គម្រោង​ធ្វើ​ទំនប់​វារីអគ្គិសនី​ សម្បូរណ៍​​ អាច​នឹង​សម្លាប់​ជីវិត​នៃ​ទន្លេមេគង្គ

ទំនប់​វារីអគ្គិសនី​ សេសានក្រោមពីរនៅខេត្ត​ស្ទឹងត្រែង។ ហុង មិនា




ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ របាយការណ៍ ស្ថាពរ​ដែល​ត្រូវ បាន​បែកធ្លាយ​ស្តីពី​ការវាយតម្លៃ​ផលប៉ះពាល់​នៃ​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​សម្បូរណ៍​ក្នុង​ខេត្ត​ក្រចេះ​បាន​បង្ហាញ​ឲ្យ​ដឹងថា គម្រោង សាងសង់​នេះ​អាច​នឹង​ប្រឈម​ការសម្លាប់​ជីវិត​នៃ​ទន្លេមេគង្គ ព្រោះ​គម្រោង​នេះ​គឺជា​ការជ្រើសរើស​ទីតាំង​ដ៏អាក្រក់​បំផុត​មួយ នឹង​ធ្វើឲ្យ​មាន​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ធនធាន​ត្រី​ និង​សត្វព្រៃ​។

របាយការណ៍​នេះ​សិក្សា​ស្រាវជ្រាវ​ដោយ​វិទ្យាស្ថាន​មរតក​ធនធាន​ធម្មជាតិ Natural Heritage Institute ក្រោម​ការឧបត្ថម្ភ​ថវិកា​ពី​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​ត្រូវ​បាន​បែកធ្លាយ និង​ត្រូវ​បាន​យក​មក​ផ្សព្វផ្សាយ​ដោយ​កាសែត​អង់គ្លេស The Guardian ពី​ថ្ងៃ​ទី​ ១៦ ឧសភា​។

របាយការណ៍​ស្ថាពរ​បាន​លើកឡើង​ថា​គម្រោង​នេះ​នឹង​ក្លាយ​ជា​ទំនប់​វារីអគ្គិសនី​ធំ​ជាង​គេ​បង្អស់​ហើយ​មាន​ខ្សែទឹក​ខាង​ក្រោម​វែង​ជាងគេ​បំផុត​ក្នុង​ចំណោម​ទំនប់​ដែល​មាន​ស្រាប់​ និង​គម្រោង​ទំនប់​អគ្គិសនី​ដែល​បាន​ស្នើឡើង​នៅ​អាង​ទន្លេមេគង្គ​ក្រោម​។

ទំនប់​នេះ​មាន​កម្ពស់​ ៣៣ ម៉ែត្រ និង​ទទឹង ១៨ គីឡូម៉ែត្រ​ដែល​មាន​ក្បាល​ទំនប់​ប្រវែង​ ២៣ ​ម៉ែត្រ និង​មាន​សមត្ថភាព​ផលិត​អគ្គិសនី​បាន​ ២៦០០ ​មេហ្កាវ៉ាត់​។ វា​នឹង​បង្កើត​អាង​ស្តុក​ទឹក​ដែល​មាន​ប្រវែង​ ៨២ ​គីឡូម៉ែត្រ​ដែល​ផ្ទុក​ទឹក​ឡើង​ទៅ​ដល់​ក្រុង​ស្ទឹងត្រែង​នៅ​ចំណុច​ប្រសព្វ​នៃ​អាង ទន្លេសេសាន ស្រែ​ពក​ និង​សេកុង​ដែល​មាន​ផ្ទៃដី​ទំហំ​ ៦២០ ​គីឡូម៉ែត​ការ៉េ​។

របាយការណ៍​ស្ថាពរ​នេះ​បាន​គូសបញ្ជាក់​ដូច្នេះ​ថា​កន្លែង​តភ្ជាប់​នៃ​តំបន់​សម្បូរ​ទៅ​នឹង​ទន្លេមេគង្គ​គឺជា​ច្រករបៀង​ដែល​អាច​ក្លាយ​ទៅ​ជា​ប្រភព​នៃ​ការស្រោចស្រព​ប្រចាំ​ឆ្នាំ​ទំនប់​វារីអគ្គិសនី​ខ្នាត​ធំ​ និង​ជា​កន្លែង​រង​កាកសំណល់​នឹង​រាំង​ស្ទះ​ដល់​ការផ្លាស់​ទី​របស់​ត្រី​ដែល​ផ្លាស់​ទី​ដែល​ត្រូវ​បាន​គេ​កំណត់​លក្ខណៈ​ជា​ជលផល​ទឹកសាប​ដែល​មាន​ផលិតភាព​ខ្លាំង​បំផុត​ក្នុង​ពិភពលោក​។

របាយការណ៍​បាន​បន្ថែម​ថា​ទំបន់​បង្កើត​ជា​ឧបសគ្គ​ដល់​ការផ្លាស់​ទីជម្រក​របស់​ត្រី​ដែល​នៅ​ទីបំផុត​អាច​នាំ​ទៅ​រក​ការបាត់បង់​ ឬ​ថយ​ចុះ​នៃ​ប្រភេទ​ត្រី​មួយ​ចំនួន​ដែល​មិន​អាច​បំពេញ​នូវ​ជីវិត​របស់​ពួកវា​ដែល​ជា​ធម្មតា​ដោយសារ​តែ​ពួកវា​ដាច់​ឆ្ងាយ​ពី​តំបន់​ទម្លាក់​ពង​ និង​តំបន់​ភ្ញាស់​កូន​របស់​វា​។

វិសាលភាព​នៃ​ផលប៉ះពាល់​ជាទូទៅ​កាន់តែ​អាក្រក់​ទៅ​ទៀត​ប្រសិន​បើ​ដៃ​ទន្លេ​ធំៗ​សម្រាប់​ការទម្លាក់​ពង​ស្ថិត​នៅ​ផ្នែក​ខ្សែទឹក​ខាង​លើ​ទំនប់​ និង​បង្ហូរ​ចូល​ទៅ​ក្នុង​តំបន់​ដែល​មាន​ការសាងសង់​។ ​ប្រភេទ​សត្វព្រៃ​ដែល​ពឹង​ផ្អែកលើ​ស្ថានភាព​ទឹក​ហូរ​សម្រាប់​តម្រូវការ​អេកូឡូស៊ី​ទាំងអស់​របស់​ពួកវា​ជាទូទៅ​បាន​ធ្លាក់​ចុះ​ដោយសារ​តែ​ភាព​អសមត្ថភាព​ក្នុង​ការ​បំពេញ​ជីវិត​របស់​ពួកវា​។

កាសែត​អង់គ្លេស The Guardian ក៏​បាន​ស្រង់​ប្រសាសន៍​លោក ម៉ាក ហ្គ័រចូត (Marc Goichot) អ្នក​ជំនាញ​ការ​ផ្នែក​ធនធាន​ទឹក​របស់​អង្គការ​មូលនិធិ​សកល​សម្រាប់​អភិរក្ស​ធនធាន​ធម្មជាតិ ឬ WWF ថា ការសាងសង់​ទំនប់​វារីអគ្គិសនី​នេះ​នឹង​ធ្វើឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​កិច្ចប្រឹងប្រែង​ក្នុង​ការ​អភិរក្ស​សត្វ​ផ្សោត ធនធាន​ត្រី ជីវភាព​រស់នៅ និង​អាហារូបត្ថម្ភ​របស់​សហគមន៍​ជនបទ​ព្រម​ទាំង​ការធ្លាក់​ចុះ​អត្រា​ផ្ទៃ​រងទឹក​ភ្លៀង​នៃ​តំបន់​ដីសណ្ត​ទន្លេមេគង្គ​ក្នុង​ប្រទេស​វៀតណាម​។

យោង​តាម​របាយការណ៍​នេះ​ថាមពល​ព្រះអាទិត្យ គឺជា​ជម្រើស​តែ​មួយ​គត់ ដែល​នឹង​ជំនួស​ឲ្យ​ការសាងសង់​ទំនប់​វារីអគ្គិសនី​នេះ ហើយ​ការ​ដំឡើង​ប្រព័ន្ធ​ស្រូប​ពន្លឺព្រះអាទិត្យ​នៅ​លើ​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ ២ ដែល​មាន​ស្រាប់​នឹង​ជួយ​បង្កើន​សមត្ថភាព​ផលិត​ថាមពល​អគ្គិសនី​ចំនួន​ទ្វេដង​ស្មើ​នឹង​ជាង​ ៨០០០ ​មេហ្កាវ៉ាត់​។

លោក​ សាយ សំអាល់ រដ្ឋមន្ត្រី​បរិស្ថាន​បាន​បង្វែរ​សំណួរ​ទៅ​កាន់​អ្នក​នាំពាក្យ​របស់​លោក​គឺ​លោក សៅ សុភាព ដែល​បាន​បដិសេធ​ធ្វើ​អធិប្បាយ​។​ លោក ម៉េង សក្កធារ៉ា អ្នក​នាំពាក្យ​​ក្រសួង​រ៉ែ​ និង​ថាមពល​មិន​អាច​ទាក់ទង​បាន​ទេ​។

ប្រសិន​បើ​ទទួល​បាន​ការអនុម័ត ​ក្រុមហ៊ុន​ចិន​ឈ្មោះ Chinas Hydrolancang International Energy Company គឺជា​ក្រុមហ៊ុន​ឈាន​មុខ​គេ​សម្រាប់​អនុវត្ត​គម្រោង​នេះ​។

កន្លង​ទៅ​ពី​ឆ្នាំ​ ២០១៧ ​ខែ​កញ្ញា ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​រិះគន់​ដល់​អ្នក​បរិស្ថាន​និយម​ជ្រុល​នៃ​អង្គការ​ក្រៅ​រដ្ឋាភិបាល និង​មន្ត្រី​ទូត (​មិន​បញ្ចេញ​ឈ្មោះ​) ដែល​តំណាង​ឱ្យ​ប្រទេស​ជាច្រើន​បាន​ព្យាយាម​រារាំង​ការអភិវឌ្ឍ​ទំនប់​វារីអគ្គិសនី​របស់​រាជរដ្ឋាភិបាល​ដែល​មាន​បំណង​ចង់​ឱ្យ​ប្រជាពលរដ្ឋ​នៅ​គ្រប់​ភូមិ​ទាំងអស់​នឹង​អាច​មាន​ចរន្តអគ្គិសនី​ប្រើប្រាស់​នៅ​ឆ្នាំ​ ២០២២ ​ហើយ​លោក​បាន​អរគុណ​ប្រជាពលរដ្ឋ​រង​ផលប៉ះពាល់​ពី​គម្រោង​អភិវឌ្ឍន៍​វារីអគ្គិសនី​សេសាន​ក្រោម​ ២ ដែល​បាន​ព្រម​ចាកចេញ​ទៅ​រស់នៅ​កន្លែង​ផ្សេង​ផ្តល់​ឱកាស​ឲ្យ​ក្រុមហ៊ុន​អភិវឌ្ឍ​វារីអគ្គិសនី​នេះ​សម្រាប់​បំពេញ​តម្រូវការ​របស់​រាជរដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​ហើយ​បាន​អរគុណ​ដល់​រដ្ឋាភិបាល​ចិន​ដែល​បាន​ជំរុញ​ឲ្យ​ក្រុមហ៊ុន​ចិន​មក​វិនិយោគ​លើ​វារីអគ្គិសនី​នៅក្នុង​ប្រទេស​កម្ពុជា ​ហើយ​លោក​បាន​ស្នើឲ្យ​មាន​​ការសើរើ​លើ​គម្រោង​វារីអគ្គិសនី​មួយ​​ចំនួន​ដែល​សិក្សា​ហើយ​ទុក​ចោល​ដើម្បី​ឲ្យ​ក្រុមហ៊ុន​ដទៃ​សិក្សា​អនុវត្ត​គម្រោង​បន្ត​ហើយ​លោក​នាយក​រដ្ឋមន្ត្រី​ក៏​បាន​ប្រតិកម្ម​ជាមួយ​អង្គការ​មាតា​ធម្មជាតិ​ថា​អង្គការ​នេះ​ទើស​គ្រប់​រឿង​ទាំងអស់​៕


Contact author: ម៉ិច ដារ៉ា

What Next?

Recent Articles