សកម្មជន​បរិស្ថាន​សម្ដែង​ការ​សោកស្ដាយ​ចំពោះ​ពលរដ្ឋ​តំបន់​អារ៉ែង​៥​នាក់​ត្រូវ​រន្ទះ​បាញ់​ស្លាប់

ដោយ សេក បណ្ឌិត
2018-05-17
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ស្ទឹង​អារ៉ែង ស្ថិត​ក្នុង​ស្រុក​ថ្មបាំង ខេត្ត​កោះកុង។ រូបថត​ថ្ងៃ​ទី​១៥ តុលា ២០១៤ (RFA)
ស្ទឹង​អារ៉ែង ស្ថិត​ក្នុង​ស្រុក​ថ្មបាំង ខេត្ត​កោះកុង។ រូបថត​ថ្ងៃ​ទី​១៥ តុលា ២០១៤ (RFA)


ពលរដ្ឋ​ជនជាតិ​ដើម​ភាគតិច​ជង តំបន់​អារ៉ែង​ចំនួន ៥​នាក់ បាន​បាត់​បង់ជីវិត​ភ្លាមៗ នៅ​ក្នុង​ហេតុការណ៍​គ្រោះធម្មជាតិ​រន្ទះបាញ់ នៅ​រសៀល​ថ្ងៃទី១៧ ឧសភា នេះ។ សកម្មជន​បរិស្ថាន​សម្ដែង​ការ​សោកស្ដាយ​ចំពោះ​គ្រោះថ្នាក់​ធម្មជាតិ​នេះ ដោយសារ​ជនរងគ្រោះ​សុទ្ធសឹងតែ​ជា​មនុស្ស​ស្លូតបូត រស់​រាយ​រាក់ទាក់ និង​ជា​អ្នក​ធ្លាប់​ចេញមុខ​តស៊ូ​មតិ ដើម្បី​ការពារ​បរិស្ថាន និង​ប្រឆាំង​មិន​ឱ្យ​មានការ​សាងសង់​ទំនប់​វារីអគ្គិសនី​ក្នុង​តំបន់​អារ៉ែង។

ប្រធាន​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ជង តំបន់​អារ៉ែង លោក ហ៊ឹង ពៅ ឱ្យ​ដឹង​ថា ជនរងគ្រោះ​នៅ​ក្នុង​ហេតុការណ៍​រន្ទះបាញ់​នោះ មាន​ចំនួន ៧​នាក់ ក្នុង​នោះ ៥ នាក់ បាន​ស្លាប់​នៅ​នឹង​កន្លែង ម្នាក់ទៀត​រងរបួស​ធ្ងន់​កំពុង​ដឹក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត​កោះកុង និង​ម្នាក់ទៀត​រងរបួស​ស្រាល។

ក្នុងចំណោម​អ្នក​ស្លាប់​ទាំង ៥​នាក់​នោះ មាន​ប្រុស ៣នាក់​និង​ស្រី ២​នាក់។

លោក ហ៊ឹង ពៅ ដែល​មាន​វត្តមាន​ក្បែរ​ទីតាំង​កើតហេតុ បញ្ជាក់​ថា នៅ​រសៀល​ថ្ងៃទី១៧ ឧសភា ពលរដ្ឋ​ជង​តំបន់​អារ៉ែង​ជាច្រើន​នាក់ បាន​នាំ​គ្នា​ទៅ​ជួយ​សាង​សង់ផ្ទះ​ថ្មី​មួយ​ខ្នង នៅ​ក្នុង​ភូមិ​ប្រឡាយ ឃុំ​ប្រឡាយ ស្រុក​ថ្មបាំង ខេត្ត​កោះកុង។ លុះ​ម៉ោង​ប្រមាណ ៤ រសៀល មេឃ​ក៏​ចាប់​ផ្ដើម​ងងឹត ហើយ​មាន​ភ្លៀង​ធ្លាក់ ពលរដ្ឋ​ទាំងនោះ​ក៏បាន​នាំគ្នា​ទៅ​ជ្រក​ភ្លៀង​តាម​កន្លែង​រៀងៗ​ខ្លួន។ ក្នុង​ចំណោម​នោះ មាន​ពលរដ្ឋ​ប្រមាណ ១០ នាក់ បាន​ចូល​ទៅ​ជ្រក​ក្រោម​តង់​ត្រង់​កន្លែង​ដាំបាយ​បាន​ប្រហែល ១០​នាទី ក៏​មាន​ហេតុការណ៍​រន្ទះបាញ់​តែម្ដង។ ភ្លាម​នោះ មាន​ពលរដ្ឋ ៥ នាក់​បាន​ដួល​ទៅ​លើ​ដី ដោយ ៤​នាក់​បាន​បាត់​បង់ជីវិត​ភ្លាមៗ និង​ម្នាក់ទៀត​ផុតដង្ហើម​ប្រហែល​កន្លះ​ម៉ោង​ក្រោយ​មក។ «»

លោក ហ៊ឹង ពៅ អះអាង​ថា នេះ​ជាហេតុ​ការណ៍​គ្រោះថ្នាក់​ធម្មជាតិ​ដ៏​គួរ​ឱ្យ​រន្ធត់ ដែល​មិន​ធ្លាប់​កើតមាន​នោះ​ឡើយ សម្រាប់​ពលរដ្ឋ​ជនជាតិ​ដើម​ភាគតិច​ជង​តំបន់​អារ៉ែង​នោះ ក្នុង​រយៈពេល​ជាង ១០ ឆ្នាំ​កន្លង​ទៅ​នេះ។ លោក​ថា​មរណភាព​របស់​អ្នក​ទាំង​៥​នោះ គឺជា​ការ​បាត់បង់​ដ៏​ធំធេង​សម្រាប់​ពលរដ្ឋ​ជង​តំបន់​អារ៉ែង ហើយ​លោក​សំណូមពរ​ដល់​សប្បុរស​ជន​ទាំងអស់​ឱ្យ​ជួយ​ឧបត្ថម្ភ​ដល់​ការរៀបចំ​ពិធី​បុណ្យ​សព​ជនរងគ្រោះ​ទាំង ៥​នាក់​នោះ​ផង។ «»

សកម្មជន​បរិស្ថាន អ្នកនាង លីម គីមស័រ ដែល​តែង​ចុះទៅ​តំបន់​អារ៉ែង​ជា​ញឹកញាប់​នោះ ថ្លែង​ថា អ្នកនាង​ពិតជា​មាន​អារម្មណ៍​រន្ធត់ និង​ក្ដុកក្ដួល​ជា​ខ្លាំង នៅ​ពេល​ទទួល​បាន​ដំណឹង​ថា ពលរដ្ឋ​តំបន់​អារ៉ែង​៥ នាក់​ត្រូវ​បាត់បង់​ជីវិត​ដោយសារ​រន្ទះបាញ់​បែបនេះ។ អ្នកនាង​បន្ត​ថា ពួកគាត់​សុទ្ធ​សឹង​ជា​មនុស្ស​ស្លូតបូត និង​រួសរាយ​រាក់ទាក់ ជា​អ្នក​នាំ​ភ្ញៀវ​ដើរ​កម្សាន្ត​តំបន់​អារ៉ែង និង​ជាពិសេស​គឺជា​អ្នក​ចេញមុខ​តស៊ូ​មតិ​យ៉ាងសកម្ម​នៅ​តំបន់​អារ៉ែង។ «»

ប្រធាន​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ជង​តំបន់​អារ៉ែង លោក ហ៊ឹង ពៅ បញ្ជាក់​ថា សាកសព​ជនរងគ្រោះ​ទាំង ៥​នាក់​នោះ ត្រូវ​បាន​រក្សាទុក​នៅ​ទីតាំង​ពីរ​ផ្សេងគ្នា ហើយ​អ្នកភូមិ និង​ក្រុម​គ្រួសារ​កំពុង​ពិភាក្សា​គ្នា​អំពី​ការរៀបចំ​ពិធីបុណ្យ​តាម​បែប​ប្រពៃណី​ជនជាតិ​ដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles