ពលរដ្ឋ​ប្រមាណ​ ៣០០ ​នាក់​បន្ត​ការតវ៉ា​រក​ដំណោះស្រាយ​ដីធ្លី

កម្លាំង​នគរបាល​ឃ្លាំ​មើល​អ្នក​តវ៉ា​រឿង​ជម្លោះ​ដីធ្លី​មកពី​ខេត្ត​កោះកុង​ម្សិលមិញ​។ ស្រេង ម៉េងស្រ៊ុន




ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ តំណាង​ប្រជាពលរដ្ឋ​ប្រមាណ​ ៣០០ ​នាក់​ដែល​មិន​ទាន់​មាន​ដំណោះស្រាយ​ពី​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ស្ករអំពៅ​ លី យ៉ុងផាត់ នៅក្នុង​ខេត្ត​កោះកុង​ប្រមាណ​ជា​ ១០ ​ឆ្នាំ​ហើយ​នោះ​កាលពី​ម្សិលមិញ​បាន​ប្រមូល​ផ្ដុំគ្នា​ជាថ្មី​ទៀត​បិទ​ផ្លូវ​នៅ​មុខ​ក្រសួង​រៀបចំ​ដែនដី​ប្រហែល​ជា​ ១ ​ម៉ោង​ខណៈ​ពេល​ដែល​គ្មាន​មន្ត្រី​ណា​ម្នាក់​ចេញ​មក​ជួប​ពួកគាត់​ដើម្បី​ផ្ដល់​ដំណោះស្រាយ​។

លោក ទិត្យ ផេង តំណាង​ពលរដ្ឋ​រងគ្រោះ​ដីធ្លី​ជាង ៣០០ ​គ្រួសារ​រស់នៅ​ឃុំ​ដង​ពែង ស្រុកស្រែ​អំបិល ខេត្ត​កោះកុង បាន​អះអាង​ថា​ការសម្រេច​មក​ភ្នំពេញ​នេះ​គឺ​បំណង​ជំរុញ​មន្ត្រី​ក្រសួង​ដែនដី ព្រម​ទាំង​តាមដាន​ញត្តិ​ដែល​ដាក់​កាលពី​សប្ដាហ៍​មុន​ដោយ​មិន​ទាន់​មាន​ការឆ្លើយតប​ទៅ​កាន់​ពលរដ្ឋ​វិញ​នោះ​។

លោក ផេង ថ្លែង​ថា​៖ «​យើង​បាន​នាំ​គ្នា​សួរនាំ​ភាគី​ក្រសួង ប៉ុន្ដែ​មន្ត្រី​ទាំងអស់​មិន​បាន​ឆ្លើយ​ព្រម​ទាំង​ដេញ​ប្រជាពលរដ្ឋ​ឲ្យ​ត្រឡប់​ទៅ​វិញ ទើប​ពួកយើង​សម្រេច​ចិត្ត​បិទ​ផ្លូវ​នៅ​ខាង​មុខ​ក្រសួង​ជាង​មួយ​ម៉ោង ដើម្បី​ឲ្យ​មន្ត្រី​ឆ្លើយតប​តាម​ការស្នើសុំ​របស់​ប្រជាពលរដ្ឋ​។ នៅពេល​បិទ​ផ្លូវ​ភាគី​ក្រសួង​បាន​ហៅ​តំណាង​ពលរដ្ឋ​ ១០ ​នាក់​ចូល​ជួប​ពិភាក្សា ប៉ុន្ដែ​មិន​បាន​លទ្ធផល​អ្វី​ទេ ដោយ​មន្ត្រី​បង្គាប់​ឲ្យ​ក្រុម​ពលរដ្ឋ​ត្រឡប់​ទៅ​វិញ ដើម្បី​រង់ចាំ​ការ​ដោះស្រាយ​ជាមួយ​គណៈកម្មការ​ចម្រុះ​ខេត្ត​កោះកុង​»​។

លោក ផេង ថ្លែង​ថា​៖ «​ភាគី​ក្រសួង​ដែនដី​បាន​ប្រាប់​ថា​ក្រសួង​អស់​ដែន​សមត្ថកិច្ច​ដោះស្រាយ​រឿង​នេះ​ហើយ ព្រោះ​ក្រសួង​បាន​បង្កើត​គណៈកម្មការ​ចម្រុះ​នៅ​ខេត្ត​កោះកុង​ផ្ទាល់​។ ដូច្នេះ​គេ​តម្រូវ​ឲ្យ​ពួក​ខ្ញុំ​ត្រឡប់​ទៅវិញ​ដោះស្រាយ​ជាមួយ​អាជ្ញាធរ​ខេត្ត​វិញ ប៉ុន្ដែ​ពួក​ខ្ញុំ​ដូចជា​គ្មាន​ជំនឿ​ទេ ព្រោះ​ក្រសួង​គ្មាន​សមត្ថភាព​ដោះស្រាយ​ផង ចុះ​ទម្រាំ​អាជ្ញាធរ​ខេត្ត​រឿង​អី​អាច​ដោះស្រាយ​បាន​នោះ​?»​។

លោក សួន វណ្ណាត អាយុ ៥០ ​ឆ្នាំ​ជា​ពលរដ្ឋ​ម្នាក់​ក្នុង​ចំណោម​អ្នក​តវ៉ា​បាន​ថ្លែង​ដោយ​សម្ដែង​ការខកចិត្ត​យ៉ាង​ខ្លាំង​ដែល​ក្រសួង​ដែនដី​មិន​បាន​ដោះស្រាយ​ដីធ្លី​ជូន​ឲ្យ​ចប់​សព្វ​គ្រប់​ដូច​ពលរដ្ឋ​មុនៗ​។ ទំនាស់​ដីធ្លី​រ៉ាំរ៉ៃ​បាន​អូសបន្លាយ​ពេល​ជាង ១០ ឆ្នាំ​មក​នេះ​គឺ​បាន​ប៉ះពាល់​លើ​ប្រជាពលរដ្ឋ​ចំនួន ៥៣៧ គ្រួសារ​ដែល​រស់នៅ​ក្នុង​ភូមិ​ចំនួន ៩ នៃ​ឃុំ​ចំនួន ៤ គឺ​មាន​ឃុំ​ជីខក្រោម ឃុំ​ជីខលើ ឃុំ​ដងពែង និង​ឃុំ​កណ្ដោល ស្ថិត​ក្នុង​ស្រុក​ចំនួន ២ គឺ​ស្រុក​ស្រែអំបិល និង​បទុមសាគរ ខេត្ត​កោះកុង​។

លោក​បញ្ជាក់​ថា​៖ «​ពួក​ខ្ញុំ​ចំនួន ១០ នាក់​ចូល​ទៅ​ជួប​ហើយ​ជជែក​គ្នា ប៉ុន្ដែ​មិន​ទាន់​ត្រូវ​រ៉ូវ​គ្នា​ទេ​ព្រោះ​ពេល​ហ្នឹង​ពួក​ខ្ញុំ​បាន​លើក​សំណើ ១ ចំណុច គឺ​ពួក​ខ្ញុំ​ចង់​បាន​សំណង​ដូច​ក្រុម​អ្នកស្រី ផាវ ញ៉ើង គឺ​ដី ៣ ហិកតា និង​លុយ ២៥០០ ដុល្លារ ប៉ុន្ដែ​ភាគី​ក្រសួង​មិន​ព្រម​ទេ ហើយ​បាន​ប្រាប់​ឲ្យ​ពួក​ខ្ញុំ​ត្រឡប់​ទៅ​ខេត្ត​វិញ​»​។

ការ​ចេញ​ទាមទារ​រក​ដំណោះស្រាយ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ស្ករអំពៅ​នៅ​ខេត្តកោះកុង​នេះ ដោយសារ​អាជ្ញាធរ​ក្នុង​ខេត្ត​កោះកុង និង​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​មិន​បាន​ដោះស្រាយ​ជម្លោះ​ដីធ្លី​ជូន​ពួកគាត់​ដូច​ពលរដ្ឋ​មួយ​ក្រុម​ទៀត​ដែល​ដឹកនាំ​ដោយ​អ្នកស្រី ផាវ ញ៉ើង ដែល​តែងតែ​ចេញ​តវ៉ា​យ៉ាង​សកម្ម​កន្លង​មក​។ ទំនាស់​ដីធ្លី​នេះ​គឺ​មាន​វិវាទ​ជាមួយ​ភាគី​ក្រុមហ៊ុន​លោក​ឧកញ៉ា ហ៊ុយ ហេង និង​ក្រុមហ៊ុន​ឈ្មោះ កោះកុង ស៊ូហ្គើរ​ (Kohkong Sugar) និង​ក្រុមហ៊ុន កោះកុង ផ្លេនថេសិន (Kohkong Plantation) របស់​អ្នក​វិនិយោគទុន​ថៃ​ដែល​បាន​ទិញ​ភាគហ៊ុន​ពី​លោក​ឧកញ៉ា លី យ៉ុងផាត់ សមាជិក​ព្រឹទ្ធសភា​គណបក្ស​ប្រជាជន​កម្ពុជា​។

ពលរដ្ឋ​ម្នាក់​ទៀត​គឺ​លោក ហៀង សុខុម និយាយ​ថា​ដើម​ឆ្នាំ ២០១៦ ប្រជាពលរដ្ឋ​បាន​បែក​គ្នា​ជា ២ ក្រុម​។ ក្រុមទី ២ នេះ​គឺ​បាន​លង់​ជឿ​សម្ដី​លួងលោម​របស់​អាជ្ញាធរ​ឃុំ-ស្រុក និង​អាជ្ញាធរ​ខេត្ត​ថា​កុំ​ឲ្យ​ពួកគាត់​តវ៉ា​សកម្ម​ដូច​ក្រុម​ទី ១ ពោល​គឺ​រង់ចាំ​ឲ្យ​អាជ្ញាធរ​ដោះស្រាយ​តាម​សម្រួល ប៉ុន្តែ​ទីបំផុត​វិវាទ​ដីធ្លី​រ៉ាំរ៉ៃ​របស់​ពួកគាត់​ក្រុម​ទី ២ នេះ​ត្រូវ​បាន​រដ្ឋាភិបាល និង​ក្រុមហ៊ុន​ស្ករ​អំពៅ​មើល​រំលង​មិន​បាន​ដោះស្រាយ​ដូច​ក្រុម​ទី ១ ដែល​តែងតែ​ចេញ​តវ៉ា​នោះ​ឡើយ​។

លោក សុខុម បន្ត​ថា​៖ «​ខ្ញុំ​សំណូមពរ​ទៅ​ថ្នាក់ដឹកនាំ​ទាំងអស់ សុំ​ជួយ​ដោះស្រាយ​ឲ្យ​ពលរដ្ឋ​បាន​គ្រប់ៗ​គ្នា​ផង​។ កន្លង​មក​ដែល​ពួកយើង​មិន​បាន​តវ៉ា ព្រោះ​ស្ដាប់​តាម​អាជ្ញាធរ​មិន​ឲ្យ​តវ៉ា​»​។

កាលពី​ថ្ងៃទី​ ២២ ខែ​មីនា​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ក្រុមហ៊ុន និង​ប្រជាពលរដ្ឋ​បាន​ព្រមព្រៀង​គ្នា​បញ្ចប់​ករណី​វិវាទ​នេះ​ជា​ស្ថាពរ​ដោយ​ក្រុម​ប្រជាពលរដ្ឋ ១៧៥ គ្រួសារ​ក្នុង​ក្រុម​ទី ១ យល់​ព្រម​ទទួល​យក​ដំណោះស្រាយ​ជា​ដី​ទំហំ ៣ ហិកតា​នៅ​លើ​ទីតាំង​ថ្មី និង​ថវិកា​ចំនួន ២៥០០ ដុល្លារ​ក្នុង​មួយ​គ្រួសារ​។

ក្រុម​ប្រជាពលរដ្ឋ ២០០ គ្រួសារ​ផ្សេង​ទៀត​យល់​ព្រម​ទទួល​យក​ដំណោះស្រាយ​ជា​ដី​ទំហំ ១,៥ ហិកតា​ក្នុង​មួយ​គ្រួសារ​នៅ​លើ​ទីតាំង​ចាស់ ប៉ុន្តែ​មិន​ទទួល​បាន​លុយ​ទេ​។

លោក ទេព ធន អនុរដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​និយាយ​ប្រាប់​ប្រជាពលរដ្ឋ​ក្នុង​អំឡុងពេល​ជួប​គ្នា​នោះ​ថា​លោក​បាន​បង្កើត​គណៈកម្មការ​ចម្រុះ​មួយ​ដែល​ដឹកនាំ​ដោយ​លោកស្រី ភូថង មិថុនា អភិបាល​ខេត្ត​កោះកុង ដើម្បី​ជំរុញ​ការដោះស្រាយ​នៅ​ក្នុង​ចុង​ខែ​ឧសភា​ខាង​មុខ​នេះ​។ ដូច្នេះ​លោក​ស្នើសុំ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់​ត្រឡប់​ទៅ​ផ្ទះ​វិញ ដើម្បី​ងាយស្រួល​ដល់​អាជ្ញាធរ​ចុះ​ប្រមូល​ព័ត៌មាន​។

លោកស្រី ភូថង មិថុនា អភិបាល​ខេត្ត​កោះកុង​អះអាង​ថា​ពាក្យ​បណ្ដឹង​របស់​ពលរដ្ឋ​ព្រម​ទាំង​មាន​ពាក្យ​ណែនាំ​របស់​ក្រសួង​ដែនដី ដើម្បី​បង្កើត​គណៈកម្មការ​ចម្រុះ​ជួយ​ជំរុញ​ការដោះស្រាយ​ទំនាស់​ដីធ្លី​នេះ​ឲ្យ​ចប់​នៅ​ចុង​ខែ​ឧសភា ឆ្នាំ​ ២០១៨ ​នេះ​។

លោក អំ សំអាត ប្រធាន​គ្រប់គ្រង​ផ្នែក​អង្កេត​នៃ​អង្គការ​លីកាដូ (Licadho) ថ្លែង​ថា​មួយ​រយៈ​ចុងក្រោយ​នេះ​គេ​សង្កេត​ឃើញ​ថា ក្រសួង​បាន​ដោះស្រាយ​បញ្ហា​ដីធ្លី​នេះ​ជា​បន្តបន្ទាប់​ដែរ ប៉ុន្ដែ​ក៏​នៅ​សេសសល់​ខ្លះ​ដែរ​៕


Contact author: សុទ្ធ គឹមសឿន

What Next?

Recent Articles