ពលរដ្ឋ​រងគ្រោះ​ដីធ្លី​ព្រមាន​មិន​ទៅ​បោះឆ្នោត​ខណៈ​ឈ្មួញ​ធំៗ​បង្ហោះ​សារ​គាំទ្រ​ការ​បោះឆ្នោត

ដោយ ហេង សកល
2018-05-15
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ពលរដ្ឋ​ឈរ​តម្រង់​ជួរ​ចូល​ទៅ​បោះឆ្នោត​នៅ​ការិយាល័យ​សាលា​បឋម​សិក្សា​បាវិត​កណ្ដាល ក្រុង​បាវិត ខេត្ត​ស្វាយរៀង នៅ​ថ្ងៃ​ទី​៤ ខែ​មិថុនា ឆ្នាំ​២០១៧ ឆ្នាំ​២០១៧។ Photo: RFA
ពលរដ្ឋ​ឈរ​តម្រង់​ជួរ​ចូល​ទៅ​បោះឆ្នោត​នៅ​ការិយាល័យ​សាលា​បឋម​សិក្សា​បាវិត​កណ្ដាល ក្រុង​បាវិត ខេត្ត​ស្វាយរៀង នៅ​ថ្ងៃ​ទី​៤ ខែ​មិថុនា ឆ្នាំ​២០១៧ ឆ្នាំ​២០១៧។ Photo: RFA


ពលរដ្ឋ​រងគ្រោះ​ដីធ្លី​នៅ​តាម​សហគមន៍​មួយ​ចំនួន ព្រមាន​ថា ពួកគាត់​នឹង​មិន​ទៅ​បោះឆ្នោត ជា​ដាច់ខាត ប្រសិនបើ​របប​ក្រុងភ្នំពេញ នៅ​មិនទាន់​រក​ដំណោះស្រាយ​ឱ្យ​ពួកគាត់​នៅមុន​ការបោះឆ្នោត​មកដល់។ ប៉ុន្តែ ឈ្មួញ​ដី​ធំៗ ដែល​ពលរដ្ឋ​ចោទ​ថា ជា​អ្នក​រកស៊ី​ទុច្ចរិត​ក្នុង​របប​លោក ហ៊ុន សែន បាន​នាំគ្នា​បង្ហោះ​សារ​បង្ហាញ​ឆន្ទៈ​ទៅ​បោះឆ្នោត​គ្រប់ៗ​គ្នា។

តំណាង​សហគមន៍​ពាមកាយ ដែល​មាន​ជម្លោះ ជាមួយ​ក្រុមហ៊ុន​ចិន យូញៀន ឌីវីឡុបមែន (Union Development Group) ឬ​យូឌីជី នៅ​ភូមិ​ពាម​កាយ ឃុំ​កោះស្ដេច ស្រុក​គិរីសាគរ ខេត្ត​កោះកុង លោក ណៃ វិបុល ឱ្យ​ដឹង​ថា ពលរដ្ឋ​ក្នុង​សហគមន៍​លើកឡើង​ថា នឹង​មិន​ទៅ​បោះឆ្នោត​ទេ ប្រសិនបើ​សហគមន៍​ពាម​កាយ នៅតែ​មិន​ទទួល​បាន​សំណង ឬ​ដំណោះស្រាយ​សមរម្យ នៅ​មុន​ការ​បោះឆ្នោត​នេះ។

លោក ណៃ វិបុល អះអាង​ថា សហគមន៍​ពាមកាយ មិនមែន​ជា​ក្រុម​ប្រឆាំង​នឹង​របប​ក្រុងភ្នំពេញ​ទេ ប៉ុន្តែ​តាំងពី​ឆ្នាំ​១៩៩៣​មក ពួកគាត់​ទៅ​បោះឆ្នោត​រហូត​នៅ​តែ​គ្មាន​ដំណោះស្រាយ ដូច្នេះ​បើ​នៅមុន​ការបោះឆ្នោត​ឆ្នាំ​២០១៨ របប​ក្រុងភ្នំពេញ នៅ​មិន​ព្រម​កាត់​ឆ្វៀល​ដី ជូន​ពលរដ្ឋ​ក្នុង​សហគមន៍​វិញ​ទេ ពួកគាត់​នឹង​មិន​ទៅ​បោះឆ្នោត​ជាដាច់ខាត៖ «បញ្ហា​នេះ​យើង​ដឹង​ស្រាប់​ហើយ ខ្ញុំ​មិនមែន​ថា​ខ្ញុំ ប្រឆាំង​អី​ទេ​ក៏ប៉ុន្តែ​បញ្ហា​នេះ​តាំងពី​១៩៩៣​មក ខ្ញុំ​ទៅ​បោះឆ្នោត​រហូត បញ្ហា​នេះ បើ​គេ​កាត់​ឆ្វៀល​ឱ្យ​ខ្ញុំ ខ្ញុំ​ទៅ​បោះឆ្នោត បើ​មិន​ដោះស្រាយ​បញ្ហា​ឱ្យ​ខ្ញុំ​ទេ​ខ្ញុំ​មិន​ទៅ​ទេ»

របប​ក្រុងភ្នំពេញ នឹង​រៀបចំ​ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ អាណត្តិ​ទី​៦ នៅ​ថ្ងៃ​ទី​២៩ កក្កដា ឆ្នាំ​២០១៨។ មេដឹកនាំ​កំពូលៗ និង​អ្នក​ទទួល​បាន​លាភសក្ការៈ​ពី​របប​ក្រុងភ្នំពេញ នៅ​ថ្ងៃ​ទី​១៤ ឧសភា នេះ បាន​នាំ​គ្នា​ប្ដូរ​រូប​ក្នុង​គណនី​បណ្ដាញ​សង្គម​ហ្វេសប៊ុក ដោយ​បន្ថែម​អក្សរ​ថា ពួកគេ​នឹង​ទៅ​បោះឆ្នោត ពីព្រោះ​ពួកគេ​ស្រលាញ់​ប្រទេស​កម្ពុជា។

ក្រុម​ឈ្មួញ​ដី ធំៗ​នៅ​កម្ពុជា រួម​នឹង​សមាជិក​ព្រឹទ្ធសភា​បក្ស​កាន់អំណាច​ផង បាន​នាំគ្នា​ប្ដូរ​រូប​លើ​គណនី​ហ្វេសប៊ុក​គ្រប់ៗ​គ្នា ក្នុង​នោះ​មាន ឧកញ៉ា លី យ៉ុងផាត់ ឧកញ៉ា កុក អាន ឧកញ៉ា លី ហួរ ឧកញ៉ា គិត ម៉េង និង​ក្រុម​គ្រួសារ​របស់​ពួកគេ ព្រមទាំង​ពាណិជ្ជករ​ធំៗ​មួយ​ចំនួន​ទៀត។ ក្រុម​អ្នក​ឧកញ៉ា នៅ​ស្រុក​ខ្មែរ​ទាំងនោះ ភាគច្រើន សុទ្ធតែ​រង​ការ​ចោទ​ពី​ពលរដ្ឋ​ថា រកស៊ី​មាន​បាន ដោយសារ រំលោភ​យក​ដី​ពលរដ្ឋ​ស្លូតត្រង់ និង​ធ្វើ​អាជីវកម្ម​លើ​ទ្រព្យសម្បត្តិ​សាធារណៈ។ ក្រៅពី​ក្រុម​ឈ្មួញ​ដី​ធំៗ ក៏​មាន​ក្រុម​អ្នកលេង​ហ្វេសប៊ុក ដែល​គណបក្ស​ប្រជាជន​កម្ពុជា​រៀបចំ​ឡើង (Cyber war room) បាន​នាំគ្នា បន្ថែម​អក្សរ​នៅ​លើ​រូប​គណនី​បង្ហាញ​ពី​ការចូលរួម​ការបោះឆ្នោត អាណត្តិ​ទី​៦ដែរ។

តំណាង​សហគមន៍​មាន​ជម្លោះដីធ្លី​ជាមួយ​អាជ្ញាធរ​ខេត្ត និង​អាជ្ញាធរ​ជាតិ​ព្រះវិហារ នៅ​ភូមិ​ស្វាយជ្រុំ ឃុំ​កន្ទួត ស្រុក​ជាំក្សាន្ដ លោក ផាន់ ធឿន ឱ្យ​ដឹង​ថា ពលរដ្ឋ​ក្នុង​សហគមន៍​មិន​អាច​ទៅ​បោះឆ្នោត​បានទេ ដោយសារ​ពួកគេ​គ្មាន​ទីលំនៅ​ត្រឹមត្រូវ ក្រោយ​ពេល​អាជ្ញាធរ​បណ្ដេញ​ពួកគាត់​ចេញ​ពី​ដីធ្លី​ជាច្រើន​ឆ្នាំ។ តំណាង​សហគមន៍​ថា ក្រុម​គ្រួសារ​ខ្លះ​ទៀត គ្មាន​ថវិកា​សម្រាប់​ចំណាយ​ក្នុង​ការ​ធ្វើដំណើរ​ពី​ផ្ទះ​នៅ​ក្នុង​ព្រៃ ទៅ​បោះឆ្នោត​ទេ៖ «បើសិនជា​គ្មាន​ដំណោះស្រាយ​ទេ មុន​ការបោះឆ្នោត​ទេ ប្រជាជន​មិន​ទៅ​បោះឆ្នោត​ទេ ណាមួយ​គ្មាន​ទីតាំង​បោះ​ផង​ព្រោះ​ពី​អាជ្ញាធរ​រករឿង​រហូត​នឹង​សព្វថ្ងៃ នឹង​បាទ»

ពលរដ្ឋ​មាន​ជម្លោះដីធ្លី​ទាំងនេះ អះអាង​ថា ការ​ពហិការ​មិន​ទៅ​បោះឆ្នោត​របស់​ពួកគាត់ មិនមែន​ដោយសារតែ​គ្មាន​វត្តមាន​របស់​គណបក្ស​ប្រឆាំង​ទេ ប៉ុន្តែ​ដោយសារតែ​របប​ក្រុងភ្នំពេញ ជាច្រើន​ឆ្នាំ​មកនេះ នៅតែ​មិន​ព្រម​ដោះស្រាយ​បញ្ចប់​ទំនាស់​ដីធ្លី​របស់​ពួកគាត់​បាន ជាហេតុ​បង្ហាញ​ពី​ការ​ខឹង​សម្បារ ចំពោះ​របប​ក្រុងភ្នំពេញ។ តំណាង​សហគមន៍​រងគ្រោះ​ដីធ្លី​ទាំងនេះ ប្រាប់​ថា ជាច្រើន​អាណត្តិ​មក​នេះ ពួកគាត់​បាន​បោះឆ្នោត​គ្រប់​អាណត្តិ ប៉ុន្តែ ពួកគាត់​ទទួល​បាន​មកវិញ នូវ​ការ​វាយដំ ដុត​ផ្ទះ បណ្ដេញ​ចេញ​យ៉ាង​ឃោរឃៅ និង​ការ​ដើរ​លន់​តួរ​អង្វរ​មន្ត្រី​នៅ​តាម​ក្រសួង សុំ​កិច្ច​អន្តរាគមន៍ រក​ដំណោះស្រាយ​ដីធ្លី​មកវិញ។

អ្នក​សម្របសម្រួល​គម្រោង​ធុរកិច្ច និង​សិទ្ធិមនុស្ស នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា លោក វណ្ណ សូផាត សង្កេត​ឃើញ​ថា នៅមុន​ការបោះឆ្នោត​នេះ របប​ក្រុងភ្នំពេញ បាន​ខិតខំ​ប្រឹងប្រែង​វាស់វែង​ដី និង​ផ្ដល់​ប្លង់​កម្មសិទ្ធិ​ឱ្យ​ពលរដ្ឋ​បាន​ច្រើន​គួរសម​ដែរ។ លោក​បន្ដ​ថា នេះ​អាច​ជា​កិច្ច​ខិតខំ​ប្រឹងប្រែង​មួយ​របស់​របប​ក្រុងភ្នំពេញ ដើម្បី​ផ្សារភ្ជាប់​ពី​កិច្ច​ខិតខំ​ព្យាយាម​នៅមុន​ការបោះឆ្នោត ប៉ុន្តែ​សង្គម​ស៊ីវិល​យល់ថា បញ្ហា​ទំនាស់​ដីធ្លី​នៅ​កម្ពុជា មិន​អាច​ដោះស្រាយ​ជា​ប្រព័ន្ធ​បាន ដោយសារតែ​មន្ត្រី​ជំនាញ នៅតែ​រង់ចាំ​បទបញ្ជា​ផ្ទាល់​ពី​មេដឹកនាំ​របប​ក្រុងភ្នំពេញ ទើប​មាន​ដំណោះស្រាយ។

លោក វណ្ណ សូផាត ជឿ​ថា បើ​របប​ក្រុងភ្នំពេញ អាច​ដោះស្រាយ​បញ្ចប់​ទំនាស់​ដីធ្លី​នៅមុន​ការ​បោះឆ្នោត​បាន ពលរដ្ឋ​មាន​ជម្លោះ​ទាំងនោះ នឹង​ទៅ​បោះឆ្នោត​វិញ បើ​ទោះ​ជា​អត់​មាន​គណបក្ស​ប្រឆាំង​ក៏ដោយ ប៉ុន្តែ​លោក​ថា បើ​គ្មាន​ដំណោះស្រាយ​ទេ ពលរដ្ឋ​ទាំងនោះ អាច​នឹង​ពហិការ​ដូច​ការ​ព្រមាន​មែន។ តែ​ទោះជា​យ៉ាងណា សង្គម​ស៊ីវិល យល់ថា នេះ​ជា​សិទ្ធិ​របស់​ពលរដ្ឋ៖ «មែន​ប្រជាពលរដ្ឋ​ខ្ញុំ​មើល​ឃើញ​អ៊ីចឹង​មែន ប្រសិនបើ​ដោះស្រាយ​ឱ្យ​គាត់ គាត់​អាច​ទៅ​បោះ ប៉ុន្តែ​បើ​មិន​ដោះស្រាយ​ឱ្យ​គាត់ គាត់​មិន​ទៅ​បោះ​ឆ្នោត​មែន​នឹង អា​នឹង​ខ្ញុំ​មើល​ទឹកចិត្ត​ពួកគាត់​អ៊ីចឹង​មែន បញ្ហា​ដដែល​មិន​ដោះ​ឱ្យ​ពួកគាត់​គាត់ មើល​ឃើញ​អ៊ីចឹង គាត់​លែង​ទៅ​បោះឆ្នោត អា​នឹង​ជា​សិទ្ធិ​របស់​ពួកគាត់​បាទ»

ពលរដ្ឋ​ដែល​អះអាង​ថា រងគ្រោះ​ពី​ការរំលោភ​យក​ដីធ្លី នៅ​តាម​សហគមន៍​បញ្ជាក់​ថា ដំណោះស្រាយ​ដែល​ពួកគេ​ត្រូវការ នៅ​មុន​ការបោះឆ្នោត​អាណត្តិ​នេះ គឺ​ដំណោះស្រាយ​បញ្ចប់​ទំនាស់ ឬ​ផ្ដល់​ប្លង់ដី ចំពោះ​ការ​អភិវឌ្ឍ​នៅ​នឹង​កន្លែង។ ពួកគេ​ថា មិន​ទទួល​យក​ដំណោះស្រាយ​ជា​ការ​សន្យា ដូច​មុន​ការ​បោះឆ្នោត រាល់ដង​ទេ ព្រោះ​ការសន្យា​មុន​ការបោះឆ្នោត គឺជា​ការសន្យា​បែប​ភូត​កុហក។

អ្នកមាន​ជម្លោះដីធ្លី រក្សា​ជំហរ​ថា នឹង​នៅតែ​បន្ត​ស្វែងរក​ដំណោះស្រាយ​ដីធ្លី តាម​ស្ថាប័នរដ្ឋ​ធំៗ បន្ត ទៀត បើ​ទោះ​ជា ចំ​ថ្ងៃ​បោះឆ្នោត និង​ក្រោយ​ថ្ងៃ​បោះឆ្នោត​រួច​ក៏ដោយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

One Response to "ពលរដ្ឋ​រងគ្រោះ​ដីធ្លី​ព្រមាន​មិន​ទៅ​បោះឆ្នោត​ខណៈ​ឈ្មួញ​ធំៗ​បង្ហោះ​សារ​គាំទ្រ​ការ​បោះឆ្នោត"

  1. people says:

    Vote or not vote people still suffer ‘ because veitcong mafia dictator and his groups are still make all people suffer’

Leave a Reply

Submit Comment