“ការ​បណ្ដេញ​បុគ្គលិក​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ជា​ការ​ធ្វើទុក្ខបុកម្នេញ​លើ​សេរីភាព​សារព័ត៌មាន”

ដោយ មួង ណារ៉េត
2018-05-09
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

អតីត​និពន្ធ​នាយក​កាសែត ភ្នំពេញ​ប៉ុស្តិ៍ (Phnom Penh Post) លោក កៃ គឹមសុង (រូប​កណ្ដាល) ផ្ដល់​បទសម្ភាសន៍​ដល់​សហការី នៅ​ថ្ងៃ​ទី៧ ខែ​ឧសភា ឆ្នាំ​២០១៨។ Photo Facebook
អតីត​និពន្ធ​នាយក​កាសែត ភ្នំពេញ​ប៉ុស្តិ៍ (Phnom Penh Post) លោក កៃ គឹមសុង (រូប​កណ្ដាល) ផ្ដល់​បទសម្ភាសន៍​ដល់​សហការី នៅ​ថ្ងៃ​ទី៧ ខែ​ឧសភា ឆ្នាំ​២០១៨។ Photo Facebook


អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ ចាត់​ទុក​ការ​បណ្ដេញ​បុគ្គលិក​របស់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ជា​ការ​ធ្វើទុក្ខបុកម្នេញ​លើ​សេរីភាព​សារព័ត៌មាន ក្រោយ​ម្ចាស់​ថ្មី​របស់​កាសែត​នេះ បណ្ដេញ​បុគ្គលិក​បី​នាក់​ភ្លាមៗ និង​បុគ្គលិក ១០​នាក់​ផ្សេងទៀត ដែល​បាន​លាឈប់ ដោយសារតែ​ភាព​ខ្វះ​ឯករាជ្យ និង សម្ពាធ​ក្នុង​ការ​បំពេញ​វិជ្ជាជីវៈ ក្រោម​ការគ្រប់គ្រង​របស់​ម្ចាស់​ថ្មី ដែល​ធ្លាប់​ធ្វើការ​ឲ្យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។

អង្គការ​សង្គម​ស៊ីវិល​ក្នុងស្រុក​ចំនួន​៧៩ ថា​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ (the Phnom Penh Post) ក្រោម​ការ​គ្រប់គ្រង​របស់​ថៅកែ​ថ្មី នឹង​លែង​មាន​ភាព​ឯករាជ្យ ដូច​មុន​តទៅទៀត។ នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​រួម នៅ​ថ្ងៃទី៩ ខែ​ឧសភា​នេះ អង្គការ​សង្គម​ស៊ីវិល​ទាំងនេះ លើកឡើង​ថា កាសែត​ភ្នំពេញ​ប៉ុស្ដិ៍ គឺជា​កាសែត​ចុះផ្សាយ​ជា​ភាសា​ខ្មែរ និង​អង់គ្លេស ដែល​ត្រូវ​បាន​ចាត់ទុកថា ជា​កាសែត​ឯករាជ្យ​ចុងក្រោយ​មួយ​នៅ​កម្ពុជា ហើយ​ការ​ផ្លាស់ប្ដូរ​ម្ចាស់​ថ្មី​នៃ​កាសែត​នេះ បាន​នាំ​ឱ្យ​មាន​មន្ទិលសង្ស័យ​ជាច្រើន ចំពោះ​ឯករាជ្យភាព​របស់​កាសែត នៅ​ពេល​ខាងមុខ។

សេចក្ដីថ្លែងការណ៍​ដដែល បន្ត​ថា ស្រប​ពេល​ដែល​កាសែត​ភ្នំពេញ​ប៉ុស្ដិ៍ ត្រូវ​បាន​រង​ការ​ចោទប្រកាន់​ថា មាន​ជាប់​ជំពាក់​ប្រាក់​ពន្ធ ដ៏​ចម្រូងចម្រាស​ប្រមាណ​ជាង ៣.៩​លាន​ដុល្លារ ភាព​មិន​ច្បាស់លាស់​នៃ​ការ​លក់​ស្ថាប័ន​នេះ បាន​នាំ​ឱ្យ​មាន​ភាព​មន្ទិលសង្ស័យ​ជាច្រើន ថា​ហេតុអ្វី​បានជា​បញ្ហា​ជាប់ជំពាក់​ពន្ធ ត្រូវ​បាន​ដោះស្រាយ​ក្នុង​ពេល​ជាមួយគ្នា នៃ​ការ​លក់​ស្ថាប័ន​កាសែត ដែល​មាន​អាយុកាល​២៦​ឆ្នាំនេះ។ ដូចគ្នា​នឹង​កាសែត​ភ្នំពេញ​ប៉ុស្ដិ៍​ដែរ កាសែត ឌឹ ខេមបូឌា ដេលី (the Cambodia Daily) ដែល​តែង​ចុះ​ផ្សាយ អត្ថបទ​រិះគន់ ឥត​លំអៀង និង​របាយការណ៍​បែប​ស៊ើបអង្កេត ត្រូវ​បាន​បង្ខំចិត្ត​បញ្ឈប់​ដំណើរការ កាលពី​ខែ​កញ្ញា ឆ្នាំ​២០១៧ បន្ទាប់ពី​រង​ការ​ចោទប្រកាន់​ថា មាន​ជាប់​ជំពាក់​ប្រាក់​ពន្ធ​ប្រមាណ​ជាង ៦.៣​លាន​ដុល្លារ។

ភ្លាមៗ​ក្រោយ​ម្ចាស់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​មុន​លក់​ទៅ​ឲ្យ​ម្ចាស់​ថ្មី ស្រាប់តែ​ម្ចាស់​ថ្មី​នេះ បណ្ដេញ​បុគ្គលិក​សំខាន់ៗ​បី​នាក់​ឲ្យ​ចេញ​ជាបន្ទាន់ ដោយសារ​អ្នក​ទាំងនោះ មិន​ព្រម​ដក​អត្ថបទ​ព័ត៌មាន ស្ដីពី​ទំនាក់ទំនង​របស់​ក្រុមហ៊ុន​ម្ចាស់​ថ្មី​នេះ ជាមួយ​នឹង​របប​លោក ហ៊ុន សែន។ ក្រោយ​ការ​បញ្ឈប់​បុគ្គលិក​ទាំង​បី​នាក់​នេះ​ភ្លាម បុគ្គលិក​ជាច្រើន​ទៀត បាន​បន្ត​ដាក់​ពាក្យ​សុំ​លា​ឈប់​ពី​ការងារ។ រហូត​មក​ដល់​ថ្ងៃទី៩ ខែ​ឧសភា​នេះ បុគ្គលិក​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ចំនួន ១៣​នាក់​ហើយ ដែល​ចាក​ចេញពី​កាសែត​នេះ។

អង្គការ​សង្គម​ស៊ីវិល​ទាំង​៧៩ ដដែល​នេះ សម្ដែង​ការ​សោកស្ដាយ​យ៉ាង​ខ្លាំង ចំពោះ​ការ​វិវត្ត​បែបនេះ ហើយ​ថា​នេះ​ជា​ករណី​ចុងក្រោយ​មួយ ក្នុងចំណោម​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ជាច្រើន​បន្តបន្ទាប់​ទៀត ដែល​បាន​ធ្វើឱ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ ដល់​សេរីភាព​សារព័ត៌មាន។

ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ មន្ត្រី​សិទ្ធិមនុស្ស​អន្តរជាតិ​ឯណោះ​វិញ បាន​ស្នើ​ឲ្យ​ម្ចាស់​ជំនួយ ដាក់​សម្ពាធ​លោក ហ៊ុន សែន ឲ្យ​ស្តារ​សេរីភាព​សារព័ត៌មាន​ឡើងវិញ។ នាយក​ប្រតិបត្តិ ទទួលបន្ទុក​កិច្ចការ​តំបន់​អាស៊ី របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប្រ៊ែដ អាដាម (Brad Adams) ថ្លែង​កាលពី​ថ្ងៃទី៨ ខែ ឧសភា ថា​ប្រទេស​ម្ចាស់​ជំនួយ ត្រូវតែ​ដាក់​សម្ពាធ ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​របប​លោក ហ៊ុន សែន បន្ត​កាត់ផ្ដាច់​ឫសគល់ នៃ​មូលដ្ឋានគ្រឹះ​នៃ​សេរីភាព និង​ទប់ស្កាត់​លោក ហ៊ុន សែន កុំ​ឲ្យ​បន្ត​យុទ្ធនាការ​បំបិទ​សំឡេង​រិះគន់​ទាំងអស់​បែប​នេះ តទៅ​ទៀត។

ការណ៍​ដែល​លោក ប្រ៊ែដ អាដាម ស្នើ​ឲ្យ​ប្រទេស​ម្ចាស់​ជំនួយ ដាក់​សម្ពាធ​បែបនេះ គឺ​ដោយសារតែ តាំងពី​ក្រោយ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស សហគមន៍​អន្តរជាតិ បាន​ផ្ដល់​ជំនួយ​រាប់ពាន់​លាន​ដុល្លារ ឲ្យ​កម្ពុជា ដើម្បី​ជួយ​ប្រែក្លាយ​ប្រទេស​នេះ ទៅជា​ប្រទេស​មួយ ដែល​មាន​ការ​គោរព​សិទ្ធិមនុស្ស និង​គោលការណ៍​ប្រជាធិបតេយ្យ សេរី​ពហុបក្ស។ ប៉ុន្តែ លោក ប្រ៊ែដ អាដាម ថា លោក ហ៊ុន សែន បាន​បំផ្លាញ​កិច្ច​ខិតខំ​ប្រឹងប្រែង របស់​ម្ចាស់​ជំនួយ​ទាំងនេះ​អស់​គ្មាន​សល់ ដោយសារតែ​ការ​ធ្វើទុក្ខបុកម្នេញ​លើ​ក្រុម​និយម​ប្រជាធិបតេយ្យ រួមមាន​គណបក្សប្រឆាំង ក្រុម​សង្គម​ស៊ីវិល និង ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ជាដើម។

ជា​ចុងក្រោយ អង្គការ​សង្គម​ស៊ីវិល​ទាំង៧៩ ស្នើ​ឱ្យ​របប​លោក ហ៊ុន សែន គោរព​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ សេរីភាព​នៃ​ការ​បញ្ចេញមតិ និង​បញ្ឈប់​ការ​ធ្វើទុក្ខបុកម្នេញ​តាម​ផ្លូវ​តុលាការ ទៅលើ​សកម្មជន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ និង​អ្នកសារព័ត៌មាន​នៅ​កម្ពុជា​តទៅទៀត និង​រម្លឹក​របប​លោក ហ៊ុន សែន ថា​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ដែល​មាន​លក្ខណៈ​រិះគន់ ដោយ​គ្មាន​ការ​ជ្រៀតជ្រែក​ពី​សំណាក់​ក្រុមហ៊ុន​សាជីវកម្ម ឬ​បម្រើ​ផលប្រយោជន៍​នយោបាយ គឺ​មាន​សារៈសំខាន់​ខ្លាំង​ណាស់ ក្នុង​ដំណើរការ​សង្គម​ប្រជាធិបតេយ្យ ក៏ដូចជា​ការ​គោរព​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន ដែល​ធានា​ដោយ​រដ្ឋធម្មនុញ្ញ​កម្ពុជា និង​ច្បាប់​អន្តរជាតិ​ផ្សេងៗ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

2 Responses to "“ការ​បណ្ដេញ​បុគ្គលិក​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ជា​ការ​ធ្វើទុក្ខបុកម្នេញ​លើ​សេរីភាព​សារព័ត៌មាន”"

  1. kh says:

    why all off you not give the money for this news. if he has the problem with money ? if you have he can do the same? why you not help? do not do more

  2. so socheath says:

    ក្រាញអំណាចម្លេះ ?
    ក្រែងធ្លាប់អួតថាមិនចេះក្រាញអំណាចទេឬ ?
    អញ្ចឹងការនិយាយ​កន្លងមក វាគ្រាន់តែជាសម្លេងឆ្កែព្រុសទេឬ ?