទៀត​ផង​។

អ្នកស្រី​ថា​៖ «​ហេតុ​អី​បាន​មក​ដឹកឈើ​ខ្ញុំ មិន​ប្រាប់​ខ្ញុំ​? ដី​ហ្នឹង ឈើ​ហ្នឹង គឺ​ខ្ញុំ​គ្រប់គ្រង​តាំងពី​ដូនតា តាំងពី​តូច​មក​។ មិន​អាច​ដឹក​ចេញ​កើត​ទេ​។ គេ​នៅ​តែ​ដឹក​ចេញ​។ ខ្ញុំ​ស្តាយ​ឈើ​រត់​តាម​ឡាន​រ៉េវ​ដឹកឈើ​នោះ​។ ខ្ញុំ​នៅ​មុខ​ឡាន​បរិស្ថាន មិន​ឲ្យ​បើក​ចេញ រហូត​ដល់​គ្នា​គេ ២ នាក់​ចុះ​មក​ចាប់​ខ្ញុំ​ផ្តួល​ទៅ​ដី​ដាក់​ខ្នោះ​លើក​ដាក់​ឡាន​»​។ អ្នកស្រី​បន្ត​ថា​ក្រោយ​ពេល​ចាប់​អ្នកស្រី​ហើយ​ក៏​មាន​ពលរដ្ឋ​បាន​នាំ​គ្នា​ទៅ​ស្ទាក់ផ្លូវ មិន​ឲ្យ​ក្រុម​បរិស្ថាន​ដឹក​ចេញ​ទើប​មន្ត្រី​បរិស្ថាន​ដោះ​ខ្នោះ​អ្នកស្រី​ហើយ​ឲ្យ​ចេញ​ពី​ឡាន​វិញ​។ ចុងក្រោយ​ឈើ​នោះ​ត្រូវ​បាន​ដឹក​យក​ទៅ​ទុក​នៅក្នុង​វត្ត​តាបស​។

លោក​ បេន ដាវីស និង​គ្រួសារ​បាន​សង់​ផ្ទះ​រស់នៅ​ក្នុង​ព្រៃ​អភិរក្ស​នោះ​កាលពី​ឆ្នាំ​ ២០១៥ ហើយ​សហការណ៍​ជាមួយ​នឹង​សហគមន៍​មូលដ្ឋាន ដើម្បី​អភិរក្ស​ព្រៃឈើ និង​សត្វព្រៃ និង​បង្កើត​ជា​តំបន់​អេកូ​ទេសចរណ៍​មួយ​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ទៅ​មើល​សត្វ និង​ធម្មជាតិ​។

លោក​ បេន បាន​ឲ្យ​ដឹង​ថា​លោក​មិន​ទាន់​ដឹង​ពី​រឿង​ផ្តិត​មេដៃ​នោះ​ទេ​។ ទោះ​យ៉ាង​ណា​លោក​ថា សកម្មភាព​របស់​លោក មន្ត្រី​បរិស្ថាន និង​សហគមន៍ គឺ​ដើម្បី​ការពារ​ធនធាន​ធម្មជាតិ និង​ផ្តល់​ផលប្រយោជន៍​ដល់​សហគមន៍​។ ប៉ុន្តែ​មាន​ពលរដ្ឋ​មួយ​ចំនួន មិន​ពេញចិត្ត​ដោយសារ​តែ​ពួកគេ​មិន​បាន​កាប់​ឈើ បាញ់​សត្វ និង​ទន្ទ្រាន​យក​ដី​។

លោក​ថា​៖ «​យើង​មិន​ហាម​គេ​មិន​ឲ្យ​ចូល​ព្រៃ និង​ធ្វើ​ស្រែ​ទេ​។ តែ​បើ​បាញ់​សត្វ​ដាក់​អន្ទាក់ និង​កាប់​ឈើ​អាហ្នឹង​ខ្ញុំ​ចាប់​គេ​មែន​។ គេ​ចង់​ពង្រីក​ដី​ស្រែ​ចម្ការ​រាល់​ឆ្នាំ​គឺ​មួយ​ឆ្នាំ ២០៣០ ម៉ែត្រ ឬ​កន្លះ​ហិកតា​រហូត​។ អាហ្នឹង​យើង​ចាប់ ព្រោះ​យើង​ធ្វើ​តាម​បរិស្ថាន​។ ខ្ញុំ​មិន​ធ្វើ​ខុស​ពី​ច្បាប់​បរិស្ថាន​ទេ​»​។ លោក​បន្ត​ថា ការចាប់​ចំពាម​ធ្វើ​ឡើង​តែ​នៅ​ពេល​ដែល​គេ​បាញ់​សត្វ​នៅ​ក្បែរ​ផ្ទះ​របស់​លោក ហើយ​ការចាប់​ដកហូត​កាំបិត​ពូថៅ គឺ​ធ្វើ​ឡើង​នៅ​ពេល​ដែល​លោក និង​ក្រុម​ល្បាត​ចាប់​ម៉ាស៊ីន​ត្រង់​តឺន័រ​ដែរ ព្រោះ​ខ្លាច​គេ​តដៃ​ និង​កាប់​ពួកលោក​វិញ​។

លោក​ បេន ​ថ្លែង​ថា​ពលរដ្ឋ​ខ្លះ​ចង់​ឲ្យ​លោក​ចេញ ព្រោះ​គេ​ចង់​មាន​ឱកាស​បរបាញ់​សត្វ កាប់​ឈើ និង​កាប់ឆ្ការ​រាន​យក​ដីព្រៃ​អភិរក្ស​នោះ​ទៅ​កាន់កាប់​ជា​ប្រយោជន៍​ផ្ទាល់​ខ្លួន​។ ប៉ុន្តែ​គេ​មិន​បាន​គិត​ដល់​ផលប្រយោជន៍​រួម​ដែល​បាន​មកពី​គម្រោង​អេកូ​ទេសចរណ៍​របស់​លោក​ទេ​។ លោក​ថា​គម្រោង​អេកូទេសចរណ៍​របស់​លោក​បាន​ចែក​ប្រាក់​បាន​ពី​ទេសចរណ៍​ក្នុង​ម្នាក់​ ១៥ ដុល្លារ​ដល់​សហគមន៍​បន្ថែម​ទៅ​លើ​ការជួយ​ធ្វើ​ផ្លូវ​ក្នុង​សហគមន៍​ទៀត​។ ​លោក​ បេន ​ត្អូញត្អែរ​ថា មិន​សូវ​មាន​ទេសចរណ៍​ទៅ​កម្សាន្ត​នៅ​ទី​នោះ​ទេ ដោយសារ​តែ​សត្វព្រៃ​កាន់តែ​បាត់បង់​។ លោក​ថា​ការ​បរបាញ់​សត្វ​នៅ​តែ​បន្ត​កើតមាន​។

លោក​ មាស ញឹម នាយក​ដែនជម្រក​សត្វព្រៃ​ភ្នំ​ត្នោត​បាន​ចាត់​ទុក​ការ​ផ្តិត​មេដៃ​បង្ខំ​ឲ្យ​លោក​ បេន ​ចាកចេញ​នោះ​ថា ជា​រឿង​មិន​សម​ហេតុផល​ព្រោះ​ថា​ពួកគេ​ចង់​ឲ្យ​លោក​ បេន ​ចេញ​ដើម្បី​បាន​ឱកាស​ទន្ទ្រាន​យក​ដី​តែ​ប៉ុណ្ណោះ​។ លោក​បន្តថា​៖ «​គោលបំណង​របស់​គាត់​គឺ​ប្តឹង​ [​លោក​ បេន ​] ​ឲ្យ​ចេញ​ដើម្បី​ចាប់​ទន្ទ្រាន​យក​ដី​ខុស​ច្បាប់​។ គាត់​ធ្វើ​ហ្នឹង​ល្មើស​ច្បាប់​»​។ លោក​ក៏​បាន​ឲ្យ​ដឹង​ផង​ដែរ​ថា ចំពោះ​ករណី​ស្ត្រី​ម្ចាស់​ឈើ​វិញ គឺ​គាត់​បាន​ទៅ​រារាំង និង​វ៉ៃ​កម្លាំង​បរិស្ថាន​ក្នុង​ពេល​អនុវត្ត​ច្បាប់​។

កាលពី​សប្តាហ៍​មុន​អង្គការ​អភិរក្ស​ចំនួន ៨ ​បាន​ចេញ​លិខិត​រួម​មួយ​ដោយ​សុំ​ឲ្យ​រដ្ឋាភិបាល ពិសេស​គឺ​ក្រសួង​បរិស្ថាន​ជួយ​ចាត់​វិធានការ​បន្ទាន់ ដើម្បី​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​នៅ​ដែនជម្រក​សត្វព្រៃ​ភ្នំ​ត្នោត​ទំហំ​ជាង ៤ ម៉ឺន​ហិកតា​នោះ​។ លោក​ បេន ​ឲ្យ​ដឹង​ថា មាន​មន្ត្រី​ឧទ្យានុរក្ស​បរិស្ថាន​ចំនួន​ ៣ នាក់​បាន​ប្រចាំការ​ល្បាត​ជា​អចិន្ត្រៃយ៍​ជាមួយ​លោក​នៅ​ដែន​ជម្រក​នោះ​។ ក្រោយ​ពេល​អង្គការ​ស្នើសុំ​វិធានការ​បន្ទាន់​នោះ​មក​មាន​ការ​បន្ថែម​កម្លាំង​បរិស្ថាន ៤ នាក់​ទៀត តែ​ពួកគេ​មិន​សូវ​នៅ​ប្រចាំការ​រាល់​ថ្ងៃ​ទេ​។ ម្យ៉ាងវិញ​ទៀត​ពួកគេ​ក៏​មិន​ទាន់​មាន​អាវុធ​កាន់​នោះ​ដែរ​៕

What Next?

Recent Articles

One Response to "អ្នកភូមិ​ចង់​បណ្តេញ​ជនបរទេស​ ១ ​គ្រួសារ​ដែល​កំពុង​រស់នៅ​ការពារ​ព្រៃ​អភិរក្ស"

  1. Anonymous says:

    បងប្អូនប្រជាជនអើយ គួរគិតពីផលប្រយោជន៍រួម