រដ្ឋាភិបាល​ដាណឺម៉ាក​កំពុង​អន្តរាគមន៍​ទប់ស្កាត់​ការ​ប៉ុនប៉ង​បញ្ជូន​លោក សម សេរី មក​កម្ពុជា

ដោយ តាំង សារ៉ាដា
2018-04-26
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក សម សេរី (រូប​កណ្ដាល) ប្រធាន​ចលនា​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ។ Photo courtesy of Cambodian National Police
លោក សម សេរី (រូប​កណ្ដាល) ប្រធាន​ចលនា​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ។ Photo courtesy of Cambodian National Police


ក្រុម​សិទ្ធិមនុស្ស​អន្តរជាតិ​ឱ្យ​ដឹង​ថា រដ្ឋាភិបាល​ប្រទេស​ដាណឺមាក (Denmark) កំពុង​ស្វែងរក​កិច្ច​អន្តរាគមន៍ ដើម្បី​ទប់ស្កាត់ ការ​ប៉ុនប៉ង​បញ្ជូន​ពលរដ្ឋ​ខ្មែរ ដែលរស់នៅដាណឺម៉ាក និង​ជា​មេដឹកនាំ​ចលនា​ម្នាក់ ដែល​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​ចោទ​ថា ជា​មេភេរវករ ទៅ​កាន់​ប្រទេស​កម្ពុជា។

ក្រុម​សិទ្ធិមនុស្ស​ឱ្យ​ដឹង​ថា ស្ថានទូត​ប្រទេស​ដាណឺម៉ាក ក្នុង​ទីក្រុង​បាងកក កំពុង​ខ្នះខ្នែង​ដើម្បី​រារាំង​អាជ្ញាធរ​ថៃ​មិន​ឱ្យ​បញ្ជូន​ខ្លួន​លោក សម សេរី រស់នៅ​ដាណឺម៉ាក ដើម​កំណើត​ខ្មែរ និង​ជា​ប្រធាន​ចលនា​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ ដែល​របប​ក្រុង​ភ្នំពេញ​ស្វែងរក​ចាប់ខ្លួន ជា​យូរ​មក​នោះ​ទៅ​កម្ពុជា​វិញ។

អនុប្រធាន​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ ប្រចាំ​តំបន់​អាស៊ី (Human Rights Watch) លោក ហ្វីល រ៉ូប៊ឺតសុន (Phil Robertson) បាន​ប្រាប់​អាស៊ីសេរី តាម​ទូរស័ព្ទ​ថា ក្រុម​មន្ត្រី​ទូត​របស់​ប្រទេស​ដាណឺម៉ាក​កំពុង យកចិត្ត​ដាក់​ក្នុង​ការ​ផ្តល់​ជំនួយ​ផ្នែក​ច្បាប់​ដល់​លោក សម សេរី៖ «តាម​អ្វី​ដែល​ខ្ញុំ​ដឹង គឺថា​រដ្ឋាភិបាល​ប្រទេស​ដាណឺម៉ាក​ចាត់​ទុក​បញ្ហា​នេះ​ជា កិច្ចការ​ខាង​ផ្នែក​កុងស៊ុល ហើយ​ពួកគេ​នឹង​ចុះទៅ​ជួប​លោក សម សេរី ដល់​មន្ទីរ​ឃុំឃាំង​ក្នុង​ទីក្រុង​បាងកក និង​ផ្ដល់​ជំនួយ​ផ្នែក​ច្បាប់។ ជា​ងនេះ​ទៅ​ទៀត​ពួកគេ​នឹង​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​ថៃ ធ្វើ​យ៉ាងណា កុំ​ឱ្យ​បញ្ជូន​លោក សម សេរី ទៅ​ប្រទេស​កម្ពុជា​ឱ្យ​សោះ ប៉ុន្តែ​ឱ្យ​ប្រាកដ​ថា​រដ្ឋាភិបាល​ថៃ​ត្រូវ​បញ្ជូន លោក សម សេរី ទៅកាន់​ប្រទេស​ដាណឺម៉ាក​វិញ»

កាសែត​ក្នុងស្រុក​បាន​ដកស្រង់​សម្ដី​លោក ខៀវ សុភ័ក អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​ចុះផ្សាយ​ថា​សមត្ថកិច្ច​កម្ពុជា កំពុង​ទាក់ទង​ទៅ​អាជ្ញាធរ​ថៃ ដើម្បី​ចាប់​បញ្ជូន​លោក សម សេរី មក​កម្ពុជា​វិញ។

ប៉ុន្តែ​មនុស្ស​ជំនិត​របស់​លោក សម សេរី បាន​ប្រាប់​អាស៊ីសេរី​តាម​ទូរស័ព្ទ​ថា ភ្នាក់ងារ​អង្គការ​សហប្រជាជាតិ និង​រដ្ឋាភិបាល​ប្រទេស​ដាណឺម៉ាក កំពុង​ជួយ​អន្តរាគមន៍​យក​លោក សម សេរី ចេញ​ពី​ប្រទេស​ថៃ។

កាលពី​ឆ្នាំ​២០១៦ តុលាការ​នៃ​របប​ក្រុងភ្នំពេញ​បាន​កាត់​កំបាំងមុខ ឱ្យ​លោក សម សេរី ជាប់គុក​ចំនួន​៩​ឆ្នាំ ពី​បទ​ប៉ុនប៉ង​ធ្វើការ​វាយប្រហារ មក​លើ​រដ្ឋាភិបាល​កម្ពុជា។ ជាង​នេះ​ទៅ​ទៀត លោក ហ៊ុន សែន ធ្លាប់​ចោទ​ប្រកាន់​លោក សម សេរី ថា ជា​ជន​ក្បត់ជាតិ។

ទោះជា​យ៉ាងណាក៏ដោយ លោក ហ្វីល រ៉ូប៊ឺតសុន អះអាង​ថា ករណី​លោក សម សេរី ជា​បញ្ហា​អន្តោប្រវេសន៍ ហើយ​អាជ្ញាធរ​ថៃ​ត្រូវតែ​បញ្ជូន​គាត់​ទៅ​កាន់​ប្រទេស​ដាណឺម៉ាក​វិញ ហើយ​គ្មាន​លក្ខខ័ណ្ឌ​ណាមួយ​ដែល ត្រូវ​បញ្ជូន​គាត់​ទៅ​កាន់​ប្រទេស​កម្ពុជា​នោះ​ឡើយ​។ លោក​បន្ត​ថា លោក សម សេរី បាន​មក​រស់នៅ ក្នុង​ប្រទេស​ដាណឺម៉ាក ក្នុង​នាម​ជា ជនភៀសខ្លួន ហើយ​ឋានៈ​ជា ជនភៀសខ្លួន​របស់​លោក នៅ​មាន​សុពលភាព​នៅ​ឡើយ។

លោក​បន្ត​ថា ប្រសិនបើ​រដ្ឋាភិបាល​ថៃ​ចាប់​បញ្ជូន​ខ្លួន​លោក សម សេរី ទៅកាន់​ប្រទេស​កម្ពុជា​វិញ នោះ ប្រទេស​នឹង​មាន​ឈ្មោះ​អាក្រក់ ខាង​ការ​ធ្វើ​បាប​ដល់​ក្រុម​ជនភៀសខ្លួន​មិន​ខាន។

សមត្ថកិច្ច​ថៃ​កាលពី​ថ្ងៃ​ទី​២៥​មេសា បាន​ឃាត់ខ្លួន ប្រធាន​ចលនា​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ លោក សម សេរី ដែល​កំពុង​មាន​វត្ត​មាន​នៅ​ប្រទេស​ថៃ ខណៈ​លោក​កំពុង​សុំ​បន្ត​សុពលភាព ទិដ្ឋាការ​ស្នាក់នៅ ក្នុង​ប្រទេស​ថៃ។ ការ​ចាប់ខ្លួន​នេះ​ធ្វើឡើង​ក្រោយ​ពី​លោក ហ៊ុន សែន បាន​ចោទប្រកាន់​មេដឹកនាំ​ចលនា​រណសិរ្ស រំដោះ​ជាតិ​ខ្មែរ​រូប​នេះ​ថា មានបំណង​ដាក់​គ្រាប់បែក​បំផ្ទុះ នៅ​ម្ដុំ​វត្តភ្នំ និង​ក្នុង​ខេត្ត​សៀមរាប កាល​ពី​អំឡុង​ពេល​បុណ្យចូលឆ្នាំ​កន្លងទៅ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles