តំណាងរាស្ត្រ​អាមេរិកាំង​នឹង​បើក​សវនាការ​បកស្រាយ​ករណី​កម្ពុជា​នៅ​ថ្ងៃ​ទី១៧ ឧសភា

ដោយ តាំង សារ៉ាដា
2018-05-17
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក ថិត យ៉ូហូ (Ted Yoho) តំណាងរាស្ត្រ​ពី​ខាង​គណបក្ស​សាធារណរដ្ឋ​ប្រចាំ​រដ្ឋ​ហ្វ្ល័ររីដា (Florida) និង​ជា​ប្រធាន​អនុគណៈកម្មាធិការ​កិច្ចការ​បរទេស​ទទួល​បន្ទុក​កិច្ចការ តំបន់​អាស៊ី​ប៉ាស៊ីហ្វិក  ចូលរួម​ក្នុង​កម្មវិធី​ផ្សាយ​ទូរទស្សន៍​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី៦ ខែ​កុម្ភៈ ឆ្នាំ​២០១៨។ Photo: RFA
លោក ថិត យ៉ូហូ (Ted Yoho) តំណាងរាស្ត្រ​ពី​ខាង​គណបក្ស​សាធារណរដ្ឋ​ប្រចាំ​រដ្ឋ​ហ្វ្ល័ររីដា (Florida) និង​ជា​ប្រធាន​អនុគណៈកម្មាធិការ​កិច្ចការ​បរទេស​ទទួល​បន្ទុក​កិច្ចការ តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ចូលរួម​ក្នុង​កម្មវិធី​ផ្សាយ​ទូរទស្សន៍​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី៦ ខែ​កុម្ភៈ ឆ្នាំ​២០១៨។ Photo: RFA


តំណាង​រាស្ត្រ​អាមេរិក​អះអាង​ថា​របប​លោក ហ៊ុន សែន នឹង​ឈឺចាប់​​ពេល​ទទួល​រង​ទណ្ឌកម្ម


ក្រុម​តំណាងរាស្ត្រ​អាមេរិកាំង នឹង​បើកសវនាការ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី​១៧ ឧសភា​នេះ ដើម្បី​បកស្រាយ​សេចក្ដី​ព្រាងច្បាប់​ស្ដីពី​លទ្ធិប្រជាធិបតេយ្យ​កម្ពុជា ឆ្នាំ​២០១៨ លេខ H.R. ៥៧៥៤ ដើម្បី​ស្វែងរក​វិធានការ​បង្កក​ទ្រព្យសម្បត្តិ រឹតត្បិត​ការ​ចល័ត​សាច់ប្រាក់​ក្នុង​ស្ថាប័ន​ហិរញ្ញវត្ថុ នៅ​សហរដ្ឋអាមេរិក និង​បិទ​ទិដ្ឋាការ​លើ​មន្ត្រី​របប​លោក យោធា​ជាន់ខ្ពស់ មន្ត្រី​កងកម្លាំង​សន្តិសុខ និង​មន្ត្រី​សំខាន់ៗ ដែល​បាន​ចូល​ដៃ​ចូល​ជើង​បំផ្លាញ​ដំណើរការ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។

សវនាការ​លើ​សេចក្ដីព្រាង​ច្បាប់​នេះ​នឹង​មាន​ការចូលរួម​ដោយ​តំណាង​មកពី​គណបក្ស​នយោបាយ​ធំ​ចំនួន​ពីរ​នៅ​អាមេរិក ក្នុង​អគារ​រដ្ឋសភា​សហព័ន្ធ​សហរដ្ឋ​អាមេរិក​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។

សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​លទ្ធិប្រជាធិបតេយ្យ​កម្ពុជា លេខ H.R. ៥៧៥៤ គឺជា​ការ​ច្របាច់​បញ្ចូល​គ្នា​រវាង​សេចក្ដីព្រាង​ច្បាប់​របស់​តំណាងរាស្ត្រ លោក អាឡាន់ ឡូវែនថល (Alan Lowenthal) និង​សេចក្ដីព្រាង​ច្បាប់​របស់​លោក ថិត យូហូ (Ted Yoho) តាមរយៈ​ការ​ធ្វើ​វិសោធនកម្ម​របស់​រដ្ឋសភា​សហព័ន្ធ កាលពី​ថ្ងៃ​ទី​១៤ ខែ​ឧសភា កន្លង​ទៅ​នេះ។

ប្រធាន​ទំនាក់ទំនង​ដើម្បី​កម្ពុជា​របស់​រដ្ឋសភា​អាមេរិក លោក អាឡាន់ ឡូវែនថល កាល​ថ្ងៃ​អង្គារ​កន្លង​ទៅ​នេះ​បាន​អះអាង នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​របស់​លោក​ថា រូប​លោក​ផ្ទាល់ និង​សហសេវិក របស់​លោក​ជា​ច្រើន​រូប​ទៀតៗ បាន​ព្រមាន​លោក ហ៊ុន សែន ម្ដង​ហើយ​ម្ដង​ទៀត​ថា របប​លោក ហ៊ុន សែន ត្រូវតែ​គោរព​កិច្ចព្រមព្រៀង​ទាំងឡាយ ដែល​បាន​ចុះហត្ថលេខា​យល់ព្រម​រៀបចំ​ឲ្យ​មាន​ការ​បោះឆ្នោត​ដោយ សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ប៉ុន្តែ​មេដឹកនាំ​ដែល​ក្ដោបក្ដាប់​អំណាច​ជាង ៣០​ឆ្នាំ​រូប​នេះ មិន​គោរព​កិច្ចសន្យា​ទាំងនោះ ហើយ​ថែមទាំង​ធ្វើ​ពុត​ជា រៀបចំ​ការបោះឆ្នោត​ដោយមាន​ភាព​សេរី និង​យុត្តិធម៌​ទៅវិញ។

លោក​បន្ត​ថា របប​លោក ហ៊ុន សែន បាន​គំរាមកំហែង កម្ទេច​ស្ថាប័ន​សារព័ត៌មាន ឯករាជ្យ​ជាច្រើន បណ្ដេញ​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ ចាប់​សកម្មជន​គណបក្ស​ប្រឆាំង និង​សិទ្ធិមនុស្ស​ដាក់​ពន្ធនាគារ និង​កម្ទេច​គណបក្សប្រឆាំង​ដ៏​ធំ​មួយ​នៅ​កម្ពុជា។ តំណាងរាស្ត្រ​អាមេរិកាំង​រូប​នេះ ព្រមាន​ថា ដល់​ពេល​ហើយ​ដែល​លោក ហ៊ុន សែន ត្រូវ​សង​មកវិញ​ចំពោះ​ទង្វើ​ដែល​លោក​បាន​បំផ្លាញ​ពន្លក​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ដែល​បាន​រីក​ដុះដាល​ពេល​កន្លង​មក។

ចំណែក​លោក ថិត យូហូ (Ted Yoho) ប្រធាន​អនុគណៈកម្មាធិការ កិច្ចការ​បរទេស​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក វិញ បាន​ព្រមាន​របប​លោក ហ៊ុន សែន តាមរយៈ​សេចក្ដីថ្លែងការណ៍​របស់​លោក មួយ​កាល​ពី​សប្ដាហ៍​កន្លង​ទៅ​នេះ ថា សេចក្ដីព្រាងច្បាប់​ស្ដីពី​លទ្ធិ​ប្រជាធិបតេយ្យ​ឆ្នាំ២០១៨ នេះ​ធ្វើឡើង​ក្នុង​គោលបំណង ប្រឆាំង​នឹង​អំពើ​បំផ្លិចបំផ្លាញ​ប្រជាធិបតេយ្យ និង​អំពើ​រំលោភបំពាន សិទ្ធិមនុស្ស នៃ​របប​លោក ហ៊ុន សែន។

លោក​បន្ត​ថា ច្បាប់​នេះ​នឹង​ចាត់វិធានការ ម៉ឺងម៉ាត់​ទៅលើ​បុគ្គល ទាំងឡាយ​ណា ដែល​ប្រព្រឹត្ត​អំពើ​រំលោភបំពាន​ដ៏​គួរ​ឲ្យ​ស្អប់ខ្ពើម​ទាំងនេះ។

សេចក្ដីថ្លែងការណ៍​របស់​លោក ថិត យ៉ូហូ (Ted Yoho) ដដែល​ប្រកាស​ថា សហរដ្ឋអាមេរិក​នឹង​បង្កើត​ច្បាប់​នេះ ឡើង​ដើម្បី​ប្រើ​វិធានការ​ផ្នែក​រដ្ឋបាល​ដែល​មាន​ស្រាប់​ក្នុង​ការ​ដាក់ទណ្ឌកម្ម​លើ​ក្រុម​មន្ត្រី​ជាន់ខ្ពស់​នៃ​របប​លោក ហ៊ុន សែន ដែល​ចូលរួម​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ របស់​ប្រទេស។ លោក​បន្ត​ថា ច្បាប់​នេះ​នឹង​ជួយ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ មានលទ្ធភាព​ក្នុង​ការ​តស៊ូ​ដើម្បី​ប្រជាធិបតេយ្យ ពីព្រោះ​វិធានការ​ច្បាប់​នេះ នឹង​អាច​បំបែក​អំណាច​ប្រមូល​ផ្តុំ​នៃ​របប​លោក ហ៊ុន សែន បាន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

One Response to "តំណាងរាស្ត្រ​អាមេរិកាំង​នឹង​បើក​សវនាការ​បកស្រាយ​ករណី​កម្ពុជា​នៅ​ថ្ងៃ​ទី១៧ ឧសភា"

  1. so socheath says:

    លោកឌូក អេរិកសិន Doug Ericksen សមាជិកព្រឹទ្ធសភា នៃរដ្ឋវ៉ាស៊ីនតោន សហរដ្ឋអាមេរិក បានចាត់ទុកគោលនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងការធ្វើប្រទេសជាតិ មានសន្តិភាព និងស្ថិរភាព ជាគំរូដ៏ល្អប្រសើរសម្រាប់ប្រទេសផ្សេងៗទៀត
    *******

    តំណាងរាស្ត្រសហរដ្ឋអាមេរិកពីខាងគណបក្ស ប្រជាធិបតេយ្យ អាឡាន ឡូវែនថល (Alan Lowenthal)
    និងថិត យូហូ (Ted Yoho) តំណាងរាស្ត្រមកពីគណបក្សសាធារណរដ្ឋ ដែលចង់បង្កើតច្បាប់
    ដើម្បីដាក់សម្ពាធលើរាជរដ្ឋាភិបាលកម្ពុជា ហើយដែលការអនុម័តច្បាប់ ចង់ដាក់បន្ទុកលើ រាជរដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជា ដែលធ្វើឡើងដោយសមាជិកសភាអាមេរិកពីរបីនាក់
    នេះវានឹងមិនអាចចេញជាលទ្ធផលឡើយ។
    ការធ្វើច្បាប់ដែលហៅថា ដើម្បីដាក់គំនាបមកលើកម្ពុជានេះ គ្រាន់តែជាការបង្ហាញកាន់តែច្បាស់ នូវការកាន់ជើងអាយ៉ងបដិវត្តន៍ពណ៏របស់ខ្លួន ដែលប្រព្រឹត្តល្មើសច្បាប់ក្បត់ជាតិខ្លួនឯងតែប៉ុណ្ណោះ។ សម្រាប់ការចង់ធ្វើច្បាប់បែបនេះ វាជាទង្វើរំលោភឯករាជ្យ និងអធិបតេយ្យភាពជាតិកម្ពុជា ដែលមិនអាចលាក់បាំងបាន។ការជួយអាយ៉ងរបស់ខ្លួនក្នុងទង្វើរំលោភបំពាន ដែលមិនសមទម្រង់ វាពិតជាគ្មានប្រសិទ្ធភាព និងវិសាលភាពអ្វី មកលើកម្ពុជា នោះទេ ។
    វាជាការពិតអ្នកដែលបំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជានោះ គឺជាពួកមេក្លោង និងពួកអាយ៉ង
    របស់ Alan Lowenthal និង Ted Yoho ដែលធ្វើបដិវត្តន៍ពណ៌ ហើយត្រូវបរាជ័យនៅកម្ពុជាទេ ដែលជាអ្នកអនុវត្តផែនការនេះ ហើយកំពុងទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា។
    ជំហររបស់អាឡាន់ ឡូវែនថល (Alan Lowenthal) និងលោក ថិត យូហូ (Ted Yoho) គឺផ្ទុយនឹងជំហររបស់សមាជិកព្រឹទ្ធសភាអាមេរិកផ្សេងៗដែលមិនចង់ឱ្យអាមេរិកជ្រៀតជ្រែកកិច្ចការ
    ផ្ទៃក្នុងរបស់កម្ពុជា។
    លោកឌូក អេរិកសិន Doug Ericksen សមាជិកព្រឹទ្ធសភា នៃរដ្ឋវ៉ាស៊ីនតោន សហរដ្ឋអាមេរិក បានចាត់ទុកគោលនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងការធ្វើប្រទេសជាតិ មានសន្តិភាព និងស្ថិរភាព ជាគំរូដ៏ល្អប្រសើរសម្រាប់ប្រទេសផ្សេងៗទៀត ដើម្បីរៀនសូត្រ ដកពិសោធន៍ ពិសេសបណ្ដាប្រទេសមួយចំនួន ដែលមានសង្រ្គាមបែកបាក់ផ្ទៃក្នុងរហូតមកដល់សព្វថ្ងៃនេះ។
    លោកបានបន្តថា ពិភពលោកទាំងមូល ពោលគ្មាន ប្រទេសណាមួយនៅលើលោក អាចមកបញ្ជាឲ្យកម្ពុជាដែលជារដ្ឋអធិបតេយ្យ ធ្វើអ្វីតាមការបញ្ជារបស់ពួកគេបាន
    ឡើយ ។ផ្ទុយទៅវិញកម្ពុជាជាអ្នកកំណត់ផ្លូវដើរដោយខ្លួនឯង សម្រាប់ជោគវាសនារបស់ប្រជាជាតិ និងប្រជាពលរដ្ឋទាំងមូល។ លោកបានបន្ថែមថា ប្រជាជនកម្ពុជាគឺជាមិត្តរបស់សហរដ្ឋអាមេរិក មិនមែនជាសត្រូវនោះទេ ពិសេសជាងនោះទៀតគឺគណបក្សប្រជាជនកម្ពុជា គឺមិត្តរបស់អាមេរិក៕