សកម្មជន​បរិស្ថាន​តំបន់​អារ៉ែង​រត់​គេច​ខ្លួន​​ជាថ្មី​ទៀត​ក្រោយ​មានការ​លប​បាញ់​ប្រហារ

ដោយ មួង ណារ៉េត
2018-05-15
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

សកម្មជន​បរិស្ថាន​តំបន់​អារ៉ែង លោក វ៉ែន អែត ដែល​​ត្រូវ​គេ​លប​បាញ់​ប្រហារ កាល​ពី​យប់​ថ្ងៃ​ទី​១២ ខែ​ឧសភា ស្វះស្វែង​រក​អន្តរាគមន៍​ពី​អង្គការ​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ខេត្ត​កោះកុង។ រូបថត​ថ្ងៃទី១៣ ឧសភា ឆ្នាំ​២០១៨។ Photo Provided
សកម្មជន​បរិស្ថាន​តំបន់​អារ៉ែង លោក វ៉ែន អែត ដែល​​ត្រូវ​គេ​លប​បាញ់​ប្រហារ កាល​ពី​យប់​ថ្ងៃ​ទី​១២ ខែ​ឧសភា ស្វះស្វែង​រក​អន្តរាគមន៍​ពី​អង្គការ​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ខេត្ត​កោះកុង។ រូបថត​ថ្ងៃទី១៣ ឧសភា ឆ្នាំ​២០១៨។ Photo Provided


សកម្មជន​បរិស្ថាន​តំបន់​អារ៉ែង​ដែល​រង​ការ​គំរាមកំហែង​ដល់​អាយុជីវិត​ពី​សំណាក់​អាជ្ញាធរ​ឃុំ​ជំនាប់ បាន​រត់​គេច​ខ្លួន​ចេញ​ពី​ផ្ទះ​នៅ​ភូមិ​ច្រកឫស្សី ឃុំ​ជំនាប់ ស្រុក​ថ្មបាំង ខេត្ត​កោះកុង សាជាថ្មី​ម្តង​ទៀត បន្ទាប់ពី​ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​លប​បាញ់​ប្រហារ កាលពី​យប់​ថ្ងៃ​ទី​១២ ឧសភា កន្លងទៅ។ មន្ត្រី​សិទ្ធិមនុស្ស រិះគន់​ចំណាត់​ការ​របស់​អាជ្ញាធរ​មាន​សមត្ថកិច្ច​នៅ​មូលដ្ឋាន ដែល​បំពេញការងារ​មិន​បាន​ល្អ និង​គ្មាន​ប្រសិទ្ធភាព ធ្វើ​ឱ្យ​ជនរងគ្រោះ​វិះ​នឹង​គ្រោះថ្នាក់​ដល់​អាយុជីវិត និង​ត្រូវ​រត់​ភៀសខ្លួន​សាជាថ្មី​បែប​នេះ។

សកម្មជន​បរិស្ថាន​តំបន់​អារ៉ែង លោក វ៉ែន អែត ថ្លែង​ប្រាប់​អាស៊ីសេរី​នៅ​ថ្ងៃទី១៥ ឧសភា ថា លោក​មិន​ហ៊ាន​ស្នាក់​នៅផ្ទះ​នៅ​ឯ​ភូមិ​ច្រកឫស្សី​នោះ​ទេ ព្រោះ​លោក​មានការ​ព្រួយបារម្ភ​ខ្លាំង​ថា ក្រុម​ជនល្មើស​នឹង​មិន​លើកលែង​ឱ្យ​លោក​ឡើយ ហើយ​ពួកគេ​អាច​នឹង​ត្រឡប់​មក​ធ្វើបាប​លោក​សាជាថ្មីទៀត។ លោក​ទទូច​ឱ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​យកចិត្តទុកដាក់​ដោះស្រាយ​ករណី​គំរាម​សម្លាប់​រូបលោក​នេះ​ឱ្យ​មាន​ប្រសិទ្ធភាព ដើម្បី​លោក​អាច​វិលត្រឡប់​ទៅផ្ទះ​វិញ​បាន៖ «ខ្ញុំ​គិត​ថា បើ​ខ្ញុំ​នៅតែ​បន្ត​ទេ វា​អាច​ជន​បង្ក​ហ្នឹង លួច​ប្រហារ​ខ្ញុំ​ថ្ងៃ​ណាមួយ​ជាក់​ជាមិនខាន។ ជនល្មើស​នឹង​មិន​លើកលែង​ឱ្យ​ខ្ញុំ​នោះ​ទេ​។ សំណូមពរ​ទៅដល់​សមត្ថកិច្ច​សូម​ឱ្យ​គាត់​ជួយ​ស្រាវជ្រាវ និង​តាមដាន​បន្ត​ករណី​នេះ ដើម្បី​វែកមុខ​រក​ឃាតក​ដែល​លួច​បាញ់​ប្រហារ​ខ្ញុំ ដើម្បី​ខ្ញុំ​មាន​សុវត្ថិភាព​ទៅ​រស់នៅ​ក្នុង​ភូមិ​វិញ»

សកម្មជន​បរិស្ថាន​តំបន់​អារ៉ែង លោក វ៉ែន អែត ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​លួច​បាញ់​ប្រហារ កាលពី​ម៉ោងជាង១០ យប់​ថ្ងៃ​ទី១២ ឧសភា ពេល​លោក​កំពុង​ដើរ​ទៅ​តម្រង់​ទៅ​បន្ទប់ទឹក ចម្ងាយ​ប្រហែល ១០ ម៉ែត្រ​ពី​ផ្ទះ​របស់​លោក ប៉ុន្តែ​សំណាងល្អ​គ្រាប់កាំភ្លើង​នោះ មិន​បង្ក​គ្រោះថ្នាក់​អ្វី​ដល់​រូបលោក​ឡើយ។ លោក វ៉ែន អែត ថ្លែង​ថា លោក​ដឹង​ថា មានការ​លប​បាញ់​ប្រហារ​លើ​រូបលោក ដោយសារ​លើ​ស្នូរ​កាំភ្លើង​ផ្ទុះ ហើយ​គ្រាប់កាំភ្លើង​នោះ​បាន​ហោះ​ទៅ​ត្រូវ​ជញ្ជាំង​បន្ទប់ទឹក​របស់​លោក។ ភ្លាមៗ​ក្រោយ​កើតហេតុ លោក​បាន​គេច​ខ្លួន​ទៅ​ស្នាក់​នៅផ្ទះ​ពលរដ្ឋ​ផ្សេងទៀត​នៅ​ក្នុង​ភូមិ។

ហេតុការណ៍​លប​បាញ់​ប្រហារ​នេះ កើតឡើង​ក្រោយពេល​សកម្មជន​បរិស្ថាន​រូប​នេះ បាន​វិលត្រឡប់​ទៅ​ភូមិ​វិញ​កាលពី​សប្ដាហ៍​មុន ដើម្បី​ទៅ​បំភ្លឺ​ករណី​គំរាម​សម្លាប់​ពី​ជំទប់​ទីមួយ​ឃុំ​ជំនាប់ ឈ្មោះ ទិល ចាន់។

លោក វ៉ែន អែត គិត​ថា មូលហេតុ​នៃ​ការ​គំរាមកំហែង និង​ឈាន​ដល់​ការ​លប​បាញ់​ប្រហារ​ប៉ុនប៉ង​ផ្ដាច់ជីវិត​រូបលោក​នេះ អាច​មាន​មូលហេតុ​ពីរ​យ៉ាង គឺ​ការរើសអើង​ផ្នែក​នយោបាយ និង​ការ​គុំកួន​ពី​សំណាក់​ក្រុម​ជនល្មើស​កាប់​បំផ្លាញ​ព្រៃឈើ៖ «ទីមួយ ខ្ញុំ​គឺជា​អតីត​គណបក្ស​សង្គ្រោះជាតិ។ គេ​កៀរគរ​ឱ្យ​ខ្ញុំ​ចូល តែ​ខ្ញុំ​មិន​ព្រម​ចូល ចំណែក​អ្នក​ផ្សេងទៀត គេ​ចូល​អស់ហើយ នៅតែ​ខ្ញុំ​ម្នាក់ឯង​ប្រកែក​មិន​ព្រម​ចូល។ នេះ​ជា​ទង្វើ​មួយ​ដែល​គេ​ខឹង ហើយ​ម្យ៉ាងវិញទៀត យើង​ជា​សកម្មជន​បរិស្ថាន។ នេះ​ក៏​ជា​ផ្នែក​មួយ​ដែល​គេ​ខឹង​ដែរ ព្រោះ​អ្នក​ដែល​បំផ្លាញ​ព្រៃឈើ និង​អ្នកការពារ​ព្រៃឈើ មាន​ភាព​ផ្ទុយគ្នា​ខុសគ្នា»

កាលពី​ថ្ងៃ​ទី១៧ មេសា កន្លងទៅ សកម្មជន​បរិស្ថាន​តំបន់​អារ៉ែង លោក វ៉ែន អែត បាន​រង​ការ​គំរាមកំហែង​ដល់​អាយុជីវិត​ពី​សំណាក់​ជំទប់​ទីមួយ​ឃុំ​ជំនាប់​មកពី​គណបក្ស​ប្រជាជន​កម្ពុជា លោក ទិល ចាន់។ លោក​បាន​ប្ដឹង​ករណី​គំរាម​សម្លាប់​នេះ​ទៅ​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ជំនាប់ ប៉ុន្តែ​មិន​មាន​ដំណោះស្រាយ​អ្វី​ឡើយ​ពី​សំណាក់​ក្រុម​សមត្ថកិច្ច​ទាំងនោះ ទើប​ធ្វើ​ឱ្យ​លោក​បង្ខំចិត្ត​នាំ​ប្រពន្ធ​កូន​រត់​ភៀសខ្លួន​ចេញ​ពី​ផ្ទះ នៅ​ភូមិ​ច្រកឫស្សី ឃុំ​ជំនាប់ ស្រុក​ថ្មបាំង ខេត្ត​កោះកុង ទៅ​រស់នៅ​លាក់ខ្លួន​នៅ​កន្លែង​ដទៃ​ជា​បណ្ដោះអាសន្ន​សិន ដើម្បី​ការពារ​សុវត្ថិភាព​ផ្ទាល់ខ្លួន។

ក្រោយ​រត់​ភៀសខ្លួន​បាន ២សប្តាហ៍ លោក វ៉ែន អែត បាន​ធ្វើ​ដំណើរ​ត្រឡប់​មក​ផ្ទះ​វិញ​តែម្នាក់​ឯង ដោយ​ទុក​ឱ្យ​ប្រពន្ធ​កូន​របស់​លោក​នៅ​សំងំ​លាក់ខ្លួន​សិន។ ការ​ត្រឡប់​មកវិញ​នេះ គឺ​ដើម្បី​ទៅ​ឆ្លើយ​បំភ្លឺ​លើ​ពាក្យ​បណ្ដឹង​របស់​លោក​ដែល​ប្ដឹង​លោក ទិល ចាន់ អំពី​ករណី​គំរាម​សម្លាប់​នោះ នៅមុខ​សមត្ថកិច្ច​នគរបាល​ស្រុក​ថ្មបាំង ហើយ​ភាគី​ទាំងសងខាង​បាន​សុខចិត្ត​សម្របសម្រួល​ដើម្បី​បញ្ចប់​រឿង​នេះ កាលពី​ថ្ងៃទី៩ ឧសភា ក៏ប៉ុន្តែ​ស្រាប់តែ​នៅ​យប់​ថ្ងៃ​ទី១២ ឧសភា មាន​ជន​មិន​ស្គាល់​មុខ​បាន​លប​បាញ់​ប្រហារ​រូបលោក​តែម្ដង។

លោក វ៉ែន អែ​ត បញ្ជាក់​ថា លោក​កំពុង​រៀបចំ​ពាក្យ​បណ្តឹង​តាមរយៈ​អង្គការ​សិទ្ធិមនុស្ស ដើម្បី​ដាក់​ទៅ​សមត្ថកិច្ច​នគរបាល​ឃុំ​ជំនាប់ និង​សមត្ថកិច្ច​ស្រុក​ថ្មបាំង ប៉ុន្តែ​លោក​ថ្លែង​ថា លោក​មិនសូវ​មាន​សង្ឃឹម​ចំពោះ​អន្តរាគមន៍​របស់​ក្រុម​សមត្ថកិច្ច​ទាំងនោះ​ឡើយ ដោយសារ​លោក​មើល​ឃើញ​ពី​ចំណាត់ការ​របស់​ក្រុម​សមត្ថកិច្ច​កាលពី​លើក​មុន មិនបាន​យកចិត្តទុកដាក់​ដោះស្រាយ​ពាក្យ​បណ្តឹង​របស់​លោក​ឱ្យ​បាន​ទាន់​ពេល​វេលា និង​មាន​ប្រសិទ្ធភាព​ឡើយ។ លោក​បញ្ជាក់​ទៀត​ថា លោក​រត់​គេចខ្លួន​លើក​នេះ មិន​កំណត់​ថ្ងៃ​វិលត្រឡប់​មកវិញ​នោះ​ទេ ព្រោះ​លោក​យល់ថា ស្ថានភាព​របស់​លោក គឺ​មិន​អាច​បន្ត​ស្នាក់នៅ​ភូមិ​ច្រកឫស្សី​ទៀត​បាន​ឡើយ រហូតដល់​ក្រោយ​ការបោះឆ្នោត។ លោក​បន្ត​ថា បញ្ហា​ប្រឈម​របស់​លោក​នៅ​ពេល​នេះ គឺ​ខ្វះខាត​ថវិកា​ទ្រទ្រង់​ជីវភាព​គ្រួសារ និង​កូន​របស់​លោក​ខកខាន​មិនបាន​ទៅ​រៀន៖ «ខ្ញុំ​គិត​ថា នៅ​ពេល​ដែល​លោក ទិល ចាន់ គាត់​ធ្វើ​កិច្ច​សន្យា​ធានា​សុវត្ថិភាព​ដល់​ខ្ញុំ​ហើយ នោះ​នឹង​លែង​អី​ហើយ ហើយ​ម្យ៉ាង​រឿង​ក៏​បែក​ខ្ចាយ​ទៅ​ហើយ គេ​លែង​ហ៊ាន​ធ្វើ​អ្វី​ហើយ រួច​ខ្ញុំ​ក៏បាន​ទៅ​សម្អាត​ផ្ទះ​សម្បែង​ឱ្យ​ស្អាត​សិន ចាំ​ឡើង​មក​ទទួល​ប្រពន្ធ ដើម្បី​យក​មក​ផ្ទះ​វិញ ប៉ុន្តែ​ខ្ញុំ​នឹង​ស្មាន​មិន​ដល់​ថា អ្នក​ដែល​មាន​គំនុំ​ទាំងអស់​ហ្នឹង គេ​មិនបាន​លះបង់​ចោល​នោះ​ទេ។ គេ​នៅតែ​ប៉ុនប៉ង​យកអាយុ​ជីវិត​របស់ខ្ញុំ​ដដែល។ ដូច្នេះ​ហើយ​ក្នុង​រយៈពេល​នេះ មិន​អាច​វិលត្រឡប់​ទៅផ្ទះ​វិញ​បាន​ភ្លាមៗ​នោះ​ទេ លុះត្រា​ណា​តែ​ស្ថានភាព​ស្ងប់ស្ងាត់​មួយ​រយៈ​សិន ទើប​អាច​ត្រឡប់​ទៅវិញ​បាន»

អាស៊ីសេរី​មិន​អាច​ទាក់ទង​សមត្ថកិច្ច​មូលដ្ឋាន​ឃុំ​ជំនាប់​បានទេ​នៅ​ថ្ងៃទី១៥ ឧសភា ចំណែក​សមត្ថកិច្ច​ស្រុក​ថ្មបាំង​ក៏​មិន​អាច​ទាក់ទង​បាន​ដូចគ្នា។

មន្ត្រី​ប្រឹក្សា​ច្បាប់​គម្រោង​ពន្ធនាគារ​នៃ​អង្គការ​សិទ្ធិមនុស្ស​លីកាដូ (LICADHO) លោក ហ៊ួរ អ៊ីន យល់ឃើញ​ថា ការអនុវត្ត​ច្បាប់​របស់​សមត្ថកិច្ច​ឃុំ​ជំនាប់ និង​សមត្ថកិច្ច​ស្រុក​ថ្មបាំង មាន​ភាព​ឆក​ល្វែង​បណ្ដាល​ឱ្យ​ជនរងគ្រោះ​ក្នុង​ករណី​គំរាម​សម្លាប់ គឺ​លោក វ៉ែន អែត វិះ​តែ​នឹង​ត្រូវ​រងគ្រោះ​ដល់​អាយុជីវិត ដោយសារ​ការ​លប​បាញ់​ប្រហារ​ពី​សំណាក់​ជន​មិន​ស្គាល់​អត្តសញ្ញាណ​នោះ។ ជាពិសេស លោក​សង្កត់ធ្ងន់​ករណី​គំរាមកំហែង​លោក វ៉ែន អែត ដល់​អាយុជីវិត ពី​សំណាក់​ជំទប់​ទីមួយ​ឃុំ​ជំនាប់ ឈ្មោះ ទិល ចាន់ ដែល​សមត្ថកិច្ច​ស្រុក​ថ្មបាំង​បាន​បញ្ចប់​សំណុំរឿង​ត្រឹម​ការ​សម្របសម្រួល​ប៉ុណ្ណោះ ដោយ​មិនបាន​ស្រាវជ្រាវ​រក​អ្នក​ពាក់ព័ន្ធ​ផ្សេង​ទៀត​ឡើយ។ មន្ត្រី​សិទ្ធិមនុស្ស​រូប​នេះ ទាមទារ​ឱ្យ​សមត្ថកិច្ច​វែកមុខ​រក​ជន​ដែល​បាញ់​លោក វ៉ែន អែត យក​មក​ផ្ដន្ទាទោស​តាម​ផ្លូវ​ច្បាប់ បើ​ទោះ​បី​ជា​មិន​ទាន់​មាន​ពាក្យ​បណ្តឹង​ពី​ជនរងគ្រោះ​ក៏ដោយ ព្រោះ​នេះ​ជា​ករណី​ប៉ុនប៉ង​មនុស្សឃាត៖ «តាម​នីតិវិធី​ច្បាប់ សមត្ថកិច្ច​ត្រូវតែ​ស៊ើបអង្កេត​ករណី​នេះ មិន​អាច​បិទ​សំណុំរឿង​មិន​ចាត់ការ​បានទេ ហើយ​ម្យ៉ាងវិញទៀត ក៏​ត្រូវ​រិះរក​វិធានការ​ផ្សេងៗ​ដែរ ដើម្បី​ធានា​សុវត្ថិភាព​ជូន​គាត់ ព្រោះ វ៉ែន អែត គាត់​ចង់​រស់នៅ​ក្នុង​ផ្ទះ​របស់​គាត់​វិញ។ គាត់​មិន​ចង់​រត់​គេច​ខ្លួន​បែបនេះ​ទេ។ គាត់​មិន​ដែល​មាន​ជម្លោះ​ជាមួយ​អ្នកណា​ទេ​តាំងពី​គាត់​រស់នៅ​ឃុំ​ជំនាប់​នោះ​មក មិនដែល​មានការ​ឈ្លោះ​ទាស់ទែង​ជាមួយ​អ្នកណា​នោះ​ទេ ទើបតែ​មាន​កើតឡើង​ករណី​គំរាមកំហែង​ម្តង​នេះ​ទេ អ៊ីចឹង​យើង​សម្លឹង​ឃើញ​ភាគី​ដែល​ពាក់ព័ន្ធ​នោះ​គឺ​មានតែ​តួអង្គ​នៅ​ក្នុង​សំណុំរឿង​ដដែល​ប៉ុណ្ណោះ ដែល​ត្រូវ​ស៊ើបអង្កេត​ស្វែងរក​ការពិត​នោះ»

សកម្មជន​បរិស្ថាន អ្នកនាង លីម គីមស័រ ដែល​តែង​ចុះទៅ​តំបន់​អារ៉ែង​ញឹកញាប់​នោះ អះអាង​ថា លោក វ៉ែន អែត គឺជា​សកម្មជន​បរិស្ថាន​តំបន់​អារ៉ែង​ដ៏​លេចធ្លោ​មួយ​រូប ដែល​ធ្លាប់​ចេញមុខ​តស៊ូ​មតិ​មិន​ឱ្យ​មានការ​សាងសង់​ទំនប់​វារីអគ្គិសនី​នៅ​តំបន់​អារ៉ែង ព្រមទាំង​ជា​អ្នក​ដែល​បាន​ចូលរួម​ខ្នះខ្នែង​ក្នុង​ការ​ស្នើ​សុំ​ឱ្យ​មានការ​ទទួលស្គាល់​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ជង​តំបន់​អារ៉ែង​ជា​ផ្លូវការ​ពី​សំណាក់​ក្រសួង និង​ស្ថាប័ន​ពាក់ព័ន្ធ​មួយ​ចំនួន។ សំខាន់​ជាង​នេះ លោក​គឺជា​អតីត​បេក្ខជន​សមាជិក​ក្រុម​ប្រឹក្សាឃុំ​ជំនាប់ និង​ជា​សកម្មជន​គណបក្ស​សង្គ្រោះជាតិ​នៅ​មូលដ្ឋាន ដែល​មិន​ព្រម​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ក្រោយ​ការ​លាយ​គណបក្ស​សង្គ្រោះជាតិ​។ អ្នកនាង​យល់​ឃើញ​ថា ករណី​លោក វ៉ែន អែត នេះ គឺជា​ការ​គំរាមកំហែង​ទៅលើ​សកម្មជន​បរិស្ថាន​ផ្សេងទៀត​ដែល​កំពុង​ធ្វើ​សកម្មភាព​ការពារ​ព្រៃឈើ និង​បរិស្ថាន​នៅ​តំបន់​អារ៉ែង៖ «យើង​តែងតែ​យល់ថា ភូមិ​ឃុំ​មាន​សុវត្ថិភាព ប៉ុន្តែ​រហូតដល់​មានការ​បាញ់​ប្រហារ​ប្រជាពលរដ្ឋ​សាមញ្ញ​ធម្មតា​ទាំង​ដែល​យើង​មិនដឹង​ថា មានរឿង​អ្វី​ឱ្យ​ពិតប្រាកដ​នោះ។ ខ្ញុំ​សោកស្ដាយ​មែនទែន ហើយ​ឥលូវ​នេះ​គាត់​រត់​ចេញពី​ភូមិ​កន្លែង​ដែល​គាត់​ធ្លាប់​នៅ ដោយ​ចាក់​សោរ​ផ្ទះ​ចោល។ ផ្ទះ​គាត់​ធ្លាប់​តែ​មាន​មនុស្ស​ទៅ​អង្គុយ​ផឹក​កាហ្វេ ចាក់​មេក្រូ ចាក់​រឿង​មើល​អ៊ូអរ ដល់ពេល​ខ្ញុំ​ជិះ​កាត់​ព្រឹក​មិញ​នេះ ឃើញ​ផ្ទះ​គាត់​ស្ងាត់​ជ្រាប។ គាត់​ចាក់​សោរ ហើយ​រត់​ចោលផ្ទះ ដូច្នេះ​ហើយ​ខ្ញុំ​អាណិត​គាត់​មែនទែន»

សកម្មជន​បរិស្ថាន​រូប​នេះ សម្ដែង​ការ​សោកស្តាយ​ដែល​អាជ្ញា​ធរមាន​សមត្ថកិច្ច​មិនសូវ​យកចិត្តទុកដាក់​ចំពោះ​ករណី​គំរាមកំហែង​លោក វ៉ែន អែត និង​បណ្ដែតបណ្ដោយ​ឱ្យ​មាន​ការ​លប​បាញ់​ប្រហារ​រូបលោក​កើតឡើង។ អ្នកនាង​បន្ត​ថា លោក វ៉ែន អែត គឺជា​មនុស្ស​ល្អ ស្មោះត្រង់ និង​រួសរាយ​រាក់ទាក់ ព្រមទាំង​ជា​អ្នក​តែង​ចេញមុខ​ឈឺឆ្អាល​ការពារ​ផលប្រយោជន៍​ពលរដ្ឋ​ក្នុង​សហគមន៍ ដូច្នេះ​សមត្ថកិច្ច​ត្រូវ​ជួយ​អន្តរាគមន៍​ករណី​នេះ ដើម្បី​ការពារ​សុវត្ថិភាព​ជូន​លោក វ៉ែន អែត និង​ក្រុម​គ្រួសារ និង​ដើម្បី​លុបបំបាត់​អំពើ​និទ្ទណ្ឌភាព​នៅ​ក្នុង​សង្គម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment