កសិករ​​នៅ​ស្រុក​សំឡូត​ត្អូញត្អែរ​​ដំណាំ​ធូរេន​ឆ្នាំ​នេះ​មិនសូវ​បាន​ទិន្នផល​ដោយសារ​រាំងស្ងួត

ដោយ ម៉ៅ សុធានី
2018-05-20
RFA

ធុរេន​មួយ​ដើម​កំពុង​ផ្លែ​ក្នុង​ចម្ការ​របស់​កសិករ​នៅ​​ភូមិ​ឆករកា ឃុំ​សំឡូត ស្រុក​សំឡូត ខេត្ត​បាត់​ដំបង។ រូបថត​ផ្ដល់​ដោយ​កសិករ​ដាំ​ធុរេន​នៅ​ស្រុក​សំឡូត ថ្ងៃ​ទី​២០ ខែឧសភា ឆ្នាំ២០១៨
ធុរេន​មួយ​ដើម​កំពុង​ផ្លែ​ក្នុង​ចម្ការ​របស់​កសិករ​នៅ​​ភូមិ​ឆករកា ឃុំ​សំឡូត ស្រុក​សំឡូត ខេត្ត​បាត់​ដំបង។ រូបថត​ផ្ដល់​ដោយ​កសិករ​ដាំ​ធុរេន​នៅ​ស្រុក​សំឡូត ថ្ងៃ​ទី​២០ ខែឧសភា ឆ្នាំ២០១៨


ប្រជា​កសិករ​នៅ​ស្រុក​សំឡូត​ ខេត្ត​បាត់ដំបង​ត្អូញត្អែរ​ថា ទិន្នផល​ដំណាំ​ធូរេន​​ឆ្នាំនេះ ​​មិន​សូវ​បាន​ផល​​ដូច​ឆ្នាំ​មុនៗ ទេ ដោយសារ​តែ​ភ្លៀង​ធ្លាក់​មិន​ទៀងទាត់ ធ្វើ​ឲ្យ​ដើម​ធូរេន​មិន​សូវ​ចេញ​ផ្កា។ កសិករ​ឲ្យ​ដឹង​ទៀត​ថា ការ​ប្រមូល​ផល​ធូរេន​នឹង​ត្រូវ​ពន្យារ​ពេល​ទៅ​ដល់​ខែ​សីហា និង​ខែ​កញ្ញា ដែល​ឆ្នាំ​កន្លង​ទៅ គឺ​ចាប់​ផ្ដើម​ប្រមូល​ផល​នៅ​ចន្លោះ​ពី​ខែ​មិថុនា​ដល់​កក្កដា។

កសិករ​ដាំ​ធូរេន​នៅ​ភូមិ​ស្រែ​អណ្ដូង​ឃុំ​សំឡូត​អ្នក​ស្រី សាញ់ ស្រីម៉ៅ​ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២០ ឧសភា​ថា ដំណាំ​ធូរេន​នៅ​ស្រុក​សំឡូត​ជា​ប្រភេទ​ដំណាំ ដែល​ងាយស្រួល​លក់​ដូរ​ជាង​ផ្លែ​ឈើ​ផ្សេងៗ ព្រោះ​មាន​អ្នក​មក​ទិញ​ដល់​ចម្ការ​តែម្ដង។ ប៉ុន្តែ​អ្នក សាញ់ ស្រី​ម៉ៅ អះអាង​ថា ដំណាំ​ប្រភេទ​នេះ ពិបាក​ថែទាំ និង​ចំណាយ​អស់​ដើម​ទុន​ច្រើន​ជាង​ដំណាំ​ដទៃ។ កសិករ​រូប​នេះ បន្ថែម​ថា អ្នក​ស្រី​ដាំ​ធូរេន​ជាង ២០០​ដើម នៅ​លើ​ផ្ទៃ​ដី​ជាង​មួយ​ហិកតារ ហើយ​​ចំណាយ​អស់​ដើមទុន​ជាង ៣ពាន់​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំ។ អ្នក​ស្រី​អះអាង​ទៀត​ថា ធូរេន​ឆ្នាំ​នេះ​មិន​សូវ​ហុច​ផល​ដូច​ឆ្នាំ​មុនៗ ទេ​ ដោយសារ​អាកាសធាតុ​រាំង​ស្ងួត កាល​ពី​ចុង​ឆ្នាំ​២០១៧ ធ្វើ​ឲ្យ​ធូរេន​ចេញ​ផ្កា​តិច ហើយ​ផ្កា​មិន​សូវ​កាន់​ទេ៖ «ចា​ខ្ញុំ​អត់​ប្រើ​ជី​បំប៉ន​ផ្លែ​ទេ​ ខ្ញុំ​ប្រើ​តែ​ជីធម្មជាតិ​តិចតួច​ដើម្បី​ឲ្យ​ធូរេន​មាន​កម្លាំង​ចេញ​ផ្កា។ ប៉ុន្តែ​ខ្ញុំ​អត់​ប្រើ​ជីគីមី​ទេ។ ធូរេន​ខ្ញុំ​ទើប​តែ​ទទួល​ផល​បាន ២ឆ្នាំ​មក​នេះ​ទេ ហើយ​ឆ្នាំ​នេះ​ទទួល​ផល​បាន​តិច​ព្រោះ​ផ្កា​ជ្រុះ​អស់​ ព្រោះ​អត់​មាន​ភ្លៀង​វា​ក្ដៅ​ខ្លាំង​ ហើយ​នៅ​តំបន់​នេះ​អត់​មាន​ស្ទឹង​ឬ​អូរ ដែល​មាន​ទឹក​ដើម្បី​ស្រោចស្រព​ធូរេន។ ដល់​អីចឹង​ទៅ ធូរេន​អត់​សូវ​កាន់​ផ្លែ»

អ្នក​ស្រី​បន្ថែម​ទៀត​ថា​ ដំណាំ​ធូរេន​ជា​ដំណាំ​ត្រូវ​ការ​ទឹក​ច្រើន ​ដើម្បី​​ស្រោចស្រព​ជា​ប្រចាំ។ ដូច្នេះ​​ប្រសិន​បើ​ឆ្នាំ​ណា​មាន​ភ្លៀង​ធ្លាក់​ច្រើន ហើយ​សំបូរ​ទឹក​ស្រោចស្រព​​ធូរេន​ក៏​បាន​ទិន្នផល​ច្រើន​ទៅ​តាម​នោះ​ដែរ។ អ្នក​ស្រី សាញ់ ស្រី​ម៉ៅ ឲ្យ​ដឹង​​​ថា ​បើ​សិន​ជា​​ធូរេន​ល្អ​ហុច​ផល​ចន្លោះ​ពី ១៥០​ទៅ ២០០គីឡូ​ក្រាម​ក្នុង​មួយ​ដើម៖ «តម្លៃ​ធូរេន​សមរម្យ​អាច​ទទួល​យក​បាន​ យើង​លក់​តែ​ក្នុង​ស្រុក បង​ប្អូន​យើង​គាត់​មក​ទិញ​ហូប និង​មាន​គេ​ទិញ​យក​ទៅ​លក់​បន្ត​នៅ​ខេត្ត​ផ្សេង​ដែរ តែ​ខ្ញុំ​ទទួល​បាន​ផល​តិច ព្រោះ​ធូរេន​ខ្ញុំ​ទើប​ដាំ មិន​ហាន​ទុក​ឲ្យ​ធូរេន​ផ្លែ​ច្រើន​ទេ ព្រោះ​ដើម​វា​តូច​វា​ទ្រ​ផ្លែ​ច្រើន​អត់​បាន​ខ្លាច​ងាប់​ដើម»

ចំណែក​ពលរដ្ឋ​នៅ​ក្រុង​ប៉ោយប៉ែត​ ខេត្ត​បន្ទាយមានជ័យ​ លោក ផុន ប្រុស ដែល​ធ្លាប់​ទៅ​លេង​ចម្ការ​ធូរេន​នៅ​ស្រុក​សំឡូត​ លើក​ឡើង​ថា លោក​ចូលចិត្ត​ហូប​ធូរេន​នៅ​ស្រុក​សំឡូត ព្រោះ​ជា​ផ្លែឈើ​របស់​ខ្មែរ​ ដែល​​មាន​រស់​ជាតិ​ឆ្ងាញ់ ហើយ​​មិន​សូវ​មាន​ជាតិ​គីមី ដូច​ផ្លែឈើ​នាំ​ចូល​ពី​បរទេស​ទេ៖ «ខ្ញុំ​សប្បាយ​ចិត្ត​ដែល​ខ្ញុំ​បាន​ទៅ​ដល់​ចម្ការ​ផ្ទាល់ ហើយ​​ឃើញ​ដើម​ធូរេន​លើក​ទី​១ ហើយ​ពួក​ខ្ញុំ​នៅ​តែ​មាន​គោល​បំណង​ចង់​ទៅ​លេង​ចម្ការ​ធូរេន​ឆ្នាំ​នេះ​ទៀត ព្រោះ​ពេល​ទៅ​ទីនោះ​សប្បាយ​មែនទែន​ ដោយ​សារ​ឆ្លៀត​ពេល​ទំនេរ ជូន​ក្រុម​គ្រួសារ​ទៅ​ដើរ​លេង​ផង​ហើយ​ចង់​ឃើញ​ទិដ្ឋភាព​ផ្ទាល់​ធូរេន​ផ្លែ​នៅ​នឹង​ដើម»

អភិបាល​ស្រុក​សំឡូត លោក សើ សាម៉េត មាន​ប្រសាសន៍​ថា ប្រជាកសិករ​ស្រុក​សំឡូត​​និយម​ដាំ​ធូរេន​ចាប់​ពី​ឆ្នាំ​២០១០ រហូត​មក ហើយ​មូលហេតុ​ដែល​ពួកគាត់​វិនិយោគ​ដំណាំ​ប្រភេទ​នេះ​ ដោយសារ​សំបូរ​ទីផ្សារ​ងាយ​លក់​ដូរ​ ហើយ​មាន​តម្លៃ​ខ្ពស់​ ព្រោះ​មាន​ប្រជា​ពលរដ្ឋ​មក​ពី​តាម​បណ្ដា​ខេត្ត​ទៅ​ទិញ​ដល់​ចម្ការ៖ «ធូរេន​ឆ្នាំ​ហុច​ផល​ប្រហាក់ប្រហែល​ឆ្នាំ​មុន​ដែរ គ្រាន់​តែ​តែ​កាល​ពី​ដើម​ឆ្នាំ​មាន​គ្រោះ​រាំងស្ងួត បណ្ដាល​ផ្កា​ធូរេន​ខ្លះ​ធ្លាក់​ជ្រុះ ប៉ុន្តែ​ក្រោយ​ពី​មាន​ភ្លៀង​មក​ប៉ុន្មាន​នេះ​ធ្វើ​ឲ្យ​ធូរេន​​គុណភាព​ល្អ​ឡើង​វិញ​ហើយ ព្រោះ​ធូរេន​ដាំ​បាន ៤​ឆ្នាំ​ ទើប​វា​ចេញ​ផ្លែ។ សព្វ​ថ្ងៃ​មាន​កសិករ​ខ្លះ​ដាំ​បាន ២ឆ្នាំ និង​ខ្លះ​ទើប​តែ​ដាំ​បាន​មួយ គឺ​វា​ចម្រុះ​លាយ​គ្នា»

កសិករ​នៅ​ឃុំ​សំឡូត​ អ្នក​ស្រី សាញ់ ស្រីម៉ៅ ឲ្យ​ដឹង​ថា​ ជា​ទូទៅ​ប្រសិន​បើ​ឆ្នាំ​ណា​មាន​អាកាសធាតុ​ល្អ​មាន​ធ្លាក់​ទៀត​ទាត់ គឺ​ធូរេន ចាប់​ផ្ដើម​ប្រមូល​ផល​ចន្លោះ​ពី​ខែ​មិថុនា​ដល់​ខែ​កក្កដា ប៉ុន្តែ​ឆ្នាំ​នេះ​ត្រូវ​ពន្យារ​ពេល​​ប្រមូល​ផល​ធូរេន​នៅ​ខែ​សីហា​ និង​ខែ​កញ្ញា​វិញ ដោយសារ​អាកាសធាតុ​រាំងស្ងួត ធ្វើ​ឲ្យ​ធូរេន​សូវ​មាន​ផ្កា។ ធូរេន​នៅ​ស្រុក​សំឡូត​មាន​តម្លៃ​ចន្លោះ​ពី​ ១ម៉ឺន​ ២ពាន់ ទៅ ១ម៉ឺន​៨ពាន់​រៀល ក្នុង​មួយ​គីឡូក្រាម។

របាយការណ៍​អភិបាល​ស្រុក​សំឡូត​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​ក្នុង​ស្រុក​សំឡូត​មាន​ដំណាំ​ធូរេន​ប្រមាណ​៤ពាន់​ហិកតារ នៅ​ឃុំ​ស៊ុង និង​ឃុំ​សំឡូត​ ក្នុង​នោះ​ប្រហែល​ជាង ២ពាន់​ហិកតារ​កំពុង​ហុច​ផល៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles