ខុមហ្វ្រែល​សម្រេច​មិន​ចូល​រួម​សង្កេតការណ៍​ការ​បោះឆ្នោត​ ក្រោយ​ការ​បិទ​​បន្ទប់​ស្ថានការណ៍​

| |
http://vodhotnews.com

|


អង្គការ​ឃ្លាំមើល​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​ បាន​អះ​អាង​ថា ពួកគេ​សម្រេច​​មិន​ចូល​រួម​សង្កេតការណ៍​ការ​បោះ​ឆ្នោត​ជាតិ​ដ៏​ចម្រូង​ចម្រាស់​នា​ពេល​ខាង​មុខ​នេះ​ទេ ដោយ​បន្ទោស​ទៅ​លើ​ការ​ព្រមាន​ពី​សំណាក់​រដ្ឋាភិបាល ដែល​ជំរុញ​ឲ្យ​ក្រុម​អ្នក​សង្កេតការណ៍​ព្រួយ​បារម្ភ។

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះ​ឆ្នោត ហៅ​កាត់​ថា គ.ជ.ប. បាន​​ចាប់​ផ្ដើម​ទទួល​ចុះ​ឈ្មោះ​ក្រុម​អ្នក​សង្កេត​ការណ៍​ជាតិ និង​អន្តរជាតិ ចាប់​តាំង​ពី​ថ្ងៃ​ទី​២៣ ខែ​មេសា រហូត​ទៅ​ដល់​ថ្ងៃ​ទី​២៥ ខែ​កក្កដា​ខាង​មុខ សម្រាប់​ការ​ចុះ​សង្កេតការណ៍​ការ​បោះ​ឆ្នោតជាតិ​នៅ​ឆ្នាំ​នេះ។

ប៉ុន្តែ មន្ត្រី​ឃ្លាំ​មើល​នៃ​អង្គការ​ខុមហ្វ្រែល លោក កន សាវាង្ស បាន​ប្រាប់​វីអូឌី​នៅ​កាល​ពី​ល្ងាច​ម្សិល​មិញ​ថា អង្គការ​​​សង្គម​ស៊ីវិល​ឃ្លាំ​មើល​ និង​សង្កេតការណ៍​ការ​បោះ​ឆ្នោត​​​មួយ​នេះ បាន​សម្រេច​មិន​ចូលរួម​ក្នុង​ការ​សង្កេតការណ៍​ការ​បោះ​ឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ​អាណត្តិ​ទី​៦​នេះ​ឡើយ ដោយ​លោក​ថា រដ្ឋាភិបាល​បាន​ព្រមាន​ទៅ​លើ​បន្ទប់​ស្ថានការណ៍ ដែល​ជំរុញ​ឲ្យ​ក្រុម​អ្នក​សង្កេតការណ៍​មក​ពី​អង្គការ​សង្គម​ស៊ីវិល​នានា​មាន​ក្ដី​បារម្ភ។

លោក សាវាង្ស ប្រាប់​វីអូឌី​តាម​បណ្ដាញ​សង្គម​​ថា៖ «យើង​មិន​ដាក់​អ្នក​សង្កេតការណ៍​ដោយ​ការ​ចុះ​ឈ្មោះ​ទៅ​ស្ថាប័ន​ គ.ជ.ប. ទេ ដោយសារ​ទី១ បន្ទប់​ស្ថានការណ៍​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​បង្កើត​ឡើង​វិញ​ដោយ​រដ្ឋាភិបាល។ ទី​២ កន្លង​មក ស្ថាប័ន NGO មួយ​ចំនួន​ដែល​ធ្វើការ​ក្នុង​បន្ទប់​ស្ថានការណ៍​ហ្នឹង ត្រូវ​បាន​កំណត់​ចូល​ក្នុង​សៀវភៅ​ស ដែល​ជា​សៀវភៅ​មួយ​និយាយ​អំពីការ​ចូល​រួម​ក្នុង​បដិវត្តន៍​ពណ៌»

អង្គការ​ខុមហ្វ្រែល​បាន​សម្រេច​បែប​នេះ​កាល​ពី​ថ្ងៃ​ទី​១៤ ឧសភា ចំ​ថ្ងៃ​ដែល គ.ជ.ប. បាន​បិទ​បញ្ចប់​ការ​ចុះ​បញ្ជី​គណបក្ស​នយោបាយ​ចូល​រួម​ប្រកួត​ប្រជែង​ការ​បោះ​ឆ្នោត​ក្នុង​ឆ្នាំ​នេះ ដោយ​មិន​មាន​វត្តមាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​បក្ស​ប្រឆាំង​ដ៏​ធំ​ដែល​ត្រូវ​បាន​រំលាយ​ចោល​ដោយ​តុលាការ​កំពូល​កាល​ពី​ខែ​វិច្ឆិកា​ឆ្នាំ​មុន។

ប៉ុន្តែ លោក សាវាង្ស ប្រាប់​​ថា អង្គការ​របស់​លោក​សម្រេច​ចិត្ត​បែប​នេះ មិន​ផ្អែក​ទៅ​លើ​ថា គណបក្ស​ណា​មួយ​ត្រូវ​​បាន​អនុញ្ញា​ឲ្យ​ចូលរួម ឬ​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​​ចូល​រួម​ការ​បោះ​ឆ្នោត​នោះ​ឡើយ។ ផ្ទុយ​ទៅ​វិញ​ លោក​នៅ​តែ​អះ​អាង​ថា ក្រុម​អ្នក​សង្កេតការណ៍​របស់​លោក​ព្រួយ​បារម្ភ ​ក្រោយ​ពី​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បញ្ជា​ឲ្យ​តាម​ដាន​បន្ទប់​ស្ថានការណ៍។


ជំហរ​របស់​យើង​មិន​ផ្អែក​លើ​​ស្ថានភាព​នៃ​គណបក្ស​​ចូលរួម និង​មិន​ចូល​រួម​នោះ​ទេ។ ការ​សម្រេច​ថា ការ​មិនចូលរួ​មរ​បស់​យើង​ ដោយសារ​តែ​អ្នក​សង្កេតការណ៍​យើង​មាន​ការ​ព្រួយ​បារម្ភ​​យ៉ាង​ខ្លាំង​ទាក់​ទង​​បញ្ហា​ការ​បង្កើត​បន្ទប់​ស្ថានការណ៍ ដែល​កន្លង​មក​ មានការ​បញ្ជា​ឲ្យ​មាន​ការ​តាម​ដាន​ផ្សេងៗ​ពី​សម្ដេច​នាយក​រដ្ឋ​មន្ត្រី ហើយ​ក៏​មាន​ការ​ស៊ើប​អង្កេត​ពី​ស្ថាប័ន​ក្រសួង​មហាផ្ទៃ

លោក កន សាវាង្ស មន្ត្រី​ឃ្លាំ​មើល​នៃ​អង្គការ​ខុមហ្វ្រែល


បន្ទប់​ស្ថានការណ៍ ដែល​ប្រមូល​ផ្ដុំ​ទៅ​ដោយ​អង្គការ​សង្គម​ស៊ីវិល​ជិត ៤០​ស្ថាប័ន ត្រូវ​បាន​ក្រសួង​មហាផ្ទៃ​ព្រមាន​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់ បន្ទាប់​ពី​លោក ហ៊ុន សែន បាន​បញ្ជា​ផ្ទាល់​មាត់​ទៅ​រដ្ឋ​មន្ត្រី​មហាផ្ទៃ លោក ស ខេង ឲ្យ​ពិនិត្យ​មើល​ផ្លូវ​ច្បាប់ ដើម្បី​ចាត់​វិធានការ​លើ​បណ្ដុំ​អង្គការ​សង្គម​ស៊ីវិល ដែល​លោក ហ៊ុន សែន ហៅ​ថា មូលដ្ឋាន​បញ្ជា​ឲ្យ​មាន «បដិវត្តន៍​ពណ៌»។

នៅ​ពេល​សួរ​ថា ប្រសិនបើ​ស្ថានភាព​នយោបាយ​បាន​ល្អ​ប្រសើរ​នា​ពេល​ខាង​មុខ​នៅ​មុន​ការ​បោះ​ឆ្នោតជាតិ តើ​ខុមហ្វ្រែល​នឹង​សម្រេច​ចិត្ត​ចូលរួម​សង្កេតការណ៍ ឬ​យ៉ាង​ណា​នោះ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ ប្រាប់​ថា ខុមហ្វ្រែល​នឹង​ជជែក​ជាមួយ​ក្រុម​អ្នក​សង្កេតការណ៍​របស់​ខ្លួន​​បន្ថែម​ទៀត ។


ប្រសិន​ជា​បរិយាកាស​នយោបាយ​អាច​​សម្រប​សម្រួល​ ឬ​​មួយ​ក៏​មាន​ភាព​ល្អ​ប្រសើរ​ដែល​យើង​អាច​ចូលរួម​បាន អា​ហ្នឹង​យើង​នឹង​ជជែក​ជាមួយ​នឹង​អ្នក​សង្កេតការណ៍​យើង​ផ្សេងៗ​ទៀត​ថា តើ​លោក​យល់​ឃើញ​យ៉ាង​ម៉េច

លោក កន សាវាង្ស មន្ត្រី​ឃ្លាំ​មើល​នៃ​អង្គការ​ខុមហ្វ្រែល


នេះ​ជា​លើកដំបូង​ហើយ​ដែល​អង្គការ​មួយ​នេះ បដិសេធ​ចូល​រួម​ក្នុង​ដំណើរការ​សង្កេតការណ៍​ការ​បោះ​ឆ្នោត ចាប់​តាំង​ពី​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​១៩៩៦ និង​បាន​ចូល​រួម​សង្កេតការណ៍​ការ​បោះ​ឆ្នោត​ចាប់​តាំង​ពី​ឆ្នាំ​១៩៩៨​មក។

បើ​តាម​តួលេខ​របស់ គ​.ជ.ប. ក្រុម​អង្គការ​សង្គម​ស៊ីវិល​ចំនួន ២១​ស្ថាប័ន បាន​ដាក់​ពង្រាយ​ក្រុម​អ្នក​សង្កេតការណ៍​របស់​ខ្លួន​ដល់​ទៅ​ ៧៤ ៦៧១​នាក់ នៅ​អំឡុង​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​កាល​ពី​ឆ្នាំ​២០១៧​កន្លង​មក ក្នុង​នោះ​ខុមហ្វ្រែល​បាន​ដាក់​ពង្រាយ​អ្នក​សង្កេតការណ៍​របស់​ខ្លួន​ជិត ១៥ ០០​០​នាក់ ខណៈ​អ្នក​សង្កេតការណ៍​អន្តរជាតិ​មាន​ចំនួន​ជិត ៤០០​នាក់៕


CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។

What Next?

Recent Articles

One Response to "ខុមហ្វ្រែល​សម្រេច​មិន​ចូល​រួម​សង្កេតការណ៍​ការ​បោះឆ្នោត​ ក្រោយ​ការ​បិទ​​បន្ទប់​ស្ថានការណ៍​"

  1. so socheath says:

    ចូលមិនចូលជារឿងផស់ពូកអាឆ្កែក្រៅរបងអស់អែងហ្នឹងទេ អត់មានអ្នកណាបង្ខំឡើយ ។
    ព្រោះថាក្រៅតែពីរួមដៃជាមួយពួកអាក្បត់ជាតិបក្សសង្គ្រោះជាតិ បំផ្លាញជាតិ បំផ្លាញសេចក្តីរស់នៅ
    សុខសាន្តរបស់ប្រជាជន ពួកអ្ហែងបានធ្វើស្អីខ្លះទៅសម្រាប់ជាប្រយោជន៏ដល់ជាតិ និងប្រជាជន ?
    ពួកអាចៃសង្គម យ៉ាប់មែន អាថោកជាងឆ្កែ !

Leave a Reply

Submit Comment