អ្នក​កាសែត​ខេមបូឌាដេលី​ម្នាក់​រត់​ភៀសខ្លួន​ដើម្បី​គេច​ពី​ការ​ធ្វើទុក្ខបុកម្នេញ​របស់​អាជ្ញាធរ​ខ្មែរ

ដោយ មួង ណារ៉េត
2018-04-24
RFA

បុគ្គលិក​កាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) លើក​បដា​កាល​ពី​ថ្ងៃ​ទី​២៣ ខែ​សីហា ឆ្នាំ​២០១៧។ Photo courtesy of The Cambodia Daily
បុគ្គលិក​កាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) លើក​បដា​កាល​ពី​ថ្ងៃ​ទី​២៣ ខែ​សីហា ឆ្នាំ​២០១៧។ Photo courtesy of The Cambodia Daily


អតីត​អ្នកសារព័ត៌មាន​ខ្មែរ​មួយ​រូប ត្រូវ​បង្ខំចិត្ត​រត់​ភៀសខ្លួន​ចេញ​ពី​ប្រទេស​កម្ពុជា ដើម្បី​គេច​ចេញ​ពី​ការ​ធ្វើ​ទុក្ខបុកម្នេញ របស់​អាជ្ញាធរ​របប​លោក ហ៊ុន សែន។ សារព័ត៌មាន រ៉យទ័រ (Reuters) ចេញផ្សាយ​នៅ​ថ្ងៃទី​២៤ ខែមេសា បាន​ស្រង់​សម្ដី​លោក អូន ភាព អតីត​អ្នកសារព័ត៌មាន កាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) ថា បើ​លោក​ត្រឡប់​ទៅ​ស្រុក​ខ្មែរ​វិញ ច្បាស់​ណាស់ អាជ្ញាធរ​ខ្មែរ នឹង​ចាប់​លោក​ដាក់គុក។ ឥឡូវនេះ​លោក អូន ភាព បាន​មក​ដល់​ទឹកដី​សហរដ្ឋអាមេរិក​ហើយ។

កាលពី​ចុង​ខែ​សីហា ឆ្នាំ​២០១៧ ព្រះរាជអាជ្ញា​សាលាដំបូង​ខេត្ត​រតនគិរី សម្រេច​ចោទប្រកាន់​លោក អូន ភាព និង មិត្ត​រួម​អាជីព​របស់​លោក ដែល​ជា​ជនជាតិ​កាណាដា ឈ្មោះ សមប័រ ភីធ័រ (Zsombor Peter) ដែល​សុទ្ធ​តែ​ជា​អ្នកកាសែត ឌឹ ខេមបូឌា ដេលី ពី​បទ​ញុះញង់ ដោយសារតែ​អ្នក​ទាំងពីរ សម្ភាស​អ្នកភូមិ និង​មន្ត្រី​ឃុំ នៅ​ភូមិ​គងយុ និង​ភូមិ​គងធំ ក្នុង​ឃុំ​ប៉ាតេ ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគីរី ក្នុង​អំឡុងពេល​ឃោសនា​បោះឆ្នោត​ក្រុម​ប្រឹក្សាឃុំ​-​សង្កាត់​ឆ្នាំ២០១៧។

អ្នកភូមិ និង​មេឃុំ​ប៉ាតេ ដាក់ពាក្យ​ប្ដឹង​អ្នក​ទាំងពីរ ថា​មាន​ចេតនា​ញុះញង់ និង​រំលោភ​សិទ្ធិ​រក្សា​ការសម្ងាត់​បោះឆ្នោត។

សារព័ត៌មាន ខេមបូឌា ដេលី ក៏​ត្រូវ​បង្ខំចិត្ត​បិទទ្វារ ឈប់​ដំណើរការ ថ្ងៃទី៤ ខែ​កញ្ញា ឆ្នាំ ២០១៧ ក្រោយពី​បើក​ដំណើរការ​បាន​ជាង ២៤ ឆ្នាំ នៅ​ប្រទេស​កម្ពុជា។ ការ​បិទទ្វារ​សារព័ត៌មាន​សេរី​នេះ គឺ​ដោយសារតែ​ការ​ធ្វើទុក្ខបុកម្នេញ រឿង​ពន្ធដារ ដែល​អគ្គនាយកដ្ឋាន​ពន្ធដារ អះអាង​ថា ស្ថាប័ន​សារព័ត៌មាន​នេះ ជំពាក់​ជាង ៦.៣ លាន​ដុល្លារ។ ម្ចាស់​កាសែត​នេះ គឺ​អ្នកស្រី ដេប្រា គ្រីស័រស្ទៀល (Deborah Krisher-Steele) ចាត់​ទុក​ការកំណត់ ឲ្យ​បង់ពន្ធ​ដ៏​សន្ធឹកសន្ធាប់​បែបនេះ គឺជា​រឿង​នយោបាយ និង​ថា​អាជ្ញា​ធរមាន​ចេតនា បំផ្លាញ​កាសែត​អ្នកស្រី។

អាជ្ញាធរ​របប​លោក ហ៊ុន សែន បាន​ធ្វើទុក្ខបុកម្នេញ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ យ៉ាង​ដំណំ រហូត​បិទ​ស្ថានីយ​វិទ្យុ និង​កាសែត​ជាច្រើន។

អតីត​អ្នករាយការណ៍​ព័ត៌មាន​អាស៊ីសេរី​ពីររូប គឺ​លោក អ៊ួន ឈិន និង យាង សុធារិន្ទ ហៅ យាង សុជាមេត្តា កំពុងតែ​ជាប់​ពន្ធនាគារ ដោយ​អាជ្ញាធរ​ចោទ​ប្រកាន់ អ្នក​ទាំងពីរ​ពី​បទ​ប្រគល់​ឲ្យ​រដ្ឋ​បរទេស នូវ​ព័ត៌មាន​ជា​អាទិ ដែល​អាច​ធ្វើ​ឲ្យ​អន្តរាយ​ដល់​ការ​ការពារ​ជាតិ។ ការ​ចោទប្រកាន់ ដែល​អ្នក​ទាំងពីរ​បដិសេធ​ទាំងស្រុង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles