ប្រធាន​ចលនា​រណសិរ្ស​រំដោះជាតិ​ខ្មែរ លោក សម សេរី ត្រូវ​អាជ្ញាធរ​ថៃ​ឃាត់​ខ្លួន

ដោយ តាំង សារ៉ាដា
2018-04-25
RFA

រូបថត​អត់​មាន​កាលបរិច្ឆេទ​របស់​ប៉ូលិស​កម្ពុជា បង្ហាញ​ពី​សមាជិក​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ​ជាមួយ លោក សម សេរី (ឈរ​កណ្ដាល)។ Photo courtesy of Cambodian National Police
រូបថត​អត់​មាន​កាលបរិច្ឆេទ​របស់​ប៉ូលិស​កម្ពុជា បង្ហាញ​ពី​សមាជិក​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ​ជាមួយ លោក សម សេរី (ឈរ​កណ្ដាល)។ Photo courtesy of Cambodian National Police


សមត្ថកិច្ច​នៃ​រដ្ឋាភិបាល​យោធា​ថៃ នៅ​ថ្ងៃ​ពុធ​ទី​២៥​មេសា​នេះ បាន​ឃាត់ខ្លួន ប្រធាន​ចលនា​រណសិរ្ស​រំដោះជាតិ​ខ្មែរ លោក សម សេរី ដែល​កំពុង​មាន​វត្តមាន​នៅ​ប្រទេស​ថៃ ក្រោយពី​មេដឹកនាំ​ឯក​បក្ស លោក ហ៊ុន សែន ប្រកាស​ចោទប្រកាន់​មេដឹកនាំ​ចលនា រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ​រូប​នេះ​ថា មាន​បំណង​ដាក់​គ្រាប់បែក​បំផ្ទុះ នៅ​ម្ដុំ​វត្តភ្នំ និង​ក្នុង​ខេត្ត​សៀមរាប កាលពី​អំឡុង​ពេល​បុណ្យចូលឆ្នាំ​កន្លងទៅ។

លោក សម សេរី បាន​ផ្ញើ​សារ​អ៊ីមែល​មក​កាន់​អាស៊ីសេរី​មុន​ការ​ចាប់ខ្លួន​ថា សមត្ថកិច្ច​ថៃ​បាន​ឃាត់​ខ្លួន​លោក នៅ​ពេល​លោក កំពុង​បន្ត​ទិដ្ឋាការ​ស្នាក់នៅ​ក្នុង​ប្រទេស​ថៃ។ មនុស្ស​ជំនិត​របស់​លោក សម សេរី ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​ដោយ​បារម្ភ​ពី​សុវត្ថិភាព បាន​ប្រាប់​អាស៊ីសេរី តាម​ទូរស័ព្ទ​ថា​លោក សម សេរី ត្រូវ​បាន​សមត្ថកិច្ច​ថៃ​បញ្ជូន​ទៅ​ឃុំខ្លួន នៅ​មន្ទីរ​ឃុំឃាំង​មួយ​កន្លែង​នៅ​ក្នុង​ទីក្រុង បាងកក​ហើយ។

ទោះជា​យ៉ាងណា​ក៏ ប្រភព​ដដែល​នៅ​មិនទាន់​អាច​បញ្ជាក់​បាន​នៅឡើយ​ទេ​ថា តើ​ទិដ្ឋាការ​ស្នាក់នៅ​ក្នុង​ប្រទេស​ថៃ​របស់​លោក សម សេរី បាន​អស់​សុពលភាព ឬមួយ​នៅ​មាន​សុពលភាព នោះ​ទេ។

ប្រភព​ដដែល​បញ្ជាក់​ថា ពួកគេ​នឹង​ស្វែងរក​កិច្ច​អន្តរាគមន៍​ពី​ស្ថានទូត​របស់​ប្រទេស​ដាណាម៉ាក ក្នុង​ទីក្រុង​បាងកក និង​អង្គការ​ពាក់ព័ន្ធ​ដទៃ​ទៀត​ដើម្បី​ដោះលែង​លោក សម សេរី ឲ្យ​មាន​សេរីភាព​ឡើងវិញ។ ពួកគេ​សង្ឃឹមថា​អាជ្ញាធរ​នឹង​មិន​បញ្ជូន លោក សម សេរី ទៅ​កាន់​ប្រទេស​កម្ពុជា​នោះ​ឡើយ។ លោក សម សេរី ជា​ជនជាតិ​ខ្មែរ ដាណាម៉ាក។

អាជ្ញាធរ​ថៃ កាលពី​ខែ​កុម្ភៈ ក៏​បាន​ចាប់​បញ្ជូន​ខ្លួន​អ្នក​រិះគន់​របប​លោក ហ៊ុន សែន គឺ​លោកស្រី សំ សុខា មក​កាន់​ប្រទេស​កម្ពុជា​ដែរ ទោះបី​អ្នកស្រី​ទទួល​បាន​ឋានៈ​ជា​ជនភៀសខ្លួន​ពី អង្គការ​សហប្រជាជាតិ​ទទួលបន្ទុក​ជនភៀសខ្លួន​ក៏ដោយ។ លោកស្រី សំ សុខា ត្រូវ​បាន​តុលាការ​ខេត្ត​កំពង់ស្ពឺ កាត់ទោស​ឱ្យ​ជាប់ពន្ធនាគារ​រយៈពេល ២​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ៥​លាន​រៀល ពី​បទ​ជេរប្រមាថ និង​ញុះញង់​ឱ្យ​មាន​ការរើសអើង​ពាក់ព័ន្ធ​នឹង​ការ​យក​ស្បែកជើង​គប់​ទៅលើ​ស្លាក​គណបក្ស​ប្រជាជន​កម្ពុជា ដែល​មាន​រូបលោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​លោក ហេង សំរិន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles