គ.ជ.ប ព្រមាន​ចាត់ការ​អង្គការ ​ដែល​និយាយ​​ពី​លទ្ធផល​បោះឆ្នោត​ ខណៈ​ពួកគេ​មិន​ចូល​សង្កេត

សមាជិក គជប ប្រជុំ​ជាមួយ​ភាគី​ពាក់ព័ន្ធ​ពី​ម្សិលមិញ​។ ផា លីណា




ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ (​គជប​) កាលពី​ម្សិលមិញ បាន​ព្រមាន​ចាត់​វិធានការ​ចំពោះ​អង្គការ​ល្បី​ឈ្មោះ​ ២ ដែល​មាន​ជំនាញ​ឃ្លាំ​មើល​ការបោះឆ្នោត​ក្នុង​ករណី​អង្គការ​ទាំង​នេះ​ចេញ​របាយការណ៍​ណា​មួយ​ពាក់ព័ន្ធ​នឹង​លទ្ធផល​បោះឆ្នោត ខណៈ​ដែល​ពួកគេ​មិន​បាន​ចូលរួម​សង្កេតការណ៍​ក្នុង​អំឡុងពេល​បោះឆ្នោត​នោះ​។

លោក ហង្ស ពុទ្ធា អ្នក​នាំពាក្យ គ.ជ.ប ប្រាប់​ក្រុម​អ្នក​កាសែត​បន្ទាប់ពី​បញ្ចប់​កិច្ចប្រជុំ​ជាមួយ​ភាគី​ពាក់ព័ន្ធ​ស្ដីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​ ៦ ​នេះ​នៅ​ទីស្ដីការ​ គ.ជ.ប ដោយ​ព្រមាន​ឲ្យ​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើការ​លើ​វិស័យ​បោះឆ្នោត​ទាំង​ ២ ​នេះ​ «​ទទួល​ខុសត្រូវ​» ​បើ​ពួកគេ​ហ៊ាន​ចេញ​សេចក្ដី​ថ្លែងការណ៍ ឬ​របាយការណ៍​ឲ្យ​ប៉ះពាល់​ដល់​ភាពត្រឹមត្រូវ សុចរិតភាព និង​អព្យាក្រឹតភាព​របស់​ គ.ជ.ប. ខណៈ​ពួកគេ​មិន​បញ្ជូន​អ្នក​សង្កេតការណ៍​ចូលរួម​។

លោក​បញ្ជាក់​ថា ​ពួកគេ​ត្រូវ​ទទួល​ខុសត្រូវ​ចំពោះ​មុខ​ច្បាប់​ចំពោះ​ការធ្វើ​សេចក្ដី​ថ្លែងការណ៍​នានា​ដែល​ប៉ះពាល់​ដល់​ភាពត្រឹមត្រូវ​របស់​ គ.ជ.ប. ។

លោក​ថ្លែង​ថា​៖ «​ការប្រកាស​មិន​ចូលរួម​សង្កេតការណ៍​របស់​អង្គការ Comfrel និង​ Nicfec គឺ​មិន​មាន​ឥទ្ធិពល​ប៉ះពាល់​ដល់​ការបោះឆ្នោត​ដែល​រៀបចំ​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​នោះ​ទេ ប៉ុន្តែ​ អ្វី​ដែល​សំខាន់​នោះ ប្រសិន​បើ​ខ្លួន​មិនបាន​ចូល​ធ្វើការ​សង្កេតការណ៍ ខ្លួន​មិន​អាច​ចេញ​សេចក្ដី​ថ្លែងការណ៍​បាន​ទេ ពីព្រោះ​ខ្លួន​អត់​បាន​ចូល​ទៅ​មើល​ផង​ហេតុ​អី​បាន​របាយការណ៍​ពី​ណា​មក​? ថ្លឹងថ្លែង​យ៉ាង​នេះ យ៉ាង​នោះ​»​។

លោក​បន្ត​ថា​បើ​ទោះបី​មិន​មាន​អ្នក​សង្កេតការណ៍​មកពី​អង្គការ​ទាំង​នេះ​ក៏​មិន​ប៉ះពាល់​ដល់​ដំណើរការ​របស់​ គ.ជ.ប. ​ដែរ​។ លោក​បន្ថែម​ថា​មាន​សមាគម​ផ្សេង​ទៀត​កំពុង​ដាក់​អ្នក​សង្កេតការណ៍​ផង​ដែរ​។

លោក​ឲ្យ​ដឹង​ថា​៖ «​ទោះបី​មាន​អង្គការ​ ២ ​នេះ​មិន​ចូលរួម​គឺ​មាន​អង្គការ​ច្រើន​ទៀត​ដែល​លោក​មាន​មនុស្ស​រាប់ពាន់​នាក់​ក្នុង​ការ​ចូលរួម​ដូចជា​សមាគម​ឧត្តមសិក្សា​គឺជា​ក្រុម​បញ្ញវន្ត​មួយ​។ អ៊ីចឹង​ពួកគាត់​បាន​មក​ជួប គ.ជ.ប ​មួយ​ជំហ៊ាន​ហើយ គាត់​ថា​គាត់​នឹង​ដាក់​អ្នក​សង្កេតការណ៍​គ្រប់​មណ្ឌល ហើយ​ចំណាយ​លុយ​រហូត​ដល់​ជិត​ ២០ ​ម៉ឺន​ដុល្លារ​»​។

កាលពី​ថ្ងៃ​ពុធ​អង្គការ Comfrel និង Nicfec បាន​ប្រកាស​មិន​ចូលរួម​សង្កេតការណ៍​សម្រាប់​ការបោះឆ្នោត​ជាតិ​នា​ថ្ងៃទី​ ២៩ ខែ​កក្កដា​ខាង​មុខ​នេះ​ទេ ក្រោយ​មាន​ការ​ព្រមាន​ចាត់វិធានការ​ផ្លូវ​ច្បាប់​ពី​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន នៅ​ពេល​ដែល​អង្គការ​ទាំង​ ២ ​បាន​បង្កើត​បន្ទប់​ស្ថានការណ៍​ដែល​មាន​អង្គការ​ជាច្រើន​ចូលរួម​ជា​សមាជិក ហើយ​បាន​វាយតម្លៃ​ពី​ចំណុច​អវិជ្ជមាន​ខ្លះៗ​នៃ​ការបោះឆ្នោត​ឃុំ​សង្កាត់​កាលពី​ខែ​មិថុនា​ឆ្នាំ​មុន​។

ប៉ុន្តែ​លោក​ សំ គន្ធាមី នាយកប្រតិបត្តិ​គណៈកម្មាធិការ​អព្យាក្រឹត​ និង​យុត្តិធម៌​ដើម្បី​ការបោះឆ្នោត​ដោយ​សេរី​ និង​ត្រឹមត្រូវ​នៅ​កម្ពុជា​ហៅ​កាត់​ថា​និកហ្វិក​ (Nicfec) ថ្លែង​ថា​បើ​ទោះបី​ជា​អង្គការ​របស់​លោក​មិន​ដាក់​អ្នក​សង្កេតការណ៍​សម្រាប់​ចូលរួម​ឃ្លាំ​មើល​ការបោះឆ្នោត​ជាតិ​នាពេល​ខាង​មុខ​ជា​ផ្លូវការ​ក្ដី ប៉ុន្តែ​នៅ​តែ​ឃ្លាំ​មើល​ជា​លក្ខណៈ​ក្រៅ​ផ្លូវការ និង​បន្ត​អប់រំ​ពលរដ្ឋ​ដដែល​។

លោក​និយាយ​ថា​៖ «​ទោះបី​ជា​មិន​ទៅ​ចុះ​ឈ្មោះ​អ្នក​សង្កេតការណ៍​នៅ​ គ.ជ.ប. ​ជា​ផ្លូវការ​ក្ដី ប៉ុន្តែ​យើង​នៅ​តែ​សង្កេត​ជា​លក្ខណៈ​ក្រៅ​ផ្លូវការ ប៉ុន្តែ​យើង​មិន​ចេញ​របាយការណ៍ ឬ​ការវាយតម្លៃ​អ្វី​ទេ​។ យើង​គ្រាន់​តែ​ឃ្លាំមើល​ទេ​»​។

លោក​ថា​អង្គការ​លោក​គ្រោង​នឹង​បញ្ជូន​អ្នក​អង្កេតការណ៍​ក្រៅ​ផ្លូវការ​ប្រហែល​ជា​ ១០០ ​នាក់​ឲ្យ​ទៅ​ឃ្លាំមើល​ដំណើរការ​បោះឆ្នោត​នៅ​ក្រៅ​ការិយាល័យ​បោះឆ្នោត​ប៉ុណ្ណោះ ប៉ុន្តែ​មិន​ធ្វើ​សេចក្ដី​ថ្លែងការណ៍​ណា​មួយ​ទេ​។

លោក​ សម គន្ធាមី បាន​បញ្ជាក់​ថា​៖ «​យើង​សង្កេត​នៅ​ខាង​ក្រៅ​បរិវេណ​ការិយាល័យ​ដូចជា​អ្នក​សង្កេត​ពលរដ្ឋ​នៅក្រៅ​បរិវេណ​។ យើង​គ្រោង​ខ្ទង់​ប្រហែល​ ១០០ ​នាក់​។ បើសិន​យើង​ឃើញ​សភាពការណ៍​មិន​ប្រក្រតី​នៅក្នុង​យុទ្ធនា​ការឃោសនា​ក្ដី​យើង​អាច​ផ្តល់​ជា​ព័ត៌មាន​ទៅ​ឲ្យ​ គ.ជ.ប. ​ទៅ​ដើម្បី​ឲ្យ​ពិនិត្យ​មើល​ និង​ចាត់ការ​»​។

លោក​សង្កត់​ធ្ងន់​ថា​៖ «​យើង​អត់​​ [​បារម្ភ​] ​ទេ​។ យើង​អត់​មាន​ធ្វើ​អី​ខុស​ច្បាប់​។ យើង​អប់រំ​ផ្សព្វផ្សាយ យើង​នៅ​ធ្វើ​។ អប់រំ​អ្នកបោះឆ្នោត​យើង​នៅ​ធ្វើ ហើយ​ការបណ្តុះបណ្ដាល​អី​យើង​នៅ​ធ្វើ​បណ្តុះបណ្ដាល​បណ្ដាញ​យើង​ធម្មតា​។ បើ​មាន​អង្គការ​ណា​គេ​សង្កេតការណ៍​គេ​ស្នើ​ឲ្យ​មាន​គ្រូ​មាន​ជំនាញ​ទៅ​បង្រៀន​យើង​ទៅ​បង្រៀន​បណ្តុះបណ្ដាល​គ្រូ​»​។

មន្ត្រី​អង្គការ Comfrel មិន​អាច​ទាក់ទង​ដើម្បី​សុំ​ការអត្ថាធិប្បាយ​បាន​ទេ​កាលពី​ម្សិលមិញ​។ ប៉ុន្តែ​លោក​ គន្ធាមី ថា Comfrel មាន​ «​ផែនការ​ស្រដៀង​គ្នា​» ​នឹង​អង្គការ​របស់​លោក​ដែរ​។

លោក​ ខៀវ សុភ័គ អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​បាន​ថ្លែង​ថា​ក្រសួង​គាំទ្រ​ចំពោះ​ចំណាត់ការ​ណា​មួយ​របស់ គ.ជ.ប.​។

លោក​ សុភ័គ បញ្ជាក់​ថា​៖ «​រាល់​ការសម្រេច​របស់​ គ.ជ.ប. តាម​ផ្លូវ​ច្បាប់​គឺ​ក្រសួង​មហាផ្ទៃ​នឹង​ចូលរួម​គាំទ្រ​ជានិច្ច​ជាមួយ​ គ.ជ.ប​»៕


Contact author: បែន សុខហ៊ាន

What Next?

Recent Articles