លោក សម រង្ស៊ី ថា​សន្តិភាព​ដែល​​របប​ក្រុងភ្នំពេញ​អះអាង​ថា​មាន​នោះ ជា​សន្តិភាព​ទាសករ

ដោយ ទីន ហ្សាការីយ៉ា
2018-05-09
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) និង​លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ។ Photo: RFA
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) និង​លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ។ Photo: RFA


លោក សម រង្ស៊ី ប្រធាន​ចលនា​សង្គ្រោះជាតិ អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ ត្រូវ​រួបរួម​គ្នា​កុំ​ទៅ​បោះឆ្នោត​ឲ្យ​លោក ហ៊ុន សែន បន្ត​អំណាច​ទៅ​មុខ​ទៀត។ លោក​បញ្ជាក់​ថា កាលណា​ពលរដ្ឋ សាមគ្គី​គ្នា​ជា​ធ្លុង​មួយ របប​ក្រុងភ្នំពេញ​មិន​អាច​គំរាមកំហែង និង​ចាប់ខ្លួន​បាន​ឡើយ។ ការ​អំពាវនាវ​របស់​លោក សម រង្ស៊ី ជា​ថ្មី​ទៀត​នេះ នៅ​ស្រប​ពេល​លោក ហ៊ុន សែន កំពុង អង្វរ​ពលរដ្ឋ​បោះឆ្នោត​ជូន​លោក​ជា​បន្ត​ទៀត ដើម្បី​រក្សា​សន្តិភាព។

លោក សម រង្ស៊ី ដែល​ជា​ស្ថាបនិក​គណបក្ស​សង្គ្រោះជាតិ ហៅ​របប​លោក ហ៊ុន សែន ថា​កម្ពុជា​មាន​សន្តិភាព ថា​ជា​សន្តិភាព​ទាសករ។

លោក​ពន្យល់​ថា ក្រោម​ការដឹកនាំ​របស់​លោក ហ៊ុន សែន ពី​មួយ​អាណត្តិ​ទៅ​មួយ​អាណត្តិ​ធ្វើ​ឲ្យ​ពលរដ្ឋ​ជាច្រើន​នៅតែ​ធ្វើ​ចំណាកស្រុក ទៅ​ស្វែងរក​ការងារ​ធ្វើ​នៅ​ក្រៅ​ប្រទេស ពលរដ្ឋ​នៅតែ​ក្រីក្រ រក​ចំណូល​បាន​ព្រឹក ខ្វះ​ល្ងាច ដោយសារតែ​ការដឹកនាំ​ពោរពេញ​ដោយ អំពើពុករលួយ បក្ស​ពួកនិយម និង​ក្រុម​គ្រួសារ​និយម​ជាដើម៖ «លោក ហ៊ុន សែន និយាយ​តែ​ពី​សន្តិភាព​ក្លែងក្លាយ​របស់​គាត់ សន្តិភាព​ផ្នូរ​ខ្មោច សន្តិភាព​ទាសករ ប្រជារាស្ត្រ​រង​ភាព​អយុត្តិធម៌​រងគ្រោះ​ដីធ្លី របប​របស់​គាត់​ហ្នឹង​ពុករលួយ អ្នក​វិនិយោគ​រត់​ទៅ​ប្រទេស​ជិតខាង»

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃទី​៩ ឧសភា ថ្លែង​ចំពោះ​មុខ​កម្មករ​កាត់ដេរ​រាប់​ពាន​នាក់ ដោយ​ចោទ​គណបក្សប្រឆាំង​ថា ជា​ក្រុម​ឧទ្ទាម និង​ក្បត់ជាតិ។ លោក ហ៊ុន សែន បាន​អង្វរ​ក្រុម​កម្មករ​ជា​ថ្មី​ទៀត ឲ្យ​បោះឆ្នោត​ជូន​គណបក្ស​របស់​លោក ដើម្បី​ឲ្យ​លោក​ដឹកនាំ​ប្រទេស​បន្ត​ដើម្បី​រក្សា​សន្តិភាព៖ «ហើយ​ក្មួយ​និង​ក្រុម​គ្រួសារ​សូម​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​បន្ត​ទៀត ដើម្បី​រក្សា​សន្តិភាព​ហើយ​ធានា​ថា​នឹង​រក្សា​សន្តិភាព​បាន»

ទាក់ទង និង​ការបោះឆ្នោត​នេះ លោក សម រង្ស៊ី នៅតែ​អំពាវនាវ​ឲ្យ​ពលរដ្ឋ​កុំ​ទៅ​បោះឆ្នោត​នៅ​ថ្ងៃ​ទី​២៩ កក្កដា ឲ្យ​សោះ ដើម្បី​ឲ្យ​ការបោះឆ្នោត​ដែល​គ្មាន​គណបក្សប្រឆាំង​ដ៏​ធំ​ជាងគេ​ចូលរួម ក្លាយ​ជា​ការបោះឆ្នោត មិន​ស្របច្បាប់ ដែល​សហគមន៍​អន្តរជាតិ​មិន​ទទួលស្គាល់។ លោក សម រង្ស៊ី សូម​ឲ្យ​ពលរដ្ឋ​កុំ​ខ្លាច​របប​ផ្ដាច់ការ​លោក ហ៊ុន សែន ធ្វើ​បាប​ឲ្យ​សោះ បើសិន​ជា​មិន​ទៅ​បោះឆ្នោត​នោះ។ លោក សម រង្ស៊ី អំពាវនាវ​ឲ្យ​ពលរដ្ឋ​ត្រូវតែ​សាមគ្គី​គ្នា​នៅ​ពេល​នោះ របប​ក្រុងភ្នំពេញ​មិន​អាច​ធ្វើ​អ្វី​បានទេ៖ «ដូច្នេះ​សូម​បងប្អូន​កុំ​ភ័យខ្លាច យើង​នៅ​សល់​តែ​៣​ខែ​ទៀត​ទេ របប​របស់​លោក ហ៊ុន សែន នឹង​ធ្លាក់​ពី​អំណាច​ហើយ នៅ​ពេល​នោះ​គណបក្ស​សង្គ្រោះជាតិ នឹង​រៀបចំ​រដ្ឋាភិបាល​ថ្មី ហើយ​នឹង​ធានា​ឲ្យ​ពលរដ្ឋ​មិន​មាន​ការភ័យខ្លាច​ទេ»

នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ ដើម្បី​ការបោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ហៅ​កាត់​ថា ខុមហ្វ្រែល (COMFREL) លោក គល់ បញ្ញា បាន​សរសេរ​នៅ​លើ​ហ្វេសប៊ុក (Facebook) របស់​លោក​ថា ពលរដ្ឋ​បាន​ទៅ​បោះឆ្នោត ឬ​មិនបាន​ទៅ​បោះឆ្នោត​ឲ្យ​គណបក្ស​នយោបាយ​ណាមួយ​វា​ជា​សិទ្ធិ និង​ឆន្ទៈ​ស្ម័គ្រចិត្ត​ស្របតាម​ច្បាប់ ដែល​មាន​នា​ពេល​បច្ចុប្បន្ន។ លោក​បន្ត​ថា មន្ត្រី​រដ្ឋាភិបាល និង​អាជ្ញាធរ​ណា​គំរាមកំហែង​ពលរដ្ឋ ដែល​មិនបាន​ទៅ​បោះឆ្នោត គឺជា​ការ​រំលោភ​ច្បាប់ និង​បំពាន​សិទ្ធិ​ប្រជាពលរដ្ឋ។

អ្នក​សិក្សា​ការ​អភិវឌ្ឍ​សង្គម​បណ្ឌិត មាស នី ពន្យល់​ថា លោក ហ៊ុន សែន ហាក់​កំពុង​ព្រួយបារម្ភ​ប្រជាពលរដ្ឋ​ទៅ​បោះឆ្នោត​មាន​ចំនួន​តិច ទើប​លោក​ចង់​ឲ្យ​ពលរដ្ឋ​ទៅ​បោះឆ្នោត​ឲ្យ​បាន​ច្រើន ដើម្បី​ឲ្យ​មជ្ឈដ្ឋាន​អន្តរជាតិ​ទទួលស្គាល់​លទ្ធផល​បោះឆ្នោត​នា​ពេល​ខាងមុខ៖ «បើ​អីចឹង​ចំនួន​អ្នកបោះឆ្នោត​ជា​កត្តា​សំខាន់​ដែល​ធ្វើ​ឱ្យ​ការ​បោះឆ្នោត​មានការ​ទទួលស្គាល់​ពី​ពលរដ្ឋ​ផង និង​អ្នក​នៅ​ខាងក្រៅ​ផង ដើម្បី​ឲ្យ​រដ្ឋាភិបាល​ស្របច្បាប់»

អ្នកវិភាគ​មើល​ឃើញ​ថា ដើមចម​ធ្វើ​ឲ្យ​របប​លោក ហ៊ុន សែន រំលាយ​គណបក្ស​សង្គ្រោះជាតិ​នោះ គឺ​មកពី​គណបក្ស​កាន់អំណាច​បាន​ធ្លាក់​ប្រជាប្រិយភាព ដោយ​គេ​លើក​យក​លទ្ធផល​បោះឆ្នោត​ឃុំ​សង្កាត់​ជា​ឧទាហរណ៍​ស្រាប់។ បញ្ហា​នេះ​ហើយ​ទើប​ធ្វើ​ឲ្យ​លោក ហ៊ុន សែន និង​បក្ខពួក​មួយ​ចំនួន​ភ័យខ្លាច​អំពី​ការបាត់បង់​អំណាច នៅ​គ្រា​ដែល​របប​របស់​លោក​មាន​អំពើ​យុត្តិធម៌​សង្គម​ជាច្រើន​កើតមាន ក្នុង​នោះ មាន​បញ្ហា​ជម្លោះ​ដៃ​រ៉ាំ​រៃ​មិន​អាច​ដោះស្រាយ​បញ្ចប់ ការ​កាប់​បំផ្លាញ​ព្រៃឈើ និង​ធន​ធម្មជាតិ អំពើពុករលួយ ការ​បាញ់​សម្លាប់​មនុស្ស​ក្រៅ​ប្រព័ន្ធ​ច្បាប់ និទ្ទណ្ឌភាព គម្លាត​អ្នកមាន​និង​អ្នកក្រ។

អ្នកវិភាគ​បន្ត​ថា លោក ហ៊ុន សែន ព្រួយ​បារម្ភ​អំពី​ការបោះឆ្នោត​មួយ ដែល​គ្មាន​ពលរដ្ឋ​ទៅ​បោះឆ្នោត​ច្រើន ហើយ​ធ្វើ​ឲ្យ​របប​ថ្មី​ក្លាយ​ជា​របប​មិន​ស្របច្បាប់ និង​មាន​ការ​ថ្កោលទោស និង​ដាក់​ទណ្ឌកម្ម ពី​សហគមន៍​អន្តរជាតិ រួម​ទាំង ការ​ហ៊ុមព័ទ្ធ​សេដ្ឋកិច្ច នៅ​គ្រា​របប​របស់​ក្រុងភ្នំពេញ បាន​ជំពាក់​បំណុល​បរទេស​កាន់​តែ​ច្រើន និង​ការ​អភិវឌ្ឍ​ពឹងផ្អែក​លើ​ជំនួយ​បរទេស​នោះ។

របាយការណ៍​របស់​ក្រសួង​សេដ្ឋកិច្ច​កម្ពុជា ឲ្យ​ដឹង​ថា របប​លោក ហ៊ុន សែន គិត​ត្រឹម​ដំណាច់ឆ្នាំ​២០១៥ ជំពាក់​បំណុល​បរទេស​ចំនួន ៥.៦​ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក។ រយៈពេល​ដូចគ្នា​នេះ វិស័យ​ឯកជន​បាន​ខ្ចី​ប្រាក់​ពី​បរទេស​ចំនួន​ជិត ៤​ពាន់​លាន​ដុល្លារ។ ជា​សរុប ប្រទេស​កម្ពុជា ជំពាក់​បំណុល​បរទេស​ជិត ១០​ពាន់​លាន​ដុល្លារ។

លោក សម រង្ស៊ី លើកឡើង​ថា អ្វី​ដែល​ជា​បញ្ហា​សំខាន់​នា​ពេល​បច្ចុប្បន្ន គឺ​ពលរដ្ឋ​ត្រូវ​គិត​ពី​បញ្ហា​ជាតិ បញ្ហា​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ ភាព​ឥត​ការងារ​ធ្វើ​ដែល​យុវជន​កំពុងតែ​ប្រឈម ហើយ​បើសិនជា​ពលរដ្ឋ​ទៅ​បោះឆ្នោត ប្រៀប​ដូច​ជា​គាំទ្រ​ឲ្យ​លោក ហ៊ុន សែន បន្ត​អំណាច​ផ្ដាច់ការ​ទៅ​មុខ​ទៀត នៅ​ពេល​នោះ បញ្ហា​ដែល​ប្រជាពលរដ្ឋ​ប្រឈម​គ្មាន​អ្វី​ផ្លាស់ប្ដូរ​ទេ តែ​បើសិនជា​មិន​ទៅ​បោះឆ្នោត​គឺ​របប​ផ្ដាច់ការ​របស់​លោក ហ៊ុន សែន នឹង​ដួល​រលំ​ជាមិនខាន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

4 Responses to "លោក សម រង្ស៊ី ថា​សន្តិភាព​ដែល​​របប​ក្រុងភ្នំពេញ​អះអាង​ថា​មាន​នោះ ជា​សន្តិភាព​ទាសករ"

  1. thean says:

    Every one have to work very hard if we want
    A better life, not only criticize. Kampuchea will be
    Kampuchea, not French country.

  2. Free Cambodia says:

    Regardless of any political party, we have the right to vote and we will vote. Rainsy is telling us not to vote because he is a communist.
    We know what to think and how to think about our country. We have jobs and salaries because of our modernized nation. Our country is going forward to prosperity.
    Rainsy is the obstructionist and only Rainsy thinks to himself and for himself.
    We are now at peace and Rainsy should stay away.

  3. Anonymous says:

    I knew Cambodian have come to another dangerous situation . my only request is >> please do not murder more Cambodian from me to who ever you are. remembers your act will be in the history of this sad nation . GOD bless Cambodia and it’s people

  4. so socheath says:

    សេចក្តីអំពាវនាវ
    សូម ប្រជាពលរដ្ឋ កម្ពុជា កុំចាញ់បោក អតីតសកម្មជន ថ្នាក់ដឹកនាំគណបក្សសាងគ្រោះជាតិដែលប្រព្រឹត្តអំពើក្បត់ជាតិ ដែលឃោសនាបោកប្រាស មូលបង្កាច់មកលើ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជារដ្ឋបុរសដឹកនាំជាតិ ពិសេសអាក្បត់ជាតិសមរង្សី វាបំផុសប្រជាពលរដ្ឋ កុំឱ្យទៅបោះឆ្នោត។
    អតីតសកម្មជនខ្មោចបក្សក្បត់ជាតិសាងគ្រោះជាតិមួយក្តាប់តូច កំពុងញុះញង់ បំផុសថា ការចាប់ខ្លួនកឹម សុខា ជាមេកើយរបស់ខ្លួនជាចេតនានយោបាយ ដើម្បីលុបបំបាត់ បក្សរបស់ខ្លួន មិនឱ្យ ចូលរួមបោះឆ្នោត នៅចុងខែកក្កដាខាងមុខនេះ។ ប៉ុន្តែសូមបងប្អូនប្រជាពលរដ្ឋមេត្តាដឹងកាន់តែច្បាស់ថា ការចាប់ខ្លួនកឹម សុខា និងការហាមឃាតថ្នាក់ដឹកនាំជាន់ខ្ពស់ទាំង១១៨រូប មិនឱ្យធ្វើនយោបាយរយៈពេល៥ឆ្នាំ គឺធ្វើតាមច្បាប់ដែលបានកំណត់ ដោយសារតែអតីតមេបក្សរូបនេះ បានឃុបឃិតជាមួយបរទេស មានចេតនាផ្តួលរំលំ រាជរដ្ឋាភិបាលស្របច្បាប់តាមរយះបដិវត្តនីពណ៏ គឺជាទោសក្បត់ជាតិ ។
    ដូចនេះសូមជនរួមជាតិកុំចាញ់បោកនូវការឃោសនានានារបស់ក្រុមក្បត់ជាតិ បក្សសាងគ្រោះជាតិ ដោយនាំគ្នាចូលរួមបោះឆ្នោត និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តអភិវឌ្ឍប្រទេជាតិ ឱ្យរីកចម្រើន លើគ្រប់វិស័យ ដូចបច្ចុប្បនេះ៕