សិស្ស​ជាច្រើន​នាក់​នៅ​ស្រុក​បវេល​​បោះបង់​ការសិក្សា​ដោយសារ​ពិបាក​ធ្វើ​ដំណើរ

ដោយ ម៉ៅ សុធានី
2018-05-15
RFA

ស្ដាប់ ឬ​ទាញយក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ផែនទី​ខេត្ត​បាត់ដំបង។ Photo: RFA
ផែនទី​ខេត្ត​បាត់ដំបង។ Photo: RFA


កុមារ​ជាច្រើន​នាក់​នៅ​តំបន់​ដាច់ស្រយាល​ក្នុងស្រុក​បវេល ខេត្ត​បាត់ដំបង បាន​បោះបង់​ការសិក្សា​ទាំង​វ័យក្មេង ដោយសារ​ផ្លូវបែក​ភក់​នៅ​រដូវវស្សា ពិបាកធ្វើ​ដំណើរ​ធ្វើ​ឱ្យ​មិន​អាច​ទៅ​សាលារៀន​បាន​ទៀងទាត់។ ពលរដ្ឋ​និង​គ្រូបង្រៀន​ព្រួយបារម្ភ បញ្ហា​ក្មេងៗ​ដែល​ឈប់​រៀន នៅ​ស្រប​ពេល​ក្រសួង​អប់រំ មាន​គោលនយោបាយ​កាត់បន្ថយ​មិន​ឱ្យ​មាន​សិស្ស​បោះបង់​ការសិក្សា។ ពលរដ្ឋ​និង​គ្រូបង្រៀន​សំណូមពរ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ ធ្វើ​ផ្លូវ​មួយ​ខ្សែ​ជូន​ពួកគាត់​ឱ្យ​បាន​ឆាប់ ដើម្បី​កាត់បន្ថយ​កុមារ​បោះបង់​ការសិក្សា និង​ជួយ​សម្រួល​ដល់​ការ​ធ្វើដំណើរ​របស់​ពួកគាត់​នៅ​ក្នុង​មូលដ្ឋាន។

ប្រជាពលរដ្ឋ និង​គ្រូបង្រៀន​នៅ​ឃុំ​អំពិលប្រាំដើម ស្រុក​បវេល លើក​ឡើង​ថា បញ្ហា​ផ្លូវ​ពិបាក​នេះ​ប្រសិនបើ​អាជ្ញាធរ​ពាក់ព័ន្ធ​មិន​ប្រញាប់​ធ្វើ​ផ្លូវ ទៅ​សាលារៀន​ដែល​សិស្ស​កំពុង​ជួប​ការ​លំបាក​ឱ្យ​បាន​ឆាប់​ទេ គឺ​ធ្វើ​ឱ្យ​ក្មេង​ជាច្រើន​នាក់​នឹង​បន្ត​បោះបង់​ការសិក្សា​កាន់​តែ​ច្រើន​ថែមទៀត។

ប្រជាពលរដ្ឋ​នៅ​ភូមិ​ស្វាយខ្ទិះ ឃុំ​អំពិលប្រាំដើម លោក ឆេង វើន រៀបរាប់​ថា ចាប់​តាំង​ពី​មាន​ភ្លៀង​ធ្លាក់​ច្រើន​កាលពី​ចុងខែ​មេសា​មក ធ្វើ​ឱ្យ​ផ្លូវ​មួយ​ខ្សែ​ដែល​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ប្រើប្រាស់​រាល់ថ្ងៃ​ប្រវែង​ជាង ៤​គីឡូម៉ែត្រ បែក​ភក់ និង​ខូចខាត មិន​អាច​ធ្វើដំណើរ​ដោយ​ម៉ូតូ និង​រថយន្ត​ធន់​តូច​បាន​ទេ ហើយ​អ្នកភូមិ ជាពិសេស​លោកគ្រូ​អ្នកគ្រូ និង​សិស្សសាលា​ត្រូវ​ធ្វើដំណើរ​ថ្មើរជើង៖ «វេទនា​ខ្លាំង​តែម្ដង ហើយ​គោយន្ត​ក៏​ចេញចូល​លំបាក​ដែរ មិន​ដឹង​ថា​អាជ្ញាធរ​ដែល​បាន​ដឹង​ឬ​អត់​ទេ ពួក​ខ្ញុំ​នៅ​ភូមិ​ស្ថាពរ​លំបាក​ផ្លូវ​ស្ងាត់​ហើយ​ឆ្ងាយ​ផង មិន​ដឹង​ថា​ធ្វើ​យ៉ាងណា»

ផ្លូវ​មួយ​ខ្សែ​នេះ​បែក​ភក់​ពិបាកធ្វើ​ដំណើរ​ចាប់ពី​មាត់​ផ្លូវ​ក្រាល​កៅស៊ូ នៅ​ឃុំ​អំពិលប្រាំដើម ឆ្ពោះ​ទៅ​ភូមិ​ស្ថាពរ២ ក្នុង​នោះ​នៅ​ពេល​មាន​ភ្លៀង​ម្ដងៗ គឺ​ទាំង​គ្រូ និង​សិស្ស ត្រូវ​ដើរ​ឆ្លង​ភក់​ទៅ​រៀន និង​ទៅ​បង្រៀន​ជា​រៀងរាល់​ឆ្នាំ ហើយ​កុមារ​ប្រមាណ ៥០​ភាគរយ​ដែល​រៀន​ចប់​បឋមសិក្សា​បាន​បោះបង់​ការ​សិក្សា។

គ្រូបង្រៀន​បឋមសិក្សា​ភូមិ​ស្ថាពរ​២ ឃុំ​អំពិលប្រាំដើម កញ្ញា អឿម ចន្ទី មាន​ប្រសាសន៍​ថា កត្តា​ដែល​ជំរុញ​ឱ្យ​កុមារ​បោះបង់​ការសិក្សា គឺ​បណ្ដាលមកពី​ផ្លូវ​ភក់​ពិបាកធ្វើ​ដំណើរ ដែល​ធ្វើ​ឱ្យ​កូន​កសិករ​ក្រីក្រ​មួយ​ចំនួន​បង្ខំចិត្ត​ឈប់​រៀន​ទាំង​វ័យក្មេង ជាពិសេស​ក្មេង​ស្រី​ដែល​រៀន​ចប់​ថ្នាក់​បឋម​សិក្សា មិន​អាច​ទៅ​រៀន​បន្ត​នៅ​អនុវិទ្យាល័យ​បានទេ៖ «មួយ​រយៈ​នេះ​សិស្ស​បោះបង់​អស់​ច្រើន​ដែរ ព្រោះ​អី​ពួកគាត់​ឃើញ​ផ្លូវ​លំបាក ហើយ​ណាមួយ​ពេញកម្លាំង​ធ្វើការ​ឪពុកម្ដាយ​យក​ទៅ​ធ្វើការ​ប្រទេស​ថៃ ដោយ​ពួកគាត់​និយាយ​ថា មិនបាន​ទុក​ឱ្យ​កូន​នៅ​រៀន​ទេ បើ​ផ្លូវ​លំបាក​យ៉ាង​នឹង​នោះ ព្រោះ​ណាមួយ​តាម​ផ្លូវ​ស្ងាត់​គ្មាន​សុវត្ថិភាព​ផង»

បច្ចុប្បន្ន សាលាបឋមសិក្សា​មួយ​នេះ​មាន​សិស្ស​កំពុង​សិក្សា​ចំនួន​ជាង ៣០០​នាក់ និង​មាន​គ្រូបង្រៀន​ចំនួន ១០​នាក់ គឺ​ស្រី ៥​នាក់ និង​ប្រុស ៥​នាក់ ក្នុង​នោះ​មាន​គ្រូ​ចំនួន ៨​នាក់​ត្រូវ​ដើរ​ដោយ​ថ្មើរជើង​លុយ​ភក់​ជម្រៅ​ពាក់កណ្ដាល​ក្បាលជង្គង់​ចម្ងាយ​ជាង ៤​គីឡូម៉ែត្រ ទៅ​បង្រៀន​សិស្ស​ជា​រៀងរាល់ថ្ងៃ។ កញ្ញា អឿម ចន្ទី លើកឡើង​ថា សព្វថ្ងៃ​គ្រូបង្រៀន​ទាំងអស់​ទៅ​បង្រៀន​ដោយសារ​ក្ដី​ស្រលាញ់ និង​ព្រួយបារម្ភ​អំពី​អនាគត​របស់​កុមារ ព្រោះ​ខ្លាច​ពួកគេ​មិន​ចេះ​អក្សរ ហើយ​ពិបាក​រក​ការងារ​នៅ​ពេល​ដែល​ពួកគេ​ពេញវ័យ ដែល​បង្ក​ជា​បញ្ហា​ក្នុង​សង្គម​ដោយសារ​ភាព​ក្រីក្រ ព្រោះ​សព្វថ្ងៃ​សិស្ស​ដែល​បោះបង់​ការសិក្សា​មួយ​ចំនួន​ធំ​បាន​ទៅតាម​ឪពុកម្ដាយ​ធ្វើការ​នៅ​ប្រទេស​ថៃ ហើយ​អ្នកខ្លះ​ត្រឡប់មកវិញ​គ្មាន​ទីពឹង និង​ពុំ​មាន​ការងារ​ធ្វើ​ពិតប្រាកដ​ដើម្បី​រក​ប្រាក់​ចិញ្ចឹមជីវិត​របស់​ខ្លួន​ឡើយ៖ «រាល់ថ្ងៃ​ធ្វើដំណើរ​ផ្លូវ​នឹង​ខ្ញុំ​មិន​ដឹង​ថា​ខ្លួនឯង​ដើរ​ទៅ​កាន់តែ​អស់កម្លាំង​ក្នុង​ខ្លួន​ដើរ​ទៅ​មុខ​លេង​ចង់​រួច ហើយ​ត្រូវ​ធ្វើដំណើរ​រាល់ថ្ងៃ។ ដូច្នេះ​កាលណា​ទាំង​គ្រូ​ទាំង​សិស្ស​ធ្វើដំណើរ​រាល់ថ្ងៃ​អីចឹង យូរៗ​ទៅ​នឹង​គ្មាន​ទឹកចិត្ត​ទៅ​រៀន​និង​ទៅ​បង្រៀន​ទេ»

ចំណែក​មេភូមិ​ស្ថាពរ២ លោក ឈឿន ប៊ើយ មាន​ប្រសាសន៍​ថា កូន​របស់​លោក​ចំនួន​២​នាក់​បាន​បោះបង់​ការសិក្សា​ទាំង​វ័យក្មេង ដោយសារតែ​ផ្លូវ​ពិបាកធ្វើ​ដំណើរ​នេះ។ លោក ឈឿន ប៊ើយ បន្ថែម​ទៀត​ថា ផ្លូវ​មួយ​ខ្សែ​នេះ​ពិបាកធ្វើ​ដំណើរ​ជាង​១០​ឆ្នាំ​ហើយ ជាពិសេស​នៅ​រដូវវស្សា លំបាក​ទាំង​ក្មេង​ទៅ​រៀន ការ​ដឹក​កសិផល​របស់​កសិករ និង​ការ​ដឹក​អ្នកជំងឺ​ទៅ​មណ្ឌល​សុខភាព​នៅ​ឃុំ​អំពិលប្រាំដើម ត្រូវ​ចំណាយ​ពេល​ធ្វើ​ដំណើរ​អស់​ជាង​មួយ​ម៉ោង​ទើប​ដល់៖ «ខ្ញុំ​អាណិតអាសូរ​ប្រជាពលរដ្ឋ ខ្ញុំ​មេភូមិ​ចេះតែ​ដើរ​រៃអង្គាស​ប្រាស់​ពី​ពលរដ្ឋ​ជួសជុល​ផ្លូវ ដើម្បី​បាន​ដឹក​កសិផល​ចេញទៅ​លក់​បាន​ខ្លះ។បើ​សិន​ណា​ផ្លូវ​ធ្វើដំណើរ​បាន​ស្រួល​ក្មេងៗ​មិន​ឈប់​រៀន​ទេ ព្រោះ​ពួកគេ​នៅ​ទីនេះ​ចង់​រៀន សូត្រ​ណាស់»

ទាក់ទង​នឹង​បញ្ហា​នេះ​អភិបាលស្រុក​បវេល លោក វិន ហួត ទទួលស្គាល់​ថា ផ្លូវ​មួយ​ខ្សែ​នេះ កសិករ​ពិតជា​ពិបាកធ្វើ​ដំណើរ​ប្រាកដ​មែន ប៉ុន្តែ​អាជ្ញាធរ​ថ្នាក់លើ​ក៏បាន​ដឹងឮ​ចំពោះ​បញ្ហា​នេះ​ហើយ ព្រមទាំង​មាន​ធ្វើ​ផ្លូវ​ថ្មី​ក្នុង​ពេល​ឆាប់ៗ។ លោក​បន្ថែម​ថា ផ្លូវ​មួយ​ខ្សែ​នេះ​ជា​ផ្លូវ​សំខាន់​របស់​ប្រជាកសិករ​នៅ​ក្នុង​មូលដ្ឋាន ហើយ​អាជ្ញាធរ​នឹង​មិន​បណ្ដោយ​ផ្លូវ​នេះ​រាំងស្ទះ​ដល់​ការ​ធ្វើ​ដំណើរ​របស់​ពល​រដ្ឋ​យូរអង្វែង​ទៅមុខ​ទៀត​ឡើយ៖ «រឿង​នេះ​ឯកឧត្ដម រាជ សុភ័ទ្ធ គាត់​កំពង់ តែ​គិត តែ​រឿង​ពេលវេលា​ជាក់​ខ្ញុំ​មិនទាន់​ហ៊ាន​និយាយ​ទេ ក្រែងលោ​វា​យូរ ហើយ​ទៅ​ជា​ថា​កុហក​ពលរដ្ឋ ប៉ុន្តែ​គម្រោង​ថ្នាក់លើ​កំពុងតែ​គិត»

មេភូមិ​ស្ថាពរ​២​ឱ្យ​ដឹង​ថា ប្រជាពលរដ្ឋ​ដែល​ប្រើប្រាស់​ផ្លូវ​មួយ​នេះ​ជាប្រចាំ មាន​ជាង​៥០០​គ្រួសារ ក្នុង​ចំណោម​នោះ​ប្រហែល​៣០​ភាគរយ​ធ្វើ​ចំណាកស្រុក​ទៅ​ប្រទេស​ថៃ ដោយសារ​នៅ​ក្នុង​ស្រុក​គ្មាន​ការងារ​ធ្វើ ម្យ៉ាងទៀត​ពួកគាត់​មាន​ជីវភាព​ក្រីក្រ។ ប្រជាពលរដ្ឋ មេភូមិ និង​គ្រូបង្រៀន​សាលាបឋមសិក្សា​ស្ថាពរ សុទ្ធតែ​បាន​លើកឡើង​ដូច​ៗ​គ្នា​ថា កុមារ​នឹង​បន្ត​ឈប់​រៀន​កាន់តែ​ច្រើន​ថែម​ទៀត ប្រសិនបើ​ផ្លូវ​នេះ​អាជ្ញាធរ​មិន​ធ្វើ​ឱ្យ​បាន​ស្អាត​ជាង​ពេល​បច្ចុប្បន្ន​នោះ។ ចំណែក​ឯ​គ្រូបង្រៀន​មួយ​ចំនួន​ក៏​ចាប់ផ្ដើម​រួញរា​ក្នុង​ការ​ធ្វើដំណើរ​ទៅ​បង្រៀន​សិស្ស​ដែរ ហើយ​ពួកគាត់​ក៏​មាន​គម្រោង​ផ្លាស់​ទៅ​ធ្វើ​ការ​នៅ​កន្លែង​ផ្សេង​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles