អាជ្ញាធរ​ភ្នំពេញ​ដាក់​សម្ពាធ​ចៅអធិការ​វត្ត​ចាស់​មិន​ឱ្យ​អ្នក​តវ៉ា​ពី​ខេត្ត​ក្រចេះ​​ស្នាក់នៅ

ដោយ ជាតិ ចំណាន
2018-05-17
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

សកម្មភាព​ពលរដ្ឋ​មាន​ជម្លោះដីធ្លី​នៅ​ក្នុង​ស្រុក​ស្នួល ខែត្រ​ក្រចេះ តវ៉ា​បិទ​ផ្លូវ​ជាតិ​លេខ​៧៧​អា នៅ​ថ្ងៃ​ទី៨ ខែ​មីនា ឆ្នាំ​២០១៨។ Photo courtesy of Fresh News
សកម្មភាព​ពលរដ្ឋ​មាន​ជម្លោះដីធ្លី​នៅ​ក្នុង​ស្រុក​ស្នួល ខែត្រ​ក្រចេះ តវ៉ា​បិទ​ផ្លូវ​ជាតិ​លេខ​៧៧​អា នៅ​ថ្ងៃ​ទី៨ ខែ​មីនា ឆ្នាំ​២០១៨។ Photo courtesy of Fresh News


ពលរដ្ឋ​មាន​វិវាទ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​ចម្ការកៅស៊ូ​មេមត់​រស់នៅ​ស្រុក​ស្នូល​ខេត្ត​ក្រចេះ ជាង ៤​រយ​នាក់ បាន​មក​ដាក់​ញត្តិ និង​តវ៉ា​នៅ​រាជធានី​ភ្នំពេញ​រយៈពេល ៣​ថ្ងៃ​ជាប់​គ្នា ដើម្បី​ស្នើ​ឲ្យ​អាជ្ញាធរ​ពន្លឿន​ដោះស្រាយ​វិវាទ​ដីធ្លី និង​បញ្ឈប់​ការ​ដាក់​កម្លាំង​ប្រដាប់​អាវុធ​គំរាមកំហែង​ដល់​ពួកគាត់។

ពលរដ្ឋ​រងគ្រោះ​វិវាទ​ដីធ្លី ដោយសារ​ការ​បង្ក្រាប​ដោយ​បង្ហូរ​ឈាម​ពី​សំណាក់​កងកម្លាំង​ប្រដាប់​អាវុធ​ខេត្ត​ក្រចេះ កាលពីដើម​ខែ​មីនា​កន្លង​ទៅ អស់សង្ឃឹម ក្នុង​ការ​ពន្យារពេល​ស្វែងរក​ដំណោះស្រាយ​វិវាទ​ដីធ្លី​របស់​អាជ្ញាធរ និង​ស្ថាប័ន​ពាក់ព័ន្ធ បង្ក​ឲ្យ​ពួកគេ​ខ្វះខាត​ទីជម្រក កុមារ​ជាច្រើន​បោះបង់​ការសិក្សា និង ជីវភាព​ធ្លាក់​ចុះ​ដុនដាប។ ពួកគាត់​ត្អូញ​ថា អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​ដាក់​សម្ពាធ​ឲ្យ​ព្រះចៅ​អធិការ​វត្ត​ចាស់ ក្នុង​ខណ្ឌ​ជ្រោយចង្វា ឈប់​ទទួល​ពួកគាត់​ឲ្យ​ស្នាក់​នៅ​ក្នុង​បរិវេណ​វត្ត​បន្ត​ទៀត និង​យក​រថយន្ត​ជាង​១០​គ្រឿង ដឹក​ពួកគាត់​ត្រឡប់​ទៅ​លំនៅឋាន​វិញ​នៅ​ល្ងាច​ថ្ងៃទី១៦ ឧសភា។

ពលរដ្ឋ​ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ​ព្រោះ​បារម្ភ​ពី​សុវត្ថិភាព ឲ្យ​ដឹង​នៅ​ថ្ងៃទី១៦ ឧសភា​ថា អ្នកភូមិ​ជាង ៤​រយ​នាក់ (៤៤០)​បាន​មក​ស្នាក់​នៅ​ក្នុង​បរិវេណ​វត្ត​ចាស់ ក្នុង​ខណ្ឌ​ជ្រោយចង្វា អស់​រយៈពេល ៣ ថ្ងៃ​មក​ហើយ ដើម្បី​សុំ​ឲ្យ​ស្ថាប័ន​ថ្នាក់​ជាតិ​អន្តរាគមន៍​ទៅ​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​ចម្ការកៅស៊ូ​មេមត់ អនុញ្ញាត​ឲ្យ​ពួកគាត់​ចូល​ទៅ​រស់នៅ​កន្លែង​ដើម​វិញ។ លោក​ថា អភិបាលរង​ខេត្ត​ក្រចេះ ទទួលបន្ទុក​ដោះស្រាយ​វិវាទ​ដីធ្លី លោក ខាន់ ចំរើន មក​ជូនដំណឹង​ឲ្យ​ពលរដ្ឋ​រំសាយ​ការ​តវ៉ា​នោះ និង​សន្យា​ថា អាជ្ញាធរ​ខេត្ត​នឹង​ដោះស្រាយ​វិវាទ​ដីធ្លី​ជូន​ពលរដ្ឋ​នៅ​ពេល​ឆាប់ៗ​នេះ។ «»

ពលរដ្ឋ​ម្នាក់ទៀត​រស់នៅ​ឃុំ​ពីរធ្នូ ស្រុក​ស្នូល ថ្លែង​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ត្អូញ​ថា ក្រោយពី​អាជ្ញាធរ​ខេត្ត​ក្រចេះ ដុត​ផ្ទះសម្បែង​ពួកគាត់ បង្ក​ឲ្យ​គ្រួសារ​លោកស្រី ខ្វះ​ទីជម្រក​រស់នៅ ហើយ​បច្ចុប្បន្ន​គ្រួសារ​លោកស្រី សុំ​ផ្ទះ​អ្នកជិតខាង​ស្នាក់នៅ​បណ្ដោះអាសន្ន។ ចំណែក​កូន​របស់​លោក​ស្រី ៤​នាក់ មាន​អាយុ​ចាប់ ៦​ឆ្នាំ ដល់ ១៥​ឆ្នាំ បាន​បោះបង់​ការសិក្សា​ទាំងអស់​ព្រោះតែ​វិបត្តិ​ដីធ្លី​នេះ។ លោកស្រី​ថា ប្តី​របស់​លោកស្រី​ពិការ​ជើង​ម្ខាង ព្រោះតែ​តវ៉ា​រឿង​ដីធ្លី ត្រូវ​សមត្ថកិច្ច​វាយ​នឹង​ស្វៃកាំភ្លើង បណ្ដាល​ឲ្យ​ប្រះ​ឆ្អឹង។ «»

ស្ត្រី​ដដែល​បន្ថែម​ថា គ្រួសារ​លោកស្រី​បាន​ខ្ចី​ប្រាក់​គេ ធ្វើដំណើរ​មក​តវ៉ា​នៅ​ភ្នំពេញ និង​ដាក់​ញត្តិ​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ​ជា​ថ្មី​ទៀត ដោយ​រំពឹង​ថា ពួកគេ​នឹង​ទទួល​បាន​ដំណោះស្រាយ​ឆាប់ៗ តែ​ផ្ទុយទៅវិញ អាជ្ញាធរ​នៅតែ​អូស​បន្លាយពេល​ដោះស្រាយ​បញ្ហា​នេះ។ លោកស្រី​ថា ពួកគាត់​ចង់​វិល​ទៅ​រស់នៅ​លើ​ដី​របស់​ខ្លួន​វិញ ក៏ប៉ុន្តែ​ត្រូវ​សមត្ថកិច្ច​របស់​ក្រុមហ៊ុន​បាន​យាម​យ៉ាង​តឹងតែង​មិន​ឲ្យ​ពួកគេ​ចេញចូល​លើ​ដី​ដែល​ធ្លាប់​អាស្រ័យ​ផល​នោះ​ទេ។ «»

កាលពី​ថ្ងៃ​ទី​០៨ មីនា ពលរដ្ឋ​ជាង ២​រយ​នាក់ បាន​នាំគ្នា​តវ៉ា​បិទ​ផ្លូវជាតិ​លេខ ៧៦ បំណង​ស្នើសុំ​ឲ្យ​អាជ្ញាធរ​បញ្ឈប់​ការ​ឈូស​ឆាយ​ផ្ទះសម្បែង និង​ផលដំណាំ តែ​ត្រូវ​អាជ្ញាធរ​ខែត្រ​ក្រចេះ ភាគច្រើន​ជា​យោធា​រាប់​រយ​នាក់ ប្រដាប់​អាវុធ​គ្រប់​ដៃ​បាញ់រះ​មក​លើ​ពលរដ្ឋ។

អាស៊ីសេរី​មិន​អាច​រក​ប្រភព​ទាក់ទង​អភិបាលខេត្ត​ក្រចេះ​ដែល​ទើប​ឡើង​កាន់​តំណែង លោក វ៉ន ថន ដើម្បី​សុំ​ការ​បំភ្លឺ​រឿង​នេះ​បានទេ​នៅ​ថ្ងៃ​ទី១៦ ឧសភា។

ចំណែក​មេឃុំ​ពីរ​ធ្នូ លោក ប៉ឹង វិន បាន​បដិសេធ​មិន​ផ្ដល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី​នៅ​រសៀល​ថ្ងៃទី១៦ ឧសភា។ យ៉ាងណា លោក​ធ្លាប់​លើកឡើង​ថា ដំណោះស្រាយ​វិវាទ​ដីធ្លី​នៅ​តំបន់​នោះ​ធ្វើ​ឡើង សម្រាប់​តែ​អ្នកមាន​ឈ្មោះ​ទទួល​បាន​ដី​សម្បទាន​សង្គមកិច្ច​ជាង ២​រយ​គ្រួសារ (២៣២) ប៉ុណ្ណោះ។ ចំណែក​ពលរដ្ឋ​ដែល​នៅ​សេសសល់ សុទ្ធ​សឹង​ជា​ពលរដ្ឋ​ចំណាកស្រុក​ទើបតែ​មក​តាំងទី​លំនៅ និង​ចាប់ដី​រស់នៅ​ក្នុង​បរិវេណ​ក្រុមហ៊ុន។

អ្នកនាំពាក្យ​សមាគម​អាដហុក (ADHOC) លោក ស៊ឹង សែនករុណា យល់ថា នៅ​គ្រា​ដែល​ពលរដ្ឋ កើតទុក្ខ​មិន​សុខចិត្ត អាជ្ញាធរ​ពាក់ព័ន្ធ​គួរតែ​ប្រញាប់​ដោះស្រាយ មិន​ត្រូវ​បណ្ដែតបណ្ដោយ និង​រឹតត្បិត​សិទ្ធិ​សេរីភាព​ពួកគាត់​នៅ​ពេល​តវ៉ា​នោះ​ទេ។ លោក​ថា អាជ្ញាធរ​គួរតែ​ចូល​ឲ្យ​កៀក​ពលរដ្ឋ និង​ស្រង់​យក​ការ​សំណូមពរ​របស់​ពួកគាត់​ដោះស្រាយ​ឲ្យ​ទាន់​ពេល​វេលា ចៀសវាង​អូស​បន្លាយ​ពេល​នាំ​ឲ្យ​ខាត​ប្រយោជន៍​សងខាង។ «»

ក្រុមហ៊ុន​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល​ឈ្មោះ​ចម្ការកៅស៊ូ មេមត់ របស់​ក្រុម​គ្រួសារ​របស់​លោក​ហ៊ុន សែន ទទួល​សិទ្ធិ​វិនិយោគ​ដំណាំ​ឧស្សាហកម្ម​កៅស៊ូ​តាំងពី​ឆ្នាំ​២០០៨ លើ​ផ្ទៃដី​ជិត ១​ម៉ឺន​ហិកតារ (.៨៥៥) នៅ​ក្នុង​ស្រុក​ស្នួល ខែត្រ​ក្រចេះ រយៈពេល ៥០​ឆ្នាំ។ រហូត​មក​ទល់​ពេលនេះ ដី​នៅ​តំបន់​នេះ ជា​តំបន់​ព្រៃ​នៅឡើយ ហើយ​តំបន់​ខ្លះ​ត្រូវ​បាន​ឈូស​ឆាយ និង​ពលរដ្ឋ​បាន​ចូល​ទៅ​កាប់​ទន្ទ្រាន។ ម្ចាស់​ក្រុមហ៊ុន​ចម្ការកៅស៊ូ​មេមត់ ឈ្មោះ គឹម សុខលាប ត្រូវ​ជា​ក្មួយបង្កើត​របស់​អ្នកស្រី ប៊ុន រានី ហ៊ុន សែន។ មុន​ឆ្នាំ ២០០៦ ដី​នៅ​តំបន់​នោះ​ជា​តំបន់​ដែន​ជម្រក​សត្វព្រៃ​ស្នូល ហ៊ុមព័ទ្ធ​ដោយ​ព្រៃស្រោង និង​ជា​ជម្រក​សត្វព្រៃ​រស់នៅ​ជាប់​ខេត្ត​មណ្ឌលគិរី៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

One Response to "អាជ្ញាធរ​ភ្នំពេញ​ដាក់​សម្ពាធ​ចៅអធិការ​វត្ត​ចាស់​មិន​ឱ្យ​អ្នក​តវ៉ា​ពី​ខេត្ត​ក្រចេះ​​ស្នាក់នៅ"

  1. ?? says:

    HAS…. I do not believe it bagging people to vote for him and at the same time trying to hurt them . all Cambodian should understand that after this election if HUN SEN can has his powers back he will hurt them even more. Cambodian knowing themselves they are in jail that have no fan they have no freedom at all. my question is how many people has HUN SEN been kill I do not think just one or two it can be many thousand . another question is>> do we Cambodian trust the killer like HUN SEN. no way if the guy used to kill he always want to kill more if any one facing whit him. as I used to say the killer are still at large we can see HUN SEN’s supporter comment on the media their attitude are not deference from HUN SEN . I can see at this situation if all Cambodian rising up take all these killer out they may have a chance to live and having peace as another nation. but if they are not trying to kick this killer out they are will get kill by those guy. GOD bless Cambodia and all Cambodia

Leave a Reply

Submit Comment