លោក ហុង លីម សង្ស័យ​ថា​បក្ស​ប្រជាជន​ជា​អ្នក​គំរាម​សម្លាប់​ក្រុម​លោក​និង​អ្នកស្រី ប៊ូ រចនា

ដោយ វ៉ែន សុមេធ
2018-05-15
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ពលរដ្ឋ​ខ្មែរ​អូស្ត្រាលី​ជួបជុំ​គ្នា​នៅ​ទីក្រុង​ស៊ីដនី (Sydney) នៅ​ថ្ងៃ​ទី១៦ ខែ​មីនា ឆ្នាំ​២០១៨ ដើម្បី​តវ៉ា​ប្រឆាំង​នឹង​វត្តមាន​របស់​លោក​នាយករដ្ឋមន្ត្រី ដែល​កំពុង​ចូលរួម​កិច្ច​ប្រជុំ​អាស៊ាន-អូស្ត្រាលី នៅ​ទីក្រុង​ស៊ីដនី ប្រទេស​អូស្ត្រាលី។ RFA/Chun Chanboth
ពលរដ្ឋ​ខ្មែរ​អូស្ត្រាលី​ជួបជុំ​គ្នា​នៅ​ទីក្រុង​ស៊ីដនី (Sydney) នៅ​ថ្ងៃ​ទី១៦ ខែ​មីនា ឆ្នាំ​២០១៨ ដើម្បី​តវ៉ា​ប្រឆាំង​នឹង​វត្តមាន​របស់​លោក​នាយករដ្ឋមន្ត្រី ដែល​កំពុង​ចូលរួម​កិច្ច​ប្រជុំ​អាស៊ាន-អូស្ត្រាលី នៅ​ទីក្រុង​ស៊ីដនី ប្រទេស​អូស្ត្រាលី។ RFA/Chun Chanboth


លោក​ ហុង​ លីម​ សង្ស័យ​គណបក្ស​​កាន់​អំណាច​គំរាម​សម្លាប់​លោក


លោក ហុង លីម តំណាងរាស្ត្រ​អូស្ត្រាលី​ដើមកំណើត​ខ្មែរ​និយាយ​ថា សម្ដី​របស់​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ធ្វើ​ឲ្យ​លោក​សង្ស័យ​ថា គណបក្ស​កាន់អំណាច នៅ​ពីក្រោយ​គម្រោង​សម្លាប់​លោក។ ចំណុច​ដែល​លោក ហុង លីម សង្ស័យ​ថា គណបក្ស​នេះ​ជា អ្នក​រៀបចំ​គម្រោង​ព្រមាន​សម្លាប់​នេះ ព្រោះ​លោក សុខ ឥសាន បាន​និយាយ​ថា ការ​គំរាម​សម្លាប់​លោក ហុង លីម និង​ភរិយា​របស់​លោក​បណ្ឌិត កែម ឡី គឺជា​ល្បិច​របស់​ក្រុម​លោក ហុង លីម រៀបចំឡើង​ដើម្បី​ទម្លាក់កំហុស​ដាក់​គណបក្ស​ប្រជាជន​កម្ពុជា។

ស្រប​ពេល​សមត្ថកិច្ច​អូស្ត្រាលី​កំពុង​ស៊ើបអង្កេត​លើ​លិខិត​គំរាម​សម្លាប់ លោក ហុង លីម កំពុង​មាន​ពន្លឺ​ខ្លះៗ​នោះ។ លោក ហុង លីម យល់ថា សម្ដី​របស់​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ដែល​បាន​លើកឡើង​គឺ​ជា​តម្រុយ​ថ្មី​មួយទៀត​នៃ​ការស៊ើបអង្កេត។ លោក ហុង លីម យល់ថា សម្ដី​លោក សុខ ឥសាន មាន​ន័យ​ថា​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ធ្វើ​រឿង​នេះ៖ «យី​ដល់​អ៊ីចឹង​ទៅ​ខ្ញុំ​ឆ្ងល់​ដែរ ដូច្នេះ​បាន​ន័យ​ថា គេ​ទទួលស្គាល់​ថា គេ​បាន​ធ្វើ​អ៊ីចឹង ព្រោះ​ខ្ញុំ មិនដែល​ចោទ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ»

ក្រោយ​ពេល លោក សុខ ឥសាន បាន​និយាយ​កាលពី​ចុងខែ​មីនា​កន្លងទៅ​ថា ការ​គំរាម​សម្លាប់​ក្រុម​លោក ហុង លីម និង​អ្នកស្រី ប៊ូ រចនា គឺជា​ល្បិច​ពាល​ស៊ី​ពាល ដែល​រៀបចំឡើង​ដោយ​ក្រុម​លោក​ហុង លីម ខ្លួនឯង​។ លោក សុខ ឥសាន អះអាង​ថា គណបក្ស​ប្រជាជន​កម្ពុជា​គ្មាន​វប្បធម៌​លាប​ពណ៌ ឬ​ដាក់​បន្ទុក​លើ​ជន​ណា ដោយ​ការ​គំរាម​សម្លាប់​នោះ​ទេ។ ប៉ុន្តែ​ល្បិច​បែបនេះ​គឺ​មានតែ​ក្រុម​ប្រឆាំង​ប៉ុណ្ណោះ​ដែល​តែងតែ​បង្កើត​ឡើង៖ «គាត់​បង្កើត​បញ្ហា​ដើម្បី​ដាក់​បន្ទុក​មក​លើ​រាជរដ្ឋាភិបាល​កម្ពុជា​របស់​គណបក្ស​ប្រជាជន​កម្ពុជា រឿង​នេះ​ជា​ល្បិច​ពាល​ស៊ី​ពាល​នៅ​ក្នុង​ក្រុម​របស់​គាត់​តែម្ដង បង្កើត​និង​ប្រឌិត​បញ្ហា​ដើម្បី​ឲ្យ​គេ​មើល​ឃើញ​ថា គេ​ឲ្យ​តម្លៃ​លើ​គាត់ ប៉ុន្តែ ខ្ញុំ​យល់ថា​ទោះបី​កើត​ឬ​មិនកើត​ក៏​គ្មាន​អ្នកណា​គេ​ឲ្យ​តម្លៃ​លោក ហុង លីម ហ្នឹង​ដែរ»

កាលពី​ខែ​មីនា មុន​មួយ​អាទិត្យ​ដែល​ពលរដ្ឋ​ខ្មែរ​នៅ​អូស្ត្រាលី​ធ្វើ​ពិធី​ដាក់​បណ្ដាសា​ដោយ​ដុត​ទីងមោង​រូបលោក ហ៊ុន សែន ជន​អនាមិក​បាន​សរសេរ​លិខិត​គំរាម​សម្លាប់ លោក ហុង លីម លោក ជា យូហន អភិបាលក្រុង​ស្ព្រីងវែល (Springvale) រដ្ឋ​វីកតូរីយ៉ា លោក តាក់ ម៉េងហ៊ាងបេក្ខជន​ឈរ​ឈ្មោះ​តំណាងរាស្ត្រ ប្រចាំ​គណបក្ស​ពលករ និង​លោកស្រី ប៊ូ រចនា ភរិយា​របស់​លោក បណ្ឌិត កែម ឡី។

លិខិត​ជន​អនាមិក​បាន​សរសេរ​គំរាម​ថា ពួកគេ​នឹង​បាញ់សម្លាប់​ក្រុម​នេះ​ទាំងអស់​ដូច​លោក​បណ្ឌិត កែម ឡី អ៊ីចឹង​ដែរ។ ទាក់ទង​ដំណើរការ​នៃ​ការស៊ើបអង្កេត​នេះ លោក ហុង លីម បាន ឲ្យ​អាស៊ីសេរី​ដឹង​ថា សមត្ថកិច្ច​អូស្ត្រាលី​បាន​ស៊ើបអង្កេត​ពិនិត្យ​ក្រយៅដៃ និង​តាមដាន​អ្នក​នៅ​ពី​ក្រោយ​នៃ​លិខិត​គំរាម​សម្លាប់​នោះ​ហើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

One Response to "លោក ហុង លីម សង្ស័យ​ថា​បក្ស​ប្រជាជន​ជា​អ្នក​គំរាម​សម្លាប់​ក្រុម​លោក​និង​អ្នកស្រី ប៊ូ រចនា"

  1. so socheath says:

    ហាស! ហាស អាពូជឆ្កែលីម ហុង ចេះតែមានហ្មង !

Leave a Reply

Submit Comment