លោក សួន សេរីរដ្ឋា ស្នើសុំ​លោក ហ៊ុន សែន លើកលែង​ទោស

ដោយ ហេង សកល
2018-05-17
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

អតីត​ប្រធាន​គណបក្ស​អំណាច​ខ្មែរ លោក សួន សេរីរដ្ឋា (ពាក់​ក្រវាត់​ក) ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​សារព័ត៌មាន​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែ​មករា ឆ្នាំ​២០១៦។ Photo: RFA
អតីត​ប្រធាន​គណបក្ស​អំណាច​ខ្មែរ លោក សួន សេរីរដ្ឋា (ពាក់​ក្រវាត់​ក) ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​សារព័ត៌មាន​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែ​មករា ឆ្នាំ​២០១៦។ Photo: RFA


អតីត​ប្រធាន​គណបក្ស​អំណាច​ខ្មែរ លោក សួន សេរីរដ្ឋា កំពុង​ជាប់​ឃុំ​ដោយសារតែ​រង​ការ​ចោទ​ប្រកាន់​ប្រមាថ​កងទ័ព​នោះ បាន​សរសេរ​លិខិត​មួយ​ច្បាប់​ស្នើសុំ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជួយ​អន្តរាគមន៍​លើកលែងទោស។ អ្នកនាំពាក្យ​គណបក្ស​កាន់អំណាច​ថា ការ​ដោះលែង​នេះ គឺ​អាស្រ័យ​លើ​សិទ្ធិ​អំណាច​របស់​តុលាការ។ រីឯ​អ្នកវិភាគ​យល់ថា ការ​ដោះលែង​លោក សួន សេរីរដ្ឋា អាច​កើតឡើង​ក្នុង​ពេល​ឆាប់ៗ​នេះ ព្រោះ​អំណាច​នយោបាយ​តែង​មាន​ឥទ្ធិពល​លើ​អំណាច​ច្បាប់។

លោក សួន សេរីរដ្ឋា បាន​ស្នើ​សុំ​ឱ្យ​លោក ហ៊ុន សែន​ឱ្យ​ផ្ដល់​សេរីភាព​ឱ្យ​លោក​ដើម្បី​ជួបជុំ​គ្រួសារ ថែរក្សា​ម្ដាយ​ចាស់ជរា ថែរក្សា​កូន​តូចៗ ធ្វើជា​កូន​ល្អ ឪពុក​ល្អ ស្វាមី​ល្អ និង​ជា​ពលរដ្ឋ​ល្អ​ដោយ​ក្តី​អនុគ្រោះ។

កាលពី​ថ្ងៃ​ទី​១៤ ខែ​សីហា ឆ្នាំ​២០១៧ តុលាការ​ចោទប្រកាន់​លោក សួន សេរីរដ្ឋា ចំនួន ៣​បទល្មើស ដូចជា​បទ​ញុះញង់​កុំ​ឱ្យ​យោធិន​ស្ដាប់បង្គាប់ បទ​ធ្វើ​ឱ្យ​ខូច​ទឹកចិត្ត និង​បទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ ជាអាទិ៍ នៃ​ក្រមព្រហ្មទណ្ឌ បន្ទាប់ពី​លោក សួន សេរីរដ្ឋា បញ្ចេញមតិ​តាម​ហ្វេសប៊ុក (Facebook) របស់​លោក​កាលពី​យប់​ថ្ងៃ​សៅរ៍ ទី​១២ សីហា ទាក់ទង​នឹង​ការ​បញ្ជា​កងទ័ព​ឱ្យ​ទៅ​ត្រៀម​ប្រយុទ្ធ​នឹង​កងទ័ព​ឡាវ​ថា៖ បើ​សង្គ្រាម​កើតឡើង​ជាមួយ​នឹង​ប្រទេស​ឡាវ​មែន កូន​ខ្មែរ​កងទ័ព​ជាតិ នឹង​ស្លាប់​ក្នុង​សមរភូមិ​យ៉ាង​វេទនា ហើយ​មេទ័ព​ចោរ​នឹង​ឡើងបុណ្យ ប្រមូល​លុយ សប្បាយ​ស្រី​ញី​យ៉ាង​គគ្រឹក គគ្រេង

ក្នុង​លិខិត​ចុះ​ថ្ងៃ​ទី​៣០ ខែ​មេសា ដែល​ទើប​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី​១៥ ខែ​ឧសភា លោក សួន សេរីរដ្ឋា បាន​សុំទោស​ជា​សាធារណៈ​ចំពោះ​លោក ហ៊ុន សែន និង​នាយ​ឧត្ដមសេនីយ៍ ឧត្ដមសេនីយ៍ អគ្គបញ្ជាការ អគ្គ​បញ្ជាការ​រង នាយទាហាន និង​នាយទាហានរង​នៃ​កងទ័ព​ជាតិ​ទាំងអស់។ លោក​សួន សេរីរដ្ឋា ក៏​សន្យា​ថា នឹង​មិន​សរសេរ​អ្វី​ដែល​ខ្វះ​ការពិចារណា​ទៀត​ឡើយ និង​គោរព​ច្បាប់​ជាតិ ព្រមទាំង​ចូលរួម​ការពារ​នូវ​សន្តិភាព​ជាដើម។

អ្នកនាំពាក្យ​គណបក្ស​អំណាច​ខ្មែរ លោក យិន ឈឿន មាន​ប្រសាសន៍​ថា លោក​មិន​ដឹង​ថា លិខិត នោះ​ពិត ឬ​មិន​ពិត​ឡើយ ព្រោះ​លោក សួន សេរីរដ្ឋា មិន​មាន​ទំនាក់ទំនង​ជាមួយ​គណបក្ស​ទៀត​ឡើយ ក្រោយ​ការ​ចាប់​ខ្លួន ប៉ុន្តែ​ក្នុង​លិខិត​នោះ លោក​ឃើញ​មាន​ហត្ថលេខា​របស់​លោក សួន សេរីរដ្ឋា។ ទោះ​យ៉ាង​ណា​ក្តី លោក យិន ឈឿន យល់ថា ការ​ចាប់​ខ្លួន​លោក សួន សេរីរដ្ឋា គឺ​ជា​រឿង​នយោបាយ ដូច្នេះ​ត្រូវតែ​ដោះស្រាយ​តាម​ផ្លូវ​នយោបាយ៖ «វា​មិន​មាន​ជា​លក្ខណៈ​ញុះញង់​ទៅ​អោយ​បង្ក​ហិង្សា​ប្រឆាំង​កងទ័ព​អី គឺ​អត់​មានអី​ជា​រឿង​ធំដុំ​ណាស់ណា​នោះ​ទេ ព្រោះ​វា​គឺជា​ការ​បញ្ចេញមតិ​តាម​បណ្ដាញ​សង្គម វា​មិនមែន​គាត់​ទៅ​ចេញ​លិខិត​ផ្លូវការ​នោះ​ទេ។ បើ​យើង​គិត​អំពី​ប្រជាធិបតេយ្យ គឺ​ប្រជាពលរដ្ឋ​មាន​សិទ្ធិ តែ​នៅ​ប្រទេស​យើង សិទ្ធិ​សេរីភាព ហាក់​ដូច​ជា​រឹតត្បិត»

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃ​ទី​១៤ សីហា ឆ្នាំ ២០១៧ ថា ករណី​របស់​លោក សួន សេរីរដ្ឋា គឺ​ជា​ការប្រមាថ​មិន​អាច​ទទួល​យក​បាន ហើយ​ជា​បទល្មើស​ជាក់ស្ដែង ត្រូវ​ចាប់​មិន​លើកលែង។

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន មាន​ប្រសាសន៍​ថា លោក ហ៊ុន សែន គ្មាន​សិទ្ធ​លើកលែងទោស​នោះ​ទេ ប៉ុន្តែ តុលាការ​ទើប​មាន​សិទ្ធ។ លោក​ថា បើ​ចង់​រួចខ្លួន​នោះ ត្រូវ​រក​មេធាវី​ល្អៗ ដើម្បី​ដោះ​បន្ទុក​នៅ​ក្នុង​តុលាការ ទើប​ជា​ការត្រឹមត្រូវ​តាម​នីតិវិធី​ច្បាប់៖ «អត់​ទេ សម្ដេច​មិន​អាច​រំលោភ​លើ​ឆន្ទានុសិទ្ធិ ឬ​សមត្ថកិច្ច​របស់​តុលាការ​ទេ តែ​បងប្អូន លើក​នេះ​ជា​មតិ​យល់ឃើញ​ដោយ​សារ​តែ​ចង់​ចោទ​សម្ដេច​ថា កាន់អំណាច​ផ្ដាច់ការ ឬ​អំណាច​ផ្ដាច់​មុខតែ​តាមពិត​គឺ​មិនមែន​ទេ»

ផ្ទុយ​ពី​ការ​លើកឡើង​នេះ សមាជិក​ក្រុម​អ្នកវិភាគ​វ័យក្មេង លោក បុង ដែត មាន​ប្រសាសន៍​ថា លោក សួន សេរីរដ្ឋា អាច​នឹង​ត្រូវ​ដោះលែង​ដូច​លោក ញឹក ប៊ុនឆៃ ដែរ ព្រោះថា​ស្ថានភាព​នយោបាយ​បច្ចុប្បន្ន របប​លោក ហ៊ុន សែន កំពុង​ត្រូវការ​គណបក្ស​តូចៗ​ជាច្រើន ចូលរួម​ប្រកួតប្រជែង​ការ​បោះ ឆ្នោត ដើម្បី​លំអ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ក្រោយ​រំលាយ​គណបក្សប្រឆាំង​ធំ​ជាង​គេ​ចោល​នោះ។ ម្យ៉ាងទៀត​លោក​សម្គាល់​ឃើញ​ថា ការ​ចាប់ខ្លួន​និង​ការ​ដោះលែង​អ្នក​ទោស​នយោបាយ កន្លងមក គឺ​ធ្វើ​ឡើង​ក្រោម​រូបភាព​នយោបាយ ដែល​មានន័យថា អំណាច​នយោបាយ អាច​គ្រប់​ដណ្ដប់​លើ​អំណាច​តុលាការ ប្រសិនបើ​អ្នកនយោបាយ បាន​និយាយ​ត្រូវរ៉ូវ​គ្នា​នោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment