រដ្ឋមន្រ្តីក្រសួង​មហា​ផ្ទៃ​បញ្ជាទៅអាជ្ញាធរ​មូលដ្ឋាន​ឲ្យ​សម្រួល​​ដល់​បក្ស​នយោបាយ​​ក្រោយ​រង​ការ​រិះគន់

ដោយ លោក ណាត សុភាព​​ | ថ្ងៃព្រហស្បតិ៍ ទី២៦ ខែមេសា ឆ្នាំ២០១៨​ | ម៉ោង 2:35 PM
http://vodhotnews.com

នយោបាយ | បោះឆ្នោត

ក្រសួងមហាផ្ទៃ


ក្រសួងមហាផ្ទៃ បាន​បញ្ជាទៅមន្ត្រីក្រោមឱវាទ​របស់​ខ្លួន ឲ្យ​បង្កលក្ខណៈងាយស្រួលដល់ការចុះបញ្ជីគណបក្សនយោបាយ និងបេក្ខជនឈរឈ្មោះបោះ​ឆ្នោត សម្រាប់​ការ​បោះ​ឆ្នោត​​ជាតិ​នៅ​ខែ​កក្កដា​ខាង​មុខ​នេះ ដែល​បញ្ជា​នេះ កើត​ឡើង​ក្រោយ​ពី​រង​ការ​​រិះគន់​ពី​សំណាក់​មេដឹកនាំ​គណបក្ស​យុវជន​កម្ពុជា​​ទៅ​លើ​ឧបសគ្គ​នានា​ក្នុង​ចុះ​ចូល​រួម​ប្រកួត​ប្រជែង។

ប្រ​ធាន​គណបក្ស​យុវជនកម្ពុជា ​លោក ពេជ្រ ស្រស់ បាន​ព្រមាន​កាល​ពី​ថ្ងៃ​អង្គារ​កន្លង​មក​នេះ​ថា នឹង​មិន​ចូល​រួម​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ​ខាងមុខ​ ដោយ​ថា អាជ្ញាធរ​មូលដ្ឋាន​បាន​ធ្វើ​ទុក្ខ​បុក​ម្នេញ​ទៅ​លើ​ភ្នាក់ងារ​គណបក្ស​របស់​លោក។

បន្ទាប់​ពី​ប្រតិកម្ម​បែប​នេះ ក្រសួង​មហាផ្ទៃ​បាន​ចេញ​លិខិត​មួយ​កាល​ពី​ថ្ងៃ​ម្សិ​លមិញ ដោយ​បញ្ជា​ទៅ​អភិបាល​រាជធានី-ខេត្ត​​ទាំង​អស់ ឲ្យ​ណែនាំ​ដល់​អាជ្ញាធរ​ឃុំ​សង្កាត់ ឲ្យ​ជួយ​សម្រប​សម្រួល និង​បង្ក​លក្ខណៈ​ងាយ​ស្រួល ក្នុង​ការ​ចេញលិខិតបញ្ជាក់ផ្សេងៗ ជូនបេក្ខជន​ឈរ​ឈ្មោះ​បោះ​ឆ្នោតជ្រើសតាំងតំណាងរាស្រ្តរបស់គណបក្សនយោបាយ និងបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ ក្នុង​ឆ្នាំ​នេះ ស្របតាមច្បាប់ស្តីពីការបោះឆ្នោត បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត។

ប្រធាន​គណបក្ស​យុវជន​កម្ពុជា លោក ពេជ្រ ស្រស់ បាន​ប្រាប់វីអូឌី​តាម​ទូរស័ព្ទ​នៅ​ថ្ងៃ​នេះ​ថា នេះ​ជា​សារ​វិជ្ជមាន​មួយ បន្ទាប់​ពី​លោក​ថ្លែង​រិះគន់​ចំពោះ​ឧបសគ្គ​នានា​ដែល​បង្ក​ឡើង​ដោយ​មេឃុំ​ចៅ​សង្កាត់​នា​ពេល​ថ្មីៗ​នេះ ដោយ​លោក​ថា អាជ្ញាធរ​តាម​មូលដ្ឋាន បាន​បើក​ផ្លូវ​សម្រាប់​គណបក្ស​របស់​លោក​ហើយ។

លោក​មានប្រសាសន៍ថា៖ «ការពិតទៅ គណបក្សយើងពិបាកមែនទែន ការចុះបញ្ជីបេក្ខជន ព្រោះមានការរើសអើង ហើយមានការរឹតត្បិតបេក្ខជនយើងមិនឲ្យឈរឈ្មោះជាមួយគណបក្សយុវជន ហើយខ្ញុំក៏បានចេញវីដេអូចោទសួរត្រង់ៗទៅក្រសួងមហាផ្ទៃ និងកាតព្វកិច្ចរបស់មេឃុំ ចៅសង្កាត់ រហូតមកដល់ពេលនេះ គាត់ទើបតែចេញត្រឹមថ្ងៃ២៥ ប៉ុន្តែ ជាសារវិជ្ជមានមួយទៀត គាត់ចេញហើយ អ្នកដែលតឹងពិបាក ដែលមិនសញ្ញាឲ្យបីថ្ងៃ បែជាតេមកយើងឲ្យយកទៅសញ្ញេវិញ យើងឃើញថាការចេញរបស់គាត់មានប្រសិទ្ធិភាពម្យ៉ាងដែរ»

ទោះជាយ៉ាងណា លោក ពេជ្យ ស្រស់ មិនបានបញ្ជាក់​លម្អិត​ថា តើ​គណបក្ស​របស់​លោក​ត្រូវ​បាន​អាជ្ញាធរ​មូលដ្ឋាន​រារាំង​ប៉ុន្មាន​លើក​រួច​មក​ហើយ​នោះ​ទេ នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​មក​នេះ។

​អ្នកនាំពាក្យ​គ​ណ​បក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន លោក សាម អ៊ីន បាន​ឲ្យ​ដឹង​ថា គណបក្ស​របស់​លោក​ក៏​ជួប​ប្រទះ​បញ្ហា​លំបាក​នានា​នៅ​តាម​មូលដ្ឋាន​ផង​ដែរ ដូច​ជា ការ​រារាំង​ពី​សំណាក់​អាជ្ញាធរ​មូលដ្ឋាន​មិន​ឲ្យ​លើក​ស្លាក​សញ្ញា ហើយ​ស្លាក​សញ្ញា​នៅ​តាម​មូលដ្ឋាន​ខ្លះ​ ត្រូវ​បាន​កាប់​បំផ្លាញ​ចោល​។

អ្នក​នាំ​ពាក្យ​រូប​នេះ​បាន​ចាត់​ទុក​បញ្ជា​របស់​ក្រសួង​មហាផ្ទៃ​ថា ជា​ការ​ដាស់​តឿន​ដល់​មេ​ឃុំចៅ​សង្កាត់​នៅ​តាម​មូលដ្ឋាន កុំ​ឲ្យ​បង្ក​បញ្ហា​លំបាក​សម្រាប់​គណបក្ស​នយោបាយ​ត​ទៅ​ទៀត។

លោកមានប្រសាសន៍ថា៖ «បេក្ខជនយើងទាមទារឲ្យមានលិខិតបញ្ជាក់ ពីមេឃុំ ចៅសង្កាត់ថា យើងដែលជាបេក្ខជនពិតជាមានឈ្មោះក្នុងបញ្ជីបោះឆ្នោ យើងឈរឈ្មោះជាបេក្ខជនបាន រាល់បេក្ខជនរបស់គ្រប់គណបក្សនយោបាយ គឺតម្រូវឲ្យទៅធ្វើលិខិតបញ្ជាក់ពីមេឃុំ ចៅសង្កាត់ ការអំពាវនាវរបស់ក្រសួងមហាផ្ទៃជារឿងល្អមួយដើម្បីជួយសម្រួលរឿងហ្នឹងរំលឹកដាស់តឿនទៅដល់មេឃុំ ចៅសង្កាត់ កុំឲ្យគាត់បង្កការលំបាកទៅដល់រឿងហ្នឹង»

មន្ដ្រីជាន់ខ្ពស់​នៃ​កម្មវិធី​ផ្នែក​អង្កេត​របស់​អង្គការ​ខុមហ្វ្រែល ​លោក កន សាវាង្ស ផ្តល់ជាអនុសាសន៍ថា រដ្ឋាភិបាលត្រូវ​ប្រើយន្តការតាមដាន និង​​ត្រួតពិនិត្យ​បន្ថែមទៀតលើអាជ្ញាធរពាក់ព័ន្ធ ដោយថា ទើប​អាច​ដោះស្រាយ​បញ្ហា​នេះប្រកប​ដោយ​ប្រសិទ្ធភាព។

​លោកផ្តល់ជា​អនុប្រសាសន៍ថា៖ «មិនត្រឹមតែរឿងប្រកាសទេ សុំឲ្យមានការតាមដានថែមទៀត ត្រូវយកចិត្តទុកដាក់ ពង្រឹងបន្ថែមទៀត ព្រោះ កន្លងមក មានការផ្សព្វផ្សាយមានការចេញពីថ្នាក់លើ ប៉ុន្តែ ការអនុវត្តជាក់ស្តែង ពេលខ្លះ ថ្នាក់ក្រោមរបស់ខ្លួនការអនុវត្តផ្សេងៗ នៅមានចន្លោះប្រហោង ហើយកិច្ចការងារក្នុងការសម្រួល ពីក្រុមគណៈកម្មការចម្រុះ មិនមែនត្រឹមតែរឿងរយៈពេលចុះឈ្មោះទេ អាចពេលឃោសនា អាច​​ពេលផ្សេងៗទៀត​»

ការ​ចុះ​បញ្ជី​គណបក្ស​នយោបាយ និង​បេក្ខជន​ឈរ​ឈ្មោះ​សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ​នីតិកាល​ទី​៦​នេះ ត្រូវ​បាន​កំណត់​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃ​ទី​៣០ ខែ​មេសា រហូត​ដល់​ថ្ងៃ​ទី​១៤ ខែ​ឧសភា​ខាង​មុខ ខណៈ​ដែលការ​បោះ​ឆ្នោត​ជាតិ​នា​ខែ​កក្កដា​ខាង​មុខ​នេះ កំពុង​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ចម្រូង​ចម្រាស់ ចំ​ពេល​ដែល​គណបក្ស​សង្គ្រោះ​ជាតិ ដែល​គូ​ប្រជែង​ដ៏​ធំ​តែ​មួយ​គត់​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​នោះ នៅ​តែ​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​រួម​ប្រកួត​ប្រជែង​នោះ​ឡើយ បន្ទាប់​ពី​ត្រូវ​បាន​តុលាការ​កំពូល​សម្រេច​រំលាយ​ចោល​កាល​ពី​ខែ​វិច្ឆិកា​ឆ្នាំ​មុន៕

សរសេរមកកាន់ លោក ណាត សុភាព តាមរយៈ sopheap@vodhotnews.com

What Next?

Recent Articles