គ.ជ.ប ស្នើ​ឲ្យ​ចាត់ការ​លោក​ សម រង្ស៊ី ​ដែល​មិន​ឲ្យ​ពលរដ្ឋ​ទៅ​បោះឆ្នោត

សមាជិក គ.ជ.ប នៅ​ក្នុង​កិច្ចប្រជុំ​នៅ គ.ជ.ប កាលពី​ម្សិលមិញ​។ ផា លីណា




ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត គ.ជ.ប បា​នស្នើ​ឲ្យ​ក្រសួង​មហាផ្ទៃ​ចាត់​វិធានការ​តាម​ច្បាប់ ចំពោះ​សកម្មភាព​របស់​លោក សម រង្ស៊ី ដែល​នៅតែ​បន្ត​ធ្វើការ​ឃោសនា​កុំ​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​បោះឆ្នោត​នៅ​ថ្ងៃទី​ ២៩ ខែ​កក្កដា ដែល គ.ជ.ប ថា​ការ​ឃោសនា​របស់​អតីត​មេដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​រូបនេះ​ «​ធ្វើឲ្យ​ប៉ះពាល់​ដល់​​ការបោះឆ្នោត​» ​និង​ «​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ​»​។ នេះ​បើ​តាម​ការ​ថ្លែង​របស់​សមាជិក គ.ជ.ប​។

ការ​ថ្លែង​របស់​សមាជិក គ.ជ.ប នេះ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​កិច្ចប្រជុំ​ជាមួយ​ភាគី​ពាក់ព័ន្ធ​កាលពី​ម្សិលមិញ​ដែល​និយាយ​អំពី​ការបោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​នា​ពេល​ខាង​មុខ​ដែល​ការ​ថ្លែង​នេះ​ក៏​ជា​ការ​ឆ្លើយតប​ទៅ​នឹង​តំណាង​គណបក្ស​នយោបាយ​មួយ​ចំនួន​ដែល​ស្នើឲ្យ គ.ជ.ប ចាត់វិធានការ តាម​ច្បាប់​ទៅលើ​លោក សម រង្ស៊ី​។

ចំណាត់ការ​ទាំង​នេះ​ធ្វើ​ឡើង​ស្រប​ពេល​ដែល​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ជា​សាធារណៈ​រិះគន់ គ.ជ.ប និង​អំពាវនាវ​ដោយ​បើក​ចំហ​ឲ្យ​ពលរដ្ឋ​ធ្វើ​ពហិការ​ការបោះឆ្នោត ខណៈ​លោក សម រង្ស៊ី ដែល​បច្ចុប្បន្ន​ជា​ប្រធាន​ចលនា​សង្គ្រោះ​ជាតិ​បាន​អំពាវនាវ​ឲ្យ​ចែក​ខិត្តប័ណ្ណ​ជំរុញ​ពលរដ្ឋ​កុំ​ឲ្យ​ទៅ​បោះឆ្នោត​ដោយ​ចាត់ទុក​ការបោះឆ្នោត​ខាង​មុខ​ថា​ «​ក្លែងក្លាយ​» និង​ «​គ្មាន​ន័យ​» ​ដោយសារ​តែ​ពុំ​មាន​វត្តមាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​តំណាង​ពលរដ្ឋ​ស្ទើរ​ពាក់កណ្តាល​ប្រទេស​ចូលរួម​ប្រកួត​។

ក្នុង​អង្គប្រជុំ នៅ គ.ជ.ប កាលពី​ម្សិលមិញ​ដែល​មាន​ការចូលរួម​ពី​តំណាង​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ក្រសួង​ពាក់ព័ន្ធ​នានា​តំណាង​គណបក្ស​នយោបាយ អង្គការ​សង្គម​ស៊ីវិល​ស្ថានទូត​ជប៉ុន លោក ហ៊ាង គឹមស្រឿន អនុប្រធាន​គណបក្ស​សំបុក​ឃ្មុំ សង្គម​ប្រជាធិបតេយ្យ បាន​ស្នើ ឲ្យ គ.ជ.ប ចាត់​វិធានការ ចំពោះ​អតីត​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​អំពាវនាវ​កុំ​ឲ្យ​ពលរដ្ឋ​ម្ចាស់​ឆ្នោត​ទៅ​បោះឆ្នោត​។

លោក​ថ្លែង​ថា​៖ «​សម្រាប់​ទស្សនៈ​ខ្ញុំ​ផ្ទាល់​ខ្ញុំ​យល់​ថា ការឃោសនា​នេះ​គឺជា​ការឃោសនា​បំបែកបំបាក់​ជាតិ​យ៉ាង​ពិត​ប្រាកដ​…»​។ លោក​បន្ត​ថា​៖ «​អ៊ីចឹង​ខ្ញុំ​សូម​សំណូមពរ​ដល់ គ.ជ.ប ធ្វើការ​ចាត់​វិធានការ​តាម​លក្ខណៈ​ណា​មួយ ឬ​ពិនិត្យ​ឡើង​វិញ​នូវ​ច្បាប់​គណបក្ស​នយោបាយ​»​។

តំណាង​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​មិន​បាន​ប្រាប់​ឈ្មោះ​ក៏​បាន​ឡើង​ចោទសួរ​នៅ​ក្នុង​កិច្ចប្រជុំ​នេះ​ផង​ដែរ​ដោយ​ស្នើ​ឲ្យ គ.ជ.ប មាន​វិធានការ​ដែល​លោក​សំដៅ​ដល់​លោក សម រង្ស៊ី​។ លោក​ថ្លែង​ថា​៖ «​ទោះបី​ជា​មាន​ការ​ប្រមាថ មាក់ងាយ​ពី​អ្នកនយោបាយ​មួយ​ចំនួន​ដែល​ចោទ​ថា​ជា​គណបក្ស​អំពិលអំពែក គណបក្ស​អាយ៉ង​ក្ដី​ក៏​ចំនួន​នេះ​ក៏​នៅ​តែ​មាន​ការកើនឡើង ហើយ​ចំណុច​នេះ​ខ្ញុំ​ចង់​សួរ គ.ជ.ប ថា គ.ជ.ប មាន​សមត្ថកិច្ច​ដោះស្រាយ​ទេ បើ​មាន​គណបក្ស​មួយ​ធ្វើការ​រារាំង​ជា​ការ​បំបាក់​ទឹកចិត្ត​…»​។

ឆ្លើយបត​នឹង​បញ្ហា​នេះ​លោក មាន សទិ សមាជិក គ.ជ.ប និង​ជា​ប្រធាន​ដឹកនាំ​អង្គប្រជុំ​ថ្លែង​នៅ​ចំពោះ​មុខ​ភាគី​នានា​ដែល​បាន​ចូលរួម​ក្នុង​អង្គប្រជុំ​ថា គ.ជ.ប បាន​ទំនាក់ទំនង​ទៅ​ក្រសួងមហាផ្ទៃ​រួចរាល់​ហើយ ដើម្បី​មាន​វិធានការ​។

លោក​ថ្លែង​ថា​៖ «​នៅក្នុង​ករណី​ដែល​គេ​ធ្វើ​ទៅ​តាម​ហ្វេសប៊ុក​ដែល​មាន​បញ្ហា​មុន​ហ្នឹង​។ ឯកឧត្តមអគ្គ​បាន​លើក​ហើយ​ថា អាហ្នឹង​គឺជា​រឿង​ដែល​ត្រូវ​ទំនាក់ទំនង​ទៅ​មហាផ្ទៃ​ព្រោះ​មហាផ្ទៃ​ជា​អ្នកគ្រប់គ្រង​គណបក្ស​នយោបាយ​នៅក្នុង​ដំណាក់កាល​នេះ​»​។

លោក​បន្ត​ថា​៖ «​ហើយ​យើង​បាន​ជម្រាប​ជូន​ពី​បញ្ហា​ដែល​ការឃោសនា​ដែល​ការបញ្ចេញមតិ ការឃោសនា​ហ្នឹង វា​ប៉ះពាល់​ដល់​ការបោះឆ្នោត​យើង​ជម្រាប​ទៅ​មហាផ្ទៃ​ដែល​ជា​អាណាព្យាបាល​ផ្ទាល់​របស់​គណបក្ស​នយោបាយ​។ អ៊ីចឹង​យើង​បាន​ទៅ​ទំនាក់ទំនង​ធ្វើ​ការងារ​ហ្នឹង​រួច​ហើយ ឯកឧត្តម​អគ្គ​បាន​ជម្រាប​ជូន​អ៊ីចឹង​»​។

ចំណែក​លោក ឌឹម សុវណ្ណារុំ អ្នក​នាំពាក្យ គ.ជ.ប ក៏​ថ្លែង​ប្រាប់​សារព័ត៌មាន Fresh News ផង​ដែរ​ថា​ការអំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើ​ពហិការ​ក្នុង​ការ​បោះឆ្នោត​តាមរយៈ​ចេតនា​ជំរុញ​ឱ្យ​មាន​ការចែក​ខិត្តប័ណ្ណ​ «​អាច​ធ្វើឲ្យ​ប៉ះពាល់​ដល់​សណ្តាប់​ធ្នាប់​សាធារណៈ និង​ដល់​សន្តិសុខ​ជាតិ​»​។

មិនមែន​គ្រប់​គណបក្ស​គាំទ្រ​ឲ្យ​មាន​ការ​ថ្កោលទោស​ចំពោះ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​ទេ​។ លោក ហ៊ីង យឿន អនុប្រធាន​គណបក្ស​ឆន្ទៈ​ខ្មែរ ដែល​ជា​គណបក្ស​របស់​កូនប្រុស​ពៅ លោក គង់ គាំ អតីតមន្ត្រី​ជាន់​ខ្ពស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ថ្លែង​ថា ការ​អំពាវនាវ​គឺជា​សិទ្ធិ​របស់​បុគ្គល តែ​លោក​នៅ​តែ​លើក​ទឹក​ចិត្ត​ឲ្យ​ពលរដ្ឋ​ទៅ​បោះឆ្នោត​។

លោក​ថ្លែង​ថា​៖ «​ចំពោះ​គណបក្ស​ឆន្ទៈ​ខ្មែរ​ផ្ទាល់​តែ​ម្ដង​ខ្ញុំ​សូម​អំពាវនាវ​សូម​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​បោះឆ្នោត ជាពិសេស​ព្រលឹង​ប្រជាពលរដ្ឋ​អ្នក​បាន​បោះឆ្នោត​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​គណបក្ស​ដើម​របស់​ខ្ញុំ​ដែរ​ហ្នឹង​ឲ្យ​មក​គាំទ្រ​គណបក្ស​ឆន្ទៈ​ខ្មែរ​ទៅ ព្រោះ​ថា​ហេតុអ្វី​បើ​យើង​មិន​ទៅ​បោះឆ្នោត​ទេ គឺថា​អាសនៈ​ទាំងអស់​នឹង​ត្រូវ​គណបក្ស​ប្រជាជន​យក​ទាំង​អស់​ហើយ ប៉ុន្តែ​បើ​យើង​ទៅ​បោះឆ្នោត យើង​នឹង​បាន​អាសនៈ ហើយ​បើ​អ្នក​ដែល​បោះឆ្នោត​ហ្នឹង​មក​ទាំងអស់​គ្នា​មាន​អ្នក​ផ្សេង​ចូល​មក​បោះឆ្នោត​ទៀត យើង​នឹង​ឈ្នះឆ្នោត​»​។

នាយឧត្តមសេនីយ៍​ ខៀវ សុភ័គ អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​ថ្លែង​ថា​បើ​ទោះបី​លោក​មិន​ទាន់​បានឃើញ​សំណើ​របស់ គ.ជ.ប ក្តី ប៉ុន្តែ​ក្រសួង​គាំទ្រ និង​សហការ​ជាមួយ គ.ជ.ប ក្នុង​ការ​អនុវត្ត​ច្បាប់​។ លោក​ថ្លែង​ថា​៖ «​ជា​គោលការណ៍​ក្រសួង​មហាផ្ទៃ និង​ផ្តល់​កិច្ចសហការ​យ៉ាង​ពេញលេញ​ជាមួយ គ.ជ.ប​។ មិន​ត្រឹម​តែ​សហការ​ពេញលេញ​ទេ​សហការ​យ៉ាង​ទាន់​ពេលវេលា​ទៀត​»​។

ឆ្លើយបត​នឹង​បញ្ហា​នេះ​លោក សម រង្ស៊ី ដែល​កំពុង​រស់នៅ​និរទេស​ខ្លួន​ដោយ​ខ្លួនឯង​នៅ​ក្រៅ​ប្រទេស​បាន​ថ្លែង​តាម​អ៊ីមែល​មក​កាន់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ថា លោក​សូម​រំឭក​ដល់​មន្ត្រី​រដ្ឋាភិបាល​លោក​ ហ៊ុន សែន ដែល​ចង់​កាត់​ទោស​រូប​លោក​ដោយសារ​តែ​ការអំពាវនាវ​របស់​លោក​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើ​ពហិការ​ការបោះឆ្នោត​ដ៏ចម្រូងចម្រាស​ដែល​ត្រូវ​បាន​កំណត់​ធ្វើ​ឡើង​នៅ​ថ្ងៃទី​ ២៩ ខែ​កក្កដា​ខាង​មុខ​ថា ការបោះឆ្នោត​គឺជា​សិទ្ធិ​របស់​ប្រជាពលរដ្ឋ ហើយ​ការ​មិន​ចូលរួម​បោះឆ្នោត​ក៏​ជា​សិទ្ធិ​របស់​ពួកគេ​ដែរ ជាពិសេស​នៅពេល​ដែល​ពួកគេ​ដឹងថា​ពួកគេ​ត្រូវ​បាន​គេ​អញ្ជើញ​ឱ្យ​ចូលរួម​នៅ​ក្នុង​ការបោះឆ្នោត​មួយ​ដែល​ពួកគេ​មិន​មាន​ជម្រើស​ពិតប្រាកដ​ដែល​វា​អាច​ធ្វើឲ្យ​ខូច​ឆន្ទៈ​របស់​ពួកគេ​។

លោក​ សម រង្ស៊ី បាន​គូសបញ្ជាក់​ជា​ដដែលៗ​ថា​ការបោះឆ្នោត​នៅ​ថ្ងៃទី ២៩ ខែ​កក្កដា​ខាង​មុខ​គឺ​គ្រាន់​តែ​ជា​ការ​បោះឆ្នោត​មួយ​ដែល​ «​គ្រាន់តែ​ធ្វើ​ឱ្យ​របប​ផ្តាច់ការ​មួយ​ស្រប​ច្បាប់​ប៉ុណ្ណោះ​»​។

លោក​បញ្ជាក់​ថា​៖ «​នៅ​ក្នុង​កាលៈទេសៈ​បែប​នេះ​ការ​ធ្វើ​ពហិការ​បោះឆ្នោត គឺជា​ទង្វើ​នៃ​ការតស៊ូ​អសកម្ម​មួយ​ក្នុង​ការ​ប្រយុទ្ធ​តស៊ូ​ដោយ​សន្តិវិធី ដើម្បី​លទ្ធិប្រជាធិបតេយ្យ​»​។

លោក​ សម រង្ស៊ី បាន​និយាយ​សំដៅ​ដល់​អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា​លោកស្រី​ រ៉ូណាស្មីត ដែល​លោកស្រី​បាន​និយាយ​កាលពី​ថ្ងៃទី ៣០ ខែ​មេសា​កន្លង​ទៅ​ដែល​លោក​ថា​លោកស្រី​បាន​លើក​ឡើង​យ៉ាង​ត្រឹមត្រូវ​ថា​ «​ការបោះឆ្នោត​មួយ​មិន​អាច​ក្លាយ​ជា​ការបោះឆ្នោត​ពិតប្រាកដ​បាន​ទេ​ ប្រសិន​បើ​គណបក្ស​ប្រឆាំង​ដ៏ធំ​មួយ​ត្រូវ​បាន​គេ​រារាំង​មិន​ឲ្យ​ចូលរួម​»​។

អតីត​មេបក្ស​ប្រឆាំង​រូប​នេះ​បាន​គូសបញ្ជាក់​ថា​៖ «​គ្មាន​នរណា​ម្នាក់ គួរ​ត្រូវ​បាន​គេ​បង្ខំ​ឱ្យ​ចូលរួម​បោះឆ្នោត​ក្លែងក្លាយ​នោះ​ទេ​។ ផ្ទុយ​ទៅ​វិញ​អ្នក​ទាំងនោះ​គប្បី​ធ្វើ​ពហិការ​។ យើង​គោរព​សេរីភាព​បញ្ចេញមតិ​គូប្រជែង​របស់​យើង​។ ដូច្នេះ​ពួកគេ​ក៏​ត្រូវ​គោរព​សេរីភាព​បញ្ចេញ​មតិ​របស់​យើង​ដែរ​»៕ NS


Contact author: បែន សុខហ៊ាន

What Next?

Recent Articles

2 Responses to "គ.ជ.ប ស្នើ​ឲ្យ​ចាត់ការ​លោក​ សម រង្ស៊ី ​ដែល​មិន​ឲ្យ​ពលរដ្ឋ​ទៅ​បោះឆ្នោត"

  1. ?? says:

    at first I though these guy have what we call brain in their bolt head . but it seem to be all these guy head have no brain at all. what do you think the over all situation that make RASY said that word to the people . please think about it if you still have something in your head. GOD bless Cambodia

  2. Bob says:

    Don’t be surprised because they are all brain washed and not a real human anymore, evidently, they don’t even know their duty as a observer. The same thing is happening in Cambodia now, commerce department has order to prosecute people who wants to say or clarify the rumors. Anybody in Hun Sen group can create any rule anytime they want it just a flip of their tongue.

Leave a Reply

Submit Comment