“ការ​បង្កើត​បក្ស​ថ្មី​ពេល​នេះ​អាច​ជួយ​លម្អ​ប្រជាធិបតេយ្យ​ក្លែងក្លាយ​នៃ​របប​លោក ហ៊ុន សែន”

ដោយ ទីន ហ្សាការីយ៉ា
2018-04-26
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

អតីត​ប្រធាន​គណបក្ស​ សម រង្ស៊ី លោក គង់ គាំ ថ្លែង​​ក្នុង​វេទិកា​បក្ស​សង្គ្រោះ​ជាតិ នៅ​ខណ្ឌ​ជ្រោយចង្វារ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៨ មករា ២០១៥។ Photo: RFA
អតីត​ប្រធាន​គណបក្ស​ សម រង្ស៊ី លោក គង់ គាំ ថ្លែង​​ក្នុង​វេទិកា​បក្ស​សង្គ្រោះ​ជាតិ នៅ​ខណ្ឌ​ជ្រោយចង្វារ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៨ មករា ២០១៥។ Photo: RFA


មន្ត្រី​គណបក្សប្រឆាំង និង​បក្ស​កាន់អំណាច​សំដែង​មតិផ្ទុយ​គ្នា ក្រោយ​ការ​សម្រេច​របស់​កូនប្រុស​ពៅ លោក គង់ គាំ អ្នក​និយម​ប្រជាធិបតេយ្យ និង​ជា​ស្ថាបនិក​បក្ស​ប្រឆាំង​នៅ​កម្ពុជា ក្នុង​ការ​បង្កើត​គណបក្ស​ថ្មី​ឈ្មោះ «គណបក្ស​ឆន្ទៈ​ខ្មែរ» ដើម្បី​ប្រកួតប្រជែង​ការ​បោះឆ្នោត នៅ​ថ្ងៃ​ទី​២៩ ខែ​កក្កដា​ខាងមុខ។ អ្នកវិភាគ​យល់​ថា ការ​បង្កើត​បក្ស​ថ្មី​ក្នុង​កាលៈទេសៈ​នេះ គ្រាន់តែ​ជួយ​បង្កើត​រូបភាព​ប្រជាធិបតេយ្យ​ក្លែងក្លាយ​ឲ្យ​របប​លោក ហ៊ុន សែន តែប៉ុណ្ណោះ។

ការ​ប្រកាស​បង្កើត​បក្ស​ថ្មី​របស់​កូនប្រុស​ពៅ លោក គង់ គាំ គឺ​លោក គង់ មុនីកា បាន​បង្ហាញ​ពី​ការ​បែកបាក់​របស់​គណបក្ស​សង្គ្រោះជាតិ ប៉ុន្តែ​គណបក្ស​កាន់អំណាច​បាន​សំដែង​ការ​គាំទ្រ និង​ត្រេកអរ​ទៅវិញ។

អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ លោក អេង ឆៃអ៊ាង បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្ទាល់ខ្លួន​ថា ជម្រៅ​ចិត្ត​មនុស្ស​ពិតជា​មិន​អាច​វាស់​បាន​មែន ខណៈ​ជម្រៅ​ទឹក​សមុទ្រ គេ​នៅតែ​អាច​វាស់​បាន។ សំណេរ​របស់​លោក​បន្ត​ថា យ៉ាងណាមិញ ចិត្ត​អ្នកនយោបាយ ក៏​ដូច្នោះ​ដែរ ចិត្ត​ពី​ដំបូង​ធ្វើ​នយោបាយ​ដើម្បី​សង្គ្រោះជាតិ​ទាំងអស់​គ្នា ប៉ុន្តែ​ដល់​ពេល​សង្គ្រោះជាតិ​ជួប​ឧបសគ្គ បាន​ប្រែចិត្ត​ទៅ​សង្គ្រោះ​គ្រួសារ ឬ​ទ្រព្យសម្បត្តិ​វិញ។

ទោះបីជា​លោក អេង ឆៃអ៊ាង និយាយ​មិន​សំដៅ​ចំ​ទៅ​កូនប្រុស​លោក គង់ គាំ ដែល​ជា​អ្នក​អ្នក​នយោបាយ​ជើងចាស់​តស៊ូ​នៅ​ក្នុង​គណបក្សប្រឆាំង​ជាច្រើន​ទសវត្សរ៍​មក​ហើយ​ក្ដី ប៉ុន្តែ សារ​របស់​លោក អេង ឆៃអ៊ាង នេះ ហាក់​ចង់​សំដៅ​ទៅ​កូនប្រុស​លោក គង់ គាំ ដែល​បង្កើត​បក្ស​ថ្មី នៅ​ខណៈ​គណបក្ស​សង្គ្រោះជាតិ កំពុងតែ​ស្វះស្វែងរក​ការ​អន្តរាគមន៍​ពី​សហគមន៍​អន្តរជាតិ ដើម្បី​ចូលរួម​ការ​បោះឆ្នោត​នៅ​ឆ្នាំ​២០១៨​នេះ។

រីឯ​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន វិញ សរសេរ​នៅ​ក្នុង​បណ្ដាញ​សង្គម ស្វាគមន៍​ការ​បង្កើត​គណបក្ស​ថ្មី​របស់​កូនប្រុស​លោក គង់ គាំ ដើម្បី​ប្រកួតប្រជែង​ក្នុង​ការ​បោះឆ្នោត​នា​ពេល​ខាង​មុខ។ លោក​បន្ថែម​ថា ការ​បង្កើត​គណបក្ស​ថ្មី​នេះ បញ្ជាក់​ច្បាស់​ថា នៅ​កម្ពុជា សិទ្ធិ​នយោបាយ​របស់​ពលរដ្ឋ ត្រូវ​បាន​បើកទូលាយ​ស្របតាម​ស្មារតី​រដ្ឋធម្មនុញ្ញ ហើយ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា នៅតែ​រស់​រវើក និង​ស្រស់បំព្រង​ដដែល ទោះបី​អតីត​បក្ស​ប្រឆាំង ចង់​យក​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា មក​ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​ក៏ដោយ។

កាលពី​ថ្ងៃ​ទី​២៥ ខែ​មេសា លោក គង់ មុនីកា បាន​ចេញមុខ​បង្កើត​បក្ស​ថ្មី​ឈ្មោះ​ឆន្ទៈខ្មែរ។

អគ្គលេខាធិការ​រង​នៃ​គណបក្ស​ឆន្ទៈ​ខ្មែរ លោក ហ៊ីង យឿន មាន​ប្រសាសន៍​ថា ការ​បង្កើត​បក្ស​ថ្មី​នេះ ដោយសារ​មិន​សង្ឃឹម​ទៅលើ​ការ​រស់​ឡើងវិញ​នៃ​គណបក្ស​សង្គ្រោះជាតិ ខណៈ​ដែល​ការបោះឆ្នោត ខិត​ជិត​មកដល់។ លោក​បន្ត​ថា បក្ស​ថ្មី​នេះ មិនទាន់​បាន​គិត​អំពី​ប្រភព​ធនធាន​ថវិកា​សម្រាប់​ទ្រទ្រង់ បក្ស​នោះ​ទេ ប៉ុន្តែ​មាន​ការ​គាំទ្រ​យ៉ាង​ពេញទំហឹង​ពី​លោក គង់ គាំ ជា​ឪពុក។ លើស​ពី​នេះ ការ​បង្កើត បក្ស​ថ្មី​នេះ គឺជា​និមិត្តរូប​នៃ​គណបក្ស​សង្គ្រោះជាតិ ដូច្នេះ​លោក​សង្ឃឹមថា នឹង​មាន​សំឡេង​គាំទ្រ​ចាស់ ដើម្បី​ផ្លាស់ប្ដូរ​របប​លោក ហ៊ុន សែន និង​ស្ដារ​លទ្ធិ​ប្រជាធិបតេយ្យ​ឡើងវិញ។ ទន្ទឹម​គ្នា​នេះ លោក ហ៊ីង យឿន បន្ត​ថា លោក​មិន​ខ្វល់​អំពី​ការរិះគន់​យ៉ាងណា​នោះ​ទេ។ «»

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ លោក គង់ បូរ៉ា ដែល​ជា​បងប្រុស​បង្កើត លោក គង់ បូរ៉ា ក៏​ប្រកាស​គាំទ្រ​ការ​បង្កើត​គណបក្ស​ថ្មី​របស់​ប្អូន​របស់​លោក។ លោក គង់ បូរ៉ា មាន​ប្រសាសន៍​ថា នៅ​ក្នុង​ដំណាក់កាល​នេះ គឺជា​គណបក្ស​អស់សង្ឃឹម ថា​គណបក្ស​សង្គ្រោះជាតិ​នឹង​អាច​ចូល​ប្រកួត​ប្រជែង​បោះឆ្នោត​បាន ដូច្នេះ ប្អូនប្រុស​របស់​លោក​បង្កើត​បក្ស​ថ្មី​នេះ ដើម្បី​ប្រមូល​អ្នក​ប្រជាធិបតេយ្យ​មក​វិញ។ «»

ដោយឡែក ប្រធាន​ក្រុម​អ្នកវិភាគ​វ័យក្មេង លោក ហង្ស វិទូ លើកឡើង​ថា ការ​បង្កើត​បក្ស​ថ្មី​នេះ វា​គឺ សិទ្ធិ​របស់​មនុស្ស​គ្រប់រូប ប៉ុន្តែ​វា​ក៏​អាច​ផ្ដល់​ផល​ប៉ះពាល់​ខ្លះ​ដែរ​ដល់​គណបក្ស​សង្គ្រោះជាតិ ប៉ុន្តែ​មិន ធំដុំ​ឡើយ។ ទោះយ៉ាងណា​ក្តី លោក​យល់​ឃើញ​ថា ការ​បង្កើត​បក្ស​ថ្មី​ជា​បន្តបន្ទាប់ ដោយ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់​នោះ វា​គ្រាន់តែ​ចូលរួម​លម្អ​សួន​ប្រជាធិបតេយ្យ​ក្លែងក្លាយ​របស់​របប​លោក ហ៊ុន សែន តែប៉ុណ្ណោះ។ «»

លោក គង់ គាំ ជា​អតីត​ប្រធាន​គណបក្ស សម រង្ស៊ី និង​ជា​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះជាតិ។ លោក​មាន​កូន​ប្រុស​បី​នាក់​ក្នុង​នោះ​មាន​លោក គង់ បូរ៉ា លោក គង់ សភា ដែល​ជា​តំណាងរាស្ត្រ​នៃ គណបក្ស​សង្គ្រោះជាតិ ប៉ុន្តែ​អ្នក​ទាំង​បី ត្រូវ​បាន​របប​លោក ហ៊ុន សែន ហាម​ធ្វើ​នយោបាយ​៥​ឆ្នាំ។ លោក ហ៊ីង យឿន អះអាង​ថា លោក គង់ មុនីកា ក៏​ជា​អតីត​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ប៉ុន្តែ​មិន​ត្រូវ​របប​លោក ហ៊ុន សែន ហាម​ធ្វើ​នយោបាយ​ឡើយ។

ក្រោយ​រំលាយ​គណបក្ស​សង្គ្រោះជាតិ ដែល​ជា​ដៃគូ​ប្រកួត​ប្រជែង​ស្មើ​កម្លាំង​ជាមួយ​គណបក្ស​កាន់​អំណាច​នោះ មាន​គណបក្ស​តូច​ចំនួន​២ ត្រូវ​បាន​បង្កើត​ឡើង គឺ​គណបក្ស​ខ្មែរ​តែមួយ បង្កើត​ឡើង​ដោយ​ប្អូនប្រុស​លោក កែម ឡី គឺ​លោក កែម រិទ្ធិសិត និង​គណបក្ស​ឆន្ទៈខ្មែរ បង្កើត​ឡើង​ដោយ​កូនប្រុស​លោក គង់ គាំ នេះ។

ការ​បង្កើត​បក្ស​ថ្មី​នេះ តែងតែ​ទ​ទូល​បានការ​រិះគន់​ថា ជា​ល្បិចកល​នយោបាយ​របស់​របប​ទីក្រុង​ភ្នំពេញ ដើម្បី​បំបែក​សំឡេងឆ្នោត​របស់​គណបក្ស​ប្រឆាំង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

One Response to "“ការ​បង្កើត​បក្ស​ថ្មី​ពេល​នេះ​អាច​ជួយ​លម្អ​ប្រជាធិបតេយ្យ​ក្លែងក្លាយ​នៃ​របប​លោក ហ៊ុន សែន”"

  1. Free Cambodia says:

    Yeah, talk is cheap. Show us if you can make the country better, legally.

    Warning to you, do not cross the red line!