លោក ហ៊ុន សែន ក្រើន​រំឭក​ដល់​កងកម្លាំង​ទាំងអស់​ឲ្យ​ទៅ​បោះឆ្នោត​នៅ​ថ្ងៃទី​ ២៩ ខែ​កក្កដា

លោក ឌី វិជ្ជា អគ្គស្នងការ​រង​​នគរបាល​ជាតិ និង​ជា​កូន​ប្រសា​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ក្នុង​កិច្ច​ប្រជុំ​មួយ​នៅ​ក្នុង​ក្រសួង​មហាផ្ទៃ កាល​ពី​ឆ្នាំ​មុន។ ហេង ជីវ័ន




ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ក្រើន​រំឭក​ដល់​កងកម្លាំង​នគរបាល​ជាតិ​ទាំងអស់​ត្រូវ​តែ​ការពារ​សន្តិសុខ​ឲ្យ​បាន​ល្អ​ប្រសើរ សម្រាប់​ការបោះឆ្នោត​ជាតិ​អាណត្តិ​ទី​ ៦ និង​សូម​ឲ្យ​កងកម្លាំង​ទាំងអស់​ត្រូវ​តែ​ទៅ​បោះឆ្នោត​ឲ្យ​បាន​គ្រប់ៗ​គ្នា​នៅ​ថ្ងៃទី​ ២៩ ខែ​កក្កដា​ខាង​មុខ​ ខណៈ​ពេល​ដែល​លោក សម រង្ស៊ី អតីត​ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​បាន​អំពាវនាវ​កុំ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ទៅ​ចូលរួម​ការ​បោះឆ្នោត​។

ការ​ក្រើន​រំឭក​របស់​លោក​នាយករដ្ឋមន្ត្រី​នេះ​បាន​ធ្វើ​ឡើង​តាមរយៈ​សារ​ជូនពរ​មួយ​ចុះ​ថ្ងៃទី ១២ ខែ​ឧសភា​ ដែល​អបអរសាទរ​ទិវា​ជា​ប្រវត្តិសាស្ត្រ​នៃ​ពិធី​គម្រប់​ខួប​លើក​ទី​ ៧៣ ​នៃ​ការបង្កើត​កងកម្លាំង​នគរបាល​ជាតិ​កម្ពុជា​នៅ​ថ្ងៃទី​ ១៦ ខែ​ឧសភា​ដែល​ទើប​តែ​ត្រូវបាន​ផ្សព្វផ្សាយ​កាលពី​ម្សិលមិញ​។

លោក​ ហ៊ុន សែន បាន​ក្រើន​រំឭក​ដល់​កងកម្លាំង​នគរបាល​ជាតិ​ត្រូវ​ធានា​ឲ្យ​បាន​នូវ​បរិយាកាស​សន្តិសុខ​ល្អ​ប្រសើរ​សម្រាប់​ការបោះឆ្នោត និង​ត្រូវ​បំពេញ​កាតព្វកិច្ច​ជា​ពលរដ្ឋ ដោយ​ត្រូវ​ទៅ​បោះឆ្នោត​នៅ​ថ្ងៃទី​ ២៩ ខែ​កក្កដា ឆ្នាំ ២០១៨ ខាង​មុខ​។

សារ​របស់​លោក​នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ដូច្នេះ​ថា​៖ «​ចលនា​ឧទ្ទាម​របស់​ជន​ក្បត់ជាតិ​នៅ​តែ​មិន​បោះបង់​នូវ​មហិច្ឆតា ប៉ុនប៉ង​បង្ក​អស្ថិរភាព​ដល់​ប្រទេស​ជាតិ ពិសេស​ប៉ុនប៉ង​បំផ្លាញ​កិច្ចដំណើរការ និង​លទ្ធផល​បោះឆ្នោត​សកល នាពេល​ខាង​មុខ​នេះ​។ ដូច្នេះ​កងម្លាំង​នគរបាលជាតិ​នៅ​មាន​ភារកិច្ច​ច្រើន​ទៀត ដែល​ត្រូវ​បំពេញ ដើម្បី​ធានា​ភាព​សុខសាន្ត​ជូន​ប្រជាពលរដ្ឋ​ និង​ធានា​បាន​នូវ​បរិយាកាស​សន្តិសុខ​ល្អប្រសើរ​សម្រាប់​យុទ្ធនាការ​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​នីតិកាល​ទី ៦ នៃ​រដ្ឋសភា​ឲ្យ​ដំណើរការ​ប្រកប​ដោយ​ជោគជ័យ​…»​។

លោក​គូសបញ្ជាក់​ថា​៖ «​មន្ត្រី​នគរបាល​ជាតិ​ទាំងអស់​ត្រូវ​បំពេញ​កាតព្វកិច្ច​ជា​ពលរដ្ឋ​ដោយ​ត្រូវ​អញ្ជើញ​ទៅ​បោះឆ្នោត​នៅ​ថ្ងៃទី ២៩ ខែ​កក្កដា​ឆ្នាំ ២០១៨ ​ឲ្យ​បាន​គ្រប់ៗ​គ្នា​កុំបី​អាក់ខាន​ឡើយ​»​។

ជាមួយ​គ្នា​នេះ​លោក​នាយក​រដ្ឋមន្ត្រី​បាន​សម្តែង​នូវ​ការដឹងគុណ និង​បាន​លើក​សរសើរ ពី​ការខិតខំ​ប្រឹងប្រែង​របស់​កងកម្លាំង​នគរបាល​ជាតិ​ដែល​លោក​ថា បាន​សម្រេច​នូវ​សមិទ្ធផល​ជាច្រើន​សម្រាប់​ជាតិ​ដោយ​បាន​ខិតខំ​ព្យាយាម​ជម្នះ​រាល់​ឧបសគ្គ តស៊ូ​ប្តូរផ្តាច់​ការពារ​ខឿន​សន្តិភាព អធិបតេយ្យភាព​ជាតិ និង​បាន​បង្កើត​ស្នាដៃ​យ៉ាង​ធំធេង «​ក្នុងការ​រក្សា​នូវ​ស្ថិរភាព​ជីវភាព​សង្គម និង​ប្រក្រតីភាព​ស្ថាប័ន​កំពូល​របស់​រដ្ឋ​តាមរយៈ​ការវាយប្រហារ​ឲ្យ​បរាជ័យ​នូវ​ឧបាយកល​ពិសពុល​របស់​ពួក​អមិត្ត​ដែល​បាន​ឃុបឃិត​ជាមួយ​បរទេស ប៉ុនប៉ង​ផ្តួ​រំលំ​រាជរដ្ឋាភិបាល​ស្រប​ច្បាប់​តាម​បែប​ផែន​បដិវត្តន៍​ពណ៌ ដណ្តើម​យក​អំណាច ផ្ទុយ​ពី​គោលការណ៍​នៃ​លទ្ធិប្រជាធិបតេយ្យ​»​។

ក៏​ប៉ុន្តែ​លោក ជាម ច័ន្ទនី អតីត​តំណាងរាស្ត្រ​មកពី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បាន​ថ្លែង​ថា​ប្រសាសន៍​របស់​លោក​នាយករដ្ឋមន្ត្រី​ដែល​សរសើរ​កងកម្លាំង​ដែល​លោក​ចាត់ទុក​ថា បាន​ទប់ស្កាត់​ចលនា​បះបោរ​ ឬ​បដិវត្តន៍​ពណ៌​គឺជា​សិទ្ធិ​របស់​លោក​ក្នុង​ការ​ធ្វើ​អធិប្បាយ ក៏​ប៉ុន្តែ​ប្រជាពលរដ្ឋ​គាត់​ដឹង​អស់​ហើយ​ថា វា​ពុំ​មាន​ចលនា​បះបោរ ឬ​ក៏​បដិវត្តន៍​ពណ៌​ណា​មួយ​កើតឡើង​ដូច​ការលើក​ឡើង​របស់​លោក​នាយករដ្ឋមន្ត្រី​នោះ​ទេ​។

លោក​ថ្លែង​ថា​ ​ការ​ទៅ​បោះឆ្នោត ឬ​មិន​ទៅ​បោះឆ្នោត វា​គឺជា​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​ម្នាក់ៗ​គ្មាន​អ្នក​ណា​ម្នាក់​អាច​មក​បង្ខំ​បាន​ទេ​។

លោក​ ច័ន្ទនី បញ្ជាក់​ថា​៖ «​វា​ជា​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​ម្នាក់ៗ មិន​មាន​ច្បាប់​ណា​ចែង ដើម្បី​បង្ខិតបង្ខំ​ឲ្យ​ពលរដ្ឋ​ទៅ​បោះឆ្នោត​ទេ ហើយ​ចំពោះ​កងនគរបាល​ដែល​ (​លោក​នាយក​រដ្ឋមន្ត្រី​) ​សុំ​ឲ្យ​ទៅ​បោះឆ្នោត ក៏​ជា​សិទ្ធិ​របស់​បុគ្គល​ម្នាក់ៗ​»​។​…​យើង​បដិសេធ​គ្មាន​ការផ្តួលរំលំ​រដ្ឋាភិបាល​តាមរយៈ​ការធ្វើ​បដិវត្តន៍​ពណ៌​ស្អី​នោះ​ទេ ហើយ​រឿង​នេះ​នរណា​ក៏​គេ​ដឹង​ដែរ​»​។

លោក សុខ ឥសាន អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​បាន​ថ្លែង​ថា កងកម្លាំង​ប្រដាប់​អាវុធ​គាត់​ធ្វើ​ទាហាន គាត់​ធ្វើ​ប៉ូលិស ធ្វើ​ជា​កងរាជ​អាវុធហត្ថ ពួកគាត់​ក៏​មាន​សិទ្ធិ​ធ្វើ​នយោបាយ​ដូច​ប្រជាពលរដ្ឋ​ទូទៅ​ដែរ មិន​បាន​បាត់​សិទ្ធិ​ធ្វើ​នយោបាយ​នោះ​ទេ​។

លោក​បញ្ជាក់​ថា​៖ «​គាត់​នៅ​តែ​មាន​សិទ្ធិ ដើម្បី​សម្តែង​ឆន្ទៈ​របស់​គាត់​ហើយ​ការបោះឆ្នោត​នៅ​ថ្ងៃ​អាទិត្យ​ក្រៅ​ម៉ោង​ការងារ​ស្នូល​របស់​គាត់ ដូច្នេះ​គាត់​អាច​ទៅ​បោះឆ្នោត​បាន ដូច្នេះ​គ្មាន​ការចោទប្រកាន់​ថា រាជរដ្ឋាភិបាល​សម្លុត​គំរាម​កំហែង​កម្លាំង​ប្រដាប់អាវុធ​ឲ្យ​ទៅ​បោះឆ្នោត​អី​ទេ​»​។

លោក​បញ្ជាក់​ថា​៖ «​ការសម្លុត​គំរាមកំហែង​លុះត្រា​ណា​តែ​ថា ពួក​ហែង​ត្រូវតែ​ទៅ​បោះឆ្នោត​ឲ្យ​អញ​បើ មិន​បោះ​ឲ្យ​អញ​ដោះ​ស័ក្តិ​ដូច​នេះ​បាន​គេ​ហៅថា គំរាម​កំហែង​។ នេះ​គ្រាន់​តែ​ជា​ការ​រំឭក​អំពាវនាវ​វា​មិនមែន​ចូល​ទៅ​ក្នុង​លក្ខណៈ​សម្លុត​គំរាម​កំហែង​ទេ​»​។

ខណៈ​ដែល​ការបោះឆ្នោត​កាន់តែ​ខិតជិត​ចូល​មក​ដល់​លោក សម រង្ស៊ី អតីត​មេដឹកនាំ​អតីត​គណបក្ស​ប្រឆាំង​ដែល​កំពុង​និរទេស​ខ្លួនឯង​នៅ​ក្រៅ​ប្រទេស បាន​ធ្វើការ​អំពាវនាវ​ជា​ញឹកញាប់​កុំ​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​បោះឆ្នោត​ដោយ​លោក​បាន​ចាត់ទុក​ការបោះឆ្នោត​នៅ​ថ្ងៃទី ២៩ ខែ​កក្កដា​ខាង​មុខ​ដែល​គ្មាន​វត្តមាន​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ថា ជា​ការ​បោះឆ្នោត​ក្លែងក្លាយ ដើម្បី​បង្គ្រប់កិច្ច «​ឲ្យ​លោក ហ៊ុន សែន បាន​បន្ត​កាន់​អំណាច​តទៅ​មុខ​ទៀត​»​។ លើស​ពី​នេះ​ទៀត​លោក​ សម រង្ស៊ី បាន​ចោទប្រកាន់​ថា​គណបក្ស​តូចៗ​គណបក្ស​ «​អាប​» គណបក្ស​ «​អម្ពិល​អំពែក​» ដែល​ចូលរួម​នៅក្នុង​ការបោះឆ្នោត​ខាង​មុខ​គឺ​ត្រូវ​បាន​បង្កើតឡើង​ដោយ​លោក​នាយក​រដ្ឋមន្ត្រី​។

យ៉ាង​ណា​ក៏ដោយ​លោក ហ៊ុន សែន បាន​ចាត់​ទុក​ការឃោសនា​មិន​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​បោះឆ្នោត​ថា ជា​ទង្វើ​រំលោភ​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ និង​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ​កម្ពុជា និង​បាន​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់រូប​ទៅ​បោះឆ្នោត កុំបី​ខាន​នៅ​ចុង​ខែ​កក្កដា​ខាង​មុខ និង​ក៏​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក ដើម្បី​ឲ្យ​លោក​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​បន្ត​ទៀត​។

លោក Paul Chambers សាស្ត្រាចារ្យ​នៅ​សាកលវិទ្យាល័យ Naresuan បាន​ថ្លែង​ថា​៖ «​ខ្ញុំ​គិត​ថា រដ្ឋាភិបាល​កំពុង​ដាក់​សម្ពាធ​ខ្លាំង​ឡើង​ទៅ​លើ​អ្នក​ប្រឆាំង​គឺ​ដើម្បី​ធានា​ថា​គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​ជោគជ័យ​នៅក្នុង​ការបោះឆ្នោត​នា​ខែ​កក្កដា​ខាង​មុខ​»​។

ជាមួយ​គ្នា​នេះ​ដែរ​លោក នេត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​កាលពី​ថ្ងៃទី ១០ ខែ​ឧសភា​បាន​ចេញ​បទបញ្ជា​មួយ​ឲ្យ​អភិបាល​ខេត្ត ក្រុង ផ្តល់​របាយការណ៍​ប្រចាំ​ថ្ងៃ​អំពី​ខេត្ត និង​ក្រុង​ពាក់ព័ន្ធ​នឹង​អ្វី​ក៏ដោយ ដែល​ជា​សកម្មភាព​អសកម្ម​ និង​ឧប្បត្តិហេតុ​ណា​មួយ​ដែល​កើតឡើង​នៅ​មុន​ និង​ក្នុង​អំឡុង​ការបោះឆ្នោត​ដើម្បី​ចាត់​វិធានការ និង​ដោះស្រាយ​ឲ្យ​បាន​ទាន់​ពេលវេលា​៕ PS

រាយការណ៍​បន្ថែមៈ គង់ មេត្តា


Contact author: ម៉ិច ដារ៉ា

What Next?

Recent Articles

2 Responses to "លោក ហ៊ុន សែន ក្រើន​រំឭក​ដល់​កងកម្លាំង​ទាំងអស់​ឲ្យ​ទៅ​បោះឆ្នោត​នៅ​ថ្ងៃទី​ ២៩ ខែ​កក្កដា"

  1. canard laqué says:

    ngay cả khi bạn là bố chồng tôi, tôi không bao giờ tha thứ cho việc giết cha mình hok lundy
    khi ngày đến, SEN tôi không cắt gan của bạn thành từng miếng Tôi đi nhúng rượu gạo Hà Nội con gái của bạn, cô ấy sẽ là một con điếm hạng hai ở Hà Nội
    chúng ta có thể đọc trên khuôn mặt của dyvichea hoặc dy chết

  2. people says:

    Vote’ vote’ will get more star on the shoulder haha’