គ.ជ.ប ស្នើ​ឱ្យ​ក្រសួង​មហា​ផ្ទៃ​ចាត់​វិធាន​ការ​ផ្លូវ​ច្បាប់​ចំពោះ​ការ​ជំរុញ​ឱ្យ​មាន​ពហិការ​ការ​បោះ​ឆ្នោត​ខាង​មុខ​

នយោបាយ


រូបឯកសារ៖ ប្រជាពលរដ្ឋ​កម្ពុជា​ កំពុង​ផ្ទៀងផ្ទាត់​ឈ្មោះ​បោះឆ្នោត​ម្តងទៀត​ នៅឯ​ការិយាល័យ​បោះឆ្នោត​មួយ​ ក្នុង​រាជធានី​ភ្នំពេញ នៅថ្ងៃទី៣​ ខែមិថុនា​ ឆ្នាំ២០១៧។ (ហ៊ាន សុជាតា/VOA)


18 ឧសភា 2018
កាន់ វិច្ឆិកា
វីអូអេខ្មែរ

គណៈ​កម្មាធិ​ការ​ជាតិ​រៀប​ចំការ​បោះឆ្នោត​បាន​ហៅ​ការ​អំពាវនាវ​របស់​លោក សម រង្ស៊ី ឲ្យ​ពលរដ្ឋ​ធ្វើ​ពហិការ​កុំ​ទៅ​បោះឆ្នោត​ថា ជា​សកម្មភាព​ខុស​ច្បាប់​និង​បាន​ស្នើ​ឲ្យ​ក្រសួង​មហា​ផ្ទៃ​ចាត់​វិធានការ​តាម​ច្បាប់។

គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) ​ស្នើ​ក្រសួង​មហា​ផ្ទៃ​ឲ្យ​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ចំពោះ​ការ​អំពាវនាវ​ឲ្យ​ប្រជា​ពលរដ្ឋ​ធ្វើ​ពហិការ​មិន​ចូល​រួម​ការ​បោះ​ឆ្នោត​ដោយ​ថា​ ការ​អំពាវ​នាវ​នោះ ជា​សកម្មភាព​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សណ្តាប់​ធ្នាប់​សាធារណៈ​និង​សន្តិសុខ​ជាតិ។

បើ​តាម​លិខិត​មួយ​ច្បាប់​របស់​លោក ស៊ិក ប៊ុនហុក ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត (គ.ជ.ប)​ ផ្ញើ​ជូន​លោក ស ខេង​ រដ្ឋ​មន្រ្តី​ក្រសួង​មហា​ផ្ទៃ​បញ្ជា​ក់​ថា នា​ពេល​ថ្មីៗ​នេះ​មាន​ការ​អំពាវនាវ​ និង​ជំរុញ​ឲ្យ​មាន​ការ​ចែក​ខិត្ត​ប័ណ្ណ​ ដើម្បី​ឲ្យ​ប្រជា​ពលរដ្ឋ​ធ្វើ​ពហិការ​ក្នុង​ការ​បោះ​ឆ្នោត ដោយ​ចាត់​ទុកថា​ ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាងរាស្រ្ត​ឆ្នាំ​២០១៨​នេះ ជាការ​បោះ​ឆ្នោត​ក្លែង​ក្លាយ។

លិខិត​របស់​ប្រធាន​ គ.ជ.ប ​ដែល​ចេញ​នៅ​ថ្ងៃ​ទី៨​ ខែ​ឧសភា​នេះ​ បញ្ជា​ក់​ក្នុង​ន័យ​ដើម​ថា៖

«គ.ជ.ប​ ចាត់​ទុក​ថា​ ការ​អំពាវនាវ​ឲ្យ​ប្រជា​ពលរដ្ឋ​ធ្វើ​ពហិការ​មិន​ចូល​រួម​ក្នុង​ការ​បោះ​ឆ្នោត​ គឺ​ជា​សកម្ម​ភាព​រារាំងប្រជា​ពលរដ្ឋ​ដែល​មាន​សិទ្ធិ​បោះ​ឆ្នោត​មិន​ឲ្យ​ទៅ​បោះឆ្នោត​និង​ធ្វើ​ឲ្យ​មាន​ការភាន់​ច្រឡំ​នាំ​ឲ្យ​បាត់បង់​ទំនុក​ចិត្ត​លើ​ការ​បោះ​ឆ្នោត​ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សណ្តាប់​ធ្នាប់​សាធារណៈ​ និង​ដល់​សន្តិសុខ​ជាតិ​ ​ដូច​មាន​ចែង​ក្នុង​មាត្រា៤១​ ​នៃ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា។ អាស្រ័យ​ហេតុ​នេះ​ សូម​សម្តេច​ក្រឡាហោម​ឧប​នាយក​រដ្ឋ​មន្រ្តី​មេត្តា​ជ្រាប​ ​និង​មាន​វិធានការ​តាម​ផ្លូវ​ច្បាប់​ចំពោះ​សកម្មភាព​នេះ​ដោយ​ក្តីអនុ​គ្រោះ»។

មាត្រា៤១​នៃ​រដ្ឋធម្មនុញ្ញ​កម្ពុជា​ចែងថា​ ប្រជា​ពលរដ្ឋ​ខ្មែរ​មាន​សេរីភាព​ក្នុង​ការបញ្ចេញ​មតិ​របស់​ខ្លួន សេរីភាព​ខាង​សារ​ព័ត៌មាន សេរីភាព​ខាង​ការ​បោះ​ពុម្ព​ផ្សាយ​ សេរីភាព​ខាង​ការប្រជុំ។ ជនណា​ក៏​ដោយ​មិន​អាចឆ្លៀត​ឱកាស​ប្រើ​សិទ្ធិ​នេះ​ដោយ​រំលោភ នាំ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​របស់​អ្នក​ដទៃ ដល់​ទំនៀម​ទម្លាប់​ល្អ​របស់​សង្គម​ ដល់​សណ្តាប់ធ្នាប់​សាធារណៈ​ និង​ដល់​សន្តិសុខ​សង្គម​បាន​ឡើយ។​

លិខិត​របស់​ប្រធាន​គ.ជ.ប​ ស្នើ​ឲ្យ​ក្រសួង​មហា​ផ្ទៃ​ចាត់​វិធានការ​លើ​ការ​អំពាវនាវ​កុំ​ឲ្យ​ពលរដ្ឋ​ចេញ​ទៅ​បោះ​ឆ្នោត​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​លោក សម រង្ស៊ី​ អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ និង​ជា​ប្រធាន​ចលនា​សង្គ្រោះ​ជាតិ ​ដែល​កំពុង​ស្ថិត​នៅ​បរទេស​ប្រកាស​អំពាវនាវ​ជា​បន្ត​បន្ទាប់​ឲ្យ​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​ធ្វើ​ពហិការ​មិន​ទៅ​ចូល​រួម​ការ​បោះ​ឆ្នោត។

រូបឯកសារ៖ លោក ហង្ស ពុទ្ធា​ អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ (គ.ជ.ប) ផ្តល់​បទសម្ភាសន៍​ជាមួយ​ VOA ក្នុង​ស្នាក់ការ​កណ្តាល​ គ.ជ.ប​ រាជធានី​ភ្នំពេញ​ នៅថ្ងៃទី៦​ ខែ​មិថុនា​ ឆ្នាំ​២០១៧។ (ហ៊ាន សុជាតា/ VOA)

រូបឯកសារ៖ លោក ហង្ស ពុទ្ធា​ អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ (គ.ជ.ប) ផ្តល់​បទសម្ភាសន៍​ជាមួយ​ VOA ក្នុង​ស្នាក់ការ​កណ្តាល​ គ.ជ.ប​ រាជធានី​ភ្នំពេញ​ នៅថ្ងៃទី៦​ ខែ​មិថុនា​ ឆ្នាំ​២០១៧។ (ហ៊ាន សុជាតា/ VOA)


លោក​ ហង្ស ពុទ្ធា​ ​អ្នក​នាំ​ពាក្យ​ គ.ជ.ប ​ប្រាប់​ VOA​ នារសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​គ.ជ.ប​ ក៏​បាន​ស្នើ​ឲ្យ​ក្រសួង​មហា​ផ្ទៃ​ចាត់​វិធានការ​លើ​អ្នក​អំពាវនាវ​ឲ្យ​ប្រជា​ពល​រដ្ឋ​ធ្វើ​ពហិការ​មិន​ទៅ​ចូល​រួម​ការ​បោះ​ឆ្នោត​ ដោយ​យោង​លើ​មាត្រា​១៤២​នៃ​ច្បាប់​ស្តីពី​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្រ្ត​ផង​ដែរ។

លោកបញ្ជា​ក់​ថា៖​

«គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត​បាន​សរសេរ​លិខិត​ទៅ​ក្រសួង​មហា​ផ្ទៃ​ សុំ​ឲ្យ​ក្រសួង​មហា​ផ្ទៃ​ហ្នឹង​ចាត់​វិធានការ​ទៅ​លើ​អ្វី​ដែល​ជា​សកម្មភាព​ទុច្ចរិត​ រារាំង​និង​រំខាន​ដល់​ការ​បោះ​ឆ្នោត»។

មាត្រា​១៤២​នៃ​ច្បាប់​ស្តីពី​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្រ្ត​ចែង​ថា​ ត្រូវ​ផាក​ពិន័យ​ជា​ប្រាក់​ពី​ ៥,០០០,០០០ ​(ប្រាំលាន​រៀល)​ ទៅ​ ២០,០០០,០០០​ (ម្ភៃលាន​រៀល)​ ​ដោយ​ គ.ជ.ប​ ​ដោយ​ពុំ​ទាន់​គិត​ដល់​ទោស​ព្រហ្មទណ្ឌ​ផ្សេង​ទៀត​ ​ចំពោះ​ជនណា​ដែល​តាម​គ្រប់​មធ្យោបាយ​ទុច្ចរិត៖​

រារាំងប្រជា​ពលរដ្ឋ​ដែល​មាន​សិទ្ធិ​បោះ​ឆ្នោត​មិន​ឲ្យ​ទៅ​បោះ​ឆ្នោត ធ្វើ​ឲ្យ​មាន​ការ​ភាន់​ច្រឡំ​ នាំ​ឲ្យ​បាត់​ទំនុក​ចិត្ត​លើ​ការ​បោះ​ឆ្នោត និង​បង្ក​ការ​រំខាន​មិន​ឲ្យ​ដំណើរ​ការ​បោះ​ឆ្នោត​បាន។

លោក សម រង្ស៊ី អតីត​ប្រធាន​គណ​បក្ស​សង្គ្រោះ​ជាតិ​ និង​ជា​ប្រធាន​ចលនា​សង្គ្រោះ​ជាតិ​បាន​ប្រាប់ VOA កាលពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​ តាម​រយៈ​សារ​អេឡិចត្រូនិច​ ឬ​អ៊ីមែល​ថា ការ​ចូល​រួម​បោះ​ឆ្នោត​ឬ​ក៏​អត់​ គឺ​ជា​សិទ្ធិ​របស់​ប្រជា​ពលរដ្ឋ​គ្រប់រូប។ លោក​បន្ថែម​ថា ការ​បោះ​ឆ្នោត​ដែល​មិន​មាន​វត្តមាន​គណបក្ស​សង្គ្រោះ​ជាតិ​ គឺជា​ការ​បោះ​ឆ្នោត​ក្លែងក្លាយ​និង​ថា មិន​មាន​នរណា​ម្នាក់ត្រូវ​បាន​បង្ខំ​ឲ្យ​ចូល​រួម​បោះ​ឆ្នោត​នោះ​ទេ។

លោក សម រង្ស៊ី បន្ថែម​ក្នុង​ន័យ​ដើម​ថា៖

«នៅ​ពេល​ប្រជា​ពលរដ្ឋ​ដឹង​ថា ពួក​គេ​ត្រូវ​បាន​គេ​អញ្ជើញ​ឲ្យ​ចូល​រួម​ក្នុង​ការ​បោះឆ្នោត​មួយ ​ដែល​មិន​ផ្តល់​ឲ្យ​ពួក​គេ​នូវ​ជម្រើស​ពិត​ប្រាកដ ហើយ​អាច​បង្ខូច​ឆន្ទៈ​របស់​ពួក​គេ ក្នុង​គោល​បំណង​តែ​មួយ​គត់ គឺ​ធ្វើ​ឲ្យ​របប​ផ្តាច់​ការ​របស់​រដ្ឋាភិបាល​មាន​ភាពស្រប​ច្បាប់។ ក្នុង​កាលៈទេសៈ​បែប​នេះ​ការ​ធ្វើ​ពហិការ​មិន​ទៅ​បោះ​ឆ្នោត​ គឺ​ជា​ទង្វើ​នៃ​ការតស៊ូ​បែប​អកម្ម​ក្នុង​ការ​ប្រយុទ្ធ​ដោយ​សន្តិភាព​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ»។

នាយ​ឧត្តមសេនីយ៍​ ​ខៀវ សុភ័គ​ ​អ្នក​នាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ​មាន​ប្រសាសន៍​ថា​ លោក​មិន​ទាន់​បាន​ឃើញ​លិខិត​របស់​ប្រធាន​ គ.ជ.ប​ ដែល​ស្នើសុំ​ចាត់​វិធានការ​លើការ​អំពាវនាវ​កុំ​ឲ្យ​ពលរដ្ឋ​ទៅ​បោះ​ឆ្នោត​នៅ​ឡើយ។ ទោះ​យ៉ាង​ណា​លោក​ថា ក្រសួង​ត្រៀម​ខ្លួន​ជានិច្ច​ក្នុង​ការ​សហការ​ជា​មួយ​គ.ជ.ប។

លោកបញ្ជា​ក់​ថា៖​

​«ពូ​គ្រាន់​តែសុំ​អះអាង​ថា​ ក្រសួង​មហា​ផ្ទៃ​នឹង​ផ្តល់​នូវ​កិច្ចសហ​ប្រតិបត្តិ​ការ​យ៉ាង​ពេញ​លេញជា​មួយ​នឹង​ គ.ជ.ប​ ហើយ​និង​ជាកិច្ចសហ​ប្រតិបត្តិ​ការ​ទៅ​តាម​ផ្លូវ​ច្បាប់​និង​ទាន់​ពេល​វេលា»។

ខណៈ​ដែល​ភាគី​រដ្ឋាភិបាល​ជំរុញ​ឲ្យ​ប្រជា​ពលរដ្ឋ​ទៅ​បោះ​ឆ្នោត​ ស្រប​ពេល​ដែល​ភាគី​បក្ស​ប្រឆាំង អំពាវនាវ​ឲ្យ​ប្រជា​ពលរដ្ឋ​ធ្វើ​ពហិការ​កុំ​ទៅ​ចូល​រួម​ការ​បោះ​ឆ្នោត​គេ​ឃើញ​អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ហ្វេសប៊ុក​មួយ​ចំនួន​បាន​ដាក់​ស៊ុម​ (Frame) ​ដែល​មាន​អត្ថន័យ​ថា«ខ្ញុំ​ទៅ​បោះ​ឆ្នោត​ ​ព្រោះ​ខ្ញុំ​ស្រឡាញ់​ប្រទេស​ខ្ញុំ​ ឬ​«យើង​ទៅ​បោះ​ឆ្នោត​ដើម្បីរក្សា​សន្តិភាព​និង​ស្ថិរភាព​ជាតិ​យើង»​ លើ​រូប​ថត​គណនី​ហ្វេសប៊ុក​របស់​ពួក​គេ។ចំណែក​អ្នក​ប្រើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​មួយ​ចំនួន​ទៀត​បាន​ដាក់​ស៊ុម​ដែល​មាន​អត្ថន័យ​ថា​ «ខ្ញុំ​ជា​អ្នក​គាំទ្រ​គណ​បក្ស​សង្គ្រោះ​ជាតិ​ ​គ្មាន​គណបក្ស​សង្គ្រោះ​ជាតិ​ ​ខ្ញុំ​អត់​ទៅ​បោះ​ឆ្នោត» ​ជា​ដើម។

គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត​ (គ.ជ.ប)​ ​កាលពី​ថ្ងៃ​ចន្ទ ​បាន​បិទ​បញ្ចប់​នីតិវិធី​ចុះ​បញ្ជី​ឈ្មោះ​គណបក្ស​នយោបាយ​ និង​បេក្ខជន​សម្រាប់​ការឈរ​ឈ្មោះ​បោះ​ឆ្នោត​តំណាង​រាស្រ្ត។​ ក្រោយ​ការ​ប្រកាស​បិទ​បញ្ចប់​ភ្លាមៗ​ គណ​បក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​តុលា​ការ​រំលាយ​ បាន​ថ្កោល​ទោស​រដ្ឋាភិបាល​កម្ពុជា​ និង​គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះឆ្នោត​ ដែល​មិន​អនុញ្ញាត​ឲ្យ​គណបក្ស​នេះ​ចូល​រួម​ក្នុង​ការ​បោះ​ឆ្នោត​ និង​បាន​អំពាវនាវ​ឲ្យ​ប្រជា​ពលរដ្ឋ​ខ្មែរ​កុំ​ទៅ​បោះ​ឆ្នោត ក៏​ដូចជា​ស្នើ​ដល់​សហគមន៍​អន្តរជាតិ ​កុំ​ឲ្យ​ទទួល​ស្គាល់​លទ្ធផល​បោះ​ឆ្នោត​ និង​ផ្តាច់​ជំនួយ​ពាក់​ព័ន្ធ​នឹង​ដំណើរ​ការ​បោះ​ឆ្នោត​ជា​ដើម។

ស្រប​ពេល​ដែល​រដ្ឋាភិបាល​ និង​គ.ជ.ប​ លើក​ឡើង​ថា​ ការ​អំពាវនាវ​ឲ្យ​ប្រជា​ពលរដ្ឋ​កុំ​ទៅ​បោះ​ឆ្នោត គឺ​ជា​សកម្មភាព​ខុស​ច្បាប់​ អ្នក​ឃ្លាំ​មើល​ស្ថានការណ៍​នយោបាយ​កម្ពុជា​លើក​ឡើង​ថា​ កម្ពុជា​មិន​មាន​ច្បាប់​កំណត់​ថា​ ប្រជា​ពលរដ្ឋ​ត្រូវ​តែ​ទៅ​បោះ​ឆ្នោត​នោះ​ទេ​ ដូច្នេះ​ការ​អំពាវនាវ​មិន​ឲ្យ​ប្រជា​ពលរដ្ឋ​ទៅ​បោះ​ឆ្នោត​ ឬ​ការ​អំពាវនាវ​ឲ្យ​ប្រជា​ពលរដ្ឋ​បោះ​ឆ្នោត​ឲ្យ​គណបក្ស​ណា​មួយ​ គឺ​ជា​ការ​ប្រទាញ​ប្រទង់​ដើម្បី​រក​ការ​គាំទ្រ​របស់​អ្នក​នយោបាយ​ មិន​មែន​ជា​អំពើ​ខុស​ច្បាប់​នោះ​ទេ៕

What Next?

Recent Articles