សកម្មជន​អតីត CNRP ត្រូវ​តម្កល់​ឲ្យ​ជាប់គុក​ពី​​ ៧ ​ទៅ​ ២០ ​ឆ្នាំ​ដដែល

រថយន្ត​ពន្ធនាគារ​ដឹក​សកម្មជន​អតីត​បក្ស​សង្គ្រោះ​ជាតិ​ចេញ​ពី​សាលាឧទ្ធរណ៍​ពី​ម្សិលមិញ​។ ផា លីណា



ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ សាលាឧទ្ធរណ៍​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​ ១០ ខែ​ឧសភា បាន​បើក​សវនាការ​ប្រកាស​សាលដីកា​ដោយ​តម្កល់​ការសម្រេច​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ទុក​ជា​បានការ​ហើយ​ឲ្យ​បន្ត​ឃុំ​ខ្លួន​សកម្មជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន ១១ ​រូប​ឲ្យ​ជាប់​ពន្ធនាគារ​ពី ៧ ទៅ ២០ ​ឆ្នាំ​ដដែល​ក្រោម​បទចោទ​ដឹកនាំ​ និង​ចូលរួម​ធ្វើ​កុបកម្ម​។

លោក ប្លង់ សំណាង ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​នៃ​សាលា​ឧទ្ធរណ៍​បាន​បើក​សវនាការ​ប្រកាស​សាលដីកា​រយៈពេល​ ២ ​នាទី​ដោយ​បដិសេធ​បណ្ដឹង​សារទុក្ខ​របស់​ជនជាប់ចោទ​ទាំង​ ១១ រូប​ហើយ​ឲ្យ​បន្ត​ឃុំ​ខ្លួន​ពួកគេ​តទៅ​ទៀត ដោយ​មិន​បាន​ពន្យល់​ហេតុផល​នៃ​ការយល់ឃើញ​របស់​ចៅក្រម​ឡើយ​។

លោក ប្លង់ សំណាង ថ្លែង​នៅ​ចំពោះ​មុខ​ជនជាប់ចោទ​ទាំង​ ១១ ​រូប និង​អ្នក​ឃ្លាំមើល​សិទ្ធិមនុស្ស​ថា​៖ «​ទី​ ១ តុលាការ​សម្រេច​ទទួល​បណ្ដឹង​សារទុក្ខ​របស់​មេធាវី ទី​ ២ ​តម្កល់​សាលក្រម​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​របស់​ជន​ជាប់ចោទ​ទាំង ១១ រូប​ទុក​ជា​បានការ ទី​ ៣ បន្ត​ឃុំ​ខ្លួន​ជន​ជាប់ចោទ​ទាំង ១១ តទៅទៀត​»​។

សាលដីកា​នេះ​ធ្វើ​ឡើង​ក្រោយ​ពេល​សាលាឧទ្ធរណ៍​បាន​បើក​សវនាការ​ជំនុំជម្រះ​អស់​រយៈពេល ៤ ថ្ងៃ​កាលពី​ខែ​មុន​។

កាលពី​ឆ្នាំ​ ២០១៥ លោក មាជ សុវណ្ណារ៉ា លោក អឿ ណារិត និង​លោក ឃិន ជំរឿន ត្រូវ​បាន​តុលាការ​កាត់ទោស​ដាក់​ពន្ធនាគារ ២០ ឆ្នាំ​ពី​បទ «​ដឹកនាំ​កុបកម្ម​» ចំណែក​សកម្មជន ៨ រូប​ផ្សេង​ទៀត​ត្រូវ​បាន​កាត់​ឲ្យ​ជាប់ ៧ ឆ្នាំ​ពី​បទ​ «​ចូលរួម​កុបកម្ម​»​។

ភ្លាមៗ​ក្រោយ​ប្រកាស​សាលដីកា​ជន​ជាប់ចោទ​ជាច្រើន ប្រតិកម្ម​ដោយ​ចោទ​ថា​តុលាការ​ «​តេឡេ​» ឬ​ «​តុលាការ​ឧក្រិដ្ឋ​»​។

លោក អ៊ុក ពេជ្រសំណាង ដែល​មាន​សម្តី​ឆៅ​និយាយ​មិន​ខ្លាច​បាន​ថ្លែង​ថា​៖ «​នេះ​ជា​តុលាការ​តេឡេ ជា​តុលាការ​ឧក្រិដ្ឋ​ដោះលែង​តែ​មេចោរ តែ​ពួកយើង​អត់​មាន​កំហុស គេ​មិន​លែង​ទេ​»​។ លោក​បន្ថែម​ថា​លោក​ត្រូវ​បាន​គេ​ដាក់​នៅ​ក្នុង​បន្ទប់​មួយ​ទទឹង ៣,៥ ម៉ែត្រ និង​បណ្ដោយ ៤ ម៉ែត្រ ដែល​មាន​គ្នា​សរុប ១៥ នាក់ នៅ​ពន្ធនាគារ​ព្រៃស​។

ក្រុម​គ្រួសារ​សកម្មជន​អតីត​បក្សប្រឆាំង និង​មេធាវី​ថ្លែង​ថា​ការផ្តន្ទាទោស​លើ​ពួកគេ​គឺជា​រឿង​អយុត្តិធម៌​។ អ្នកស្រី ពេជ្រ ចាន់ឌី អាយុ​ ៣២ ​ឆ្នាំ​ភរិយា​របស់ សាន គឹមហេង ដែល​មាន​កូនស្រី​អាយុ ២ ឆ្នាំ​មក​ជាមួយ​បាន​និយាយ​ថា​៖ «​ប្តី​ខ្ញុំ​អត់​បាន​ធ្វើ​អ្វី​ខុស​សោះ ចាប់​គាត់​តាំងពី​ខ្ញុំ​មាន​ផ្ទៃពោះ ២ ខែ ឥឡូវ​កូន​ខ្ញុំ​អាយុ ២ ឆ្នាំ​ហើយ​។ គាត់​មិន​បាន​ទៅ​កាប់​ចាក់​អ្នកណា ឬ​ទៅ​ប្រព្រឹត្ត​ជួញដូរ​គ្រឿងញៀន​អ្វី​ទេ​»​។

លោក មាជ សុវណ្ណារ៉ា ដែល​ត្រូវ​តុលាការ​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ ២០ ឆ្នាំ​ដោយ​ចោទ​ថា ជា​អ្នកដឹកនាំ​កុបកម្ម​នោះ​មិន​មាន​ការ​ក្រេវក្រោធ​អ្វី​ទេ ដោយ​លោក​គ្រាន់​តែ​និយាយ​ថា ករណី​នេះ​ជា​រឿង​នយោបាយ ដែល​ត្រូវ​ដោះស្រាយ​ដោយ​នយោបាយ​។ លោក​បញ្ជាក់​ថា​៖ «​រឿង​នេះ​ទាល់តែ​អ្នក​នយោបាយ​ទាំងអស់ ត្រូវ​រ៉ូវ​គ្នា​ទើប​ដោះ​បាន​។ ពួកយើង​គ្រាន់​តែ​ជា​ចំណាប់ខ្មាំង​ទេ​។ ខ្ញុំ​សង្ឃឹម​ថា លោក​នាយក​រដ្ឋមន្ត្រី​នឹង​ដោះលែង​ពួកយើង​នៅ​ពេល​គាត់​ជាប់​ឆ្នោត​ខាង​មុខ​»​។

លោក​មេធាវី កែត ឃី ដែល​ការពារ​ជនជាប់ចោទ ៤ រូប ក្នុង​ចំណោម ១១ ​រូប​ថ្លែង​ថា​វា​ជា​រឿង​អយុត្តិធម៌ ហើយ​លោក​កំពុង​រៀបចំ​ប្តឹង​ទៅ​កំពូល​បន្ត​ទៀត​។

លោក​ថ្លែង​ថា​៖ «​រឿង​នេះ​យើង​ដឹង​គ្រប់​គ្នា​ថា ពាក់ព័ន្ធ​នឹង​នយោបាយ ដោយសារ​តែ​ពួកគាត់​ជា​សមាជិក​របស់​គណបក្ស​សង្គ្រោះ​ជាតិ អ៊ីចឹង​វា​មិនមែន​រឿង​បច្ចេកទេស​ទេ​។ អ្នក​បង្ក​មិនមែន​ជា​ពួកគាត់​ទេ​បើ​យើង​មើល​លើ​វីដេអូឃ្លីប ពួកគាត់​គ្រាន់​តែ​ជា​អ្នក​ជួយ​សង្គ្រោះ​ដល់​ជនរងគ្រោះ​ដែល​រង​ការវាយដំ​មាន​របួសស្នាម តែ​ទីបំផុត​គេ​យក​គាត់​មក​ដាក់គុក អ៊ីចឹង​វា​អយុត្តិធម៌​ចំពោះ​ពួកគាត់​»​។

ស្រដៀង​គ្នា​នេះ​លោក អំ សំអាត ប្រធាន​បច្ចេកទេស​ឃ្លាំ​មើល​ការរំលោភ​សិទ្ធិ​មនុស្ស​របស់​អង្គការ​លីកាដូ​ក៏​យល់​ថា វា​ជា​រឿង​នយោបាយ​ដែរ​ដោយ​លោក​ថ្លែង​ថា​៖ «​ខ្ញុំ​គិត​ថា​វា​គ្រាន់​តែ​ជា​បាតុកម្ម​ទាមទារ តែ​ហិង្សា​កើតឡើង ដោយសារ​តែ​មាន​ការប្រើប្រាស់​ហិង្សា​ទៅវិញ​ទៅមក​។ មេធាវី​ថា​មិន​សម​កុបកម្ម​ទេ​។ យើង​ឃើញ​ថា អំពើហិង្សា​កើត​មាន​មែន តែ​បទល្មើស​ព្រហ្មទណ្ឌ គឺ​សក់​អ្នក​ណា​ក្បាល​អ្នក​ហ្នឹង គឺ​អ្នកណា​ប្រព្រឹត្ត​អ្នក​នោះ​ទទួល​ខុសត្រូវ​។ តែ​ក្នុង​សវនាការ ជន​ទាំងអស់​ថា​មិន​បាន​ប្រព្រឹត្ត ហើយ​ជនរងគ្រោះ​មិន​បាន​ស្គាល់​អ្នក​វ៉ៃ​គាត់​ទៀត​។ នៅ​អំឡុង​ពេល​នោះ​គឺ​ស្ថានភាព​នយោបាយ​តានតឹង​»​។

លោក Phil Robertson នាយករង​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស Human Rights Watch ប្រចាំ​តំបន់​អាស៊ី​ថ្លែង​ថា​តុលាការ​ដាក់​ទោស​មនុស្ស​ខុស​ដោយ​លោក​អះអាង​ថា​អ្នក​ខ្លះ​ក្នុង​ចំណោម ១១ រូប​បាន​ជួយ​ការពារ​កុំ​ឲ្យ​ហិង្សា​កើតឡើង ហើយ​ពួកគាត់​ខ្លះ​ក៏​បាន​រងរបួស​ដោយ​សន្តិសុខ​ខណ្ឌ​ដូនពេញ​ដែល​ជា​អ្នក​បង្ក​ហិង្សា​នោះ​។ លោក​ថា តុលាការ​មិន​បាន​ស៊ើបអង្កេត​រក​អ្នក​ទទួល​ខុសត្រូវ​ពិត​ប្រាដក ប៉ុន្តែ​យក​ព្រឹត្តិការណ៍​នេះ​ «​ធ្វើ​ជា​ការ​សងសឹក​នយោបាយ​លើស​កម្មជន​ទាំង​ ១១ ​រូប​»​។

លោក​បន្ថែម​ថា​ការ​ធ្វើ​បាតុកម្ម​ហើយ​មាន​ហិង្សា ជាមួយ​សមត្ថកិច្ច​បែប​នេះ​មិនមែន​ជា​អំពើ​កុបកម្ម​នោះ​ទេ ព្រោះ​បាតុករ​មិន​មាន​បំណង​ផ្តួលរំលំ​រដ្ឋាភិបាល​ទេ​។

លោក​និយាយ​ថា​ការ​ចោទប្រកាន់​របស់​រដ្ឋាភិបាល​លើ​ពួកគេ​ដោយ​បទ​ចោទ​នេះ​គឺ​ «​ធ្វើ​ឡើង​តាម​អំពើ​ចិត្ត ផ្តេសផ្ដាស អយុត្តិធម៌ ហើយ​ជំរុញ​ទឹកចិត្ត​ដោយ​របៀបវារៈ​នយោបាយ ដើម្បី​ដាក់​ទណ្ឌកម្ម​ពួកគេ​ដោយសារ​ពួកគេ​ជា​សកម្មជន​របស់​គណបក្ស​សង្គ្រោះ​ជាតិ​»​។

លោក លី ច័ន្ទតុលា មេធាវី​ការពារ​ដើមបណ្ដឹង ៣៩ នាក់​ដែល​ជា​សន្តិសុខ​ខណ្ឌ​ដូនពេញ​ថ្លែង​ថា​លោក​ពេញ​ចិត្ត​នឹង​សាលដីកា​នេះ​ដោយ​ថ្លែង​ថា​៖ «​ថ្វី​ដ្បិត​ខ្ញុំ​ក្នុង​នាម​ជនរងគ្រោះ​មិន​សូវ​ពេញចិត្ត​ខ្លាំង ចំពោះ​ការសម្រេច​ចិត្ត​របស់​សាលាដំបូង​ក៏ដោយ តែ​ដោយសារ​យើង​មិន​បាន​ប្តឹង​ឧទ្ធរណ៍ ប៉ុន្តែ​ការ​កាត់​សេចក្តី​នេះ​ខាង​យើង​ខ្ញុំ​ទទួល​យក​បាន​»៕


Contact author: នៀម ឆេង

What Next?

Recent Articles

Leave a Reply

Submit Comment