មន្ត្រី​រដ្ឋាភិបាល​​ចំអក​ឲ្យ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ចំពោះ​រឿងក្តី​អតីត​អ្នកយក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី

សិទ្ធិ​មនុស្ស


រូបឯកសារ៖ លោក អ៊ួន ឈិន និង​លោក យាង សុធារិន អតីតអ្នករាយការណ៍របស់វិទ្យុអាស៊ីសេរី អង្គុយនៅក្នុងរថយន្តដឹកអ្នកទោស នៅពេលដែលពួកគេបានមកដល់តុលាការឧទ្ធរណ៍ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៨។ (រូបថត Reuters)


16 ឧសភា 2018
ហ៊ុល រស្មី
វីអូអេខ្មែរ

លោក​ ប្រេដ អាដាមស៍​ (Brad Adams) ​នាយក​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ប្រចាំ​តំបន់​អាស៊ី​ ថ្លែងថា​៖«​​នៅមុនការ​បោះឆ្នោត​ជាតិ​ខែកក្កដា​ លោក​នាយករដ្ឋ​មន្ត្រីហ៊ុន សែន​ បាន​ចាប់ខ្លួន​អ្នកកាសែត​ សកម្មជន​ និង​អ្នកនយោបាយ​ជាច្រើន​នាក់​ដាក់គុក»។

ក្រោយការ​អំពាវនាវ​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ (Human​ Rights Watch) ឲ្យ​អាជ្ញាធរ​កម្ពុជា​ដោះលែង​អតីត​អ្នកកាសែត​ពីរនាក់​របស់​វិទ្យុអាស៊ីសេរី​ (RFA)ឲ្យ មានសេរីភាព​វិញដោយ​គ្មាន​លក្ខខណ្ឌនោះ​ មន្ត្រីនាំពាក្យ​ក្រសួង​យុត្តិធម៌​កម្ពុជា​ បានថ្លែង​ចំអក​ដល់​ខ្លឹមសារ​របស់​សេចក្តី​អំពាវ​នាវ​នៃអង្គការ​សិទ្ធិមនុស្ស​នេះថា​ គ្មាន​មូលដ្ឋាន​ច្បាប់​គ្រប់គ្រាន់​និង​គ្រាន់តែ​ជាការ​វាយប្រហារ​លក្ខណៈ​គំនុំ​មកលើ​ប្រព័ន្ធ​យុត្តិធម៌​កម្ពុជា​តែប៉ុណ្ណោះ​។ ​

អង្គការ​ឃ្លាំ​មើល​សិទ្ធិមនុស្ស​ (Human Rights Watch) ​ដែលមាន​ទីស្នាក់​ការ​នៅ​សហរដ្ឋ​អា​មេរិក​ បាន​ស្នើ​ឲ្យអាជ្ញាធរ​កម្ពុជា​ផ្តល់​សេរីភាព​ដល់​អតីត​អ្នកយក​ព័ត៌មាន​របស់​វិទ្យុអាស៊ីសេរី​ ចំនួន​ពីរ​នាក់​ដែលត្រូវ​បាន​ចាប់​ដាក់​ពន្ធនាគារ​ ក្រោមបទ​«ចារកម្ម»។ នេះបើ​យោង​តាម​សេចក្តីប្រកាស​របស់​អង្គការសិទ្ធិមនុស្ស​នេះ​ ដែល ​VOA ​ទទួល​បាន។

ក៏​ប៉ុន្តែ​អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​របស់​រដ្ឋាភិបាល​កម្ពុជា​ បាន​ច្រាន​ចោល​ការ​ស្នើ របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិមនុស្ស​នេះ ​ដោយ​បាន​ថ្លែងចំអក​ដល់​អង្គការ​សិទ្ធិមនុស្ស មួយ​នេះ​ថា​ បានចេញសេចក្តី​ថ្លែង​ការណ៍​នានា​ ដោយ​យោង​ទៅតាម​តែ​គំនុំផ្ទាល់​ខ្លួន​ និង​គ្មាន​ភ្ជាប់​ការធានា​អះអាង​ខាង​ច្បាប់​នោះ​ទេ។

យោងតាម​សេចក្តី​ប្រកាស​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិមនុស្ស​ដែលបាន​ចេញផ្សាយ​កាលពីពេល​ថ្មីៗ​នេះ​ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ អាជ្ញាធរ​កម្ពុជា​គួរ​តែ​ទម្លាក់​ចោល​បទ​ ចារកម្ម​ដែល​ត្រូវ​បាន​ប្រឌិត​ឡើង ប្រឆាំង​នឹង​អតីត​អ្នក​កាសែត​ពីរ​នាក់ គឺ​លោក ​អ៊ួន​ ឈិន និងលោក​ យាង សុធារិន​ជាបន្ទាន់​ ហើយ​ត្រូវដោះលែង​អ្នកទាំងពីរ​ ដោយ​គ្មាន​លក្ខខណ្ឌ។

លោក​ ប្រេដ អាដាមស៍​ (Brad Adams) ​នាយក​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ប្រចាំ​តំបន់​អាស៊ី​ ត្រូវបាន​ស្រង់​សម្តី​តាម​ន័យដើមថា​៖

«នៅ​មុន​ការ​បោះឆ្នោត​ជាតិ​ខែកក្កដា លោក​នាយករដ្ឋ​មន្ត្រីហ៊ុន សែន​ បាន​ចាប់ខ្លួន​អ្នកកាសែត​ សកម្មជន​និង​អ្នកនយោបាយ​ជាច្រើននាក់​ដាក់គុក»។

លោក​ប្រេដ អាដាមស៍​ បាន​ថ្លែងបន្ថែមថា​៖«ជា​ការ​សងសឹង​របស់​ខ្លួនប្រឆាំង​នឹង​វិទ្យុអាស៊ីសេរី​ (RFA)​ ចំពោះ​សេចក្តី​រាយការណ៍​ដែលមាន​លក្ខណៈ​ទិតៀននោះ​ រដ្ឋាភិបាល​បាន​ប្រឌិត​បទ​ចារកម្ម​ដែល​មិនសម​ហេតុផល​ ប្រឆាំង​នឹង​អតីត​អ្នក​កាសែត​គឺ​លោក​អួន​ ឈិន​ និង ​លោក​យាង សុធារិន ដែល​គួរ​តែ​ត្រូវបាន​ដោះលែង​ឲ្យមាន​សេរីភាព​វិញ​ជាបន្ទាន់»។

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ (Human Rights Watch) ​បាន​បញ្ជាក់​ឲ្យដឹងបន្តតាម​សេចក្តី​ប្រកាស​របស់​ខ្លួនថា​ ការ​ចាប់​ខ្លួន​អតីត​អ្នកយក​ព័ត៌មាន​ទាំងពីរនាក់​នេះ កាលពី​ប្រាំមួយខែ​មុន​ គឺជាផ្នែកមួយ​នៃការ​បង្ក្រាបដែល​អាជ្ញាធរ​រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​បន្តធ្វើ​ មកលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ក្រុម​សង្គម​ស៊ីវិល​ និងក្រុម​អ្នក​នយោបាយ​ជំទាស់​ ដែល​បាន​ធ្វើ​ឲ្យ​អតីត​អ្នកកាសែត​របស់​វិទ្យុអាស៊ីសេរី​ និង​អ្នកកាសែត​ផ្សេងទៀត​ សកម្មជន ​និងសមាជិក​គណបក្ស​ប្រឆាំង​ជាច្រើន​ភៀស​ខ្លួន​ចេញ​ពី​ប្រទេស។

លោក​ ជិន ម៉ាលីន​ អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​ យល់​ថា​ សេចក្តី​ប្រកាស​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ មិន​អាចដាក់​សម្ពាធ​មក​លើ​ប្រព័ន្ធ​យុត្តិធម៌​របស់​កម្ពុជា​បានទេ។​ លោក​បញ្ជាក់​ថា​ រាល់​ការ​ចេញ​សេចក្តី​ថ្លែងការណ៍​របស់​អង្គការ​សិទ្ធិមនុស្ស​នេះ​ គឺធ្វើ​ឡើង​ដោយ​ឈរ​ការ​សងសឹក​ជាលក្ខណៈ​បុគ្គល​ និង​មិនមែន​ផ្អែកលើ​ទិដ្ឋភាព​បច្ចេក​ទេស​ច្បាប់​នោះទេ។​ លោក​ថា​ មន្ត្រី​អង្គការនេះ​ គួរបើក​ការសិក្សា​ទៅលើ​និតីវិធីច្បាប់​ ដើម្បី​បាន​ជាទុនមក​ជួយ​អតីត​អ្នក​សារព័ត៌មាន​ពីរនាក់​របស់​វិទ្យុ​អាស៊ី​សេរីនោះ។

«ជាជាង​ការ​ចេញ​សេចក្តី​ថ្លែងការណ៍​ ដោយគ្មាន​មូលដ្ឋាន​ច្បាប់​ ហើយ​ជា​កំហឹង​ ជាការ​ចង​គំនុំ​បែប​នេះ​ គាត់​គួរ​តែ​ធ្វើ​ការសិក្សា​ លើបច្ចេក​ទេស​ច្បាប់​ ហើយ​ចូលរួម​ក្នុងដំណើរ​ការ​នីតិវិធី​របស់​តុលាការ​វិញ​ បានន័យថា​ ស្វែង​រក​ភស្តុតាង​ឲ្យបាន​ច្បាស់​លាស់​ សិក្សា​លើ​ទិដ្ឋភាព​ច្បាប់​ឲ្យបាន​ច្បាស់​ អង្គ​ហេតុ​ អង្គច្បាប់​ ទល្ហីករណ៍​ឲ្យបាន​រឹងម៉ាំ​ ហើយ​រក​មេធាវី​ដែលពូកែ​ចូលរួម​ក្នុងការ​តទល់​ ដំណើរ​ការ​រឿង​ក្តី​នៅតុលាការ​ជាការ​ប្រសើរ​ជាង»។

អង្គការ​ឃ្លំាមើល​សិទ្ធិមនុស្ស​ (Human Rights Watch) ​បាន​ថ្លែងបញ្ជាក់​បន្ថែម​ក្នុង សេចក្តី​ប្រកាស​របស់​ខ្លួនចេញ​ផ្សាយ​កាលពីថ្ងៃ​ទី​ ១២ ខែ​ឧសភា​ថា នៅ​ក្នុង​ខែ​មីនា​ ឆ្នាំ​២០១៨​ ព្រះរាជ​អាជ្ញា​បាន​បន្ថែម​បទចោទ​ដែលគ្មាន​មូលដ្ឋាន​ និង​ដោយ​គ្មាន​ភស្តុតាង​ផ្សេងទៀត​ ប្រឆាំង​នឹង​លោក​សុធារិន ​និង​លោក​ឈិន​ថា​ អ្នក​ទាំងពីរ​បាន​ផលិត​រូបភាព​អាសអាភាស។

បទ​ចោទ​នេះ​ គឺ​បន្ថែម​លើ​បទ «ចារកម្ម» ​ដែល​ពួកគេ​ទាំង​ពីរនាក់​ត្រូវ​បាន​ចោទ​ប្រកាន់​ ដោយ​សារ​ការ​បន្ត​ផ្ញើ​របាយការណ៍​ព័ត៌មាន​ទៅ​ឱ្យ​វិទ្យុអាស៊ីសេរី​ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​រដ្ឋធានី​ វ៉ាស៊ីនតោន ​សហរដ្ឋ​អាមេរិក​។

អង្គការ​ឃ្លំាមើល​សិទ្ធិមនុស្ស​បាន​ថ្លែង​ប្រកាស​របស់​ខ្លួនបន្ត​ថា​ ទំនងជា​មានការ​ភ័យខ្លាច​ចំពោះ​បរាជ័យ​ក្នុងការបោះ​ឆ្នោត​ ដែល​គ្រោង​នឹង​ធ្វើ​ឡើងនៅខែ​កក្កដា​នោះ​ រដ្ឋាភិបាល​លោក​ហ៊ុន សែន​ បាន​ចាត់​វិធាន​ការ​បង្ក្រាបយ៉ាង​ទូលំទូលាយ​ ដោយ​បានអះ​អាង​ទាំង​គ្មានមូលដ្ឋានថា​ គណបក្ស​ប្រឆាំង​និង​អ្នក​រិះគន់​ គឺជា​ផ្នែកមួយ​នៃ​ «បដិវត្តន៍ពណ៌»​ ដែល​គាំទ្រ​ដោយ​បរទេស ​ក្នុង​បំណងផ្តួល​រំលំ​រដ្ឋា​ភិ​បាល។ វិធាន​ការ​របស់​រដ្ឋាភិបាល​បាន​រំលោភ​បំពាន​សិទ្ធិនានា​ ទៅ​លើ​នីតិវិធី​កាត់​ក្តី​ត្រឹម​ត្រូវ​ សេរី​ភាព​បញ្ចេញ​មតិ​និង​សេរីភាព​សមាគម​ ស្ថិត​ក្រោម​ច្បាប់​សិទ្ធិ​មនុស្ស​អន្តរជាតិ។

លោក​ ជិន ម៉ាលីន​ អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌​ មាន​ប្រសាសន៍​បន្ថែមថា អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ (Human Rights Watch) ​រមែង​តែ​ចេញ​សេចក្តី​ថ្លែង​ការណ៍​គាំទ្រ​ ក្រុម​ដែល​មាន​និន្នាការ​ប្រឆាំង​នឹង​រដ្ឋាភិបាល។​ លោក​មាន​ប្រសាសន៍​ថា៖

«ឲ្យ​តែ​ការ​អនុវត្ត​ច្បាប់​ទៅលើ​ក្រុម​ប្រឆាំង​ ឬ​ក៏​ក្រុម​ដែល​មាន​និន្នាការ​ផ្ទុយ​ទៅនឹង​រដ្ឋា​ភិបាល​ ឬក្រុម​សកម្ម​ជន​បក្សប្រឆាំង​ ក្រុមដែល​គាំទ្រ​បក្ស​ប្រឆាំងហ្នឹង​ គាត់ចាត់​ទុក​ថា​ អាហ្នឹង​ជារឿង​នយោបាយ​។ ក៏​ប៉ុន្តែ​គាត់​អត់​បាន​វិភាគ​ជាលម្អិត​ ទៅលើ​ទិដ្ឋភាពច្បាប់​ និង​បច្ចេក​ទេស​ច្បាប់​ ថាតើ​ទង្វើនោះ​ វាមាន​ធាតុ​ផ្សំ​បង្កើត​ទៅ​ជា​បទល្មើស​គ្រប់​គ្រាន់​ទៅតាម​បញ្ញត្តិ​ច្បាប់​កម្ពុជា​ដែរ​ក៏អត់​។ យើង​មើល​សេចក្តី​ថ្លែងការណ៍​ ការ​ចោទប្រកាន់របស់​គាត់​ មិនដែល​មាន​លើក​ណា​ ដែល​ផ្អែកលើ​ទិដ្ឋភាព​បច្ចេកទេសច្បាប់​នោះទេ​ ក្រៅ​តែ​ពីពាក្យថា​ ជារឿង​នយោបាយ​ដាក់​សម្ពាធ​ ហើយ​យើង​យល់​ហើយ​ក្នុង​ទស្សន​របស់​គាត់​ ឲ្យតែ​អនុវត្តន៍​ច្បាប់​ទៅលើ​គ្នាគាត់​ ទៅក្រុមបក្ខ​ពួក​របស់​គាត់​ អាហ្នឹង​គាត់​ថា ជារឿង​នយោបាយ»។

បន្ថែម​លើ​សេចកី្ត​អធិប្បាយ​របស់​អង្គការ​ឃ្លំាមើល​សិទ្ធិ​មនុស្ស​ចំពោះ​ការ​ចាប់​ដាក់​គុក​អតីត​អ្នក​កាសែត​វិទ្យុ​អាស៊ី​សេរី​ពីរ​នាក់​នោះ​ អ្នកនាំពាក្យ​ម្នាក់​នៃ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​ បាន​ថ្លែង​កាល​ពី​ខែ​មេសាថា ​រដ្ឋាភិបាល​កម្ពុជា គួរ​តែ​អនុញ្ញាត​ឲ្យ​សង្គមស៊ីវិល​រួម​ទាំង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯក​រាជ្យ​ផង ​អាច​បំពេញ​ការងារ​របស់​ពួកគេ​បាន​ ដែល​ការងារ​នេះ​ ត្រូវ​បាន​ធានា​ការពារ​ដោយ​រដ្ឋ​ធម្មនុញ្ញ។

អ្នក​ស្រី Katina Adams អ្នក​នាំពាក្យ​ការិយាល័យ​កិច្ចការ​អាស៊ីបូព៌ា​និង​ប៉ាស៊ីហ្វ្រិក​នៃ​ក្រសួង​ការ​បរទេស​អាមេរិក ​បាន​មាន​ប្រសាសន៍​ថា​ ក្រសួង​ការបរទេស​ បាន​ដឹង​អំពី​របាយការណ៍​ដែល​ថា​ រដ្ឋាភិបាល​កម្ពុជា​ បាន​បន្ថែម​បទ​ចោទប្រកាន់​ទៅ​លើ​អតីត​អ្នក​យកព័ត៌មាន​អាស៊ីសេរី​ពីរ​រូប​គឺ​លោក​ អ៊ួន ឈិន ​និង​លោក ​យាង​ សុធារិន។

អ្នក​ស្រី Katina Adams អ្នក​នាំពាក្យ​ការិយាល័យកិច្ចការ​អាស៊ីបូព៌ា​និង​ប៉ាស៊ីហ្វ្រិក​នៃ​ក្រសួង​ការបរទេស​អាមេរិក ​បាន​សរសេរ​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​របស់​អ្នក​ស្រី​ថា៖

​ «‍ការ​ចោទ​ប្រកាន់​ពីបទ​ចារកម្ម​ ប្រឆាំង​នឹង​អតីត​អ្នក​កាសែត​អាស៊ីសេរី​ទាំង​ពីរ​នាក់​នេះ គឺ​ជា​ការ​ប៉ុនប៉ង​ខាង​នយោបាយ​ក្នុង​ការ​ធ្វើ​ឲ្យ​ខ្សោយ​ដល់​សេរីភាព​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន ​និង​ធ្វើ​ឲ្យ​អ្នក​កាសែត​ផ្សេង​ទៀត​ខ្លាច​រអារ ​មិន​ហ៊ាន​បំពេញ​កិច្ចការ​របស់​ខ្លួន»។

លោក​ កែវ វ៉ាន្នី​ មេធាវីការពារ​ក្តី​របស់​អតីត​អ្នកកាសែត​វិទ្យុអាស៊ីសេរី​ទាំងពីរ​នាក់​ សុំ មិន​ធ្វើ​ការ​អធិប្បាយ​ទៅលើ​ ការ​អះអាង​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ទាក់​ទិន​ភាព​ស្អាតស្អំ​របស់កូនក្តី​លោក​ តែលោកថា​ តាមការ​តស៊ូ​ខាង​ច្បាប់​នៅតុលាការ​កន្លងមក​ លោក​មើល​មិនឃើញ​ភស្តុតាង​ដែលអាចគាំទ្រ​ដល់​បទចោទ​នានា​ប្រឆាំង​នឹង​កូនក្តី​លោកនោះទេ។

«សម្រាប់​ខ្ញុំ​ជាមេធាវី​ នៅក្នុងរឿង​ក្តីហ្នឹង​ ជាអ្នកបច្ចេក​ទេស​ខ្ញុំ​ ខ្ញុំ​ពុំ​ទាន់​ឃើញ​មាន​ភស្តុតាង​ដាក់​បន្ទុក​ លើ​ពួកគាត់​ទាំងពីរនាក់​ទេ​បាទ​ ពីខាង​តុលាការ​ទេ​បាទ»។

បច្ចុប្បន្ន ​ក្រៅ​ពី​អតីត​អ្នក​កាសែត​អាស៊ីសេរី​ទាំង​ពីរ​នាក់ ក៏​មាន​អ្នក​ថត​ភាពយន្ត​ឯកសារ​ជនជាតិ​អូស្ត្រាលី​ម្នាក់​ទៀត​កំពុង​ជាប់​ឃុំ​បណ្តោះ​អាសន្ន​រង់ចាំ​ការ​កាត់ទោស​ និង​អតីត​អ្នក​កាសែត ​The Cambodia Daily ២​នាក់​ទៀត​ ​កំពុង​រស់នៅ​ភៀសខ្លួន​ក្រៅ​ប្រទេស​ ដោយសារ​តែ​ការ​ចោទប្រកាន់​ពី​អាជ្ញាធរ​កម្ពុជា​កាលពីចុងឆ្នាំ​២០១៧​មក៕

What Next?

Recent Articles

Leave a Reply

Submit Comment